កម្លាំងរស់ថ្មីនៅតំបន់ព្រៃ U Minh ក្រោម

Chia sẻ
(VOVWORLD) - ប្រហែល៥ឆ្នាំមុននេះ ឃុំ Khanh Lam ស្រុក U Minh ខេត្ត Ca Mau មានអត្រាគ្រួសារក្រីក្រប្រមាណ៣៤% ហើយត្រូវបានចាត់ទុកថាជាឃុំក្រីក្រ បំផុតនៅខេត្ត Ca Mau។ ប៉ុន្តែ នាសព្វថ្ងៃ ជីវភាពរស់នៅរបស់ប្រជាជននៅ ឃុំ Khanh Lam កាន់តែប្រសើរឡើងៗ អាស្រ័យដោយមានគំរូធ្វើសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព។ មុខមាត់នៃតំបន់ក្រីក្រនេះមានការផ្លាស់ប្ដូរថ្មី ជាច្រើន ហើយប្រជាជននៅទីនេះកំពុងទន្ទឹងរង់ចាំដោយក្ដីសោមនស្សរីក រាយនូវប័ណ្ណទទួលស្គាល់ជាឃុំជនបទថ្មី។
កម្លាំងរស់ថ្មីនៅតំបន់ព្រៃ U Minh ក្រោម - ảnh 1 លោក Van Van An ថែទាំចម្ការដើមឈើហូបផ្លែនិងដំណាំរួមផ្សំរបស់គ្រួសារ។ (រូបថត៖ VOV)

គ្រួសារលោក Le Van An មកតាំងទីលំនៅ នៅឃុំ Khanh Lam កាល ពីឆ្នាំ២០០៣មកម្លះ។ គ្រួសារលោកមានផ្ទៃដីព្រៃ៧ហិកតា។ តាមបទបញ្ញត្តិ លោក អាចផ្ទេរប្ដូរ៣០%នៃទំហំផ្ទៃដីនោះទៅជាដីកសិកម្ម។ នាគ្រានោះ គ្រួសារលោក An ដាំតែស្រូវមួយមុខប៉ុណ្ណោះ ដោយមានទិន្នផលទាបណាស់។ ក្រោយនោះ លោក An បានប្ដូរទៅដាំដើមឈើហូបផ្លែវិញ ដោយគួបផ្សំនឹងការជីកស្រះចិញ្ចឹមត្រីទៀតផង។ នាគ្រាដំបូង លោកដាំពិសោធន៍លើផ្ទៃដីកន្លះហិកតាប៉ុណ្ណោះ ដោយមានដើមក្រូច ថ្លុងនិងដើមស្វាយប្រមាណ២០០ដើម។ ក្រោយរយៈពេល៣ឆ្នាំ ចម្ការដើមឈើ ហូបផ្លែរបស់លោកផ្ដល់នូវតម្លៃសេដ្ឋកិច្ចខ្ពស់ច្រើនជាងការដាំស្រូវ។ ចាប់ពីពេល នោះមក លោក An បានពង្រីកគំរូនេះលើផ្ទៃដីកសិកម្មទាំងស្រុងរបស់ខ្លួន។ ក្រៅពីនោះ គ្រួសារលោកថែមទាំងឆ្លៀតយកផ្ទៃដីទំនេរនៅក្រោមម្លប់ដើមឈើ សម្រាប់ដាំដំណាំរួមផ្សំជាច្រើនប្រភេទផ្សេងទៀត។ ប្រាក់ចំណូលពីការដាំដំណាំបន្លែបង្ការនេះ ជួយចិញ្ចឹមគ្រួសារលោក។ ចំណែកឯប្រាក់ ចំណូលជាង១០០លានដុងក្នុងមួយឆ្នាំពីចម្ការដើមឈើហូបផ្លែនិងត្រីជួយគ្រួសារលោកមានការរស់នៅកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Le Van An បានឲ្យ ដឹងថា៖

