សិប្បការិនី Trieu Thi Nhay - អ្នកថែរក្សាវប្បធម៌ជនជាតិ Dao

Chia sẻ

(VOVWORLD) - នៅស្រុក Luc Yen ខេត្ត Yen Bai សិប្បការិនីឆ្នើមលោកស្រី Trieu Thi Nhay ជនជាតិ Dao រស់នៅភូមិ Hai Tuc ឃុំ Phuc Loi ត្រូវបានគេស្គាល់ដល់ជា មនុស្សម្នាក់ដែលមានការជក់ចិត្ត លះបង់ដោយអស់ពីចិត្តសម្រាប់ការថែរក្សា ពង្រីកតម្លៃវប្បធម៌ជាប្រពៃណីរបស់ជនជាតិខ្លួន។ មិនត្រឹមតែជក់ចិត្តនឹងការ ច្រៀង បង្ហាត់បង្រៀន និងនិពន្ធបទ ចម្រៀងប្រជាប្រិយ Dao ប៉ុណ្ណោះ លោកស្រី ថែមទាំងនាំផលិតផលប៉ាក់ចរបាប់របស់ជនជាតិ Dao ក្រហមខិតមកជិតភ្ញៀវ ទេសចរនៅទាំងក្នុងនិងក្រៅប្រទេសទៀតផង។

សិប្បការិនី Trieu Thi Nhay - អ្នកថែរក្សាវប្បធម៌ជនជាតិ Dao - ảnh 1សិប្បការិនី Trieu Thi Nhay (ទី៣ពីខាងឆ្វេង) នៅពិធីទទួលស្គាល់ភូមិរបរប៉ាក់ដេរចរបាប់
Hai Tuc។ (រូបថត៖ VOV) 
ប្រសូត្រនិងធំដឹងក្ដីនៅតំបន់ជនជាតិ Dao ក្រហមនៃខេត្ត Yen Bai តាំងពី កុមារភាព លោកស្រី Trieu Thi Nhay ត្រូវបានទាក់ទាញដោយភាពផ្អែមល្ហែមនិង ជ្រាលជ្រៅនៃចង្វាក់ភ្លេងប្រជាប្រិយ Dao តាមរយៈទំនុកបំពេរពោរពេញទៅ ដោយមនោសញ្ចេតនារបស់លោកយាយនិងអ្នកម្ដាយ។ នៅពេលឡើងដល់អាយុ១០ឆ្នាំ លោកស្រីត្រូវបានអ្នកម្ដាយនិងលោកយាយបង្រៀនការច្រៀង pao dung ដែលជា បទចម្រៀងប្រជាប្រិយ Dao។ ដល់ពេលធំដឹងក្ដី លោកស្រីមានការយល់ដឹងកាន់តែ ជ្រាលជ្រៅអំពីអត្ថន័យដ៏ល្អប្រសើរដែលត្រូវបានបង្កប់នៅក្នុងបទចម្រៀងប្រជាប្រិយរបស់បងប្អូនជនរួមជាតិ។
ក្នុងតួនាទីដែលជាប្រធានសមាគមន៍នារីឃុំ សមាជិកាក្រុមប្រឹក្សា ប្រជាជនខេត្ត និងជាសមាជិការដ្ឋសភានីតិកាលទី១១ លោកស្រីមានឱកាស ទៅកាន់ទីកន្លែងជាច្រើនដើម្បី ចូលរួមកិច្ចប្រជុំ ជួបប្រាស្រ័យជាមួយមនុស្សជាច្រើន លោកស្រី Trieu Thi Nhay បានយល់ឃើញថា ខ្លួនត្រូវមានការទទួលខុសត្រូវ ថែមទៀតក្នុងការថែរក្សាវប្បធម៌ជនជាតិ។ ក្រៅពីការងារសង្គម លោកស្រីបាន ចំណាយពេលសម្រាប់បង្ហាត់បង្រៀនចម្រៀង របាំប្រជាប្រិយ ចម្រៀងឆ្លើយឆ្លង ជូនបងប្អូនជនរួមជាតិនិងសមា ជិកាក្នុងក្រុមអក្សរសិល្បរ៍។ លើសពីនេះទៅទៀត លោកស្រីបាននិពន្ធបទចម្រៀងប្រជាប្រិយចំនួនជាង៤០បទលើកតម្កើងបក្ស លោកប្រធានហូជីមិញក៏ដូចជាសេចក្ដីស្នេហាស្រុកកំណើត ប្រទេសជាតិទៀតផង។ លោកស្រី Trieu Thi Nhay បានចែករំលែកថា៖
