Thuy Ung៖ ភូមិរបរធ្វើក្រាសស្នែងតែមួយគត់នៅភាគខាងជើងប្រទេសវៀតណាម

Chia sẻ
(VOVWORLD) - ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីហាណូយ ភូមិ Thuy Ung (ស្រុក Thuong Tin) មានភាពល្បីល្បាញដោយមុខរបរធ្វើក្រាសសិតសក់ពីស្នែងអស់រយៈពេលជាង ៤០០ ឆ្នាំ (ចាប់ពីពាក់កណ្តាលសតវត្សទី ១៦) មក។ មុខរបរធ្វើក្រាសសិតសក់ពីស្នែងក្របី និងស្នែងគោ ត្រូវបានអ្នកភូមិថែរក្សាពីជំនាន់មួយទៅជំនាន់មួយទៀត។ ជាងសិប្បកម្មជំនាន់នីមួយៗ សុទ្ធតែទទួលមរតក និងច្នៃប្រឌិតនៅពេលប្រកបរបរ ដើម្បីអោយផលិតផលរបស់ភូមិ អាចរក្សាបាននូវលក្ខណៈប្រពៃណីផង និងបំពេញតាមតម្រូវការទីផ្សារផង។
Thuy Ung៖ ភូមិរបរធ្វើក្រាសស្នែងតែមួយគត់នៅភាគខាងជើងប្រទេសវៀតណាម - ảnh 1មុខរបរធ្វើក្រាសសិតសក់ពីស្នែងក្របី និងស្នែងគោ ត្រូវបានអ្នកភូមិថែរក្សាពីជំនាន់មួយទៅជំនាន់មួយទៀត។ (រូបថត៖ dangcongsan.vn)

ដើម្បីធ្វើក្រាសសិតសក់ពីស្នែងដ៏តូចៗ ជាងសិប្បកម្មនៃភូមិ Thuy Ung ត្រូវឆ្លងកាត់ដំណាក់កាលចំនួន ៣០ តាំងពីការស្ងោរ គាប រហូតដល់ការបង្កើតរូបរាង កាត់ធ្មេញ និងដុសខាត់… គ្រប់ដំណាក់កាលទាមទារភាពល្អិតល្អន់ និងភាពត្រឹមត្រូវ។

វត្ថុធាតុដើម សម្រាប់ធ្វើក្រាសសិតសក់ ភាគច្រើនជាស្នែងនិងក្រចកជើងគោក្របី ដែលត្រូវបានប្រមូលទិញពីតំបន់ភ្នំភាគខាងជើង ពេលខ្លះប្រភពស្នែងក្នុងស្រុកមិនគ្រប់គ្រាន់សម្រាប់ការផលិត គឺអ្នកភូមិ Thuy Ung ត្រូវនាំចូលស្នែងឆៅពីប្រទេសឡាវ ថៃ កម្ពុជា និងប្រទេសអាហ្វ្រិកនានា។ ក្រាសសិតសក់ធ្វើពីស្នែងត្រូវបានចាត់ទុកថា មានតម្លៃជាងក្រាសសិតសក់ដែលធ្វើពីក្រចក។ ទោះជាយ៉ាងណាក៏ដោយ ស្នែងក្របីនៅកន្លែងនីមួយៗមានពណ៌ខុសៗគ្នា។ ស្នែងក្របីវៀតណាមមានពណ៌ខ្មៅ។ ស្នែងក្របីអាហ្រ្វិកមានពណ៌ភ្លុក។ ក្របីចាស់ ធំ និងខ្លាំង នឹងផ្តល់ស្នែងមានគុណភាពល្អជាង ព្រោះស្នែងក្រាស់ ភ្លឺរលោង និងមានក្រយៅស្អាតជាច្រើន។ លោក Nguyen Thanh Trung ជាងសិប្បកម្មនៃភូមិ Thuy Ung បានឲ្យដឹងថា៖

