ខេត្ត Son La អភិរក្សនិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនជាតិក្នុងតំបន់ជនជាតិភាគតិច

Chia sẻ

(VOVWORLD) - ខេត្ត Son La មានក្រុមជនជាតិចំនួន ១២ រួមរស់នៅជាមួយគ្នា ដោយមានវប្បធម៌ និងទំនៀមទម្លាប់ដ៏សម្បូរបែប។ ដោយមានគោលដៅអភិរក្ស និងស្ដារឡើងវិញនូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បណ្តាជនជាតិភាគតិច ខេត្ត Son La តែងតែផ្តោតសំខាន់លើការអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌របស់បណ្តាជនជាតិក្នុងតំបន់។

ខេត្ត Son La អភិរក្សនិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនជាតិក្នុងតំបន់ជនជាតិភាគតិច - ảnh 1សកម្មភាពក្នុងពិធីបុណ្យ Het Cha  (រូបថត៖ dangcongsan.vn)

ស្រុក Van Ho ជាទីតាំងរស់នៅរបស់ក្រុមជនជាតិចំនួន ៥។  ជនជាតិនីមួយៗ មានវប្បធម៌ប្រពៃណី និងអត្តសញ្ញាណរៀងៗខ្លួន បង្កើតឡើងផ្ទាំងរូបភាពចម្រុះនិងសម្បូរបែប។ នៅក្នុងរដូវកាលពិធីបុណ្យទាននានា នៅឯស្រុក Van Ho តែងតែលឺសូរសំឡេងគង ឃ្មោះ ស្គរ ចង្វាក់ភ្លេងចម្រៀងប្រជាប្រិយ និងរបាំរបស់នារីជនជាតិ។ ក្នុងរយៈពេលកន្លងមកនេះ  ស្រុកតែងតែផ្តោតការយកចិត្តទុកដាក់លើការថែរក្សា និងជួសជុលបេតិកភណ្ឌឡើងវិញ; ទន្ទឹមនឹងនោះ ស្រុកក៏បានយកចិត្តទុកដាក់លើការរៀបចំពិធីបុណ្យទាននានា ដែលផ្សាភ្ជាប់ជាមួយនឹងបេតិកភណ្ឌប្រវត្តិសាស្ត្រ។ លោកស្រី Nguyen Thi Lu ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក Van Ho បានឲ្យដឹងថា៖ “ស្រុក Van Ho កំពុងគាំទ្រការស្តារឡើងវិញនូវក្លឹប ក្រុមសិល្បៈប្រពៃណី ដែលរួមចំណែកទាំងក្នុងការអភិរក្សវប្បធម៌ និងបម្រើដល់ការអភិវឌ្ឍទេសចរណ៍ផងដែរ។ ក្រៅពីនោះ គប្បីស្ដារភូមិសិប្បកម្មប្រពៃណីដូចជា៖ ផលិតក្រដាស do (គឺជាក្រដាសមួយប្រភេទដែលផលិតចេញពីសំបកឈើ) ភូមិត្បាញចរបាប់ ភូមិគូគំនូរពីក្រមួនឃ្មុំ របស់ជនជាតិ Dao; ឬជួសជុលឡើងវិញរោងដំដែកនិងគ្រឿងបរិក្ខារសម្រាប់ផលិតសិប្បកម្មប្រពៃណីក្នុងស្រុក”។

