របាំចានចង្គឹះដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅខេត្ត Bac Kan

Chia sẻ

(VOVWORLD) - ក្រៅពីកំណាព្យ ចម្រៀង រឿងនិទាន និងពិធីបុណ្យប្រពៃណីជាច្រើននោះ ... ជនជាតិ Tay នៅខេត្ត Bac Kan ក៏មានប្រព័ន្ធរបាំប្រជាប្រិយ ដែលបានផ្ទេបន្តមកពីច្រើនជំនាន់។ ក្នុងចំណោមរបាំទាំងនេះ  របាំចានចង្កឹះ គឺជារបាំដ៏ពេញនិយមមួយ ដែលផ្សាភ្ជាប់នឹងជីវភាពប្រចាំថ្ងៃ  និងការផលិតរបស់ប្រជាជន។

របាំចានចង្គឹះដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅខេត្ត Bac Kan - ảnh 1សិប្បករនៅឃុំ Dong Xa ស្រុក Na Ri បង្រៀនចង្វាក់ចានចង្កឹះ ដល់ក្មេងៗជំនាន់ក្រោយ (រូបថត៖ VOV)

ឃុំ Dong Xa ស្រុក Na Ri ត្រូវបានចាត់ទុកថាជាលំនៅឋានដំបូងគេបង្អស់របស់ជនជាតិ Tay បុរាណនៅលើទឹកដីខេត្ត Bac Kan។ ឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ជនជាតិ Tay នៅទីនេះនៅតែរក្សាបាននូវលក្ខណៈវប្បធម៌វិសេសវិសាលជាច្រើន ដែលបានបន្សល់ទុកពីជំនាន់មុន តាំងពីសម្លៀកបំពាក់ ផ្ទះសម្បែង ផ្នត់រស់នៅ រហូតដល់ទម្រង់វប្បធម៌ និងសិល្បៈផ្សេងៗ។ នៅ Dong Xa គ្មាននរណាម្នាក់ដឹងថា របាំចានចង្កឹះ បង្ហាញខ្លួននៅពេលណានោះទេ គ្រាន់តែដឹងថា របាំប្រភេទនេះបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ទ្រឹស្ដីខ្លះ បានលើកឡើងថា របាំប្រើចានចង្កឹះ មានប្រភពមកពីការធ្វើត្រាប់តាមការត្បាញសូត្រ និងសកម្មភាពតម្បាញរបស់ជនជាតិ Tay តាំងពីបុរាណកាលមក។ ចានប្រើសម្រាប់ធ្វើជាសំបុកដង្កូវនាង បង្ហាប់សូត្រ; ចង្កឹះ គឺជាឧបករណ៍សម្រាប់កូរសូត្រ... ហើយចលនានេះធ្វើឡើងម្តងទៀតដោយបាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ Tay រហូតដល់មានសរសៃសូត្រគ្រប់គ្រាន់សម្រាប់ត្បាញក្រណាត់។ មានមតិខ្លះថា របាំប្រើចានចង្កឹះ កើតចេញពីពិធីអំណររដូវស្រូវថ្មីរបស់ប្រជាជន ដូច្នេះ គ្រឿងឧបភោគបរិភោគសំខាន់ៗគឺ ចានឆ្នាំង ចង្កឹះ ដែលប្រជាជនប្រើប្រាស់ក្នុងពេលអាហារប្រចាំថ្ងៃ...។ សិប្បករ  Nong Thi Oanh ប្រធានក្លឹបវប្បធម៌និងកីឡាជនចាស់ជរា ឃុំ Dong Xa បានឲ្យដឹងថា៖ “របាំប្រើចាននេះមានតាំងពីយូរយារណាស់មកហើយ យើងបានមរតកពីជំនាន់ឪពុកយើងរហូតមកដល់ពេលនេះ។ បច្ចុប្បន្ន ដើម្បីថែរក្សារបាំបានបន្សល់ទុកមកពីដូនតាយើងក៏រៀបចំបង្រៀនដល់កូនចៅជំនាន់ក្រោយឱ្យចៅៗ បានរក្សា។ កូនចៅយើងក៏សកម្មក្នុងការចូលរួមដែរ ជាពិសេសចៅៗ រៀនបានលឿនណាស់”។

