Hau Giang៖ ការដាំម្នាស់នៅលើដីទំនាប ដីជូរជួយប្រជាជនមានជីវភាពរស់នៅស្ថិរភាព

Chia sẻ
(VOVWORLD) -  ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនខេត្ត Hau Giang បានផ្លាស់ប្តូរយ៉ាងសកម្មនូវរចនាសម្ព័ន្ធដំណាំដាំដុះ ដោយស្វែងរកពូជដំណាំថ្មីឲ្យបានសមស្របនឹងលក្ខណៈដីប្រចាំមូលដ្ឋាន។ នៅតំបន់ដីទំនាប ដីជូរ នៅស្រុក Phung Hiep មានគ្រួសារជាច្រើនហ៊ានបោះបង់ចោលដើមអំពៅដើម្បីងាកមកដាំម្នាស់ MD2 (ហៅម្យ៉ាងទៀតថាម្នាស់អាមេរិក)។ រហូតមកដល់ពេលនេះ ទម្រង់ដាំដុះថ្មីនេះ កំពុងពង្រីកប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងល្អប្រសើរ នាំមកនូវប្រាក់ចំណូលខ្ពស់ជូនគ្រួសារជាច្រើន។
Hau Giang៖ ការដាំម្នាស់នៅលើដីទំនាប ដីជូរជួយប្រជាជនមានជីវភាពរស់នៅស្ថិរភាព - ảnh 1កសិករនៅឃុំ Phuong Binh ស្រុក Phung Hiep មានប្រាក់ចំណូលដោយស្ថិរភាពអាស្រ័យលើការដាំម្នាស់ MD2។ (រូបថត៖ VOV)

ដោយបានរស់នៅតំបន់ដីទំនាប ដីជូរនេះជាច្រើនទសវត្សរ៍មក គ្រួសារលោក Tran Thanh Ven (នៅភូមិ Phuong Thanh ឃុំ Phuong Binh) ត្រឹមតែប្រកបរបរដាំអំពៅប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលថ្មីៗនេះ ការដាំដុះដើមអំពៅបានជួបប្រទះនឹងការលំបាកជាច្រើន ប្រសិទ្ធភាពមិនស្ថិតស្ថេរ មិនធានាបាននូវប្រាក់ចំណូលនិងលំនឹងជីវភាពបានឡើយ។ តាមរយៈការស្វែងយល់ លោក Ven បានសង្កេតឃើញថា ដើមម្នាស់ MD2 មានប្រសិទ្ធភាពសេដ្ឋកិច្ចល្អ ហើយសមស្របនឹងលក្ខណៈដីក្នុងស្រុក។ ដូច្នេះហើយ លោកបានសម្រេចចិត្តប្តូរពីការដាំអំពៅមកដាំម្នាស់ MD2 វិញ។ លោក Tran Thanh Ven ចែករំលែក៖

“អំពៅ បើដកការចំណាយហើយ មានចំណូលប្រហែល ១០-២០លាន ប៉ុន្តែមានឆ្នាំខ្លះទៀត គឺរួចដើមរហូតដល់ខាតបង់ដែរ។ ចំណែកម្នាស់វិញ ចំណូលខ្ពស់ណាស់ ប្រាក់ចំណេញបានប្រហែល៦០-៧០លាន
ដុងក្នុង១ហិចតាក្នុង១ឆ្នាំ។ ប្រសិនបើលក់ផ្លែ បានចំណូលជាង១០០លានដុងក្នុង១ហិចតាក្នុង១ឆ្នាំ។សប្បាយចិត្តខ្លាំងណាស់ ចំណូលកាន់តែប្រសើរជាងមុន”។

ម្នាស់ MD2 ជាប្រភេទដំណាំដែលរីកលូតលាស់យ៉ាងល្អ ធន់នឹងគ្រោះរាំងស្ងួត។ ដោយសារតែមានសំបកស្ដើង ទឹកច្រើន សាច់ស្រួយ ពណ៌លឿងភ្លឺ សរសៃតិចៗ និងរសជាតិឆ្ងាញ់ ម្នាស់នេះគឺសមស្របសម្រាប់ទាំងការបរិភោគស្រស់ៗ ក៏ដូចជាការកែច្នៃផងដែរ។ ចំពោះកសិករដាំម្នាស់ MD2 នៅ Phung Hiep អ្វីដែលធ្វើឲ្យគេសប្បាយចិត្ត មិនត្រឹមតែដោយសារម្នាស់ MD2 សមស្របនឹងដីទំនាប ដីជូរក្នុងស្រុកហើយផ្ដល់នូវទិន្នផលខ្ពស់ប៉ុណ្ណោះទេ ថែមទាំងដោយសារតែគេត្រូវបានក្រុមហ៊ុនភាគហ៊ុនកែច្នៃអាហារនាំចេញភាគខាងលិច (WestFood) ផ្តល់ពូជ ជី ថ្នាំការពារដំណាំ ការណែនាំបច្ចេកទេស ហើយសំខាន់បំផុតគឺចុះហត្ថលេខាលើកិច្ចសន្យាប្រមូលទិញផលិតផលទាំងអស់ដោយតម្លៃស្ថិរភាពផងដែរ។ លោក Lam Van Lam ដែលជាគ្រួសារដាំម្នាស់ MD2 មួយនៅភូមិ Phuong Thanh ឃុំ Phuong Binh បានឲ្យដឹងថា៖

