កសិដ្ឋាន Hon Mu |
នៅឆ្នាំ ២០១៣ ក្រោយរយៈពេលជិត ៤ ឆ្នាំ ធ្វើការរកស៊ី រស់នៅ ទីក្រុងដោយមិនដូចបំណងប្រាថ្នានោះ លោក Le Xuan Ha បានវិលត្រឡប់ប្រកបរបរជាកសិករនៅលើផ្ទៃដី ១០ ហិកតារបស់ដូនតានៅស្រុកកំណើត ក្រោមជើងភ្នំ Hon Mu ឃុំ Tan Thanh។ ដំបូងឡើយ ទីកន្លែងនេះជាដីទួលទទេ ហើយលោក Le Xuan Ha បានចាប់ផ្ដើមដាំដើមឬស្សី ។ ក្រោយពេលរៀបអាពាហ៍ពិពាហ៍ ហើយមានកូនមក លោកបានអញ្ជើញអ្នកម្ដាយមករស់នៅក្រោមបំបូលផ្ទះតែមួយ។ ស្ត្រីពីរនាក់ ក្នុងគ្រួសារបានយកចិត្តទុកដាក់ដាំបន្លែនិងចិញ្ចឹមសត្វ ចំណែកលោកបានរួមជាមួយកម្មករពីរបីនាក់ក្នុងតំបន់បានកាប់ឆ្កាដី ដាំដើមឈើព្រៃ បើកកាដ្ឋាន Hon Mu។ លោក Le Xuan Ha បានសំណេះសំណាលថា៖ “ខ្ញុំមិនអាចរស់នៅតែម្នាក់ឯងឯកោដូច្នេះបានឡើយ។ ខ្ញុំបានចាប់ផ្ដើមសាងសង់ភូមិមួយនៅលើផ្ទៃដីផ្ទាល់ខ្លួន ហើយចាប់ផ្ដើមសាងសង់កសិដ្ឋាន Hon Hat នេះ។ ខ្ញុំបានកាប់កកាយ ដើម្បីធ្វើផ្ទះស្នាក់នៅ ធ្វើសួនច្បារ ។ ក្រោយពេលសាងសង់រួចមក មានមនុស្សបានមករស់នៅទីនេះផងដែរ”។
ថ្ងៃថ្មីនៅ Hon Mu បានចាប់ផ្ដើម ហ្វូងមាន់បានរកចំណី។ កុមា Mam មានអាយុ ៧ ឆ្នាំ និងកុមា Muoi មានអាយុ ៥ ឆ្នាំ ដែលជាកូនរបស់គូស្វាមី ភរិយាវ័យក្មេងរបស់លោក Le Xuan Ha និងអ្នកស្រី Le Thi Ung កំពុងចាប់កំពឹសនៅជ្រោះសម្រាប់អាហារថ្ងៃត្រង់។ លោក Le Xuan Ha បានចាប់ផ្ដើមថ្ងៃថ្មីជាមួយ សម្លេងខ្លុយដ៏ពិរោះនៅមាត់ជ្រោះ។
ទោះបីជាកសិដ្ឋាន Hon Mu មិនមែនជាគោលដៅទេសចរណ៍ក៏ដោយ ប៉ុន្តែវានៅតែទាក់ទាញភ្ញៀវទេសចរមួយចំនួនដែលចូលចិត្តស្វែងយល់ពីធម្មជាតិ ។ ភ្ញៀវទេសចរបានដាំបន្លែដោយខ្លួនឯង ធ្វើម្ហូបដោយខ្លួនឯង កាប់ដើមឬស្សី សង់ផ្ទះ បើសិនជាមានបំណងចង់ស្នាក់នៅយូរៗ។ ស្បៀងអាហារ និងរបស់របរភាគច្រើនគឺសុទ្ធតែត្រូវបានផលិតនៅហ្នឹងកន្លែង។ មុនពេលវិលត្រឡប់ទៅផ្ទះវិញ ភ្ញៀវទេសចរតែងតែទិញវត្ថុអនុស្សាវរីយ៍របស់កសិដ្ឋាន ដើម្បីធ្វើជាកាដូរជូនអ្នកទីក្រុង។ នៅជុំវិញ Hon Mu គឺជាភូមិស្រុករបស់បងប្អូនជនជាតិ Thai Muong