នៅស្រុក Moc Chau ការអភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌ជនជាតិត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍។ ជារៀងរាល់ឆ្នាំ ស្រុកបានរៀបចំនិងមានការស្តារឡើងវិញនូវពិធីបុណ្យប្រពៃណីពិសេសមួយចំនួនដូចជា៖ ពិធីបុណ្យ Het Cha (ជាពិធីបុណ្យថ្លែងអំណរដល់មោឃនិងដី ថ្លែងអំណរគុណដល់ឪពុកម្តាយដែលបានផ្តល់កំណើត ហើយក៏ជាពិធីបុណ្យនៃសាមគ្គីភាពសហគមន៍)  នៅឃុំ Dong Sang, ពិធីបុណ្យបួងសួងសូមភ្លៀងធ្លាក់នៅឃុំ Muong Sang...ជាដើម។ លោកស្រី Nguyen Thi Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau ខេត្ត Son La បានឲ្យដឹងថា៖ “បុណ្យ Het Cha នៅឃុំ Dong Sang ត្រូវបានកត់ត្រាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ស្រុក Moc Chau កំណត់ថា នេះជាវប្បធម៌ប្រពៃណីដ៏ស្រស់បំព្រងរបស់ជនជាតិ Thai ស ឃុំ Dong Sang ដូច្នេះហើយបានជា យើងរក្សាពិធីបុណ្យនេះជារៀងរាល់ឆ្នាំ ដើម្បីអោយប្រជាជនមានមោទនភាពចំពោះវប្បធម៌របស់ខ្លួន។ នេះក៏ជាវិធីមួយក្នុងការអភិរក្ស ការពារ និងលើកកម្ពស់តម្លៃវប្បធម៌របស់ជនជាតិ Thai ស ផងដែរ”។

ខេត្ត Son La អភិរក្សនិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនជាតិក្នុងតំបន់ជនជាតិភាគតិច - ảnh 2ពិធីបុណ្យ Pang A របស់ជនជាតិ La Ha (បូជាចារ្យធ្វើពិធីស្រោចទឹកដើម្បីបួងសួងសុំអាកាសធាតុអំណោយផល និងរុក្ខជាតិខៀវខ្ចី) (រូបថត៖ dangcongsan.vn)

ទីក្រុង Son La មានជនជាតិភាតរៈចំនួន ១២ ដែលរួមរស់ជាមួយគ្នា ក្នុងនោះ ភាគច្រើនគឺជនរួមជាតិជាជនជាតិ Thai ដោយមានវប្បធម៌ពោរពេញដោយលក្ខណៈពិសេសជាច្រើន។ ជារៀងរាល់ឆ្នាំ ទីក្រុងរៀបចំពិធីបុណ្យទាននានាដូចជា៖ បុណ្យរដូវផ្កាជើងគោ; ពិធីបុណ្យ Han Khuong (ទម្រង់នៃសកម្មភាពវប្បធម៌ និងសិល្បៈប្រជាប្រិយ កន្លែងកម្សាន្ត ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងជាកន្លែងសម្រាប់យុវជន និងយុវតីសារសងគ្នា និងស្រឡាញ់គ្នា រួមទាំងកម្មវិធីសម្តែងសិល្បៈ  ... ដើម្បីអភិរក្ស និងផ្សព្វផ្សាយ បេតិកភណ្ឌវប្បធម៌អរូបីនិងធ្វើអាជីវកម្មសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍។ ទីក្រុង Son La បានកំណត់គោលដៅបង្កើតក្លឹបវប្បធម៌ជនជាតិ Thai ចំនួន ១១; ជំរុញការផ្សព្វផ្សាយនិងពង្រីកចង្វាក់របាំ Xoe Thai បុរាណ; ទន្ទឹមនឹងនោះ ឃុំ និងសង្កាត់ស្តារឡើងវិញនូវភូមិសិប្បកម្មប្រពៃណី ដូចជា ត្បាញឬស្សី និងផ្តៅ; កសាងគំរូអភិវឌ្ឍន៍កសិកម្មដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ដកពិសោធន៍។ លោក Tran Cong Chinh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Son La បានឲ្យដឹងថា៖ “ទីក្រុងបានបង្កើតគម្រោងផ្ទាល់ខ្លួន លើវិស័យវប្បធម៌ និងកំណត់កិច្ចការមូលដ្ឋានចំនួន ១០។ ក្នុងចំណោមនោះ លេចធ្លោបំផុតគឺការស្តារឡើងវិញនូវសកម្មភាពវប្បធម៌ប្រពៃណី; ថែរក្សាភាសារ និងសំណេរដោយកៀរគរការចូលរួមពីសិប្បករដែលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្សវប្បធម៌ជនជាតិ Thai”។