“ស្នែងគោក្របី ត្រូវតែក្រាស់ និងធំគ្រប់គ្រាន់ទើបបំពេញតាមស្តង់ដារ។ វានឹងត្រូវបានគិតគូរតាមគុណភាពនៃវត្ថុធាតុដើម និងប្រភពផ្គត់ផ្គង់។ ស្នែងក្របីស នាបច្ចុប្បន្នកម្របំផុត ដូច្នេះមានតម្លៃខ្ពស់បំផុតនិងគុណភាពខ្ពស់បំផុត”។

Thuy Ung៖ ភូមិរបរធ្វើក្រាសស្នែងតែមួយគត់នៅភាគខាងជើងប្រទេសវៀតណាម - ảnh 2ផលិតផលរបស់ភូមិធ្វើក្រាសសិតសក់ Thuy Ung។ (រូបថត៖ hanoimoi.vn)

ដើម្បីធ្វើក្រាសសិតសក់ ដំបូងឡើយ ស្នែងនឹងត្រូវបានកាត់ចុងទាំងសងខាង ដោយយកតែផ្នែកដើមប៉ុណ្ណោះ ដែលមានកំរាស់ប្រហែល ៤ ទៅ ៥ សាំងទីម៉ែត្រ។ បន្ទាប់នោះ ស្នែងបន្តត្រូវបានកាត់តាមរយៈបណ្ដោយជាពីរចំណែក។ ពីចំណែកទាំងពីរនេះ ជាងសិប្បកម្មនឹងបន្តកាត់តាមរយៈទទឹងទៅជាចំណែកវែងឬខ្លី អាស្រ័យលើបំណងរបស់គេ។

មុនពេលកែច្នៃ ស្នែងឆៅត្រូវការបន្ទន់ ដោយប្រេងពុះនៅសីតុណ្ហភាពខ្ពស់។ ជាមួយនឹងសីតុណ្ហភាពជាមធ្យម ២០០ ដឺក្រេ ស្នែងឆៅនឹងត្រូវការពេលវេលាពី ៤ ទៅ ៥ នាទីដើម្បីរីកប៉ោង ហើយបន្ទាប់មកត្រូវលាងសម្អាតដោយទឹកត្រជាក់ភ្លាមៗ។ លោក Nguyen Thanh Trung ជាងសិប្បកម្ម នៅភូមិ Thuy Ung បានចែករំលែកថា៖

“ប្រេងពុះនៅតុណ្ហភាពខ្ពស់ជាងទឹក។ វាមានសីតុណ្ហភាពគ្រប់គ្រាន់ដើម្បីបន្ទន់ស្នែង ហើយប្រេងមិនប៉ះពាល់ដល់គុណភាពស្នែងឡើយ”។

បន្ទាប់ពីត្រូវបានបន្ទន់រួច ស្នែងនឹងត្រូវបានដាក់ចូលទៅក្នុងម៉ាស៊ីនគាបដោយកម្លាំងទឹក ដើម្បីគាបទៅជាបន្ទះសំប៉ែតនិងស្តើង។ រូបរាងក្រាស នឹងត្រូវបានគូរលើផ្ទៃក្រាសដោយខ្មៅដៃ។ 

ផលិតផលនីមួយៗដែលធ្វើពីស្នែង មិនមានតម្លៃថ្លៃដោយសារវត្ថុធាតុដើមស្នែងនោះទេ ប៉ុន្តែដោយសារដំណើរការកែច្នៃ។ ដូច្នេះក្រាសស្នែង បន្ទាប់ពីអារកាត់រួច ត្រូវត្រាំក្នុងទឹកប្រហែលមួយម៉ោង បន្ទាប់នោះដុសខាត់ផ្ទៃទាំងសងខាងឲ្យរលីង។ លោក Nguyen Van Thai ប្រជាពលរដ្ឋនៅភូមិ Thuy Ung បាននិយាយថា៖

