ពិធីបុណ្យ “ពួកយើងតែមួយ” រីកសាយភាយវប្បធម៌ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងកូរ៉េខាងត្បូង

Chia sẻ

(VOVWORLD) - ពិធីបុណ្យ “ពួកយើងតែមួយ" លើកទី ៦ ឆ្នាំ ២០២៤ ទើបតែប្រព្រឹត្តទៅនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងកូរ៉េខាងត្បូងដែលមានប្រជាជនវៀតណាមកំពុងរស់នៅ សិក្សា និងធ្វើការយ៉ាងច្រើន។ ពិធីបុណ្យឆ្នាំនេះ រួមមានសកម្មភាពវប្បធម៌វិសេសវិសាល ដោយមានការចូលរួមពីសាធារណជន និងសិល្បករនៃប្រទេសទាំងពីរ។

ពិធីបុណ្យ “ពួកយើងតែមួយ” រីកសាយភាយវប្បធម៌ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងកូរ៉េខាងត្បូង - ảnh 1សិល្បៈករវៀតណាមសម្ដែងនៅកម្មវិធីតន្ត្រី "ពួកយើងតែមួយ"។

ពិធីបុណ្យរួមមានព្រឹត្តិការណ៍៖ កម្មវិធីតន្ត្រី "ពួកយើងតែមួយ"; ការប្រកួតទេពកោសល្យសម្រាប់ពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង ការប្រកួតរាំ V.KPOP និងល្បែងកម្សាន្តដ៏សប្បាយ។ ចូលរួមក្នុងកម្មវិធីតន្ត្រី "ពួកយើងតែមួយ" រួមមានតារាចម្រៀង និងសិល្បករល្បីៗមកពីប្រទេសវៀតណាម និងកូរ៉េខាងត្បូង ជាមួយនឹងការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ តាមរយៈបទភ្លេង និងបទចម្រៀងដែលលើកសរសើរពីសេចក្ដីស្នេហារបស់គូស្នេហ៍ សេចក្ដីស្នេហាមាតុភូមិនិងស្រុកកំណើត... ឬសម្តែងរបាំដ៏រស់រវើកផងដែរ។ មកទស្សនាកម្មវិធីនេះ យុវជនវៀតណាម និងកូរ៉េខាងត្បូងជាច្រើនបានសម្ដែងថា៖

“កម្មវិធីតន្ត្រីនេះត្រូវបានបណ្តាក់ទុនយ៉ាងល្អិតល្អន់ និងអញ្ជើញសិល្បករប្រកបដោយគុណភាព។ អ្នកចម្រៀង Ly Ly ដែលបច្ចុប្បន្នគឺល្បីល្បាញនៅលើ Tik Tok ត្រូវបានយុវជនជាច្រើននិយមចូលចិត្ត។ ខ្ញុំឃើញថា ពេលក្រុមអ្នកចម្រៀងកូរ៉េខាងត្បូងឡើងលើឆាកសម្តែង ទស្សនិកជនយ៉ាងច្រើនបានក្រោកឈរគាំទ្រយ៉ាងក្រៃលែង”។

“ខ្ញុំសប្បាយចិត្តណាស់ដែលបានទស្សនាអ្នកចម្រៀងដែលខ្ញុំស្រឡាញ់។ នៅកូរ៉េខាងត្បូង ខ្ញុំមិននឹកស្មានថានឹងអាចទស្សនាអ្នកចម្រៀងនិងសិល្បករទាំងនេះទេ។ ខ្ញុំសង្ឃឹមថាពិធីបុណ្យបែបនេះនឹងត្រូវបានរៀបចំឡើងកាន់តែញឹកញាប់ក្នុងទ្រង់ទ្រាយធំ ដើម្បីអោយប្រជាជនវៀតណាមនៅកូរ៉េខាងត្បូងដែលនៅឆ្ងាយពីស្រុកកំណើត បានរីករាយជាមួយបទចម្រៀងពិរោះៗអំពីស្រុកកំណើត”។

វប្បធម៍វៀតណាមត្រូវបានបង្ហាញក្នុងការប្រកួតទេពកោសល្យសម្រាប់ពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង។ អ្នកចូលរួមបានរាំ ច្រៀង លេងចាប៉ី ឬលេងឧបករណ៍ភ្លេងប្រពៃណី។ ចូលរួមក្នុងការប្រកួតនេះ កញ្ញា Phuong Nghi បានឲ្យដឹងថា៖

