កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc នៅឃុំ Dai Tam ខេត្ត Soc Trang

Chia sẻ
(VOVWORLD) - កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc នៅឃុំ Dai Tam ស្រុក My Xuyen ខេត្ត Soc Trang គឺជាកសិដ្ឋានមានស្តង់ដារអន្តរជាតិ ប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការចិញ្ចឹមគោយកទឹកដោះ។ នេះគឺជាចំណុចភ្លឺមួយអំពីការអភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត Soc Trang។
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc នៅឃុំ Dai Tam ខេត្ត Soc Trang - ảnh 1កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc នៅឃុំ Dai Tam ខេត្ត Soc Trang

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc ត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៤ ដោយលោក Diep Kinh Tan នាយកក្រុមហ៊ុន Tan Tai Loc ហើយបានដំណើរការជាផ្លូវការនាឆ្នាំ ២០១៥។ កសិដ្ឋានត្រូវបានវិនិយោគ និងសាងសង់តាមលំដាប់លំដោយចិញ្ចឹមវិលជុំ ហើយមានលក្ខណៈស្វ័យប្រវត្តិជាមូលដ្ឋាន។ ជាពិសេស ឧបករណ៍បម្រើក្នុងការចិញ្ចឹមគោ ដូចជាម៉ាស៊ីនបន្សុទ្ធខ្យល់អាកាស ម៉ាស៊ីនច្របាច់ទឹកដោះគោ និងបំពង់បង្ហូរទឹកដោះគោទៅក្នុងដបដាក់ទឹកដោះរក្លាសេ... សុទ្ធតែជាម៉ាស៊ីនស្វ័យប្រវត្តិ។ ក្នុងឆ្នាំ ២០១៨ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិអនុវត្តន៍កសិកម្មល្អជាសកល (GlobalGAP)។ លោក Diep Kinh Tan នាយកក្រុមហ៊ុន Tan Tai Loc បានឲ្យដឹងថា៖

“កសិដ្ឋានត្រូវបានសាងសង់ និងរចនាឡើងតាមស្តង់ដាររបស់ហូឡង់ ដែលត្រូវបានក្រុមហ៊ុនទឹកដោះគោ cô gái Hà Lan (អ្នកនាងហូឡង់) ជួយឧបត្ថម្ភរចនាសាងសង់។ កសិដ្ឋានបានទិញពូជគោទឹកដោះអូស្ត្រាលី និងអាមេរិករបស់ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk)។ ក្រុមហ៊ុន Vinamilk បានប្រមូលទិញទឹកដោះគោរបស់កសិដ្ឋាន។ កសិដ្ឋានបានចិញ្ចឹមគោប្រហែល ២០០ ក្បាល។ បច្ចុប្បន្ននេះ យើងខ្ញុំទទួលបានប្រាក់ចំណូលប្រចាំខែជាង ៣០០ លានដុង (ជាង ១២ ០០០ ដុល្លារអាមេរិក) បើដកការចំណាយ គឺចំណេញប្រមាណ ១០០ លានដុង (ជាង ៤ ០០០ ដុល្លារអាមេរិក)”។

ដើម្បីធានាប្រភពចំណីអាហារបៃតងសម្រាប់គោ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc មានផ្ទៃដីដាំស្មៅចំនួន ៩ ហិកតា។ អ្នកស្រី Thanh Truc ភរិយាលោក Diep Kinh Tan ម្ចាស់ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc បានឲ្យដឹងថា៖

“បើមានបំណងចង់ថែទាំគោឱ្យបានល្អគឺកសិដ្ឋានត្រូវតែស្អាត មានខ្យល់អាកាសចេញចូល ចំណីឆ្ងាញ់ៗ។ ចំណីរួមមាន៖ ស្មៅ ចំបើង ពោត អំពៅ និងម្សៅ។ កូនគោអាយុ ២ ឆ្នាំ គឺអាចច្របាច់ទឹកដោះបានហើយ។ គោដែលមានសុខភាពល្អ អាចផ្តល់ទឹកដោះជាង ២០ គីឡូក្រាមក្នុងមួយថ្ងៃ។ បច្ចុប្បន្ន កសិដ្ឋានបានចិញ្ចឹមគោប្រហែល ២០០ ក្បាល ក្នុងនោះ គោលយកទឹកដោះមានចំនួនប្រហែល ១០០ ក្បាល។ ចិញ្ចឹមគោញីសម្រាប់យកទឹកដោះ ហើយចិញ្ចឹមគោឈ្មោលសម្រាប់យកសាច់”។