“ពេលនោះ ជីវភាពមានការលំបាកជាច្រើន បងប្អូនជនជាតិ Dao ភាគ ច្រើននៅក្រីក្រ។ ដូច្នេះ ស្ទើរតែគ្មាននរណាម្នាក់យកចិត្តទុកដាក់ដល់អត្ត សញ្ញាណវប្បធម៌របស់ជនជាតិខ្លួនឡើយ។ ប្រការនេះធ្វើឲ្យខ្ញុំកាន់តែខ្វល់ខ្វាយ ហើយប្ដេជ្ញាចិត្តធ្វើយ៉ាងណាដើម្បីរួមចំណែកកម្លាំងដ៏តូចតាចរបស់ខ្លួនទៅក្នុង ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ”។
សិប្បការិនី Trieu Thi Nhay - អ្នកថែរក្សាវប្បធម៌ជនជាតិ Dao - ảnh 2សិប្បការិនី Trieu Thi Nhay (នៅកណ្ដាល) ណែនាំបងប្អូននារីប៉ាក់ចរបាប់។ 
ដោយឃើញបងប្អូននារីជនជាតិ Dao មានភាពប៉ិនប្រសពក្នុងការប៉ាក់ កាត់ដេរផលិតផលជនជាតិ ប៉ុន្តែមិនទាន់ពង្រីកបាននូវគុណសម្បត្តិនេះ កាល ពីឆ្នាំ១៩៩៦ ដោយមានការជួយឧបត្ថម្ភរបស់សមាគមន៍នារីខេត្ត Yen Bai លោកស្រី Trieu Thi Nhay បានបើកថ្នាក់បង្ហាត់បង្រៀនការកាត់ដេរ ប៉ាក់ សម្លៀកបំពាក់ជនជាតិ Dao ដោយទាក់ទាញបានការចូលរួមរបស់បងប្អូន សមាជិកាចំនួន ៤៥នាក់។ បងប្អូននារីនៅក្នុងភូមិឃុំ ទទួលបានប្រាក់ចំណូល បន្ថែមពីការដេរប៉ាក់លំនាំក្បូរក្បាច់ចរបាប់ និងកាត់ដេរសម្លៀកបំពាក់បម្រើតម្រូវការ របស់ប្រជាជននៅក្នុងនិងក្រៅស្រុក។ អ្នកស្រី Trieu Thi Hong នៅភូមិ Ba Tuc ឃុំ Phuc Loi ស្រុក Luc Yen ខេត្ត Yen Bai បានឲ្យដឹងថា៖
“នាងខ្ញុំត្រូវបានសិប្បការិនី Trieu Thi Nhay បង្ហាត់បង្រៀនការប៉ាក់លំនាំ ក្បូរក្បាច់ចរបាប់ ដេរសម្លៀកបំពាក់ជនជាតិ Dao ហើយរហូតមកដល់ពេលនេះ ខ្ញុំអាចធ្វើបានសម្លៀកបំពាក់ប្រពៃណី និងផលិតផលមួយចំនួនផ្សេងទៀតដូចជា ខ្នើយ ថង់ កាបូប ស្រោមខ្នើយ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ សិប្បការិនី Nhay ថែមទាំងបង្រៀនបងប្អូននារីភាគច្រើនឲ្យចេះច្រៀង pao dung រួមចំណែកថែ រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិទៀតផង”។
