តំបន់ជនជាតិភាគតិចនៅឃុំ Loc Nam ឈានឡើងពីភាពក្រីក្រ

Chia sẻ
(VOVWORLD) - ជាតំបន់ដែលមានបងប្អូនជនជាតិភាគតិច K'ho រស់នៅច្រើន សេដ្ឋកិច្ចមានការលំបាក អត្រាភាពក្រីក្រខ្ពស់ ប៉ុន្តែដោយបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនទៅក្នុងផលិតកម្ម ជីវភាពរស់នៅ និងខិតខំប្រឹងប្រែងរកស៊ីរួមជាមួយការយកចិត្តទុកដាក់ជួយឧបត្ថម្ភវិនិយោគរបស់បក្ស និងរដ្ឋ ឃុំ Loc Nam ស្រុក Bao Lam ខេត្ត Lam Dong បានរួចផុតពីភាពក្រីក្រយ៉ាងឆាប់រហ័ស ក្លាយទៅជាឃុំ ដែលពោរពេញទៅដោយសក្តានុពល និងការអភិវឌ្ឍ។
តំបន់ជនជាតិភាគតិចនៅឃុំ Loc Nam ឈានឡើងពីភាពក្រីក្រ - ảnh 1តំបន់ជនជាតិភាគតិចនៅឃុំ Loc Nam ឈានឡើងពីភាពក្រីក្រ

ក្នុងនាមជាជនជាតិភាគតិច K’ho ដែលធ្លាប់ចូលរួមបដិវត្តន៍នៅស្រុកកំណើត លោក K’Dinh អាយុ ៨០ ឆ្នាំ មកពីភូមិទី ៤ ឃុំ Loc Nam មានសេចក្តីសោមនស្សរីករាយដោយនិយាយថា ភាពអត់ឃ្លាន និងភាពក្រីក្រអស់រយៈពេលច្រើនជំនាន់ត្រូវបានរុញក្រោយចេញពីដំបូលផ្ទះនីមួយៗហើយ។ នាបច្ចុប្បន្នជីវភាពរស់នៅរបស់អ្នកភូមិធូរធារជាងមុនច្រើនហើយ។ អ្នកភូមិគ្រប់រូបសុទ្ធតែមានទ្រព្យសម្បត្តិហើយ៖ “កាលពីមុន ផ្លូវពិបាកធ្វើដំណើរណាស់ ប៉ុន្តែបច្ចុប្បន្ននេះ ផ្លូវថ្នល់ធំទូលាយ ហើយការធ្វើដំណើរងាយស្រួលណាស់។ ជីវភាពខាងសេដ្ឋកិច្ចមានស្ថិរភាព ហើយប្រាក់ចំណូលក៏ល្អបង្គួរហើយ។ គ្រួសារនីមួយៗមានមធ្យោបាយធ្វើដំណើរ គ្រួសារខ្លះថែមទាំងទិញឡានទៀតផង។ យើងខ្ញុំបានរួចផុតពីភាពក្រីក្រហើយ ផ្ទះសម្បែងត្រូវបានសងសង់យ៉ាងធំទូលាយ។ នាបច្ចុប្បន្ន យើងខ្ញុំបានខិតខំប្រឹងប្រែងរកស៊ីធ្វើជាអ្នកមាន ពោលគឺបងប្អូនអ្នកភូមិភាគច្រើនមានប្រាក់ចំណូលរាប់រយលាន ប្រចាំឆ្នាំហើយ”។

ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅ ប្រភពទុនពីកម្មវិធី និងគម្រោងគោលនយោបាយរបស់បក្ស និងរដ្ឋដែលវិនិយោគនៅឃុំ Loc Nam ស្រុក Bao Lam ខេត្ត Lam Dong កើនដល់រាប់រយពាន់លានដុង។ អាស្រ័យហេតុនេះ ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងមុខមាត់ជនបទ ឃុំ Loc Nam បានផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ ផ្ទះប្រក់ស្លឹកឈើពីមុន  ត្រូវបានជំនួសដោយផ្ទះដែលបានសាងសង់យ៉ាងរឹងមាំ ហើយជីវភាពរស់នៅខាងសំភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អ និងលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។  ចាប់តាំងពីពេលមានគ្រួសារជនជាតិភាគតិច K'ho ចំនួនរាប់រយគ្រួ នាបច្ចុប្បន្នឃុំ Loc Nam មានគ្រួសារជាង ៣ ៤០០ គ្រួ ជាមួយប្រជាជនចំនួន ១៣ ពាន់នាក់ ក្នុងនោះ ជនជាតិភាគតិចស្រូបយកជាង ៣០% ។

