ខេត្ត Son La ជំរុញការតភ្ជាប់បញ្ចេញលក់ផ្លែឈើ

Chia sẻ
(VOVWORLD) - ខេត្ត Son La មានផ្ទៃដីដាំដំណាំហូបផ្លែដ៏ធំទូលាយ ហើយបរិមាណកសិផលនាំចេញទៅកាន់ទីផ្សារបរទេសមានកម្រិតខ្ពស់។ 
ខេត្ត Son La ជំរុញការតភ្ជាប់បញ្ចេញលក់ផ្លែឈើ - ảnh 1ខែឧសភានេះ តំបន់ជាច្រើននៅ Son La កំពុងតែប្រមូលផលស្វាយ (រូបថត៖ VOV)

ដូច្នេះហើយ ខេត្ត Son La បានកំណត់ការអភិវឌ្ឍដើមឈើហូបផ្លែ គឺជាកម្មវិធីដ៏សំខាន់មួយក្នុងការអនុវត្តគោលការណ៍រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ហើយអភិវឌ្ឍន៍ផលិតកម្មកសិកម្ម ដែលផ្សារភ្ជាប់ជាមួយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍខ្សែសង្វាក់តម្លៃក្នុងផលិតកម្មកសិកម្ម ជំរុញការបញ្ចេញលក់ និងនាំចេញកសិផល។ នៅរដូវប្រមូលផលឆ្នាំ ២០២២ ខេត្ត Son La កំពុងអនុវត្តយ៉ាងសកម្មនូវផែនការ និងវិធីបញ្ចេញលក់ផលិតផល ដោយជួយប្រជាជនមានក្ដីសង្ឃឹមអំពីរដូវប្រមូលផលអំណោយផល។ នាបច្ចុប្បន្ននេះនៅទីក្រុង Son La មានផ្ទៃដីដាំដើមឈើហូបផ្លែជាង ៤ ០០០ ហិកតា ភាគច្រើនជាផ្លែស្វាយ និងមៀនជាដើម។ ឆ្នាំនេះ ដោយសាររងឥទ្ធិពលពីអាកាសធាតុ ផ្ទៃដីដាំស្វាយមួយចំនួនរបស់ប្រជាកសិកររងការខូចខាត ដូច្នេះហើយ បរិមាណផ្លែស្វាយបានថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១; ទោះយ៉ាងណាក៏ដោយ បណ្ដាប្រភេទដើមឈើហូបផ្លែនៅតែលូតលាស់បានល្អ ហើយបរិមាណបានកើនឡើង។ ទីក្រុងបានអនុវត្តយ៉ាងសកម្មនូវផែនការតភ្ជាប់ និងជំរុញការបញ្ចេញលក់ផលិផលជូនប្រជាកសិករ។ លោក Nguyen The Phuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Son La បានឲ្យដឹងថា៖“គណៈកម្មាធិការប្រជាជនទីក្រុងបានរៀបចំផែនការជំរុញពាណិជ្ជកម្មសម្រាប់ សហករណ៍ សហគ្រាស ក្រុមគ្រួសារកសិករ ដើម្បីចូលរួមណែនាំ និងផ្គត់ផ្គង់ផលិតផល។ ទន្ទឹមនឹងនេះ យើងខ្ញុំបន្តពង្រឹង និងអភិវឌ្ឍន៍សហករណ៍ ដើម្បីជួយសម្រួលសហគ្រាសតភ្ជាប់គ្នា និងបញ្ចេញលក់ផលិតផល។ ទន្ទឹមនឹងនេះ ជំរុញខ្លាំងការកសាងពាណិជ្ជសញ្ញាសម្រាប់ផលិតផល ក៏ដូចជានាំផលិតផលដែលមានពាណិជ្ជសញ្ញាទៅកាន់ទីផ្សារ ដើម្បីផ្សព្វផ្សាយ ណែនាំ និងបញ្ចេញលក់ផងដែរ”។

