អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ក្នុងបទសម្ភាសជាមួយលោកស្រី Pham Thi Anh Tuyet |
លោកស្រី Pham Thi Anh Tuyet កើតនៅឆ្នាំ ១៩៥៣ ក្នុងត្រកូលអភិជន ដើមកំណើតនៅហាណូយសុទ្ធសាទ។ ឪពុក ម្តាយនិងជីដូនជីតា ក្នុងគ្រួសាររបស់លោកស្រី តែងតែអប់រំកូនចៅ យ៉ាងតឹងរឹង ពីឥរិយាបថ ករិយាមាយាទ ក៏ដូចជាក្នុងការចម្អិនម្ហូងអាហារ។ ហេតុដូច្នេះពីកុមារភាព ក្មេងស្រី Tuyet ហាក់ដូចជាមាននិស្ស័យនឹងខាងចម្អិនម្ហូបអាហារ ពោលគឺ កាលនៅអាយុ៩ឆ្នាំ នាងចេះចម្អិនម្ហូបច្រើនមុខហើយ។ ដល់ក្នុងឆ្នាំ ២០០១ បន្ទាប់ពីទទួលបានជ័យលាភីលេខនៅក្នុងការប្រឡងចម្អិនម្ហូបអាហារនៅទីក្រុងហាណូយ លោកស្រី Tuyet បានបើកភោជនីយដ្ឋានមួយមានឈ្មោះថា Anh Tuyet ។
លោកស្រី Pham Thi Anh Tuyet បានសំណេះសំណាលថា៖ “ពានរង្វាន់ដំបូងដែលនាងខ្ញុំទទួលបានគឺមុខម្ហូបមាន់ខ្វៃទឹកឃ្មុំ។ នាងខ្ញុំបានចូលរួមក្នុងកម្មវិធីមហោស្រពម្ហូបអាហារនៅសណ្ឋាគារ Horrison ក្នុងឆ្នាំ២០០១។ នាងខ្ញុំមិននឹកស្មានថា ខ្លួនទទួលបានមេដាយមាសទេ ព្រោះថា កាលនោះ មានការចូលរួមពីសណ្ឋាគារនិងភោជនីយដ្ឋានល្បី ៗ ជាច្រើនដែរ។ មុខម្ហូបមាន់ខ្វៃទឹកឃ្មុំ ដោយជីដូនរបស់ខ្ញុំបង្រៀន ពោលគឺជាអាហារប្រចាំគ្រួសារនាងខ្ញុំតែប៉ុណ្ណោះ។ លោក Anthony Bourdain អ្នកឯកទេសខាងម្ហូបអាហារពិភពលោកដែលជាអ្នកបាននាំអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ទៅពិសារម្ហូបនុំបញ្ចុំសាច់អាំងវៀតណាម ក៏ធ្លាប់បានមកផ្ទះរបស់នាងខ្ញុំដើម្បីផ្សាយទូរទស្សន៍ CNN ។ គាត់បានស្រែកថាមាន់ខ្វៃទឹកឃ្មុំរបស់នាងខ្ញុំគឺជាឆ្ងាញ់ដាច់គេលើពិភពលោក”។
ជាមនុស្សម្នាក់ដែលដឹងច្បាស់លក្ខណៈពិសេស នៃម្ហូបប្រពៃណីវៀតណាមថែមទាំងមានបទពិសោធន៍ក្នុងវិស័យធ្វើម្ហូប ចុងភៅឆ្នើម Pham Thi Anh Tuyet មានកិត្តិយសដែលត្រូវបានរដ្ឋាភិបាលវៀតណាមជ្រើសរើសសម្រាប់បម្រើសប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang នាខែវិច្ឆិកាឆ្នាំ២០១៧។ ភារកិច្ចដ៏ថ្លៃថ្លាររបស់លោកស្រី គឺទទួលបន្ទុកការរៀបចំពិធីលាងសោយភោជសម្រាប់ថ្នាក់ដឹកនាំ បណ្តាប្រទេសជា សាមជិក APEC ចំនួន ២១ រូប។ លោកស្រី Pham Thi Anh Tuyet បានឱ្យដឹងថា៖ “ប្រមុខរដ្ឋទាំង២១រូបដែលតំណាងឲ្យ២១ខឿនវប្បធម៌ផ្សេងៗគ្នា មានអ្នកខ្លះតមម្ហូបនេះ បរិភោគម្ហូបនោះ ហើយអ្នកខ្លះបរិភោគអាហារបួស