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc របស់គ្រួសារលោក Diep Kinh Tan បាន រួមចំណែកបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលដល់ពលករក្នុងតំបន់។ ជាធម្មតា កសិដ្ឋានមានពលករចំនួន ៦ នាក់។ ក្នុងរដូវច្រចាច់ទឹកដោះគោ កសិដ្ឋានមានពលករចំនួន ១០នាក់បន្ថែមទៀត។ ប្រាក់ចំណូលរបស់ពលករម្នាក់ៗគឺចាប់ពី ៦ លានដុង ដល់ ៩ លានដុង/ខែ (ប្រហែល ២៥០ ទៅ ៣០ ដុល្លារអាមេរិកក្នុងមួយខែ)។ លោក Diep Hung Quoc ពលករម្នាក់នៅកសិដ្ឋានគោទឹកដោះ Tan Tai Loc បានឲ្យដឹងថា៖

“ប្រាក់ចំណូលប្រចាំខែរបស់ខ្ញុំគឺ ៧ លានដុង។ ម្ចាស់កសិដ្ឋានបានផ្ដល់កន្លែងស្នាក់នៅ ការហូបចុក ទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល និងប័ណ្ណធានារ៉ាប់រងសង្គមជូនខ្ញុំ។ ក្នុងរយៈពេល៤ឆ្នាំធ្វើការនៅទីនេះ ជីវភាពរបស់ខ្ញុំមានស្ថិរភាព ហូបគ្រប់គ្រាន់ ។ ខ្ញុំមានបំណងចង់ធ្វើការបន្ថែមម៉ោងនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ដើម្បីបង្កើនប្រាក់ចំណូល កែលម្អជីវភាពរស់នៅផងដែរ”។

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc នៅឃុំ Dai Tam ខេត្ត Soc Trang - ảnh 2កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc នៅឃុំ Dai Tam ខេត្ត Soc Trang

គ្រួសារលោក Diep Kinh Tan ជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភក្រុមគ្រួសារចិញ្ចឹមសត្វខ្នាតតូចនៅមូលដ្ឋានអំពីពូជ ចែករំលែកបច្ចេកទេស និងបទពិសោធន៍ក្នុងការចិញ្ចឹមគោ។ លើសពីនេះ គ្រួសារលោកក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសុខុមានភាពសង្គមនៅតំបន់។ លោក Truong Tan Lam អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Dai Tam បានឲ្យដឹងថា៖

“កសិដ្ឋានបានប្រតិបត្តិការយ៉ាងល្អប្រសើរ។ លោក Diep Kinh Tan បានរួមវិភាគទានជាច្រើនដល់ឃុំ។ លោកបានជួយឧបត្ថម្ភសាងសង់សាលាមត្តេយ្យចំនួន ២ ខ្នងសម្រាប់ឃុំ។  លោកគឺជាភ្នាក់ងារកម្រិតតី ១ នៃក្រុមហ៊ុន Kagill (ចំណុះសម្ព័ន្ធក្រុមហ៊ុន Kagill របស់សហរដ្ឋអាមេរិក ដែលមានឯកទេសផ្គត់ផ្គង់ផលិតផល និងសេវាកម្មចីណី កសិកម្ម ហិរញ្ញវត្ថុ និងឧស្សាហកម្មដល់ពិភពលោក)។ ប្រៀបខ្លាំងរបស់ឃុំគឺផលិតកម្មកសិកម្ម និងចិញ្ចឹមសត្វ។ ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រក៏អាស្រ័យលើការចិញ្ចឹមគោទឹកដោះផងដែរ”។

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Tan Tai Loc របស់គ្រួសារលោក Diep Kinh Tan ត្រូវបានសមាគមន៍កសិករខេត្ត Soc Trang ចាត់ទុកថាជាគំរូសេដ្ឋកិច្ចជនបទឆ្នើម ហើយចាំបាច់ត្រូវពង្រីក។ កសិដ្ឋានគឺជាអាស័យដ្ឋានជិតស្និទ្ធសម្រាប់បងប្អូនប្រជាជន ដែលចិញ្ចឹមគោយកទឹកដោះមកទស្សនា សិក្សារៀនសូត្របទពិសោធន៍គ្រប់គ្រងនិងចិញ្ចឹមគោយកទឹកដោះផងដែរ៕

ប្រតិកម្មទៅវិញ