“នាគ្រាងដំបូង ខ្ញុំសាកពិសោធន៍លើទំហំផ្ទៃដីតូចជាមុនសិន។ ចម្ការ ដើមឈើហូបផ្លែនាំមកនូវប្រាក់ចំណូលជាង៣០លានដុងក្នុងមួយឆ្នាំ ហើយ បូកជាមួយនឹងប្រាក់២-៣សិបលានដុងពីស្រះត្រីទៀតផង។ តម្លៃសេដ្ឋកិច្ចខ្ពស់អញ្ចឹង បានជាខ្ញុំបានពង្រីកគំរូនេះលើផ្ទៃដីកសិកម្មទាំងស្រុង។ ដើមឈើហូបផ្លែផ្ដល់ នូវប្រសិទ្ធភាពខ្ពស់ណាស់ ប្រហែលរាប់សិបដងបើប្រៀបធៀបនឹងស្រូវ”។

កម្លាំងរស់ថ្មីនៅតំបន់ព្រៃ U Minh ក្រោម - ảnh 2គំរូដាំបន្លែស្អាតរបស់លោក Nguyen Van Tinh។ (រូបថត៖ VOV) 

ដោយយល់ឃើញប្រសិទ្ធភាពនៃគំរូនេះ អាជ្ញាធរតំបន់បានលើកទឹកចិត្ត ហើយជួយឧបត្ថម្ភប្រជាជនយកតម្រាប់តាម។ គ្រួសារលោក Nguyen Van Tinh ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានទុនកម្ចីអនុគ្រោះដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ គំរូដាំបន្លែស្អាត ដើមឈើហូបផ្លែគួបផ្សំនឹងការចិញ្ចឹមត្រី កំពុងនាំ មកនូវប្រសិទ្ធភាពខ្ពស់ ហើយជួយឲ្យគ្រួសារលោក Tinh មានជីវភាពរស់នៅ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Tinh បានសំណេះសំណាលថា៖

“ប្រសិនបើបងប្អូនចេះថែទាំតាមបច្ចេកទេសត្រឹមត្រូវគឺបន្លែលូតលាស់យ៉ាងល្អណាស់។ មុននេះ ខ្ញុំបានសាកពិសោធន៍ដាំបន្លែលើផ្ទៃដីតូច។ ទោះជាជាង ដប់ម៉ែត្រការ៉េតែប៉ុណ្ណោះក៏ដោយ ប៉ុន្តែខ្ញុំលក់បាន៦០ម៉ឺនដុង”។

អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងប្រជាជន នា បច្ចុប្បន្នប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់នៅឃុំ Khanh Lam បានឡើង ដល់ទៅ៤៥លានដុងក្នុងមួយឆ្នាំ។ នាឆ្នាំ២០១៦ ឃុំមានប្រជាជន ក្រីក្រប្រមាណ១១០០គ្រួសារ ប៉ុន្តែនាសព្វថ្ងៃសល់តែ២០០គ្រួសារ ប៉ុណ្ណោះ។ ជាពិសេសគឺ Khanh Lam ជាឃុំមួយក្នុងចំណោមឃុំដែលមានប្រព័ន្ធ គមនាគមន៍ជនបទដ៏ល្អបំផុតនៅស្រុក U Minh។ លោក Huynh Thanh Luol អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khanh Lam បានឲ្យដឹងថា៖

“ជារៀងរាល់ឆ្នាំ ឃុំតែងតែផ្ដោតសំខាន់លើការងារឃោសនា ចលនា ឲ្យប្រជាជនពង្រីកគំរូអាជីវកម្មប្រកបដោយប្រសិទ្ធភាពក្នុងតំបន់ ដូចជាគំរូ ចិញ្ចឹមត្រី ដាំដំណាំរួមផ្សំ ដើមឈើហូបផ្លែ។ អាស្រ័យហេតុនេះ អត្រាគ្រួសារ ក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ”។

ក្នុងការងារកសាងជនបទថ្មី ឃុំ Khanh Lam សម្រេចបានបទដ្ឋាន ចំនួន១៥/១៩។ តាមការគ្រោងទុក ក្នុងឆ្នាំ២០២០នេះ ឃុំ Khanh Lam នឹងសម្រេចរួចរាល់បទដ្ឋានទាំងអស់ពោលខាងលើ ដើម្បីក្លាយទៅ ជាឃុំទី៤នៃស្រុក U Minh ដែលទទួលបទដ្ឋានជនបទថ្មី៕

ប្រតិកម្មទៅវិញ