ជួយទ្រទ្រង់ជីវភាពរស់នៅនិងបង្កើតកម្លាំងចលករសម្រាប់រួចផុតពីភាពក្រីក្រនៅតំបន់ព្រៃភ្នំ Son La

Chia sẻ

(VOVWORLD) - អនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស និងនិរន្តរភាព ស្រុកព្រៃភ្នំ Thuan Chau ខេត្ត Son La បានផ្តោតការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម; ធ្វើពិពិធកម្មជីវភាពរស់នៅ និងអភិវឌ្ឍន៍ផលិតកម្មដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន។ តាមនោះ រួមចំណែកធានាសន្តិសុខសង្គម និងអនុវត្តន៍រាល់គោលដៅកំណើនសេដ្ឋកិច្ច ខិតខំដល់ឆ្នាំ ២០២៥ ដើម្បីរួចផុតពីបញ្ជីចំនួនស្រុកក្រីក្រ។

នៅឆ្នាំ ២០១៨ គ្រួសារអ្នកស្រី Hoang Thi Thao បានតាំងទីលំនៅនៅភូមិ Quynh Thuan ឃុំ Chieng Pha ស្រុក Thuan Chau។ បន្ទាប់រយៈពេលស្ថេរភាពមូលដ្ឋានសម្ភារៈរួចរាល់ក៏ដូចជាការស្វែងរកគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យបានសមរម្យសម្រាប់លំនៅដ្ឋានថ្មីមក គ្រួសាររបស់អ្នកស្រី Thao បានសម្រេចចិត្តដាំដើមស្រកានាគសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច។
ជួយទ្រទ្រង់ជីវភាពរស់នៅនិងបង្កើតកម្លាំងចលករសម្រាប់រួចផុតពីភាពក្រីក្រនៅតំបន់ព្រៃភ្នំ Son La - ảnh 1ប្រជាកសិករទទួលបានការឧបត្ថម្ភគ្រាប់ពូជ ជី និងបច្ចេកទេសដាំដំណាំនិងអភិវឌ្ឍស្រកានាគតាមស្តង់ដារ VietGAP។ រូបថត៖ VOV 

អ្នកស្រី Thao  បានឲ្យដឹងថា ដំបូងឡើយ គ្រួសាររបស់អ្នកស្រីដាំដំណាំតូចតាច ដោយធ្វើការផងនិងសិក្សាប្រមូលបទពិសោធន៍ផង។ ក្រោយមក ទទួលបានការយកចិត្តទុកដាក់ របស់អាជ្ញាធរមូលដ្ឋានដោយឧបត្ថម្ភគ្រាប់ពូជ និងជី ៧០% ដើម្បីកសាងគំរូផ្លែស្រកានាគ ស្របតាមស្តង់ដារនៃបទប្បញ្ញត្តិស្តីពីការអនុវត្តផលិតកម្មកសិកម្មល្អសម្រាប់ផលិតផលកសិកម្ម និងជលផល (VietGAP) រហូតមកដល់បច្ចុប្បន្ននេះ គ្រួសាររបស់អ្នកស្រីមានផ្ទៃដីដាំដុះផ្លែស្រកានាគ ២ ហិកតា រកចំណូលបានជិត ២០០ លានដុង (ជាង ៧.០០០ ដុល្លារ) ក្នុងមួយឆ្នាំ។ អ្នកស្រី Hoang Thi Thao បានចែករំលែកថា៖ “ការិយាល័យកសិកម្មបានឧបត្ថម្ភយើងជាមួយនឹងបច្ចេកទេសដាំដុះ ការវេចខ្ចប់ តែមតាមដានប្រភពដើម និងដំណើរការ VietGAP។ ចាប់តាំងពីពេលនោះមក យើងបានរកឃើញថា ដើមស្រកានាគក៏សមស្របនឹងអាកាសធាតុ និងដីដែរ ដូច្នេះហើយបានជាយើងដាំដំណាំ និងពង្រីកវា។ ផ្លែស្រកានាគផ្តល់ប្រាក់ចំណូលស្ថិរភាពជាងបើប្រៀបធៀបនឹងដើមឈើដទៃទៀត ដូច្នេះយើងនឹងនរចិត្តក្នុងការដាំស្រការនាគ”។

