ហាងណែនាំផលិតផល OCOP នៅទីក្រុង Kon Tum (រូបថត៖ VOV) |
លើលពីនេះទៅទៀត ក្នុងបរិបទដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ នោះ ម្ចាស់អង្គភាពផលិតផល OCOP និងស្ថាប័នមានសមត្ថកិច្ចរបស់ខេត្ត Kon Tum បានបង្កើតគំនិតផ្ដួចផ្ដើមជាច្រើនក្នុងការតភ្ជាប់ និងបញ្ចេញលក់ផលិតផលទៅដល់អតិថិជន ដើម្បីបង្កើនតម្លៃផលិត ដោយរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាកសិករនៅតំបន់ជនបទផងដែរ។
ឆ្នាំ ២០២១ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ សហគ្រាស សហករណ៍ និងក្រុមគ្រួសារធ្វើអាជីវកម្មរបស់ខេត្ត Kon Tum នៅតែបង្កើតបានផលិតផល OCOP ចំនួន ៥៨ មុខ ជាមួយវត្ថុធាតុដើមកែច្នៃនៅក្នុងតំបន់។ ក្នុងនោះលេចធ្លោបំផុតគឺក្រុមផលិតផល ដែលកែច្នៃពី យិនស៊ិន Ngoc Linh កាហ្វេ និងផ្លែឈើ។ អ្នកស្រី Ho Thi Kim Oanh នាយិការក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្ម Lan Thinh នៅស្រុក Dak To បានឲ្យដឹងថា៖ “ក្រុមហ៊ុនទើបបានចូលរួមកម្មវិធី OCOP។ បើប្រៀបធៀបនឹងម៉ាកយីហោដទៃទៀតនៅលើទីផ្សារ ដែលមានកម្លាំងប្រកួតប្រជែង និងលក្ខណៈពាណិជ្ជកម្មខ្ពស់ពីយូរមកហើយនោះ ផលិតផលរបស់យើងខ្ញុំនៅតែមានគុណភាពទាប់ជាង។ ក្រោយរយៈពេល ២ ឆ្នាំ ដែលបានចូលរួមកម្មវិធី OCOP នោះ ការរចនាផលិតផលត្រូវបានលើកកម្ពស់ច្រើនណាស់។ លក្ខណៈពាណិជ្ជកម្មអំពីកម្លាំងប្រកួតប្រជែង ការរចនា និងគុណភាពផលិតផលត្រូវបានកើនឡើង ៥០%។ នៅពេលបញ្ចេញលក់នៅតាមផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដូចជា Shopee គឺផលិតផលរបស់យើងខ្ញុំក៏មានគុណភាពល្អ ពោលគឺមិនចាញ់ផលិតផលណាមួយឡើយ”។
គិតត្រឹមចុងឆ្នាំ ២០២១ ខេត្ត Kon Tum បានបង្កើតផលិផល OCOP ចំនួន ១៤៦ មុខ ដែលជាប់លំដាប់ផ្កាយ ៣ ទៅ ៥។ ដើម្បីអះអាងពីពាណិជ្ជសញ្ញា និងលើកកម្ពស់តម្លៃផលិតផលនោះ ការតភ្ជាប់ទីផ្សារប្រើប្រាស់ត្រូវបានយកចិត្តទុកដាក់។ នៅភូមិសាស្ត្រខេត្តមានហាងដាក់តាំងបង្ហាញ និងបញ្ចេញវលក់ផលិផល OCOP ចំនួន ២ កន្លែង នៅទីក្រុង Kon Tum និងស្រុក Dak Ha ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទដ៏លំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ ម្ចាស់សិប្បកម្ម OCOP បានផ្លាស់ប្ដូរទម្រង់ធ្វើអាជីវកម្មនៅតាមទីផ្សារពណិជ្ជកម្មអេឡិចត្រូនិកដូចជា Lazada និង Shopee Sendo និង Tiki ។ លោកស្រី Luong Thi My Hue នាយិកាក្រុមហ៊ុនចំកាត់ឱសថរុក្ខជាតិ Tay Nguyen បានអះអាងថា៖ “ដោយសារសកម្មភាពជំរុញពាណិជ្ជកម្មរងការអាក់ខាននោះ បានជាយើងខ្ញុំបានជ្រើសរើសទិសដៅធ្វើអាជីវកម្មដោយឡែករបស់ខ្លួន។ ជាក់ស្ដែង សហគ្រាសរបស់យើងខ្ញុំបានចូលរួមផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដូចជា Tiki និង Shoppe ។ ផ្សារពាណិជ្ជកម្មអេឡិចត្រូនិកពិតជាមានប្រសិទ្ធភាពណាស់”។
ណែនាំផលិតផល OCOP នៅស្រុក Dak Ha (រូបថត៖ VOV) |
លោក Nguyen Quang Hoa អនុប្រធានសាខាអភិវឌ្ឍន៍ជនបទខេត្ត Kon Tum បានឲ្យដឹងថាក្នុងបរិបទដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ នោះ អង្គភាពមិនត្រឹមតែបានរួមដំណើរជាមួយសហគ្រាស សហករណ៍ និងគ្រួសារធ្វើអាជីវកម្ម ដើម្បីបញ្ចេញលក់ផលិតផល OCOP ប៉ុណ្ណោះទេ ថែមទាំងបានដើរតួនាទីជាអ្នកតភ្ជាប់ទីផ្សារ ជួយសម្រួលការបញ្ចេញលក់ផលិផលឲ្យបានល្អប្រសើរទៀតផង។ លោក Nguyen Quang Hoa បានឲ្យដឹងថា៖ “ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ មន្ទីរកសិកម្មក៏បានធ្វើជាសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត បង្កើតក្រុមការងារដឹកនាំការផលិត និងតភ្ជាប់ការបញ្ចេញលក់ផលិផលកសិកម្មនៅភូមិសាស្ត្រខេត្ត។ យើងខ្ញុំបានណែនាំផលិតផល OCOP ទាំងអស់របស់ខ្លួនទៅកាន់ក្រសួងកសិកម្ម និងជំរុញខ្លាំងការបញ្ចេញលក់ផលិតផលនៅតាមផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ ចំពោះផ្សារទំនើបវិញ យើងខ្ញុំក៏បានណែនាំថា ផលិផលរបស់យើងខ្ញុំបានជាប់ស្ដង់ដារទាំងអស់ផងដែរ”។
ទន្ទឹមនឹងការបង្កើតផលិតផល OCOP ប្រកបដោយលក្ខណៈវិសេសវិសាល ដោយឡែក និងធានាគុណភាពនោះ ការដែលសហគ្រាស សហករណ៍ និងគ្រួសារធ្វើអាជីវកម្មរបស់ខេត្ត Kon Tum ក្នុងរយៈពេលកន្លងទៅ បានផ្លាស់ប្ដូរទិសដៅធ្វើអាជីវកម្មនៅតាមផ្សារពាណិជ្ជកម្មអេឡិចត្រូនិកយ៉ាងសកម្មបានជួយបង្កើតជំហានលោតផ្លោះក្នុងការបញ្ចេញលក់ផលិតផលក្នុងបរិបទនៃជំងឺ
រាតត្បាតកូវីដ ១៩។ ដូច្នេះហើយ ប្រជាកសិករនៅតែបញ្ចេញលក់កសិផលយ៉ាងរលូន ហើយប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពក្នុងឱកាសបុណ្យតេតនៅតែត្រូវបានធានាដដែល។ ក្នុងឱកាសឆ្នាំថ្មី ២០២២ នេះ ឃុំចំនួន ៣ របស់ខេត្តបានជាប់ស្ដង់ដារជនបទថ្មី ដោយនាំបរិមាណឃុំជនបទថ្មីរបស់ខេត្តឡើង ៣៦ សម្រេចបានតាមផែនការ ដែលបានដាក់ចេញផងដែរ៕