ប្រជាជនខេត្ត Ca Mau ឈានឡើងពីដើមកោងកាង

Chia sẻ
(VOVWORLD) - អស់រយៈពេលជាច្រើនជំនាន់មកហើយ ដើមកោងកាងបានផ្សារភ្ជាប់ជាមួយនឹងរបរធ្វើធ្យូងប្រពៃណីរបស់ប្រជាជនខេត្ត Ca Mau ជារៀងរហូត។ តម្លៃធ្យូងកោងកាង Ca Mau កាន់តែថ្លៃឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានជួយប្រជាជនឈានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាមួយរបរនេះ។ ប្រជាជននៅទីនេះ ក៏បានយកឈើកោងកាង ដើម្បីបង្កើតសំភារៈប្រើប្រាស់ក្នុងគ្រួសារ ផលិតផលវិចិត្រសិល្បៈ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ផងដែរ។

 

ប្រជាជនខេត្ត Ca Mau ឈានឡើងពីដើមកោងកាង - ảnh 1សកម្មភាពធ្វើធ្យូងពីដើមកោងកាង

ដោយស្ថិតនៅជាប់មាត់នឹងសមុទ្រនោះ ខេត្ត Ca Mau មានព្រៃលិចទឹកប្រៃជាប់សមុទ្រដ៏ធំល្វឹងល្វើយ ក្នុងនោះភាគច្រើនជាព្រៃកោងកាង។ ឈើ ដើមកោងកាងត្រូវបានប្រើសប្រាស់ជាអុសសម្រាប់ដុត ដោយបានបង្កើតកំដៅខ្ពស់។ គ្មានអ្នកណាដឹងថា របរធ្វើធ្យូងកោងកាងនៅព្រៃ Ngoc Hien មានវត្តមានតាំងពីពេលណាឡើយ។ ដោយឆ្លងកាត់ការឡើងចុះ នាបច្ចុប្បន្ន បងប្អូនប្រជាជន ដែលប្រកបរបរនេះ បានចូលរួមក្រុមសហករណ៍ ហើយសហករណ៍បានធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងអាជីពជាងមុន។ សហករណ៍ Dong Tam (នៅឃុំ Tan An Tay ស្រុក Ngoc Hien) គឺជាសហករណ៍មួយដែលប្រមូលផ្ដុំគ្រួសារជាច្រើនប្រកបរបរធ្វើធ្យូងកោងកាង។ លោក Nguyen Thanh Tung ពលរដ្ឋម្នាក់ ដែលមានបទពិសោធន៍ប្រកបរបរនេះជាង ៤០ ឆ្នាំ បានឲ្យដឹងថា៖ “បច្ចេកទេសធ្វើធ្យូងនៅគ្រប់ទីកន្លែងគឺដូចគ្នាទាំងអស់។ ប៉ុន្តែអុសនៅខេត្ត Ca Mau គឺមានគុណភាពល្អបំផុត។ ដូច្នេះ ធ្យូង កោងកាងគឺមានគុណភាពល្អបំផុតផងដែរ”។

នាបច្ចុប្បន្ននេះ សហករណ៍ Dong Tam មានសមាជិកចំនួន ៣០ នាក់។ បងប្អូនប្រជាជនបានប្រកបមុខរបរនេះមិនត្រឹមតែជាអាជីពប៉ុណ្ណោះទេ ថែមទាំងដើម្បីអភិរក្ស និងពង្រីករបរប្រពៃណីរបស់ដូនតាទៀតផង។ក្នុងរយៈពេលកន្លងទៅតម្លៃធ្យូង កោងកាងកំពុងមានតម្លៃ ហើយតម្លៃទីផ្សារក៏មានស្ថេរភាពផងដែរ ដូច្នេះការងារធ្វើធ្យូងបានជួយគ្រួសារជាច្រើនឱ្យរួចផុតពីភាពក្រីក្រ។