“ការធ្វើអាជីវកម្មរលូនណាស់ អញ្ចឹងឥឡូវបងប្អូនជាច្រើនក៏វិនិយោគដាំម្នាស់ MD2 ដែរ។ ក្រុមហ៊ុន WestFood បានជួយឧបត្ថម្ភយើងខ្ញុំខាងបច្ចេកទេស ហើយជួយការលក់ពូជតាមទម្រង់បង់ប្រាក់រលស់។ នៅពេលប្រមូលផលលើកទី១ យើងខ្ញុំបង់ឲ្យក្រុមហ៊ុនចំនួន ៦៥% នៃប្រាក់ទិញពូជ បន្ទាប់មកពេលប្រមូលផលលើកទី២ នឹងបង់បង្ហើយ ៣៥% នៅសេសសល់។ យើងប្រមូលផលបានប៉ុណ្ណឹង ក្រុមហ៊ុនក៏ប្រមូលទិញដល់បុណ្ណោះ”។

ដោយមានទិន្នផលផ្លែពី ៧០-៩០ តោនក្នុង១ហិចតា ហើយត្រូវបានប្រមូលទិញដោយតម្លៃល្អ រួមនឹងប្រាក់ពីការលក់កូនឈើ ក្រោយពីដកចំណាយទាំងអស់ អ្នកដាំម្នាស់ MD2 នៅទីនេះ ទទួលបានប្រាក់ចំណេញពីជាង ១៦០ ដល់ជាង២៥០ លានដុងក្នុង១ហិកតា ខ្ពស់ជាងការដាំអំពៅច្រើនដង។ ហេតុដូច្នេះ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជាង ៤០គ្រួសារ ដែលចូលរួមដាំម្នាស់ MD2 កាន់តែប្រសើរឡើង ហើយជីវភាពរស់នៅមានស្ថិរភាពផងដែរ។ លោកស្រី Nguyen Thi Minh Nguyet ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយិកាក្រុមហ៊ុន WestFood បានឲ្យដឹងថា៖

“បងប្អូនកសិករសប្បាយចិត្តនិងពេញចិត្តយ៉ាងខ្លាំងចំពោះការដាំដើមម្នាស់ MD2 នេះ។ WestFood បានសន្យាប្រមូលទិញផលិតផលក្នុងតម្លៃដែលបានចុះហត្ថលេខាជាមួយកសិករ ដូច្នេះគេនឹងនរចិត្តណាស់ ក្នុងការដាំដុះ ហើយទទួលបានប្រាក់ចំណូលស្ថិរភាព។ ផែនការរបស់ WestFood គឺ យើងនឹងពង្រីកផ្ទៃដីដំណាំម្នាស់រហូតដល់ ២០០០ ហិកតានៅ Phung Hiep នៅត្រឹមឆ្នាំ២០២៥។ យើងបានរៀបចំផ្ទៃដីចំនួន ៧ ហិកតា សាងសង់រោងចក្រថ្មីដែលមានអានុភាពជាង ៤ ដងបើធៀបនឹងរោងចក្របច្ចុប្បន្ននៅទីក្រុង Can Tho”។

តាមការគ្រោងទុក នៅពេលត្រូវបានដាក់ឲ្យដំណើរការ រោងចក្រកែច្នៃកសិផលថ្មីរបស់ WestFood នឹងមានអានុភាពប្រហែល ៥ម៉ឺនតោនក្នុងមួយឆ្នាំ បង្កើតការងារធ្វើសម្រាប់កម្មករក្នុងស្រុកជាង ១២០០ នាក់។ ការពង្រីកនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ដីទំនាប ដីជូរនៅ Hau Giang នឹងនរចិត្ត ដើម្បីជំរុញខ្លាំងការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ រក្សាស្ថិរភាពជីវភាព ហើយរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋាន៕

ប្រតិកម្មទៅវិញ