“ខ្ញុំបានចូលរួមក្នុងការប្រកួតទេពកោសល្យចំនួនពីរ។ នោះគឺការប្រកួតរាំទោល និងការប្រកួតរាំជាក្រុម។ ក្រុមរបស់ខ្ញុំមានគ្នា ៤ នាក់។ គណៈរៀបចំមិនកំណត់ខ្លឹមសារនិងប្រភេទតន្ត្រីទេ ត្រឹមតែកំណត់ពេលវេលាប្រកួត ៥ នាទីប៉ុណ្ណោះ។ អ្នកចូលរួម ជ្រើសរើសបទភ្លេងនិងរបាំដោយខ្លួនឯង។ កម្មវិធីនេះបានបង្កើតទីលានលេងដ៏មានប្រយោជន៍ ខ្ញុំបានជួបជុំនិងស្គាល់មនុស្សជាច្រើន”។

ពិធីបុណ្យ “ពួកយើងតែមួយ” រីកសាយភាយវប្បធម៌ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងកូរ៉េខាងត្បូង - ảnh 2សិល្បៈករកូរ៉េខាងត្បូងសម្ដែងនៅកម្មវិធី។

ការប្រកួតរាំ V.KPOP សម្រាប់មនុស្សទាំងអស់ បានទាក់ទាញយុវជនយ៉ាងច្រើនកុះករ។ V.KPOP ជាប្រភេទតន្ត្រីបែបយុវវ័យ ដែលលាយបញ្ចូលគ្នារវាងតន្ត្រីវៀតណាម និងកូរ៉េខាងត្បូង ជាមួយនឹងរបាំដ៏សប្បាយរីករាយដែលច្នៃប្រឌិតដោយចៃដន្យ។ ចូលរួមក្នុងការប្រកួតនេះ កញ្ញា Bui Thi Thuong ជនជាតិវៀតណាមដែលកំពុងរស់នៅទីក្រុង Busan បានសម្តែងថា៖

“ខ្ញុំបានចូលរួមក្នុងការប្រកួតរាំចៃដន្យ។ ចូលរួមកាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែច្រើនដែរ។ បទភ្លេងដែលត្រូវបានគេបានជ្រើសរើស ច្រើនតែជាបទដ៏ពេញនិយម និងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ។ ដូច្នេះ ពេលយើងស្គាល់បទភ្លេង ខ្ញុំឡើងលើឆាក ហើយរាំតាម។ អ្នកចម្រៀងវៀតណាមដែលមានវត្តមានក្នុងពិធីបុណ្យនេះក៏ជាមធ្យោបាយមួយដើម្បីផ្សព្វផ្សាយវប្បធម៌វៀតណាមដល់មិត្តភក្តិកូរ៉េខាងត្បូងផងដែរ។ ខ្ញុំឃើញថា ការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងកូរ៉េខាងត្បូងបានប្រព្រឹត្តទៅកាន់តែញឹកញាប់។

សកម្មភាពនៅពិធីបុណ្យ “ពួកយើងតែមួយ” បានបន្សល់ទុកនូវការចាប់អារម្មណ៍អំពីវប្បធម៌វៀតណាមចំពោះយុវជនកូរ៉េខាងត្បូង។ កញ្ញា Park Min Hee រស់នៅទីក្រុង Busan បានសម្តែងថា៖

“ខ្ញុំសប្បាយរីករាយណាស់ដែលបានមកចូលរួមពិធីបុណ្យនេះ ហើយគាំទ្រមិត្តភក្តិដែលចូលរួមការប្រកួតទេពកោសល្យសម្រាប់ពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង។ ពិធីបុណ្យ “ពួកយើងតែមួយ” រួមចំណែកផ្សព្វផ្សាយវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថា ពិធីបុណ្យនេះនឹងត្រូវបានរៀបចំឡើងកាន់តែញឹកញាប់និងក្នុងទ្រង់ទ្រាយធំជាងនេះ។ តាមនោះ បង្កើតកន្លែងកម្សាន្តដ៏មានប្រយោជន៍សម្រាប់ជនវៀតណាមនៅកូរ៉េខាងត្បូង”។

ពិធីបុណ្យ "ពួកយើងតែមួយ" លើកទី៦ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ ដែលបន្សល់ទុកនូវការចាប់អារម្មណ៍ល្អប្រសើរដល់ប្រជាជនវៀតណាមនិងកូរ៉េខាងត្បូង។ ពិធីបុណ្យបានផ្សព្វផ្សាយនិងរីកសាយភាយវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង រួមចំណែកជំរុញការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