ជាមួយផ្ទៃដីដាំដុះធំទូលាយដែលអាចដាំស្មៅច្រើនប្រភេទជាចំណីសម្រាប់បសុសត្វ និងបសុបក្សី ស្រុក Thuan Chau បានអភិវឌ្ឍឧស្សាហកម្មបសុសត្វ និងបសុបក្សីតាមទិសដៅផលិតកម្មទំនិញ។ នៅក្នុងឃុំនានានៃតំបន់ព្រៃភ្នំនេះ ប្រជាជនបានពង្រីកផ្ទៃដីដាំស្មៅ សម្រាប់ទុកធ្វើជាចំណីចិញ្ចឹមសត្វក្នុងក្រោល...។ មកដល់ពេលនេះ ស្រុកទាំងមូលមានគោក្របី និងបសុបក្សីគ្រប់ប្រភេទជាង ៩ ម៉ឺនក្បាល។ គ្រួសារលោក Luong Van Dan ភូមិ Chieng Ly ឃុំ Chieng Ly ស្រុក Thuan Chau ជាគ្រួសារក្រីក្រ ហើយកាលពីឆ្នាំមុនទទទួលបានជំនួយឧបត្ថម្ភជាពូជគោសម្រាប់ចិញ្ចឹម ដើម្បីបង្កើតជីវភាព និងបង្កើនប្រាក់ចំណូល។ លោក Luong Van Dan បានចែករំលែកថា៖

“ពេលទទួលបានការឧបត្ថម្ភជាគោចិញ្ចឹមមួយគូ គ្រួសារខ្ញុំសប្បាយរីករាយជាខ្លាំង។ គ្រួសារយើងនឹងចិញ្ចឹមគោឲ្យវាបន្តពូជបានច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។

ជួយទ្រទ្រង់ជីវភាពរស់នៅនិងបង្កើតកម្លាំងចលករសម្រាប់រួចផុតពីភាពក្រីក្រនៅតំបន់ព្រៃភ្នំ Son La - ảnh 2គ្រួសារជាច្រើនត្រូវបានឧបត្ថម្ភគោពូជ បង្កើតរបររកស៊ី ដើម្បីបង្កើនប្រាក់ចំណូល។ រូបថត៖ VOV

ស្រុក Thuan Chau មានឃុំ និងទីប្រជុំជន សរុបជាង ៣៨.០០០ គ្រួសារ ដែលមានជនជាតិភាគតិចចំនួន ៥ រស់នៅជាមួយគ្នា។ ដើម្បីសម្រេចបានគោលដៅនាំស្រុករួចផុតពីភាពក្រីក្រនៅឆ្នាំ២០២៥ ស្រុកបានចេញឯកសារជាច្រើន ដើម្បីណែនាំការអនុវត្តផែនការកាត់បន្ថយភាពក្រីក្រ។ មកដល់ពេលនេះ ស្រុកទាំងមូលមានគ្រួសារជាង ១៦.០០០ ដែលបានទទួលកម្ចីអនុគ្រោះដើម្បីវិនិយោគលើការអភិវឌ្ឍផលិតកម្ម  មានទំហំទឹកប្រាក់សរុបជាង ៧២០ ពាន់លានដុង (ជិត ៣០ លានដុល្លារអាមេរិក)។ ស្រុកក៏ផ្ដោតលើការផ្សព្វផ្សាយគំរូល្អ និងវិធីធ្វើប្រកបដោយប្រសិទ្ធភាព ណែនាំគំរូឆ្នើមរបស់មនុស្សដែលរួចផុតពីភាពក្រីក្រ ហើយគ្រួសារស្ម័គ្រចិត្តដាក់ពាក្យសូមគេចចេញពីភាពក្រីក្រក្នុងសហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញឆន្ទៈខ្លួនឯង ដោយមិនទន្ទឹងរង់ចាំឬពឹងផ្អែកលើការឧបត្ថម្ភពីរដ្ឋ។ កាលពីឆ្នាំមុន អត្រាភាពក្រីក្ររបស់ស្រុកបានធ្លាក់ចុះពី ៣៧% មកជិត ៣១% ដោយគ្រួសារជិតក្រីក្រនៅសល់ជាង ១៦%។ លោក Dinh Manh Hung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Thuan Chau បានសង្កត់ធ្ងន់ថា៖ “ស្រុក Thuan Chau បានប្រមូលផ្តុំការដឹកនាំ និងគៀរគរការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ ពង្រឹងការងារ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ផ្លាស់ប្តូរការត្រិះរិះ ដើម្បីឱ្យប្រជាជនរដ្ឋអាចលើកខ្លួនចេញពីភាពក្រីក្រ។ ទន្ទឹមនឹងនោះ ធ្វើការងារបានល្អក្នុងការកៀរគរធនធាន ដើម្បីវិនិយោគលើបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ កៀរគរធនធាននិងរីកសាយភាយគំរូសេដ្ឋកិច្ចក្នុងចំណោមប្រជាជន”។

ដោយមានការចូលរួមយ៉ាងខ្លាំងក្លារបស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយនឹងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ៗ Thuan Chau កំពុងឈានទៅជិតគោលដៅនៃការរួចផុតពីភាពក្រីក្រនៅឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