អ្នកស្រី Vu Thi Le Thuy - គំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត Hoa Binh

Chia sẻ

(VOVWORLD) - អ្នកស្រី Vu Thi Le Thuy នាយិកានៃសហករណ៍កសិផល ៣T Cao Phong គឺជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទនៅស្រុក Cao Phong ខេត្ត Hoa Binh។ អាស្រ័យដោយការខិតខំព្យាយាមសិក្សាស្វែងយល់ អ្នកស្រី Thuy បានចាប់ផ្តើមអាជីវកម្មដោយជោគជ័យជាមួយនឹងដើមក្រូច អភិវឌ្ឍន៍ប្រកបដោយចីរភាព និងបង្កើតម៉ាកយីហោផលិតផលក្រូច ៣T Farm របស់ខ្លួន។

អ្នកស្រី Vu Thi Le Thuy - គំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត Hoa Binh - ảnh 1អ្នកស្រី Vu Thi Le Thuy - នាយិកានៃសហករណ៍កសិផល ៣T Cao Phong។ (រូបថត៖ VOV5)

កើតនៅឆ្នាំ ១៩៨៣ នៅស្រុក Nghia Hung ខេត្ត Nam Dinh កាលពី ១៨ ឆ្នាំមុន ពោលគឺនាឆ្នាំ ២០០៦ អ្នកស្រី Vu Thi Le Thuy និងក្រុមគ្រួសារបានផ្លាស់ទីទៅរស់នៅស្រុក Cao Phong ខេត្ត Hoa Binh។ ដោយព្យាយាមរកវិធីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ អ្នកស្រី Thuy បានគិតឃើញថា ផ្លែក្រូច Cao Phong មានគុណភាពល្អ ប៉ុន្តែតម្លៃមិនសូវខ្ពស់ទេ ដូច្នេះការដាំ និងលក់ក្រូចគឺធ្វើឡើងដោយឯកឯង។ ចាប់ពីពេលនោះមក អ្នកស្រី Thuy បានចាប់គំនិតកសាងម៉ាកយីហោសម្រាប់ផលិតផលក្រូច Cao Phong។

“នៅឆ្នាំ ២០១៦ ខ្ញុំបានចុះឈ្មោះជាមួយនាយកដ្ឋានការពារដំណាំខេត្ត Hoa Binh ដើម្បីបង្កើតក្រុមដើមឈើហូបផ្លែសុវត្ថិភាព Thanh Thuy។ នៅឆ្នាំ ២០១៨ ខ្ញុំបានបង្កើតសហករណ៍កសិផល ៣T Cao Phong។ ក្រូច Cao Phong ត្រូវបានអតិថិជនកោតសរសើរយ៉ាងខ្លាំងចំពោះគុណភាព ប៉ុន្តែពួកគេត្រឹមតែជ្រើសរើសក្រូច Cao Phong សម្រាប់បរិភោគនៅផ្ទះប៉ុណ្ណោះ មិនមែនជាសំរាប់ទុកធ្វើអំណោយឡើយ។ ដូច្នេះខ្ញុំគិតថា ត្រូវលើកកំពស់តម្លៃក្រូច Cao Phong ថែមទៀត។ សហករណ៍ ៣T Farm ត្រូវបានបង្កើតឡើង ក្នុងគោលដៅបម្រើផ្នែកអតិថិជនដែលមានប្រាក់ចំណូលចាប់ពីកម្រិតគួរសមឡើងទៅ។ សហករណ៍ ៣T Farm របស់យើងខ្ញុំ រួមចំណែកថែរក្សា និងអភិវឌ្ឍន៍ម៉ាកយីហោក្រូច Cao Phong។ គោលដៅរបស់ខ្ញុំគឺ នាំផលិតផលក្រូច Cao Phong ចូលរួមប្រកួតប្រជែងជាមួយផលិតផលផ្លែឈើនាំចូល និងម៉ាកយីហោកសិផលល្បីល្បាញក្នុងស្រុក”។

សហករណ៍ ៣T Farm របស់អ្នកស្រី Thuy គឺជាសហគ្រាសមួយដែលឯកទេសក្នុងការផលិត ធ្វើអាជីវកម្មដើមឈើហូបផ្លែតាមវិធីសាស្ត្រសរីរាង្គ។ ក្រៅពីផ្លែក្រូចស្រស់ សហករណ៍ក៏មានផលិត
ផលកែច្នៃពីផ្លែក្រូចផងដែរ។ នៅពេលចូលរួមសហករណ៍ ៣T Fram សមាជិកសហករណ៍ទាំងអស់មានប្រាក់ចំណូលស្ថិរភាព ហើយសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើង។ លោក Luong Van Thao សមាជិកនៃសហករណ៍ ៣T Farm បានឲ្យដឹងថា៖

“សហករណ៍ ៣T Farm ប្រមូលទិញផលិតផលពីគ្រួសារសមាជិកក្នុងសហករណ៍ ដើម្បីធានាស្ថេរភាពនៃតម្លៃផលិតផល។ ទីពីរគឺជាការជួយឧបត្ថម្ភពីសហករណ៍ យើងខ្ញុំទទួលបានការជួយឧបត្ថម្ភដើមទុនសម្រាប់ជី។ ដូច្នេះ ប្រជាជនអាចកាត់បន្ថយការចំណាយវិនិយោគ។ ជាមធ្យម ផ្ទៃដី ១ ហិកតា ផ្តល់ទិន្នផលផ្លែក្រូចពី ១៨ ទៅ ២០ តោន។ យើងខ្ញុំលក់ផ្លែក្រូចឲ្យសហករណ៍ ៣T ក្នុងតម្លៃ ៣៥ ពាន់ដុង/គីឡូក្រាម (ជាង១,៥ដុល្លារអាមេរិក)”។