គួរកត់សម្គាល់ថា ឃុំ Loc Nam បានបង្កើតគំរូសហការផលិតកម្ម និងប្រមូលទិញផលិតផល រក្សាផលិតកម្មស្ថិរភាព និងលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន ជាមួយប្រាក់ចំណូលជាមធ្យមនាបច្ចុប្បន្នសម្រេចបានជាង ៤៥ លានដុង (១,៩ ពាន់ដុល្លារអាមេរិក)/នាក់/ឆ្នាំ។ អាស្រ័យហេតុនេះ ការងារកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពសម្រេចបានលទ្ធផលគួរអោយចាប់អារម្មណ៍ ពោលគឺចាប់ពីគ្រួសារក្រីក្រចំនួន ៣០% ក្នុងឆ្នាំ ២០១៥ ហើយនាចុងឆ្នាំ ២០២២ តួរលេខនេះបានថយចុះមកត្រឹម ៦% តែប៉ុណ្ណោះ។ លោក K’Cau ជនជាតិភាគតិច K’ho នៅភូមិ៣ ឃុំ Loc Nam បានចាត់ទុកថា លទ្ធផលនេះគឺដោយសារការយកចិត្តទុកដាក់វិនិយោគរបស់បក្ស និងរដ្ឋ ក្នុងនោះកម្មវិធីគោលដៅជាតិ អំពីការអភិវឌ្ឍផលិតកម្ម ការកាត់បន្ថយភាពក្រីក្រ ប្រកបដោយចីរភាព និងការកសាងជនបទថ្មី បានបង្កើតគម្នាស់ដ៏សំខាន់ជួយប្រជាជនផ្លាស់ប្តូរការយល់ដឹង ប្រើប្រាស់វឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងការធ្វើវប្បកម្ម ផ្ដោតសំខាន់លើរបររកស៊ី និងកសាងជីវភាពរស់នៅថ្មី។ លោក K'Chau បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់បងប្អូនប្រជាជនបានផ្លាស់ប្តូរច្រើនហើយ។ កាលពីមុនអត់មានកង់ជិះឡើយ ប៉ុន្តែបច្ចុប្បន្ននេះ គ្រួសារណាក៏មានម៉ូតូ ហើយគ្រួសារខ្លះថែមទាំងទិញឡានទៀតផង។ ផ្ទះឬស្សីនិងផ្ទះឈើបណ្ដោះអាសន្ន ក៏ត្រូវបានជំនួសដោយផ្ទះរឹងមាំហើយ ហើយគ្រួសារខ្លះសាងសង់ផ្ទះវីឡាទៀតផង ព្រោះថាបងប្អូនប្រជាជនចេះថែទាំដំណាំដាំដុះ សត្វចិញ្ចឹម ជាពិសេសគឺផ្លាស់ប្ដូរទៅដាំដំណាំដែលមានតម្លៃខ្ពស់ដូចជា៖ ដើមបឺរ និងដើមធូរេន។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះកាន់តែធូរធារ ស្ថិរភាព និងអភិវឌ្ឍន៍ផងដែរ”។

យោងតាមលោក Vo Thien Binh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Loc Nam បានឲ្យដឹងថា បន្ទាប់ពីត្រូវបានទទួលស្គាល់ជាឃុំស្តង់ដារជនបទថ្មីនាឆ្នាំ ២០២០ មក ឃុំ Loc Nam បានកំណត់ភារកិច្ចសំខាន់គឺបន្តលើកកម្ពស់គុណភាពស្តង់ដារជនបទថ្មី។ ក្នុងនោះមានខ្លឹមសារសំខាន់ៗគឺ លើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូររបៀបត្រិះរិះ របៀបធ្វើរបស់ប្រជាជន ជាពិសេសគឺបងប្អូនជនជាតិភាគតិច។ លោក Vo Thien Binh បានសង្កត់ធ្ងន់ថា៖  “ក្នុងពេលដំណើរការអនុវត្តន៍ កិច្ចសហការគ្នា បង្កើតក្រុមសហការណ៍ប្រមូលលក់កសិផលបានជួយប្រជាជននឹងនរចិត្តរក្សាស្ថិរភាពជីវភាពរស់នៅ ព្រមទាំងជួយសេដ្ឋកិច្ចសង្គមរបស់តំបន់និយាយរួម និងជនជាតិភាគតិចនិយាយដោយឡែកមានការផ្លាស់ប្ដូរវិជ្ជមានជាច្រើន។ កាលពីមុនទំនៀមទម្លាប់របស់បងប្អូនប្រជាជនគឺទុកឲ្យដំណាំដាំដុះលូតលាស់តាមធម្មជាតិ ប៉ុន្តែនាបច្ចុប្បន្នបងប្អូនប្រជាជនចេះថែទាំ និងដាក់ជី ដូច្នេះផលិតភាព ទិន្នផល និងគុណភាពត្រូវបានលើកកម្ពស់ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ប្រការនេះបានសរឲ្យឃើញថា ការផ្លាស់ប្ដូរការយល់ដឹងរបស់ប្រជាជនគឺសំខាន់ណាស់”។

តំបន់ជនជាតិភាគតិចនៅឃុំ Loc Nam ឈានឡើងពីភាពក្រីក្រ - ảnh 2តំបន់ជនជាតិភាគតិចនៅឃុំ Loc Nam ឈានឡើងពីភាពក្រីក្រ

ទន្ទឹមនឹងការបន្តសុក្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ ឃុំ Loc Nam កំពុងកៀងគរធនធានទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍផលិតកម្ម តាមខ្នាតទំនិញ ក៏ដូចជាជំរុញការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ទៅក្នុងផលិតកម្មកសិកម្ម ដើម្បីបង្កើនតម្លៃក្នុងផ្ទៃដីធ្វើវប្បកម្ម អភិវឌ្ឍន៍គំរូសហការណ៍ផលិតកម្ម និងការប្រមូលលក់ផលិតផល។ ជាមួយនឹងការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការត្រិះរិះធ្វើវប្បកម្មរបស់ប្រជាជន រួមជាមួយការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលប្រកបដោយមានការទទួលខុសត្រូវ ឃុំ  Loc Nam នឹងក្លាយទៅជាឃុំជនបទថ្មីកម្រិតខ្ពស់នាឆ្នាំ ២០២៤ ដូចគោលដៅ ដែលបានដាក់ចេញជាក់ជាពុំខាន៕


ប្រតិកម្មទៅវិញ