“ទីមួយគឺការបង្កើតរូបរាងសម្រាប់ក្រាសសិតសក់។ ប្រសិនបើ វាប៉ោង ទាញវាឱ្យស្មើៗគ្នា បន្ទាប់មកកាត់ធ្មេញ។ ក្រោយពីកាត់ធ្មេញរួច យើងយកទៅដុសខាត់ម្ដងទៀត”។

អាស្រ័យលើប្រភេទក្រាសសិតសក់នីមួយៗ ជាងសិប្បកម្មនឹងប្រើប្រភេទរណារផ្សេងៗគ្នា ដើម្បីកាត់ធ្មេញ។ ការបង្កើតធ្មេញក្រាសសិតសក់ គឺជាជំហានដែលទាមទារជំនាញបច្ចេកទេសខ្ពស់បំផុតរបស់ជាងសិប្បកម្ម។ នៅក្នុងរោងចក្រមួយ មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបច្ចេកទេសនេះបានទេ។ ប្រសិនបើចម្ងាយរវាងធ្មេញមិនស្មើគ្នាទេ គឺក្រាសសិតសក់នេះក៏ខូច ហើយមិនអាចជួសជុលបានទេ។

“អ្នកត្រូវរុញបាតដៃទាំងពីរឱ្យស្មើៗគ្នា ពេលនោះធ្មេញក្រាសនឹងស្មើគ្នា។ ធ្មេញនឹងមិនធំតូចខុសគ្នាទេ។ ប្រសិនបើយើងធ្វើខុស ធ្មេញនឹងអាក្រក់”។

“ស្តង់ដារសម្រាប់ក្រាសសិតសក់ស្អាត ដំបូងឡើយគឺធ្មេញ ធ្មេញក្រាសសិតសក់ត្រូវតែស្មើគ្នា មិនមុតពេក តែមិនទាលពេកដែរ។ វាគួរតែមានរាងមូល ស្មើគ្នា ហើយជើងធ្មេញត្រូវតែត្រង់”។

បន្ទាប់ពីបង្កើតធ្មេញរួច ក្រាសសិតសក់នឹងឆ្លងកាត់ការដុសខាត់ចំនួន ៤ ដង រួមទាំងការដុសស្ងួតចំនួន ២ ដង និងការដុសសើមចំនួន ២ ដង។ មិនថាស្ងួត ឬសើមទេ អ្នកត្រូវតែដុសដោយដៃ ព្រោះជំហាននេះនឹងធ្វើឲ្យក្រាសសំប៉ែតនិងភ្លឺរលោង។ លោក Nguyen Thanh Trung ជាងសិប្បកម្មនៅភូមិ Thuy Ung បានឲ្យដឹងថា៖

“ក្រាសសិតសក់ត្រូវតែមានភាពភ្លឺរលោងគ្រប់គ្រាន់ ហើយគ្មានស្នាមប្រឡាក់ទេ។ នៅលើស្នែងមានរន្ធ និងស្នាមតូចៗជាច្រើន។ ផលិតផលគុណភាពខ្ពស់ គឺត្រូវតែបំបាត់ស្នាមទាំងនោះ។ ពណ៌ដែលមានតម្លៃខ្ពស់បំផុតគឺពណ៌សប្រែលឿងបន្តិច”។

ក្រាសសិតសក់ Thuy Ung មានវត្តមាននៅក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចិន ដែលជាប្រទេសល្បីល្បាញខាងទំនិញសិប្បកម្មវិចិត្រសិល្បៈ។ ប្រការនេះបង្ហាញថា ជាងសិប្បកម្មនៃភូមិ Thuy Ung មិនត្រឹមតែទទួលមរតកពីបច្ចេកទេសរបស់ជីដូនជីតាប៉ុណ្ណោះទេ ថែមទាំងមានការច្នៃប្រឌិតឥតឈប់ឈរ ដើម្បីអោយផលិតផលរបស់ភូមិ នៅតែមានវត្តមានក្នុងជីវភាពសម័យទំនើបទៀតផង៕

ប្រតិកម្មទៅវិញ