ក្រៅពីប្រាក់ចំណូលពីស្រះចិញ្ចឹមបង្គាដែលមានទំហំជាង ១ ហិកតានោះ របរធ្វើធ្យូងមិនត្រឹមតែជួយគ្រួសារលោក Lam Van Sang រកប្រាក់បន្ថែមសម្រាប់បង់ថ្លៃសិក្សាឲ្យកូនៗៗនៅសាកលវិទ្យាល័យ ប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសម្ចៃប្រាក់ទៀងផង។ លោកបានសំណេះសំណាលថា៖ “ខ្ញុំបានប្រកបរបរនេះដោយខ្លួនឯង បើខិតខំប្រឹងប្រែងធ្វើការគឺអាចទទួលបានប្រាក់ក៏ច្រើនដែរ។ ខ្ញុំបានធ្វើការផង និងសិក្សាពីគេផង។ ជារៀងរាល់ខែក្រុមគ្រួសារខ្ញុំរកបានប្រាក់ចំណេញពី ៧ ទៅ ៨ លានដុង។ ធ្យូងមាន ៣ ប្រភេទ ហើយមានតម្លៃចាប់ពី ៦ ទៅ ៨ ពាន់ដុង / គីឡូក្រាម”។

ប្រជាជនខេត្ត Ca Mau ឈានឡើងពីដើមកោងកាង - ảnh 2ភ្ញៀវទេសចរណ៍ធ្វើដំណើរទស្សនាតាមដងព្រៃកោងកាង

ផលិតផលសិប្បកម្មធ្វើពីដើមកោងកាងរបស់ប្រជានជនក្នុងខេត្ត កំពុងក្លាយទៅជាកាដូ ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ នៅពេលមកទស្សនាខេត្ត Ca Mau ម្ដងៗ។ គ្រួសាររបស់លោក Huynh Truong Giang នៅស្រុក Ngoc Hien បានប្រកបរបរធ្វើចង្កឹះបានពីរជំនាន់ហើយ។ កាលពីមុន គ្រួសារលោកធ្វើចង្កឹះគឺភាគច្រើនដើម្បីបម្រើតម្រូវការរបស់អ្នកស្រុកតែប៉ុណ្ណោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បរិមាណភ្ញៀវទេសចរ ដែលមកទស្សខេត្ត Ca Mau កាន់តែច្រើន។ ចាប់តាំងពីពេលនោះមក គ្រួសាររបស់លោកបានតម្លើងប្រព័ន្ធគ្រឿងម៉ាស៊ីនសម្រាប់ធ្វើចង្កឹះ។ ជារៀងរាល់ខែ គ្រួសារលោកបានផ្ដល់ចង្កឹះប្រមាណ ១៥ ពាន់គូនៅទីផ្សារ ហើយរកបានប្រាក់ចំណេញចំនួន ១៥ លានដុង។ លោក Huynh Truong Giang បានឲ្យដឹងថា៖ “ខ្ញុំបានកែច្នៃផលិតផលឲ្យកាន់តែរលោងស្អាតថែមទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន។ គេបានទិញផលិតផលទាំងនេះដើម្បីទុកប្រើប្រាស់។ ដើមកោងកាងត្រូវបានដាំអស់រយៈពេល ១៥ ឆ្នាំ គឺអាចធ្វើអាជីវកម្មបាន ហើយប៉ុន្តែ ដើម្បីធ្វើចង្កឹះវិញ គឺគេតែងតែជ្រើសរើសដើមកោងកាងណាដែលមានអាយុកាលពី ២០ ទៅ ៣០ ឆ្នាំ។ ផលិតផលមានគុណភាពល្អទើបទាក់ទាញ់បានចំណាប់អារម្មណ៍របស់អតិថិជនយ៉ាងយូរអង្វែងផងដែរ”។

ដើមកោងកាងជាប្រភេទរុក្ខជាតិដ៏សំខាន់ក្នុងការស្ដារព្រៃឈើជាប់សមុទ្រឡើងវិញនៅវៀត ណាម។ ប្រជាជនខេត្ត Ca Mau មិនត្រឹមតែបានប្រើប្រាស់ដើមកោងកាង ដើម្បីបង្កើតទេសភាពសម្រាប់ អភិវឌ្ឍន៍ទេសចរណ៍ប៉ុណ្ណោះទេថែមទាំងបានបង្កើតផលិតផល វត្ថុអនុវស្សាវរីយ៍ដ៏វិសេសវិសាលទៀតផង។ ពី“ ប្រភេទដើមឈើការពារដីព្រៃ” ដើមកោងកាងកាន់តែមានតម្លៃពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្លាយទៅជា“ ដើមឈើកាត់បន្ថយភាពក្រីក្រ” របស់ប្រជាជននៅខេត្ត Ca Mau ផងដែរ៕


ប្រតិកម្មទៅវិញ