ដើម្បីសម្តែងរបាំចានបាន ចាំបាច់ត្រូវមានភាពត្រឹមត្រូវនៃចង្វាក់ ការសម្របសម្រួលយ៉ាងប៉ិនប្រសប់រវាងដៃនិងជើងចលនាតាមចង្វាក់។ ជាធម្មតា របាំចាន ត្រូវបានប្រគុំជាក្រុមរបាំប្រជាប្រិយ គ្មានការកំណត់ជាក់លាក់ណាមួយអំពីចំនួនអ្នកចូលរួម ហើយអាចសម្តែងក្នុងពិធីបុណ្យភូមិ បុណ្យតេត រហូតដល់ថ្ងៃប្រជុំផ្សារដែរ។ ហើយរបាំដែលមានក្បាច់រាំប្លែកៗ និងសាមញ្ញៗ ដែលអាចអោយអ្នកគ្រប់គ្នាចូលរួមបាន...។ បច្ចុប្បន្ននេះ មកដល់ភូមិជនជាតិ Tay តាមបណ្តោយបឹង Ba Be ភ្ញៀវទេសចរមិនត្រឹមតែលង់អារម្មណ៍នឹងសម្រស់ធម្មជាតិនៃបឹង Ba Be  តាមភ្នំ ព្រៃប្រឹក្សា ទន្លេដងអូរ ប៉ុណ្ណោះទេ ថែមទាំងបានជក់ចិត្តដិតអារម្មណ៍ក្នុងលំហតន្ដ្រីរបស់ជនជាតិ Tay ជាមួយនឹងបទចម្រៀងប្រជាប្រិយ និងរបាំដែលបានបញ្ជូនបន្តទៅតាមជំនាន់មួយទៅជំនាន់មួយ ក្នុងនោះមានក្បូរក្បាច់រាំប្រើចានចង្កឹះដែលគួរឱ្យអស់សំណើចនិងគួរឱ្យទាក់ទាញនេះផងដែរ។ លោកស្រី Nong Thu Bien ប្រធានក្រុមសិល្បៈប្រជាប្រិយនៅភូមិ Coc Toc ឃុំ Nam Mau ស្រុក Ba Be បានឲ្យដឹងថា៖ របាំចានចង្កឹះឥឡូវនេះត្រូវបានកែប្រែបន្តិចបន្តួចក្នុងទម្រង់នៃការសម្តែង ដើម្បីឲ្យសមស្របទៅនឹងសកម្មភាពបម្រើភ្ញៀវទេសចរណ៍៖

“នៅបឹង Ba Be មានភូមិដូចជា Coc Toc, Bo Lu, Pac Ngoi កំពុងថែរក្សារបាំប្រពៃណីរបស់ជនជាតិ Tay។ រៀងរាល់សប្តាហ៍ ក្រុមរបស់យើងហាត់សមនៅថ្ងៃព្រហស្បតិ៍ ហើយសម្តែងជូនភ្ញៀវជារឿយៗ។ ភ្ញៀវទេសចរ ជាពិសេសជនបរទេសចូលចិត្តនិងរីករាយជាមួយនឹងរបាំនេះខ្លាំងណស់”។

របាំចានចង្គឹះដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅខេត្ត Bac Kan - ảnh 2របាំចានចង្កឹះត្រូវបានបង្រៀននៅតាមសាលារៀនផងដែរ (រូបថត៖ VOV)

អនុវត្តន៍គម្រោងអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិមួយចំនួន ពាក់ព័ន្ធនឹងការអភិវឌ្ឍទេសចរណ៍ Ba Be មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bac Kan បានបង្កើតក្រុមសិល្បៈប្រជាប្រិយជាច្រើន ដោយផ្តោតលើសកម្មភាពវប្បធម៌ ចម្រៀងប្រជាប្រិយ និងរបាំប្រពៃណី ក្នុងនោះមានរបាំចានរបស់ជនជាតិ Tay។ ជាពិសេសគឺការសហការជាមួយសាលាបណ្ដុះបណ្ដាលមួយចំនួនដើម្បីបង្កើតក្រុមសិល្បៈប្រជាប្រិយនៅតាមសាលា។ ប្អូន Nong Thi Viet Hoa មកពីភូមិ Cho Chua ឃុំ Dong Xa ស្រុក Na Ri បានឲ្យដឹងថា៖ “ពេលទស្សនាការរាំ ខ្ញុំអាចស្រមើស្រមៃថា លោកយាយ និងអ្នកម្តាយ កាលពីអតីតកាល រាំយ៉ាងសប្បាយរីករាយ មិនចាំបាច់មានភ្លេងដូចពេលនេះទេ យាយៗច្រៀង និងរាំបានល្អណាស់។ នៅសាលា ខ្ញុំនឹងបន្តហាត់ និងផ្សព្វផ្សាយរបាំនៅក្លឹបដែលខ្ញុំចូលរួម។ ហើយប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងទៅជាមួយយុវជន និងសមាជិកសហជីពក្នុងសាលាដើម្បីផ្លាស់ប្តូរជាមួយនឹងមូលដ្ឋានផ្សេងទៀត ហើយនឹងព្យាយាមសិក្សា និងផ្លាស់ប្តូរវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន”។

នាពេលថ្មីៗនេះ ចង្វាក់របាំចានចង្កឹះរបស់ជនជាតិ Tay នៅខេត្ត Bac Kan ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ដោយទទួលស្គាល់នូវគុណតម្លៃដ៏ធំធេងដែលរបាំប្រជាប្រិយនេះនាំមកជូនសម្រាប់ជីវភាពសហគមន៍។ នេះក៏ជាលក្ខខណ្ឌមួយសម្រាប់ “របាំចាន” ដែលជារបាំពិសេសរបស់ជនជាតិ Tay ដើម្បីផ្សព្វផ្សាយ និងពង្រីកសម្បត្តិវប្បធម៌របស់ប្រជាជននៅភាគឦសាននៃប្រទេសជាតិ៕

ប្រតិកម្មទៅវិញ