ពោលគឺមានភាពស្មុគស្មាញខ្លាំង ដូច្នេះខ្ញុំត្រូវធ្វើបញ្ជីមុខម្ហូបទាំងម្ហូបបែបអឺរ៉ុបផងនិងម្ហូបបែបអាស៊ីផង ប៉ុន្តែតារាងម្ហូបគឺមានលក្ខណៈចម្រុះដើម្បីមនុស្សគ្រប់គ្នាអាចបរិភោគបាននិងញ៉ាំឆ្ងាញ់ទៀតផង។ វាពិតជាលំបាកណាស់ ព្រោះថា តារាងមុខម្ហូបមាន ៦ ដល់៧ មុខ ប៉ុន្តែយើងខ្ញុំត្រូវចំណាយពេលច្រើនម៉ោងគ្មានពេលសម្រាក់ដើម្បីចម្អិនម្ហូប។ នាងខ្ញុំបានជ្រើសរើសមុខម្ហូបប្រពៃណីវៀតណាមនិងគ្រឿងផ្សំទាំងអស់ពីបន្លែ ផ្លែឈើ គ្រឿងសមុទ្រនិងបសុបក្សី ... សុទ្ធតែជាម្ហូបវៀតណាមដែរ។ ហើយនេះជាឱកាសដ៏កម្រមួយដើម្បីផ្សព្វផ្សាយម្ហូបវៀតណាមទៅកាន់ប្រមុខរដ្ឋជាសមាជិក APEC ទាំង២១រូបតែម្តង”។
អ្នកឯកទេសធ្វើម្ហូបអាហារ លោកស្រី Pham Thi Anh Tuyet តែងតែជាមេចុងភៅដ៏សំខាន់នៅពេលដែលរដ្ឋាភិបាលវៀតណាមទទួលស្វាគមន៍ភ្ញៀវបរទេសមកវៀតណាម ។ នៅឆ្នាំ ២០១៨ លោកស្រីត្រូវបានគេអញ្ជើញឱ្យបម្រើម្ហូបអាហារសម្រាប់ភរិយាទូតចំនួន ៦១ រូប នៅរមណីយដ្ឋាន Flamigo Dai Lai ខេត្ត Vinh Phuc ។ មិនត្រឹមតែល្បីល្បាញនៅក្នុងស្រុកប៉ុណ្ណោះទេ លោកស្រីថែមទាំងបានគេអញ្ជើញទៅចម្អិនម្ហូបអាហារនៅឯបរទេសទៀតផង។
លោកស្រី Pham Thi Anh Tuyet បានឲ្យដឹងថែមទៀតថា៖ “រហូតមកដល់ពេលនេះនាងខ្ញុំបង្រៀនចម្អិនអាហារដល់ជនបរទេសរាប់ពាន់នាក់ហើយ។ ខ្ញុំបានបង្រៀនរូបមន្តចម្អិនអាហារតាំងពីខ្ញុំឆ្លើយបទសម្ភាន៍របស់ CNN នៅឆ្នាំ ២០០១ ។ ក្រៅពីជនបរទេស បច្ចុប្បន្នមានជនវៀតណាមច្រើនរូបក៏ចង់រៀនធ្វើមុខម្ហូបប្រពៃណីវៀត ណាមនិងម្ហូបប្រពៃណីនៃទីក្រុងហាណូយដែរ។ លក្ខណៈពិសេសនៃម្ហូបអាហារ ហាណូយ គឺមិនដូចកន្លែងផ្សេងៗទេ គឺជនហាណូយបរិភោគតាមរដូវរកាល ពោលគឺ រដូវរងារ រដូវក្តៅ និទាឃរដូវ និងសិសិរដូវផងដែរ”។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ម្ហូបមានស្លាកយីហោមេចុងភៅ Anh Tuyet តែងតែមានវត្តមាននៅក្នុងភោជនីយដ្ឋានអាហាររហ័ស ទៅដល់ភោជនីយដ្ឋានប្រតនៅតាមប្រទេសជាច្រើនជុំវិញពិភពលោក។ រូបភាពលោកស្រី Pham Thi Tuyet ជាមួយនឹងម្ហូបអាហារវៀតណាមក៏បានសាធារណៈជនអន្តរជាតិពេញនិយម តាម រយៈសារព័ត៌មាន CNN (អាមេរិក) Discovery Chanel (អាមេរិក) BBC (អង់ គ្លេស) SRG (ស្វ៊ីស) ដែលបានរួមចំណែកក្នុងការផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីម្ហូបអាហារជនហាណូយជាពិសេសម្ហូបនិងវៀតណាមនិយាយរួមទៅកាន់ភ្ញៀវអន្តរជាតិ៕