ការនាំចេញឈើនិងផលិតផលឈើរបស់វៀតណាមមានកំណើនកើនឡើងទោះបីជួបការលំបាកដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ

Chia sẻ
(VOVWORLD) - ក្នុងរយៈពេលកន្លងមក ជំងឺរាតត្បាតកូវីដ១៩ (Covid-19) បានធ្វើឲ្យមុខទំនិញនាំចេញជាច្រើនប្រភេទត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង សូម្បីតែបង្កឲ្យមានការរអាក់រអួលក៏ដូចជាប៉ះពាល់ដោយផ្ទាល់ដល់ផលិតកម្មផងដែរ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនាំចេញឈើនិងផលិតផលឈើរបស់វៀតណាមក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ នៅតែសម្រេចបានជាង ៦ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងលើសពី ៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។ នេះជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានៃវិស័យកសិកម្មនិយាយរួម និងអង្គភាពអាជីវកម្មក៏ដូចជាប្រជាជននៅទូទាំងប្រទេសនិយាយដោយឡែកផងដែរ។
ការនាំចេញឈើនិងផលិតផលឈើរបស់វៀតណាមមានកំណើនកើនឡើងទោះបីជួបការលំបាកដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ - ảnh 1 តម្លៃនាំចេញឈើនិងផលិតផលធ្វើពីឈើក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះនៅតែសម្រេចបានជាង ៦ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៦,២% ក្នុងរយៈពេលដូចគ្នានាឆ្នាំ ២០១៩

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថាតម្លៃនាំចេញឈើនិងផលិតផលឈើ នាខែកក្កដា ឆ្នាំ ២០២០ បានកើនឡើងដល់ជាង ១ ពាន់លានដុល្លារអាមេរិក ហើយភាគលាភបូកបន្ថែមនៃការនាំចេញឈើនិងផលិតផលឈើក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ សម្រេចបានជិត ៦,១ ពាន់លានដុល្លារ ដែលកើនឡើង ៦,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩ បើទោះបីជាជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ទីផ្សារនាំចេញជាច្រើនក៏ដោយ។ សហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង នៅតែបន្តជាទីផ្សារនាំចូលឈើនិងផលិតផលឈើធំជាងគេទាំង ៤ របស់វៀតណាមដែលបានស្រូបយកជាង ៨០% នៃតម្លៃនាំចេញសរុប។ ជាក់ស្តែង ខេត្ត Thai Nguyen គឺជាខេត្តមួយដែលត្រូវបានចាត់ទុកថាមានឧត្តមភាពខ្លាំងក្នុងការអភិវឌ្ឍន៍ការដាំដុះព្រៃឈើ។ ក្នុងរយៈពេលកន្លងមក កម្លាំងការពារព្រៃឈើរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ ផ្តល់អនុសាសន៍និងណែនាំដល់ប្រជាជនជាប្រចាំ ដើម្បីអភិវឌ្ឍវិស័យរុក្ខកម្មប្រកបដោយចីរភាព ហេតុដូច្នេះគុណភាពនៃព្រៃឈើត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងៗផងដែរ។ លោក Vu Van Phan ប្រធានសាខានាយកដ្ឋានការពារព្រៃឈើខេត្ត Thai Nguyen មានប្រសាសន៍ថា៖

«កម្មវិធីដាំដុះនិងអភិវឌ្ឍន៍ព្រៃឈើប្រកបដោយនិរន្តរភាពបានផ្តល់ប្រសិទ្ធភាពនិងផលិតផលមានគុណភាពខ្ពស់ ហើយព្រៃឈើក៏រីកលូតលាស់បានយ៉ាងល្អផងដែរ។ នាបច្ចុប្បន្ន សាខានាយកដ្ឋាននឹងបញ្ជាដឹកនាំបុស្តិ៍ត្រួតពិនិត្យនិងការពារព្រៃឈើ ធ្វើការណែនាំដល់ប្រជាជនឱ្យចេះរបៀបថែរក្សាព្រៃឈើនិងធានានូវដំណើរការបច្ចេកទេសក្នុងការដាំដុះផងដែរ»។

ដូចនៅខេត្ត Bac Giang ក្នុងប៉ុន្មានឆ្នាំនាពេលថ្មីៗនេះ ការដាំព្រៃឈើសម្រាប់ផលិតកម្មនៅតាមបណ្តាស្រុកនានាក្នុងខេត្តនេះ មានការរីកចម្រើនយ៉ាងខ្លាំងផងដែរ ជាមធ្យមក្នុងមួយឆ្នាំខេត្តទាំងមូលបានដាំព្រៃឈើលើទំហំផ្ទៃដីពី ៦,០០០ ទៅ ៧,០០០ ហិកតា។ ជារៀងរាល់ឆ្នាំ សាខានាយកដ្ឋានការពារព្រៃឈើខេត្ត Bac Giang បានធ្វើការស៊ើបអង្កេតអំពីកំណើននៃដើមឈើ ដើម្បីវាយតម្លៃពីដំណើរការរីកលូតលាស់ និងផលិតភាពនៃប្រភេទព្រៃឈើមួយចំនួន។ ពីទីនោះ  គេទើបបានផ្តល់អនុសាសន៍ និងតម្រង់ទិសដៅសម្រាប់ប្រភេទដើមឈើសមស្របនៅតាមស្រុកនានាក្នុងខេត្តនេះផងដែរ។ លោក Doan Van Hau អនុប្រធានសាខានាយកដ្ឋានការពារព្រៃឈើខេត្ត Bac Giang បានឲ្យដឹងថា៖