ខេត្ត Son La ត្រូវបានគេចាត់ទុកថាជាជង្រុកដើមឈើហូបផ្លែធំទីពីរនៅទូទាំងប្រទេស ជាមួយផ្ទៃដីសរុបជាង ៨ ម៉ឺនហិកតា។ ផ្លែឈើនៅខេត្ត Son La សម្បូរបែបណាស់ ក្នុងនោះចម្បងគឺជាផ្លែស្វាយ និងមៀន។ ក្រៅពីនេះក៏មានផ្លែចេក ផ្លែប័រ ផ្លែផាសិនជាដើម។ ខេត្ត Son La មានផ្លែឈើចំនួន ១១ មុខដែលទទួលបានប័ណ្ណកម្មសិទ្ធកាំពារ ហើយមានផលិតផល OCOP ចំនួន ២៥ មុខ ដែលផលិតចេញពីផ្លែឈើ។ តាមការប៉ាន់ស្មានបានឲ្យដឹងថា ក្នុងឆ្នាំនេះ បរិមាណផ្លែឈើសរុបរបស់ខេត្តនឹងសម្រេចបានប្រមាណ ៤៥ ម៉ឺនតោន។ ដើម្បីជួយសម្រួលប្រជាជននឹងនរចិត្តធ្វើពលកម្ម ផលិតកម្ម និងមានប្រាក់ចំណូលស្ថិរភាពនោះ  សមាគមកសិករខេត្ត Son La បានសម្របសម្រួលគ្នាជាមួយស្ថាប័ន និងខេត្ត ក្រុងនានាអនុវត្តន៍ផែនការជាច្រើន ដើម្បីរួមដំណើរជួយឧបត្ថម្ភប្រជាកសិករ។ លោក Luong Trung Hieu ប្រធានសមាគមកសិករខេត្ត Son La បានចែករំលែក៖ “នៅឆ្នាំ ២០២២ យើងខ្ញុំនឹងបន្តរួមដំណើរជាមួយប្រជាកសិករក្នុងការបញ្ចេញលក់កសិផល បញ្ជូលផលិតផលទៅក្នុងបណ្តាញបញ្ចេញលក់របស់សមាគមកសិករ ប្រព័ន្ធទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ ទន្ទឹមនឹងនេះ យើងខ្ញុំបានធ្វើការជាមួយសមាគមកសិករខេត្ត ក្រុង និងសហគ្រាសនាំចេញមួយចំនួនទៀត។ លើសពីនេះទៅទៀត យើងខ្ញុំក៏បានសម្របសម្រួលជាមួយអគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាម និងអគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម ដើម្បីអនុវត្តន៍ផែនកាជួយឧបត្ថម្ភខេត្ត Son La ក្នុងការនាំកសិផលចូលរួមទីផ្សារនៅតំបន់ភូមិភាគកណ្ដាល និង តំបន់ Tay Nguyen ផងដែរ”។

ខេត្ត Son La ជំរុញការតភ្ជាប់បញ្ចេញលក់ផ្លែឈើ - ảnh 2ខេត្ត Son La ជំរុញការតភ្ជាប់ ការផ្សព្វផ្សាយ និងការណែនាំផលិតផលផ្លែឈើ (រូបថត៖ VOV)

ទន្ទឹមនឹងនោះ ខេត្ត Son La ក៏យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍផ្នែកភស្តុភារកម្ម ធ្វើជាគម្នាស់សម្រាប់សកម្មភាពពាណិជ្ជកម្ម ការបញ្ចេញលក់ និងការនាំចេញកសិផល។ ទាំងនេះគឺជាខ្សែសង្វាក់នៃប្រភេទសេវាកម្ម ដែលមានការតភ្ជាប់គ្នាក្នុងការនាំផលិតផលពីកន្លែងផលិតកម្មទៅកាន់កន្លែងដាក់លក់ប្រកបដោយប្រសិទ្ធភាព ធានាពេលវេលា និងតម្លៃដ៏ល្អបំផុត រួមចំណែកបង្កើនកម្លាំងប្រកួតប្រជែងសម្រាប់ផលិតផល។ លោកស្រី Pham Thi Doan ប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Son La បានឲ្យដឹងថា៖ “យើងខ្ញុំបានកំណត់ថាភស្តុភាកម្មគឺជាខ្សែចង្វាក់តំណភ្ជាប់ដ៏សំខាន់មួយក្នុងការជំរុញការបញ្ចេញលក់កសិផល។ នាពេលខាងមុខ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងរួមជាមួយមន្ទីរ ស្ថាប័ននានាធ្វើសេនាធិការជូនខេត្តក្នុងការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍន៍ភស្តុភារ ដូចជា ចរាចរណ៍ ឃ្លាំង សេវាកម្ម ប្រភពធនធានមនុស្ស ព្រមទាំងអនុវត្តគោលនយោបាយទាក់ទាញការវិនិយោគ ការជួយឧបត្ថម្ភការអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មផងដែរ”។

ក្នុងឆ្នាំនេះ ខេត្ត Son La នឹងសម្របសម្រួលរៀបចំ ព្រឹត្តិការណ៍ធំៗជាច្រើន ដើម្បីតភ្ជាប់ ផ្សព្វផ្សាយ និងបញ្ចេញលក់ផលិតផលដូចជា៖ មហោស្រពផ្លែឈើ និងផលិតផល OCOP ឆ្នាំ ២០២២; សន្និសីទតភ្ជាប់ ជំរុញការបញ្ចេញលក់ ការនាំចេញផ្លែស្វាយ និងកសិផលខេត្ត Son La ឆ្នាំ ២០២២។  ដោយមានការចូលរួមពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងគ្រួសារកសិករ សហករណ៍ សហគ្រាស នីមួយៗនោះ ផ្លែឈើរាប់រយពាន់តោននៅឆ្នាំនេះនឹង ត្រូវបានបញ្ចេញលក់យ៉ាងល្អប្រសើរ ក្នុងនោះ ផ្លែឈើចំនួន ២៨ ០០០ តោនត្រូវបាននាំចេញ រួមចំណែកនាំពាណិជ្ជសញ្ញា ផ្លែឈើ Son La ទៅកាន់ទីផ្សារជាច្រើននៅលើពិភពលោកផងដែរ៕


ប្រតិកម្មទៅវិញ