ច្រៀងតាមបំពង់ - ចង្វាក់ភ្លេងនិទាឃរដូវនៅលើខ្ពង់រាបថ្ម Ha Giang

Chia sẻ

(VOVWORLD) - ជនជាតិ Mong នៅខេត្ត Ha Giang មានឃ្លាំងសម្បត្តិវប្បធម៌ប្រពៃណីដ៏ចម្រុះនិងសម្បូរបែប។ ក្នុងចំណោមនោះ អ្វីដែលពិសេសបំផុតដែលត្រូវរំលឹកដល់នោះគឺសិល្បៈនៃការច្រៀងដោយបំពង់។ នៅថ្ងៃឈប់ សម្រាក ក្នុងពិធីបុណ្យទាន និងចូលឆ្នាំថ្មី ទំនុកច្រៀង និងចង្វាក់ចម្រៀងតាមរយៈបំពង់ ត្រូវបានជនរួមជាតិជនជាតិ Mong ច្រៀងលាន់លឺរន្ទឺចំកណ្តាលជួរភ្នំដ៏ធំល្វឹងល្វើយនៃភាគខាងជើងវៀតណាម។

ច្រៀងតាមបំពង់ - ចង្វាក់ភ្លេងនិទាឃរដូវនៅលើខ្ពង់រាបថ្ម Ha Giang - ảnh 1ការច្រៀងតាមបំពង់គឺជាទម្រង់នៃការច្រៀងបង្ហាញសេចក្ដីស្រឡាញ់រាប់អានគ្នា  (រូបថត៖ VOV)

ការច្រៀងតាមបំពង់ គឺជាទម្រង់នៃការច្រៀងឆ្លើយឆ្លង   ដែលពាក្យពេជ្រនីមួយៗសុទ្ធតែបង្ហាញពីទេពកោសល្យ ភាពឆ្លាតវៃ ភាពប៉ិនប្រសប់របស់អ្នកច្រៀង។ មនុស្សម្នាក់ៗ មានចុងបំពង់មួយ ច្រៀងតាមលក្ខណៈគូជាបុរសនិងស្ត្រី   ឬច្រៀងជាពួក។ ទាំងចាស់ ក្មេង ប្រុស ស្រី សុទ្ធតែអាចចូលរួមច្រៀងបទក្នុងពិធីបុណ្យបាន។ ពេលច្រៀង ម្ខាងប្រើចុង បំពង់ដើម្បីច្រៀង ដូចជាមីក្រូហ្វូនអញ្ជឹង ហើយចុងម្ខាងទៀតដាក់បំពង់នៅលើត្រចៀករបស់ខ្លួនដើម្បីស្តាប់ បន្ទាប់មកប្តូរមកវិញ។ ដូចនោះដែរ ខ្សែអំបោះស្តើងញ័រ បញ្ជូនបទភ្លេងដ៏ផ្អែមល្ហែម ទាក់អារម្មណ៍របស់មនុស្ស។ ចង្វាក់ភ្លេងនៃបទចម្រៀងស្នេហា លាយឡំជាមួយសំឡេងខ្លុយ និងខែនរបស់ជនជាតិ Mong  ក្នុងរដូវបុណ្យទានហាក់ធ្វើឲ្យមនុស្សគ្រប់គ្នាបំភ្លេចភាពនឿយហត់ទាំងអស់ បន្ទាប់ពីប្រឹងប្រែងអស់មួយឆ្នាំ។ ការច្រៀងតាមបំពង់ត្រូវបានប្រារព្ធឡើងជាញឹកញាប់នៅក្នុងពិធីបុណ្យនានាឬការបើកផ្សារនៅតំបន់ព្រៃភ្នំ។ គូស្នេហ៍ជាច្រើនក៏មានឱកាសយល់ចិត្តគ្នាក្លាយជាប្តីប្រពន្ធតាមរយៈការច្រៀងតាមបំពង់មួយបេបនេះ។

