ពេលប្រជុំផ្សារដ៏វិសេសវិសាលនៅតំបន់ព្រៃភ្នំ ស្រុក Binh Lieu ខេត្ត Quang Ninh |
អ្នកណាធ្លាប់ទៅកាន់ស្រុកព្រំដែន Binh Lieu មិនអាចបំភ្លេចពេលប្រជុំផ្សារនៅទីរួមស្រុក Binh Lieu បានឡើយ។ ពេលប្រជុំផ្សារប្រពៃណីបានបើក ៦ ពេលជារៀងរាល់ខែតាមច័ន្ទគតិនៅថ្ងៃសេស (៣, ៧, ១១, ១៥, ១៧, ២៣) ប៉ុន្តែនាបច្ចុប្បន្ននេះ ពេលប្រជុំផ្សារបានបើកនាថ្ងៃអាទិត្យរៀងរាល់សប្ដាហ៍។ ទំនិញក៏មានការផ្លាស់ប្តូរផងដែរ៖ ក្រៅពីផលិតផលកសិ - រុក្ខផល ឧបករណ៍កសិកម្ម ទឹកឃ្មុំ ស្លឹកថ្នាំព្រៃឈើ នំគ្រប់ប្រភេទ ផ្លែឈើ និងបន្លែ ប៉ុន្តែបច្ចុប្បន្ននេះមានទំនិញប្រើប្រាស់ និងម្ហូបអាហារបន្ថែមមកពីតំបន់វាលទំនាប និងស្រុកជិតខាងទៀតផង។ ផ្សារគឺជាកន្លែងជួបប្រាស្រ័យ ផ្លាស់ប្ដូរ និងលក់ដូរទំនិញរបស់បងប្អូនជនរួមជាតិ (Kinh, Hoa, Tay, Dao, San Chi) ដែលរស់នៅក្នុងភូមិសាស្ត្រស្រុក និងប្រជាជននៅប្រទេសជិតខាងគឺចិន។ ប្រជាពលរដ្ឋមកប្រជុំផ្សារក៏បានទស្សនាការច្រៀងចម្រៀង Then របស់ជនជាតិTay ចម្រៀង Soong co របស់ជនជាតិ San Chi ចម្រៀង Pa Dung របស់ជនជាតិ Dao និងលេងល្បែងប្រជាប្រិយឬសាសងគ្នាជាគូស្នេហ៍។
នៅតំបន់ព្រំដេនវៀតណាម-ចិន ប្រជុំផ្សារនៅឃុំ Dong Van នៅក្រោមជើងភ្នំ Cao Ba Lanh ខេត្ត Binh Lieu មានលក្ខណៈដាច់ដោយឡែក។ ផ្សារតូច រំលេចដោយកន្លែងអាហារដ្ឋានជាប់ៗគ្នា ដំបូលស្លឹកជាប់ផ្សែង ហើយមានក្លិមឈ្ងុយពិសេស។
ចំពោះភ្ញៀវទេសចរណ៍ ពេលអញ្ជើញមកប្រជុំផ្សារ Dong Van ប៉ុន្តែមិនទាន់បានទទួលទានម្ហូបប្រចាំតំបន់ “ហ្វើឆា” ត្រូវបានចាត់ទុកថា មិនទាន់មកដល់ Binh Lieu ឡើយ ព្រោះថា នេះគឺជាមុខម្ហូបប្រពៃណីរបស់ជនជាតិ Dao, Tay និង San Chi។ ហ្វើឆា Binh Lieu មានដាក់លក់នៅគ្រប់ទីកន្លែង ប៉ុន្តែឆ្ងាញ់ពិសារបំផុតគឺមានតែនៅផ្សារ Dong Van ប៉ុណ្ណោះ។ អ្នកស្រី Vy Thi Bich អ្នកលក់ហ្វើឆានៅផ្សារ Dong Van បានឲ្យដឹងថា៖ “នាងខ្ញុំបានក្រោកពីគេងនាវេលាម៉ោង ៣ ទៀបភ្លឺរៀងរាល់ថ្ងៃ ដើម្បីកិនម្សៅ ចំហុយម្សៅ រហូតដល់ម៉ោងប្រហែល ៧ ឬ ៨ គឺមានហ្វើសម្រាប់ឆាបម្រើភ្ញៀវហើយ។ ក្នុងឱកាសពិធីបុណ្យទាននានា ភ្ញៀវមកទទួលទានច្រើនណាស់ ហើយពេលខ្លះនាងខ្ញុំបានកិនអង្កររាប់សិបគីឡូក្រាម ដើម្បីធ្វើហ្វើ។ គ្រឿងផ្សំសម្រាប់ឆាជាមួយហ្វើគឺអាស្រ័យតាមចំណងចំណូលចិត្តរបស់មនុស្សម្នាក់ៗ ពេលឆារួចហើយ គឺពិសារភ្លាមទើបឆ្ងាញ់”។
