កំណើននាំចេញ - ចំណុចវិជ្ជមាននៃសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៨ ̣(internet) |
យោងតាមអគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា តាមការប៉ាន់ស្មានតម្លៃប្រាក់ទំនិញនាំចេញឆ្នាំ ២០១៨ ទទួលបាន ២៤៤,៧ ពាន់លានដុល្លារអាមេរិក កើន ១៣,៨ % បើប្រៀបធៀបនឹងឆ្នាំ ២០១៧ (ហូសពីគោលដៅ ៧% ដល់ ៨ % ដែលរដ្ឋសភាដាក់ចេញ)។ គួរកត់សម្គាល់ថា តំបន់សេដ្ឋកិច្ចក្នុងស្រុកមានការវិឌ្ឍន៍ជាវិជ្ជមាន ដោយទទួលបានកំណើនតម្លៃប្រាក់ទំនិញនាំចេញខ្ពស់ជាងតំបន់ដែលមានទុន
វិនិយោគបរទេស។ ឆ្នាំ ២០១៨ បានកត់សម្គាល់ថា មាន ទំនិញចំនួន ២៩ មុខ ដែលទទួលបានតម្លៃប្រាក់នាំចេញជាង ១ ពាន់លានដុល្លារអាមេរិក ស្រូបយក ៩១ % នៃតម្លៃប្រាក់នាំចេញសរុបនៃប្រទេសទាំងមូល។ ក្នុងនោះ ទូរស័ព្ទនិងគ្រឿងបន្លាស់គឺជាផលិតផលដែលមានកំណើនខ្ពស់បំផុត ពោលគឺទទួលបាន ៥០ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺផលិតផលតម្បាញកាត់ដេរ គឺទទួលបានជាង ៣០ ពាន់លានដុល្លារអាមេរិក។
តាមរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ថា លទ្ធផលទាំងនេះបានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល តាមរយៈសកម្មភាពជាក់ស្ដែងរបស់រដ្ឋាភិបាល ជាពិសេសគឺការវាយតម្លៃ និងការព្យាករណ៍ ដើម្បីចាត់វិធានការ និងដំណោះស្រាយយ៉ាងត្រឹមត្រូវ។ លោក Tran Tuan Anh បានអះអាងថា៖
“រាល់លទ្ធផលក្នុងត្រីមាសនីមួយៗនៃឆ្នាំ២០១៨គឺ សុទ្ធតែ មាន ចំណុច កត់សម្គាល់ជាច្រើន។ លទ្ធផលកំណើនខ្ពស់ទាំងនេះ បានជួយរក្សាការ នាំចេញប្រកដោយស្ថិរភាព និង ចីរភាព។ ជាពិសេស វិស័យឧស្សាហកម្មកែច្នៃមានការវិឌ្ឍន៍ជាវិជ្ជមាន ជាកម្លាំងចលករដើម្បីជំរុញកំណើនផលិតកម្ម ឧស្សាហកម្ម ក៏ដូចជាការរួមវិភាគទានរបស់ឧស្សាហកម្មនិយាយរួម ក្នុង រចនាសម្ព័ន្ធនៃ GDP ក៏ដូចជាកំណើន GDP និយាយរួមផងដែរ”។
ចំណុចលេចធ្លោមួយទៀតក្នុងវិស័យនាំចេញគឺតំបន់សហគ្រាស មានទុនវិនិយោគក្នុងស្រុក ដែលទទួលបានកំណើនកំណើន ១៦% ជាលើកដំបូង ខណៈដែលតំបន់ដែលមានទុនវិនិយោគពីបរទេស(FDI) មានកំណើនត្រឹមតែ ១៣,៦ % ប៉ុណ្ណោះ។ ប្រការនេះបានសរឲ្យឃើញថាសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក និងសមិត្ថភាពចូលរួមទីផ្សារពិភពលោក និងបញ្ហា
អភិបាលកិច្ចសហគ្រាស ក៏ដូចជាចំណេះដឹងអំពីការធ្វើសមាហរណកម្មក៏មានការវិឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០១៨ ផងដែរ។ រាល់សមិទ្ធិផលអំពីការនាំចេញក្នុងឆ្នាំ២០១៨ បាននាំវៀតណាមក្លាយទៅជាប្រទេសមួយដែលមានល្បឿនកំណើននាំចេញជួរមុខនៅលើពិភពលោក ខណៈដែលវៀតណាមបានរៀបចំណាត់ថ្នាក់លេខ ៣ ក្នុងការនាំចេញស្បែកជើង និងលេខ ៧ ក្នុងការនាំចេញផលិតផលតម្បាញកាត់ដេរ។
២០១៩ គឺជាឆ្នាំ ដែលមានអត្ថន័យសំខាន់ពិសេសចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិយាយរួម និងវិស័យនាំចេញរបស់វៀតណាមនិយាយដោយឡែក។ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) មានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ២០១៩ មក បានបង្កើតតំបន់ពាណិជ្ជកម្មសេរី ដោយស្រូបយកប្រមាណ ១ ភាគ ១០ នៃខឿនសេដ្ឋកិច្ចពិភពលោក។ ម៉្យាងវិញទៀត ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម -សហភាពអឺរ៉ុប (EU) នឹងឈានចូលសករាជថ្មី ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម- EU ត្រូវបានផ្ដល់សច្ចាប័ននាពេលខាងមុខ។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Cao Quoc Hung បានអះអាងថា៖
“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គ្រោង នឹងបង្កើតការអនុគ្រោះសម្រាប់កសិផលនៃភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លៀតយកផលអនុគ្រោះទាំងនេះគឺទាមទារឲ្យមានការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិប្តិការពហុភាគី ដូចជា រដ្ឋាភិបាល សហគមន៍ធុរជន និងសម្ព័ន្ធសមាគមជាដើម”។
វៀតណាមបានដាក់ចេញគោលដៅទទួលកំណើននាំចេញ ពី ៧ ដល់ ៨ ភាគរយ ពោលគឺប្រមាណ ២៥៨ ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងសមិទ្ធិផលទាំងអស់ដែលទទួលបាន រួមជាមួយលក្ខ័ណ្ឌអំណោយផលនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីនោះ ផ្នែកនាំចេញវៀតណាមជឿជាក់ថានឹងទទួលបានរាល់គោលដៅដែលបានដាក់ចេញ៕