លោកស្រី Hau Thi Chau នៅភូមិ Mo Sai ឃុំ Thanh Van ស្រុក Quan Ba ថ្វីត្បិតតែឆ្នាំនេះមានអាយុជិត ៧០  ឆ្នាំហើយក៏ដោយ ប៉ុន្តែរាល់ឆ្នាំនៅពេលឃុំរៀបចំពិធីបុណ្យ លោកស្រីតែងតែចូលរួមការប្រកួតច្រៀងតាមបំពង់ បានចែករំលែកថា៖ “ខ្ញុំពិតជាចូលចិត្តបទចម្រៀង ច្រៀងតាមបំពង់របស់ជនជាតិខ្លួនណាស់ ហើយ បទចម្រៀងតាមបំពង់នីមួយៗ តែងតែបង្ហាញពីអត្ថន័យយ៉ាងជ្រាលជ្រៅអំពីជីវិត សេចក្តីស្រឡាញ់រាប់អានគ្នារវាងមនុស្សនិងមនុស្ស   សេចក្តីស្នេហារវាងគូស្នេហ៍... ទោះបីជាពេលនេះខ្ញុំចាស់ហើយក៏ដោយ ប៉ុន្តែខ្ញុំនៅតែចូលចិត្តច្រៀង ពេលខ្ញុំច្រៀង ខ្ញុំមានអារម្មណ៍ថា ដូចជានៅក្មេងអញ្ជឹង ហើយមានចិត្តសប្បាយរីករាយ។ សព្វថ្ងៃមិនសូវមានយុវវ័យស្គាល់ពីសិល្បៈច្រៀងតាមបំពង់ឡើយ។ ខ្ញុំចង់ច្រៀងដើម្បីឲ្យយុវវ័យបានមើលឃើញពីភាពស្រស់ស្អាត និងអត្ថន័យនៃសិល្បៈច្រៀងតាមបំពង់ ដើម្បីឲ្យយុវជនអាចបន្តថែរក្សាសិល្បៈនេះកុំឲ្យបាត់បង់ទៅ”។

ច្រៀងតាមបំពង់ - ចង្វាក់ភ្លេងនិទាឃរដូវនៅលើខ្ពង់រាបថ្ម Ha Giang - ảnh 2ចាស់ ក្មេង ក្មេងស្រី និងក្មេងប្រុសជនជាតិ Mong អាចចូលរួមច្រៀងតាមបំពង់ដែរ  (រូបថត៖ VOV)

ការច្រៀងតាមបំពង់ត្រូវបានប្រជាជនជនជាតិ Mong នៅខេត្ត Ha Giang រក្សានិងមរតកទៅច្រើនជំនាន់។   អញ្ជើញសំណះសំណាលអំពីវិធីធ្វើបំពង់ច្រៀង លោក Vang Chan Giao នៅភូមិ Mo Sai ឃុំ Thanh Van ស្រុក Quan Ba ខេត្ត Ha Giang បានឲ្យដឹងថា៖ “ផលិតឡើងបំពង់សម្រាប់ច្រៀងគឺសាមញ្ញណាស់។ កាត់បំពង់ប្រហែល ២០ សង់ទីម៉ែត្រ អង្កត់ផ្ចិត ១០ សង់ទីម៉ែត្រ  ចុងទាំងពីរទុកចំហ។ ពេលកាប់មាន់សម្រាប់បុណ្យតេត ប្រជាជននឹងយកខ្លែងមាន់នោះ លាងវាអោយស្អាត រួចលាតវាអោយជិតចុងបំពង់មួយ បន្ទាប់មកប្រើអំបោះ ចងជាចំណងតាមភ្នាសខ្លែងមាន់ស្ងួត។ ចុងម្ខាងទៀតនៃបំពង់ច្រៀងធ្វើដូចគ្នា ហើយបន្ទាប់មកភ្ជាប់ជាមួយគ្នា។ ខ្សែអំបោះប្រើសម្រាប់បញ្ជូនសំឡេង”។

ជីវភាពសេដ្ឋកិច្ចសង្គមកាន់តែមានការរីកចម្រើន ជាមួយនឹងការរួមបញ្ចូលរវាងវប្បធម៌ ផ្សេងៗគ្នា ប៉ុន្តែសិល្បៈនៃការច្រៀងតាមបំពង់នៅតែត្រូវបានជនជាតិ Mong នៅខេត្ត Ha Giang រក្សទុក មរតត និងក្លាយជាម្ហូបខាងស្មារតីដែលមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ។ ពេលមកដល់ខេត្ត Ha Giang នាដើមនិទាឃរដូវ ទទួលបានបទពិសោធន៍វប្បធម៌ប្រពៃណីរបស់ជនជាតិ Mong ការជ្រួតជ្រាបនៅក្នុងបទភ្លេងដ៏ពិរោះរណ្តំនៃសិល្បៈ ច្រៀងតាមបំពង់ពិតជានឹងបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងដំណើរកម្សាន្តនារដូវផ្ការីករបស់ភ្ញៀវទេសចរគ្រប់រូបមកពីទាំងជិត និងឆ្ងាយ៕

ប្រតិកម្មទៅវិញ