អ្នកស្រី Vu Thi Le Thuy - គំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត Hoa Binh - ảnh 2ផលិតផលកាដូក្រូចពីសហករណ៍ម ៣T Farm។

នៅឆ្នាំ ២០១៩ គម្រោង "កាដូក្រូចគុណភាពខ្ពស់ ៣T Farm ដោយផ្សារភ្ជាប់នឹងខ្សែសង្វាក់ផលិតកម្មសរីរាង្គដើម្បីបរិស្ថានរស់នៅបៃតង" របស់អ្នកស្រី Thuy គឺជាគម្រោងមួយក្នុងចំណោមគម្រោងចំនួន ៣៥ ដែលបានឈ្នះពានរង្វាន់ការផ្ដួចផ្ដើមគំនិតក្នុងការប្រកួតចាប់ផ្តើមអាជីវកម្មដោយភាពច្នៃប្រឌិត ដែលរៀបចំដោយមជ្ឈិមសមាគមនារីវៀតណាម ក្រោមប្រធានបទ "ស្ត្រីនិងអនាគតនៃសេដ្ឋកិច្ចបៃតង"។ នៅឆ្នាំ ២០២០ ផលិតផលនេះត្រូវបានទទួលស្គាល់ជាផលិតផលOCOP ផ្កាយ ៤ (OCOP - កម្មវិធីជាតិឃុំមួយផលិតផលមួយ)។ នៅក្នុងឆ្នាំដដែល អ្នកស្រី Thuy បានផ្តួចផ្តើមគំនិតបើកសេវាកម្មទេសចរណ៍កសិដ្ឋានបន្ថែមទៀត ដោយគម្រោង "ទេសចរណ៍ពិសោធន៍ - ដើមក្រូចនៅផ្ទះខ្ញុំ"។

នៅមូលដ្ឋាន អ្នកស្រី Vu Thi Le Thuy គឺជាមនុស្សម្នាក់ដែលនាំមុខគេក្នុងសកម្មភាពសប្បុរសធម៌សង្គម។ អ្នកស្រីបានតភ្ជាប់ជាមួយក្លឹបធុរជនអាស៊ាន ដើម្បីកសាង “ហាង 0 ដុង" នៅឃុំ Dung Phong ស្រុក Cao Phong ដែលបើកជារៀងរាល់ព្រឹកថ្ងៃអាទិត្យ ដើម្បីផ្គត់ផ្គង់ទំនិញដោយឥតគិតថ្លៃដល់គ្រួសារជនជាតិភាគតិចដែលមានស្ថានភាពលំបាក។ អ្នកស្រី Nguyen Thuy Vinh អនុប្រធានការិយាល័យជនជាតិស្រុក Cao Phong បានឲ្យដឹងថា៖

“អ្នកស្រី Thuy ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមកិច្ច ដើម្បីជួយឧបត្ថម្ភជនក្រីក្រ។ អ្នកស្រីក៏ចូលរួមក្រុមសប្បុរសជនមួយ ដែលជួយជនក្រីក្រនៅមូលដ្ឋាន និងខេត្ត Hoa Binh ផងដែរ។ ចាប់តាំងពីការបង្កើតសហករណ៍ ៣T Farm មក អ្នកស្រី Thuy បានជួយប្រជាជនជាច្រើននៅមូលដ្ឋានក្នុងការអភិវឌ្ឍកសិកម្ម ជាពិសេសការដាំដំណាំក្រូច។ Thuy បានស្រាវជ្រាវ សិក្សា ទាក់ទងដោយខ្លួនឯងជាមួយអ្នកប្រើប្រាស់ ដើម្បីជួយឲ្យផ្លែក្រូចនៃស្រុក Cao Phong ក៏ដូចជាផលិតផលផ្លែក្រូច Cao Phong មានការរីកចម្រើនលើទូទាំងប្រទេស។ បច្ចុប្បន្ននេះ ៣T Farm គឺជាសហករណ៍ដ៏មានកិត្យានុភាពមួយនៅលើភូមិសាស្ត្រខេត្ត Hoa Binh”។

បច្ចុប្បន្ននេះ សហករណ៍ ៣T Farm របស់អ្នកស្រី Vu Thi Le Thuy មានផ្ទៃដីដាំដុះចំនួន ២១ ហិកតា ដោយទទួលបានទិន្នផលក្រូចប្រចាំឆ្នាំប្រហែល ៣៥០ តោន។ ផលិតផលក្រូចរបស់ ៣T Farm មានវត្តមាននៅខេត្ត ក្រុងជាច្រើនទូទាំងប្រទេស។ ម៉ាកយីហោផ្លែក្រូចរបស់អាជីវកម្មដឹកនាំដោយអ្នកស្រី Vu Thi Le Thuy បានឈរជើងយ៉ាងរឹងមាំនៅទីផ្សារក្នុងស្រុក ហើយកំពុងឆ្ពោះទៅរកទីផ្សារបរទេសទៀតផង៕

ប្រតិកម្មទៅវិញ