ដូច្នេះគ្រួសាររបស់លោក Ha បានរៀនសូត្រពីបទពិសោធន៍ដាំដើមឬស្សីនិងបើករោងប៉ាក់សិប្បកម្មវិចិត្រសិល្បៈ ។ អ្នកស្រី Le Thi Ung បានឲ្យដឹងថា៖ “យើងខ្ញុំបានប្រកបមុខរបរផ្សេងដើម្បីធ្វើសេដ្ឋកិច្ច។ ជាក់ស្ដែង យើងខ្ញុំបានជ្រើសរើសមុខរបរសិប្បកម្ម ដើម្បីអាចផលិតកម្មដោយខ្លួនឯងនៅស្រុកកំណើត ដូចជាគ្រឿងឈើ និងផ្ដៅ តម្បាញឬស្សី។ នៅទីនេះមានប្រភពវត្ថធាតុដើមឬស្សីសម្បូរណាស់ ហើយយើងបានយកមកកែច្នៃ សម្រាប់លក់ ក្នុងតម្លៃរាប់លានដុងផងដែរ”។
ផលិតផលសិប្បកម្ម Hon Mu |
ផលិតផលសិប្បកម្ម Hon Mu បានចូលរួមពិព័រណ៍របស់ខេត្ត និងស្រុកជាច្រើនដង ដោយទទួលបានការនិយមចូលចិត្តយ៉ាងល្អប្រសើរពីសំណាក់អតិថិជន។ បច្ចុប្បន្ន ជារៀងរាល់ខែ រោងសិប្បកម្មអាចផលិតទុយោបឺតពីឬស្សីចំនួនពី ៥០ ០០០ ទៅ ១០០ ០០០ បំពង់ ដោយទទួលបានប្រាក់ចំណូលប្រមាណ ៥០ លានដុង។ ផលិតផលទុយោបឺតពីឬស្សីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ហើយបាននាំចេញទៅកាន់ប្រទេសបារាំង អាល្លឺម៉ង់ និងជប៉ុន ។ ជាមធ្យម រោងផលិតកម្មបានផ្គត់ផ្គង់ផលិតផលចំនួន ៣ លាន ទៅកាន់ទីផ្សារក្នុងមួយឆ្នាំ។ ស្រុក Thuong Xuan បានជ្រើសរើសទុយោបឺតពីឬស្សី ជាផលិតផល OCOP ក្នុងស្រុក។ លោក Vi Nguyen Huynh អនុប្រធានមន្ទីរកសិកម្មស្រុក Thuong Xuan បាន ឲ្យដឹងថា៖ “ផលិតផលនេះមានលក្ខណៈស្និទ្ធស្នាលជាមួយធម្មជាតិ ហើយមាននិន្នាការជំនួសឱ្យផលិតផលប្លាស្ទិកដែលបង្កគ្រោះថ្នាក់ដល់មនុស្ស។ ថ្នាក់ដឹកនាំស្រុកមានគោលការណ៍ជំរុញតម្រូវការ ដើម្បីអភិវឌ្ឍន៍ផលិតផលនេះផងដែរ”។
កសិដ្ឋាន Hon Mu បានក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ហើយបានរីកលូតលាស់ និងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ភ្ញៀវទេសចរបានអញ្ជើញមកទស្សនា កសិដ្ឋាន Hon Mu កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ គោលដៅនេះគឺជាទីកន្លែងចែករំលែក សំណេះសំណាលគ្នាសម្រាប់មនុស្ស ដែលមានបំណងរស់នៅស្និទ្ធិស្នាលជាមួយធម្មជាតិផងដែរ៕