នាំមកនូវសំឡេងរបស់ក្រុមជនជាតិ Tay - Nung ផ្សាយលើវិទ្យុជាតិ

Chia sẻ

(VOVWORLD) -  បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំ ដែលបានចាក់ផ្សាយ លើរលកវិទ្យុជាតិ កម្មវិធីផ្សាយសំឡេងជាភាសាជនជាតិ Tay និង Nung បានទាក់ទាញប្រជាប្រិយភាពពីសហគមន៍ជនជាតិភាគតិច Tay - Nung នៅទូទាំងប្រទេស។ នេះគឺជាការផ្សាយជាភាសាជនជាតិភាគតិចទី ១៣ ដែលបានចាក់ផ្សាយលើរលកវិទ្យុសំឡេងវៀតណាមរហូតមកដល់ពេលនេះ។

នាំមកនូវសំឡេងរបស់ក្រុមជនជាតិ Tay - Nung ផ្សាយលើវិទ្យុជាតិ - ảnh 1នៅខែកុម្ភៈឆ្នាំ ២០២០ វិទ្យុសំឡេងវៀតណាមបានរៀបចំការប្រកួតប្រជែងជ្រើសរើសអ្នកនិពន្ធ អ្នកបកប្រែនិងអ្នកផ្សាយសំឡេងសម្រាប់កម្មវិធីភាសា Tay - Nung  (រូបថត៖ VOV)

ថ្នាក់ដឹកនាំវិទ្យុសំឡេងវៀតណាម (VOV) បានចាត់តាំងគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិច (VOV៤) ដើម្បីធ្វើគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រនិងសម្របសម្រួលជាមួយទីភ្នាក់ងារនៃវិទ្យុសំឡេងប្រចាំតំបន់ឥសានដើម្បីបង្កើតនិងអនុវត្តន៍គម្រោង “ផលិតនិងផ្សាយកម្មវិធីផ្សាយសំឡេងជាភាសា Tay - Nung នៅតំបន់ឥសានដែលជាកន្លែងមានជនជាតិភាគតិច Tay និង Nung រស់នៅច្រើនជាងគេ។ វិទ្យុសំឡេងវៀតណាមក៏បានសហការជាមួយស្ថានីយ៍ វិទ្យុនិងទូរទស្សន៍មួយចំនួនក្នុងតំបន់ ដើម្បីបង្កើតកម្មវិធីនិងប្រធានបទពិសេស សមស្របទៅនឹងវប្បធម៌ ទំនៀមទម្លាប់ របស់ជនជាតិ Tay និង Nung ផងដែរ។

ក្រោយរយៈពេលផ្សាយសំឡេងសាកល្បង (ចាប់តាំងពីថ្ងៃទី ១៨ មីនា  ២០២០)មក គឺនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ វិទ្យុសំឡេងវៀតណាមបានផ្សាយជាផ្លូវការនូវកម្មវិធីផ្សាយសំឡេងជាភាសារបស់ជនជាតិ Tay និង Nung។ ចាប់តាំងពីបានចាក់ផ្សាយលើរលកវិទ្យុជាតិមក កម្មវិធីនេះតែងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ជាពិសេសក្រុមជនជាតិ Tay និង Nung នៅភាគឥសាន ដែលជាកន្លែងមានជនជាតិ Tay និង Nung មានចំនួនច្រើនជាងគេនៅក្នុងប្រទេស។ លោកស្រី Trieu Thi Sim ជនជាតិ Tay នៅខេត្ត Lang Son បានសំណេះសំណាលថា៖ “បងប្អូនជនជាតិ Tay-Nung ចូលចិត្តស្តាប់កម្មវិធីផ្សាយសំឡេងរបស់វិទ្យុសំឡេងវៀតណាម ចង់ស្តាប់ភាសា Tay ដើម្បីអភិរក្សកុំឲ្យភាសា Tay ត្រូវបាត់បង់ឫសគល់ឡើយហើយសង្ឃឹមថា បទចំរៀង Then បុរាណនឹងត្រូវបានចាក់ផ្សាយបន្ថែមទៀត ដើម្បីឲ្យយុវជនជំនាន់ថ្មី អាចរៀនច្រៀង ហើយបទចម្រៀងទាំងនេះមិនសាបសូន្យទៅ”។

ចាប់តាំងពីមានកម្មវិធីផ្សាយសំឡេងជាភាសា Tay និង Nung មក វិទ្យុបានក្លាយទៅជាវត្ថុភ្ជាប់ខ្លួន ជាស្ពានតភ្ជាប់ព័ត៌មានរវាងជនជាតិភាគតិចជាមួយបក្ស រដ្ឋ និងធ្វើឱ្យជីវភាពរស់នៅខាងវិញ្ញាណរបស់ប្រជាជនកាន់តែប្រសើរឡើង។ អ្នកស្រី Doan Thuy Huyen អ្នកស្រុក Bao Lac ខេត្ត Cao Bang បានលើកឡើងថា៖ “ក្រៅពីព័ត៌មានពោរពេញដោយប្រយោជន៍សម្រាប់ប្រជាជន កម្មវិធីនេះក៏មានសំដីដែលមនុស្សចាស់តែងតែនិយាយដែរ តែយុវជនជំនាន់បច្ចុប្បន្នមិនសូវចេះនិយាយភាសាកំណើតរបស់ខ្លួនឲ្យសោះ ដូច្នេះភាសាក៏ត្រូវបាត់បង់ច្រើនដែរ។ ហើយ កម្មវិធីរក្សាទុកនូវភាសា Tay ពាក្យដើមជាច្រើន និងរក្សាបាននូវអត្តសញ្ញាណរបស់ជនជាតិ Tay និង Nung ដែលខ្ញុំយល់ថា មានតម្លៃខ្លាំងណាស់”។