ចាប់ពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន ខេត្ត Son La បានរៀបចំសកម្មភាពជាច្រើនដូចជា៖ ការសម្តែងសិល្បៈផ្លុំខែន របស់ជនជាតិ Mong នៅស្រុក Moc Chau ទីក្រុង Son La; បោះពុម្ភនិងផ្សព្វផ្សាយសៀវភៅចំនួន ៤.០០០ភាគ ដោយឧទ្ទេសនាមអំពីបេតិកភណ្ឌវប្បធម៌អរូបីចំនួន ០២ នៃសិល្បៈ Xoe និងពិធីបុណ្យ Pang A របស់ជនជាតិ La Ha។ ខេត្តក៏បានបើកថ្នាក់រៀនចំនួនពីរដើម្បីបង្រៀនអំពីបេតិកភណ្ឌវប្បធម៌អរូបីនៃសិល្បៈខែនរបស់ជនជាតិ Mong ដល់សិស្សជនជាតិ Mong ចំនួន ៦០ នាក់នៅស្រុក Moc Chau និង Van Ho។ ជាមួយគ្នានោះ បានរៀបចំកម្មវិធីសិក្សាក្រៅប្រព័ន្ធចំនួន៦ ដើម្បីណែនាំអំពីពិធីសែនត្រកូលរបស់ជនជាតិ Mong ដល់សិស្សានុសិស្សនៅស្រុក Phu Yen និង Thuan Chau...។ សកម្មភាពទាំងនេះបានជួយផ្សព្វផ្សាយដល់ជនរួមជាតិក្នុងតំបន់អំពីការប្រមូល ការអភិរក្សនិងបង្រៀនវប្បធម៌ជនជាតិសម្រាប់ជមនាន់យុវជន។ លោក Tran Xuan Viet អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Son La បានឲ្យដឹងថា៖ “ស្ថាប័នវប្បធម៌បានផ្តល់ប្រឹក្សាយោបល់ជូនខេត្ត; ដឹកនាំនិងណែនាំឲ្យស្ថាប័នពាក់ព័ន្ធដើម្បីអភិវឌ្ឍន៍វប្បធម៌ទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍ គាំទ្រគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍ។ ជាពិសេសការលើកកម្ពស់តម្លៃវប្បធម៌ រួមទាំងតម្លៃវប្បធម៌រូបី និងតម្លៃវប្បធម៌អរូបី។ ចំពោះវប្បធម៌រូបី គឺផ្តោតលើការតុបតែង ថែរក្សា   និងលើកកម្ពស់តម្លៃនៃវត្ថុបុរាណ ប្រវត្តិសាស្ត្រ វប្បធម៌ និងទេសភាព ដើម្បីបង្កើតទៅជាគោលដៅទេសចរណ៍។ ចំណែកឯវប្បធម៌អរូបី រៀបចំពិធីបុណ្យប្រពៃណី និងសកម្មភាពវប្បធម៌ និងសិល្បៈ ឬអភិវឌ្ឍន៍ក្រុមសិល្បៈប្រជាប្រិយ ទាំងការអភិរក្ស និងការលើកកម្ពស់ និងបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍; ឬការអភិវឌ្ឍទេសចរណ៍សហគមន៍គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិរក្សនិងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិ”។

នាបច្ចុប្បន្ន មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Son La កំពុងអនុវត្តន៍យ៉ាងសកម្មការបណ្តុះបណ្តាល និងកសាងសមត្ថភាពដល់មន្ត្រីវប្បធម៌ឃុំ សង្កាត់ សិប្បករ អ្នកមានកិត្យានុភាព ... ដើម្បីលើកកំពស់សមត្ថភាពផ្សព្វផ្សាយ អភិរក្ស និងលើកតម្កើងតម្លៃសិល្បៈសម្តែងប្រជាប្រិយរបស់ជនជាតិភាគតិចក្នុងខេត្ត។ ខេត្តក៏លើកកំពស់គុណភាពនៃសកម្មភាពសម្តែងវប្បធម៌ សំដៅកសាងផលិតផលទេសចរណ៍ដ៏វិសេសវិសាលរបស់ខ្លួន និងកសាងរូបភាពវប្បធម៌ខេត្ត Son La ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ៕

 

ប្រតិកម្មទៅវិញ