មេឃុំ An Hai និងសមាជិកក្រុមប្រឹក្សាភិបាលនៃសហករណ៍សេវា Tuan Tu បានទៅទស្សនាសួនបន្លែ របស់លោក Nao Van Xay (ទីពីរពីឆ្វេង)។ រូបថត៖ qdnd.vn |
ក្នុងឆ្នាំ ២០១០ ឃុំ An Hai បានចាប់ផ្តើមដាំដើមទំពាំងបារាំងលើផ្ទៃដី ១ហិចតា។ បច្ចុប្បន្ននេះ ឃុំបានអភិវឌ្ឍផ្ទៃដីដាំដើមទំពាំងបារាំងជាង ១១០ ហិកតា ក្នុងនោះផ្ទៃដីដាំទំពាំងបារាំងរបស់សហករណ៍សេវាទូទៅ Tuan Tu (ភូមិ Tuan Tu) ស្រូបយកជាងពាក់កណ្តាល។ បច្ចុប្បន្ននេះ ឃុំ An Hai ភាគច្រើនដាំពូជទំពាំងបារាំងមកពីប្រទេសហូឡង់ ព្រោះថាពូជដំណាំនេះ ផ្តល់ទិន្នផលខ្ពស់ ហើយមានគុណភាពល្អ។ លើផ្ទៃដីដាំទំពាំងបារាំង ១ ហិកតាអាចប្រមូលផលពី៥ទៅ៧គីឡូក្រាមក្នុង១ថ្ងៃ លក់ក្នុងតម្លៃ ៥ ម៉ឺនដុងក្នុង១ គីឡូក្រាម ។ ដូច្នេះ ក្នុងរដូវប្រមូលផល ជាមធ្យម ប្រជាកសិករទទួលបានប្រាក់ចំណេញពី ៣០០ លានដុង ទៅ ៤០០ លានដុង ក្នុង ១ ហិតា ក្នុងមួយឆ្នាំ ក្រោយពីដកការចំណាយចេញ។ នៅភូមិ Tuan Tu ឃុំ An Hai គ្រួសាររបស់លោក Hung Ky គឺជាគ្រួសារកសិករឆ្នើម។ ពីគ្រួសារក្រីក្រ ប៉ុន្តែនាបច្ចុប្បន្ននេះ តាមរយៈការដាំទំពាំងបារាំង លោក Hung Ky បានក្លាយទៅជាមហាសេដ្ឋី ហើយកាន់តំណែងជានាយកសហករណ៍សេវាទូទៅ Tuan Tu៖ “ខែសីហា ឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញមកផ្ទះខ្ញុំ ហើយលោកបានវាយតម្លៃខ្ពស់ចំពោះតម្លៃដើមទំពាំងបារាំង។ ដើមទំពាំងបារាំងបានជួយប្រជាកសិករក្លាយទៅជាអ្នកមាន។ ផ្ទៃដីដាំទំពាំងបារាំង ១ ហិតា អាចទទួលបានប្រាក់ចំណេញប្រមាណ ១ ពាន់លានដុងក្នុងមួយឆ្នាំ។ ប្រជាជននៅទីនេះសប្បាយរីករាយណាស់។ យើងអាចប្រមូលផលទំពាំងបារាំងពេញមួយឆ្នាំ។ សហករណ៍សេវាទូទៅ Tuan Tu បានសហការជាមួយសហគ្រាសប្រមូលទិញផលិតផលពីប្រជាកសិករផងដែរ”។
យោងតាមគ្រួសារដែលដាំទំពាំងបារាំងនៅឃុំ An Hai បានឲ្យដឹងថា ដើមទំពាំងបារាំងទទួលបានការនិយមចូលចិត្តពីទីផ្សារ មានតម្លៃខ្ពស់ មិនចាំបាច់ថែទាំច្រើន ហើយអាចប្រមូលផលស្ទើរតែពេញមួយឆ្នាំ។ គំរូដាំទំពាំងបារាំងជាច្រើននៅឃុំ An Hai បានសហការណ៍យ៉ាងរឹងមាំតាមទិសដៅមានផលប្រយោជន៍ដូចគ្នារវាងសមាជិកសហករណ៍ ជាមួយសហករណ៍ និងរវាងសហករណ៍ជាមួយសហគ្រាសប្រមូលទិញផលិតផល។ លោក Nao Van Xay ប្រជាពលរដ្ឋនៅឃុំ An Hai សមាជិកសហករណ៍សេវា Tuan Tu បាននិយាយថា៖ “សហករណ៍សេវា Tuan Tu បានផ្ដល់ពូជដាំណាំជូនគ្រួសារក្រីក្រដោយឥតគិតថ្លៃ។ ឃុំបានរៀបចំសិក្ខាសាលាជូនប្រជាកសិករ ហើយនៅចុងឆ្នាំ សហករណ៍សេវា Tuan Tu បានរៀបចំជូនប្រជាកសិករទៅទស្សនា ចែករំលែកបទពិសោធន៍ផលិតកម្ម។ ប្រជាកសិករបានដាំទំពាំងបារាំងច្រើនណាស់ ។ ក្រួសារចំនួន ៨០% នៅភូមិ Tuan Tu បានរួចផុតពីភាពក្រីក្រហើយ”។
សកម្មភាពផលិតកម្មរបស់ប្រជាកសិករ។ រូបថត៖ qdnd.vn |
ក្នុងនាមជាដាំណាំស្នូល ឃុំ An Hai បានលើកទឹកចិត្តដល់ប្រជាកសិករពង្រីកផ្ទៃដីដាំ ទំពាំងបារាំង។ ឃុំ An Hai បានអនុវត្តន៍ទិសដៅអភិវឌ្ឍន៍ដើមទំពាំងបារាំងតាមរបៀបរៀបរយ និងវិទ្យាសាស្ត្រ។ តាមនោះ ប្រជាជនទទួលបានយន្តការ និងគោលការណ៍អំពីប្រាក់កម្ចីវិនិយោគពីអង្គការឥណទានយ៉ាងងាយស្រួល។ ប្រជាកសិករបានជំរុញខ្លាំងការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម ហើយការសហការណ៍ផលិតកម្ម និងការបញ្ចេញលក់ផលិតផលរវាងប្រជាកសិករ សហករណ៍ និងសហគ្រាសកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Ho Thanh Phong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ An Hai បានមានប្រសាសន៍ថា៖ “គំរូដាំទំពាំងបារាំងមិនអាចធ្វើឡើងដោយឯកឯងបានឡើយ ពោលគឺត្រូវ តភ្ជាប់គ្នាតាមខ្សែសង្វាក់តម្លៃ តាមស្តង់ដារ VietGap ហើយក្រោយមកគឺផលិតកម្មសរីរាង្គ។ ក្នុងភូមិសាស្រឃុំ An Hai មានសហករណ៍ចំនួន១ ហើយយើងខ្ញុំបានបង្កើតក្រុមប្រមូលទិញផលិផលជូនប្រជាកសិករ។ មូលដ្ឋានបានជួយឧបត្ថម្ភពូជដំណាំមួយផ្នែកជូនប្រជាកសិករ។ ទន្ទឹមនឹងនេះជួយផ្នែកបច្ចេកទេស បើកវគ្គហ្វឺកហ្វឹនអំពីដំណើរការផលិកម្ម ប្រមូលផលជូនប្រជាកសិករ ហើយចេញវិញ្ញាបនបត្រ VietGap ដល់ប្រជាកសិករ។ ធាតុចូល និងធាតុចេញទំពាំងបារាំងមានស្ថិរភាព រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន ក៏ដូចជាបង្កើនប្រាក់ចំណូលដល់កសិករផងដែរ”។
ចាប់តាំងពីពេលដាំទំពាំងបារាំងមក ជីវភាពរស់នៅរបស់ជនរួមជាតិចាមនៅឃុំ An Hai មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយមុខមាត់ជនបទបានផ្លាស់ប្តូរ។ នាពេលខាងមុខ ប្រជាជនឃុំ An Hai នឹងបន្ត កសាងតំបន់ដាំទំពាំងបារាំង ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងឆ្ពោះទៅការនាំចេញផងដែរ៕