នាំមកនូវសំឡេងរបស់ក្រុមជនជាតិ Tay - Nung ផ្សាយលើវិទ្យុជាតិ - ảnh 2ចាប់តាំងពីការផ្សាយជាភាសា Tay និង Nung មក វិទ្យុបានក្លាយទៅជាវត្ថុមួយដែលជាស្ពានតភ្ជាប់ព័ត៌មានរវាងជនជាតិភាគតិចជាមួយបក្សនិងរដ្ឋ (រូបថត៖ VOV)

កម្មវិធីផ្សាយសំឡេងជាភាសា Tay និង Nung កាន់តែមានប្រជាប្រិយភាពយ៉ាងខ្លាំងឡើង ពីព្រោះកម្មវិធីផ្តល់ចំណេះដឹងដែលមានអត្ថប្រយោជន៍ជាភាសាជនជាតិរបស់ខ្លួន។ លោកស្រី Luu Thi Tiep មានទីលំនៅស្រុក Quang Hoa ខេត្ត Cao Bang បានសម្តែងមតិថា៖ “រៀងរាល់ព្រឹក ពេលខ្ញុំភ្ញាក់ពីគេង ខ្ញុំតែងតែបើកវិទ្យុសំឡេងវៀតណាមដើម្បីស្តាប់កម្មវិធីភាសា Tay និងស្តាប់ភាសារបស់ប្រជាជនខ្ញុំនៅលើរលកវិទ្យុជាតិ សូមអរគុណយ៉ាងខ្លាំងចំពោះកម្មវិធីនេះ។ ខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងមានពេលវេលាជាច្រើនសម្រាប់ចាក់ផ្សាយបទភ្លេង Then Sli, Luon ដើម្បីអោយអ្នកដែលត្រឡប់មកពីធ្វើការនៅឯស្រែចំការវិញនៅពេលហត់នឿយ ពួកគេនឹងបានស្តាប់បទចម្រៀង Then, Luon ហើយពួកគេនឹងមានអារម្មណ៍រីករាយនិងមានផាសុកភាពថែមទៀត”។

មិនត្រឹមតែធ្វើបច្ចុប្បន្នភាពរាល់ព័ត៌មានជាក់ស្តែងទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រ ជាជនប៉ុណ្ណោះទេ កម្មវិធីផ្សាយសំឡេងជាភាសា Tay - Nung ក៏បម្រើជូនទស្សនិកជននូវកម្មវិធីពិសេស អត្ថបទសិល្បៈវប្បធម៌ ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិ Tay -Nung និងជនជាតិវៀតណាមទាំង ៥៤ ដោយជូនដល់ប្រជាជននូវបទពិសោធន៍ ការអនុវត្តន៍ល្អ ឧទាហរណ៍ជាក់ស្តែងក្នុងកម្លាំងពលកម្មផលិតកម្ម មនុស្សល្អនិងអំពើល្អក្នុងជីវភាពរស់នៅ។ លោក Be Ngoc Thuan អនុប្រធានមន្ទីរកិច្ចការជនជាតិភាគតិចខេត្ត Bac Kan បានឲ្យដឹងថា៖ “នេះជាកម្មវិធីមានប្រយោជន៍និងមានអត្ថន័យណាស់សម្រាប់ជនជាតិ Tay នៅខេត្ត Bac Kan ដែលផ្តើមចេញពីស្ថានភាពជាក់ស្តែងដែលថា ខេត្ត Bac Kan បច្ចុប្បន្នមានប្រជាជនចំនួន ៥៤% ជាជនជាតិ Tay។ នេះគឺជាបណ្តាញព័ត៌មានដែលរួមចំណែកក្នុងការថែរក្សាសំឡេង តម្លៃវប្បធម៌និងជួយផ្សព្វផ្សាយគោលការណ៍ណែនាំនិងគោលនយោបាយរបស់រដ្ឋដល់ជនជាតិភាគតិចឱ្យកាន់តែងាយស្រួល។ ដោយហេតុនេះ រួមចំណែកលើកកម្ពស់ការយល់ដឹង ជំរុញប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនិងកសាងជនបទថ្មី”។

តាមរយៈវិទ្យុ សាវតាគេហទំព័រនិងកម្មវិធីទូរស័ព្ទផ្សាយផ្ទាល់និងផ្សាយលើបណ្តាញសង្គម កម្មវិធីផ្សាយសំឡេងជាភាសាជនជាតិភាគតិច Tay – Nung កំពុងផ្សព្វផ្សាយដល់សាធារណជនកាន់តែខ្លាំងឡើង។ អ្នកស្តាប់នៅគ្រប់តំបន់នៃប្រទេសនិងក្រៅប្រទេសអាចតាមដាននិងចែករំលែកព័ត៌មានបានយ៉ាងងាយស្រួល ឆ្លើយតបនឹងតម្រូវការព័ត៌មាននិងការកម្សាន្តរបស់ជនជាតិ Tay – Nung ផងដែរ៕

ប្រតិកម្មទៅវិញ