ពេលប្រជុំផ្សារដ៏វិសេសវិសាលនៅតំបន់ព្រៃភ្នំ ស្រុក Binh Lieu ខេត្ត Quang Ninh |
ប្រជុំផ្សារឃុំ Dong Van ស្រុក Binh Lieu នាថ្ងៃទី ៤ ខែផល្គុន ជារៀងរាល់ឆ្នាំ គឺជាពេលប្រជុំផ្សារដ៏ពិសេសជាមួយឈុតសម្ដែងវប្បធម៌ និងសិល្បៈដ៏វិសេសវិសាល។ ជនជាតិ Dao នៅទីនេះមានជំនឿថា ថ្ងៃ ៤ ខែផល្គុន គឺជាថ្ងៃអាក្រក់បំផុតក្នុងឆ្នាំ មិនថាធ្វើការងារអ្វីក៏មិនអំណោយផលដែរ ដូច្នេះហើយ គេបានផ្អាកការងារវិញ ហើយអ្នកភូមិទាំងមូលបានបបួលគ្នា “mì sèng phẩy hêy dảo” បើតាមភាសា Dao មានន័យថា “ទៅលេងផ្សារថ្ងៃទី ៤ ខែជល្គុន”។ ក្នុងថ្ងៃនេះ ជនជាតិ Dao ពាក់អាវពណ៌ក្រហម ជនជាតិ San Chi ពាក់អាវពណ៌ខៀវ របស់ជនជាតិ Tay ពាក់អាវពណ៌ផ្លះយ៉ាងស្រស់ស្អាត ក្មេងចាស់ ប្រុស ស្រី មកលេងប្រជុំផ្សារយ៉ាងសប្បាយរីករាយ។ អ្នកស្រី Dường Tài Múi បានចែករំលែកថា៖ “ក្នុងថ្ងៃនេះ នាងខ្ញុំមិនទៅធ្វើការទេ ពោលគឺទៅលេងផ្សារវិញ។ នាងខ្ញុំបានជួបមិត្តភក្តិ សង្សាចាស់ ហើយជជែកគ្នាយ៉ាងសប្បាយរីករាយណាស់”។
នៅពេលប្រជុំផ្សារ មនុស្សគ្រប់រូបមានឱកាសជជែកលេងយ៉ាងសប្បាយរីករាយ រួមគ្នាច្រៀង ចូលរួមការប្រកួតទាញព្រ័ត្រ រុញដំបង។ លោក Trang Gi Sinh បានឲ្យដឹងថា៖ “មនុស្សម្នាបានជួបជុំគ្នានៅទីនេះយ៉ាងសប្បាយរីករាយ ហើយបើអ្នកណានៅឆ្ងាយក៏ព្យាយាមមកលេងដែរ។ បរិយាកាសនៅទីនេះពិតជាសប្បាយណាស់”។
នាពេលខាងមុខ ស្រុក Binh Lieu នឹងបើកផ្សាររាត្រីបន្ថែម ដោយបង្កើតបរិយាកាសវប្បធម៌ដ៏វិសេសវិសាល ជាមួយនឹងចង្វាក់ចម្រៀងប្រជាប្រិយប្រពៃណី រួមជាមួយ ល្បែងប្រជាប្រិយដ៏ទាក់ទាញ។ ស្រុកនេះក៏នឹងក្លាយទៅជាគោលដៅសម្រាប់ភ្ញៀវទេសចរទទួលទានម្ហូបអាហារ ទិញផលិតផល OCOP (កម្មវិធីជាតិឃុំមួយ ផលិតផលមួយ) និងម្ហូបប្រចាំតំបន់ផងដែរ៕