«មនសិការរបស់ប្រជាជនក្នុងការអភិវឌ្ឍព្រៃឈើត្រូវ បានលើកកំពស់ ដោយសារគេបានរកឃើញនូវប្រសិទ្ធភាពនៃការដាំដើមឈើដើម្បីបម្រើវិស័យសេដ្ឋកិច្ច ជាពិសេសពូជកូនឈើកាលពីឆ្នាំមុនត្រូវបានធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយផលិតភាពនិងគុណភាពនៃព្រៃឈើក៏ត្រូវបានលើកស្ទួយកាន់តែល្អប្រសើរឡើងផងដែរ។ នាបច្ចុប្បន្ននេះ វិសាលភាពនៃការគ្របដណ្តប់ព្រៃឈើនៅខេត្ត Bac Giang សម្រេចបាន ៣៧,៨% ហើយក្នុងឆ្នាំ២០២០ ខេត្តខិតខំប្រឹងប្រែងគ្របដណ្តប់ព្រៃឈើឲ្យសម្រេចបាន ៣៨% ផងដែរ»។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ផលិតផលក្តារក្រាលរបស់វៀតណាមមានល្បឿនរីកចម្រើនយ៉ាងឆាប់រហ័សដោយមានអត្រាកំណើនជាមធ្យម ៣១% ក្នុងមួយឆ្នាំ។ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ចូលជាធរមាន បានជួយឱ្យតម្លៃនាំចេញឈើសម្រេចបាន ១៧% បន្ថែមទៀត ហើយផលិតផលឈើនាំចេញទៅកាន់សហភាពអឺរ៉ុបទទួលបានពន្ធអនុគ្រោះ ០% ។ នាបច្ចុប្បន្ននេះ ផលិតផលឈើនេះកំពុងស្រូបយក ១០% នៃតម្លៃនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបផងដែរ។ លោក Pham Van Dien អគ្គនាយករងនៃអគ្គនាយកដ្ឋានរុក្ខកម្ម - ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានមានប្រសាសន៍ថា៖ ដើម្បីធ្វើឱ្យការនាំចេញផលិតផលឈើមានការរីកចម្រើនកាន់តែខ្លាំងឡើងៗ កត្តាមួយក្នុងចំណោមកត្តាសំខាន់គឺចាំបាច់ត្រូវតភ្ជាប់និងសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបង្កើតការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាបង្កើតមុខទំនិញ ដែលមានកិត្យានុភាពនិងមានតម្លៃទៀតផង។ ក្នុងនោះសហគ្រាស ប្រជាជននៅតាមមូលដ្ឋានបានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍន៍មុខទំនិញរុក្ខផលផងដែរ ។លោក Pham Van Dien  បានឲ្យដឹងថា៖

«វិស័យឈើនិងផលិតផលឈើរបស់វៀតណាមកំពុងដើរតាមគន្លងត្រឹមត្រូវនិងសមស្របនឹងនិន្នាការនៃទីផ្សារពិភព លោក។ ខ្ញុំសូមគូសបញ្ជាក់ថាគុណបំណាច់របស់សហគ្រាសកែច្នៃនិងនាំចេញផលិតផលព្រៃឈើ គឺពិតជាធំធេងណាស់ក្នុងការបង្កើតឱ្យមានកំណើនយ៉ាងនេះ។ ផលិតភាពនៃវិស័យរុក្ខកម្មវៀតណាមកំពុងកើនឡើងនិងមានកម្លាំងចលករយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាជនដែលដាំដុះព្រៃឈើ នឹងទទួលបាននូវការទាក់ទាញយ៉ាងធំសម្បើមពីវិស័យសេដ្ឋកិច្ច និងបច្ចេកទេស ព្រមទាំងអភិវឌ្ឍទៅតាមខ្សែសង្វាក់តម្លៃពិភពលោកផងដែរ»។

ពិតណាស់ថា នាបច្ចុប្បន្ននេះកាលានុវត្តភាពសម្រាប់វិស័យកែច្នៃឈើរបស់វៀតណាមនៅតែធំធេងណាស់ ខណៈពេលដែលទីផ្សារឈើនិងផលិតផលឈើនៅលើពិភពលោក កំពុងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែ ដោយសារការប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩នោះ សហគ្រាសវៀតណាម គប្បីមានភាពម្ចាស់ការបន្ថែមទៀតក្នុងការស្វែងរកប្រភពទំនិញជំនួសនៅកន្លែងជាច្រើនផ្សេងៗទៀត ដើម្បីជៀសវាងពីហានិភ័យនៃការជាប់គាំងផលិតកម្មផងដែរ៕

ប្រតិកម្មទៅវិញ