កាលពីឆ្នាំ១០១៩ ភូមិរបរប៉ាក់ចរបាប់ Hai Tuc ត្រូវបានទទួលស្គាល់ជាផ្លូវ ការ ហើយលោកស្រី Trieu Thi Nhay ដើរតួនាទីស្នូលក្នុងសកម្មភាពនៃភូមិរបរ នេះ ដោយមានគោលបំណងមិនត្រឹមតែអភិរក្សលក្ខណៈស្រស់ស្អាតក្នុងសម្លៀក បំពាក់ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្កើតឡើងផលិតផលប្រកបដោយគុណ ភាពសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារទៀតផង។ លោកស្រី Trieu Thi Nhay បានឲ្យ ដឹងថែមទៀតថា៖
“ខ្ញុំមានមោទភាពធំធេងណាស់ នៅពេលដែលក្រុមសហការ ចរបាប់ភូមិ Hai Tuc ត្រូវបានបង្កើត ហើយ Hai Tuc ក៏ត្រូវបានទទួលស្គាល់ ជាភូមិរបរចរបាប់ប្រពៃណីផងដែរ។ យើងខ្ញុំកំពុងខិតខំប្រឹងប្រែងដើម្បីនាំផលិត ផលប៉ាក់ចរបាប់ក្លាយទៅជាផលិតផលនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP) របស់ខេត្ត។ បានយ៉ាងដូច្នេះទើបផលិតផលចរបាប់មានទីតាំងឈរជើងនៅលើទីផ្សារ ហើយ ឈានឆ្ងាយជាងទៀតដល់ការនាំចេញ”។
តាមលោក Luong Hong Ngoan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phuc Loi ស្រុក Luc Yen ខេត្ត Yen Bai បានឲ្យដឹងថា លោកស្រី Trieu Thi Nhay ជាសិប្បការិនីមួយរូបដែលមានចិត្តក្លៀវក្លានិងការរួមវិភាគទានជាច្រើន ក្នុងការអភិរក្ស ពង្រីកតម្លៃប្រពៃណីរបស់ជនជាតិ Dao ក្រហមនិយាយដោយ ឡែក និងជនជាតិភាគតិចលើភូមិសាស្ត្រនិយាយរួម។
“សិប្បការិនី Trieu Thi Nhay មានចិត្តក្លៀវក្លា ហើយបានរួមវិភាគទានជា ច្រើនក្នុងការថែរក្សានិងពង្រីកអត្តសញ្ញាណជនជាតិ Dao ក្រហម។ លោកស្រីក៏ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវប្បធម៌សិល្បៈ ហើយទទួលបានពានរង្វាន់ជា ច្រើនក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ អាជ្ញាធរមូលដ្ឋានបានលើកសំណើរជាច្រើនដល់ ស្ថាប័នមានសមត្ថកិច្ចដើម្បីវាយតម្លៃ ពិចារណាទទួលស្គាល់ផលិតផលប៉ាក់ ចរបាប់ជាផលិតផល OCOP នៅពេលអនាគត”។
នៅឆ្នាំ២០១៨ លោកស្រី Trieu Thi Nhay មានកិត្តិយសដោយត្រូវបាន ប្រធានរដ្ឋវៀតណាមប្រគល់ ជូនកិត្តិនាមជាសិប្បការិនីឆ្នើម។ ពានរង្វាន់នេះគឺជា ការទទួលស្គាល់និងការលើកទឹកចិត្តដើម្បីលោកស្រីមានការជក់ចិត្តបន្ថែមទៀត បន្តរួមចំណែកអស់ពីកម្លាំងកាយចិត្តដល់ការថែរក្សា អភិរក្សអត្តសញ្ញាណ វប្បធម៌ជនជាតិសម្រាប់កូនចៅជំនាន់ក្រោយៗ៕

ប្រតិកម្មទៅវិញ