តំបន់កេរ្តិ៍ដំណែលស្ដេច Hung នៅខេត្ត Phu Tho (រូបថត៖ VOV) |
ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ចាប់ប្រភពពីរាជ្ជកាលបណ្ដាស្ដេច Hung ដោយមានជំនឿជឿជាក់ថា ប្រជាជាតិទាំងមូលសុទ្ធតែមានពូជត្រកូលជា “កូនរបស់ទេវតា” ព្រមទាំងបង្ហាញគុណធម៌ “ផឹកទឹកនឹកប្រភពដើម” ស្មារតីមហាសាមគ្គី ជនជាតិទាំងមូលផងដែរ។ ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ត្រូវបានបង្ហាញក្រោម រូបភាពយ៉ាងសម្បូរបែប ជាពិសេសគឺការដែលស្ដេច Hung ត្រូវបានធ្វើសក្ការៈ បូជារួមជាមួយតួអង្គដូចជាព្រះរាជបុត្រីនិង វីរៈបុរសនានានៅមណ្ឌលកេរ្តិ៍ដំណែលនៅខេត្ត Phu Tho ភាគខាងជើងវៀតណាម។
ចំពោះជនរួមជាតិ Muong នៅខេត្ត Phu Tho ជំនឿធ្វើសក្ការៈបូជាស្ដេច Hung បង្កប់នូវតម្លៃដ៏ធំធេងក្នុងជីវភាពខាងស្មារតីរបស់ពួកគេ។ លោក Nguyen Van Minh នៅស្រុក Thanh Son ខេត្ត Phu Tho បានចែករំលែកថា៖
“ជារៀងរាល់ឆ្នាំយើងខ្ញុំបានរក្សាប្រពៃណីធ្វើសក្ការៈបូជាស្ដេច Hung ហើយ ប្រជាជនគ្រប់រូបសុទ្ធតែគោរពជំនឿនេះខ្លាំងណាស់”។
សាលាភូមិ Chung នៅឃុំ Giap Lai មិនត្រឹមតែជាទីកន្លែងដែលស្ដែងចេញការ គោរពបូជា ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះបាទ Tan Vien ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងជួបប្រាស្រ័យវប្បធម៌របស់ប្រជាជនក្នុងភូមិទៀតផង។ នា សព្វថ្ងៃនេះ ទោះបីជាសាលាភូមិ Chung មិនរក្សាទុកវត្ថុតាងបុរមបុរាណដដែលក្ដី ប៉ុន្តែរាល់ស្លាកស្នាមនៅសេសសល់ក៏បានបង្ហាញការគោរពនិងមនសិការអភិរក្សបេតិកភ័ណ្ឌរបស់អាជ្ញាធរក៏ដូចជាប្រជាជនក្នុងឃុំ។ ការរៀបចំពិធីបុណ្យភូមិ កម្ម វិធីសម្ដែងសិល្បៈប្រជាប្រិយនៅទីនេះ បានជួយលើកកំពស់ជីវភាពខាងស្មារតីរបស់ ជនរួមជាតិ Muong លុបបំបាត់ទំនៀមទំលាប់ហួសសម័យ និងរក្សាបាននូវ លក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃ។ លោក Ha Van Ly នៅឃុំ Giap Lai ស្រុក Thanh Son បានឲ្យដឹងថា៖
“ខ្ញុំត្រូវបានប្រសូត្រឡើងនៅភូមិនេះ ហើយបានស្គាល់ដល់សាលាភូមិតាំងពី កុមារភាព។ ឆ្លងកាត់ដំណាក់កាលសង្គ្រាម ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយទទួល បានការយកចិត្តទុកដាក់របស់រដ្ឋ យើងខ្ញុំអាចស្ដារឡើងវិញលក្ខណៈវប្បធម៌ប្រពៃណី។ ជនរួមជាតិឃុំ Giap Lai សប្បាយយ៉ាងក្រៃលែងណាស់”។
នាបច្ចុប្បន្ន ស្រុក Thanh Son ខេត្ត Phu Tho មានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ចំនួន១១ដែលត្រូវបានទទួលស្គាល់ ក្នុងនោះកេរ្តិ៍ដំណែលសឹងតែទាំងអស់មាន ការផ្សាភ្ជាប់នឹងឥស្សរៈជននៃរាជ្ជកាលស្ដេច Hung ដែលលេចធ្លោបំផុតគឺព្រះបាទ Tan Vien។ អ្នកជំនាញការស្រាវជ្រាវវប្បធម៌ Nguyen Anh Tuan អតីតនាយក សារមន្ទីរ Hung Vuong ខេត្ត Phu Tho បានឲ្យដឹងថា ជំនឿធ្វើសក្ការៈបូជាស្ដេច Hung មានភាពផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនឹងទំនៀមទំលាប់សែនខួបដូនតារបស់ជនជាតិ Muong ក្នុងនោះរួមទាំងអ្នកមានគុណបំណាច់កាប់ឆ្ការដីធ្លី បង្កើតប្រទេសជាតិ។ អ្នកជំនាញ Nguyen Anh Tuan បានបន្ថែមទៀតថា៖
“នាបច្ចុប្បន្ន ជំនឿធ្វើសក្ការៈបូជាស្ដេច Hung របស់ជនជាតិ Muong មាន លក្ខណៈពិសេសដោយឡែកមួយ។ ពួកគេក៏ធ្វើសក្ការៈបូជាបុព្វបុរស ព្រះគីរី ព្រះគង្គារ ព្រមទាំងរក្សាបាននូវលក្ខណៈវប្បធម៌របស់ជនវៀតណាមបុរាណ នោះគឺធ្វើសក្ការៈបូជាអ្នកមានគុណបំណាច់បង្កើតប្រទេសជាតិ ជាពិសេសគឺស្ដេច Hung។ កេរ្តិ៍ដំណែលសក្ការៈបូជាទាំងអស់របស់ជនជាតិ Muong សុទ្ធតែធ្វើសក្ការៈ បូជាស្ដេច Hung។ នេះគឺលក្ខណៈវប្បធម៌ដ៏ស្អាតរបស់ពួកគេ ហើយគេចាត់ទុកថា មនុស្សទាំងនេះមានគុណចំណាច់ស្ថាបនាប្រទេសជាតិ ជាបុព្វបុរសដែល បង្កើតឡើងបណ្ដាកុលសម្ព័ន្ធជនជាតិ Muong”។
នៅខេត្ត Phu Tho មានកេរ្តិ៍ដំណែលចំនួន៣២៦កន្លែងដែលធ្វើសក្ការៈបូជា ស្ដេច Hung ឬម្ដាយ ប្រពន្ធ កូន និងមេទ័ពដែលទាក់ទិនដល់ស្ដេច។ រួមជាមួយ ការចូលរួមរបស់សហគមន៍ក្នុងការរក្សា ពង្រីកនិងផ្ទេរប្រគល់បេតិកភ័ណ្ឌនោះ កម្មវិធីជាតិស្ដីពី “កិច្ចការពារនិងពង្រីកតម្លៃបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍នៃជំនឿធ្វើ សក្ការៈបូជាស្ដេច Hung” បានជួយលើកកំពស់សមត្ថភាពគ្រប់គ្រងរបស់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ធ្វើការអភិរក្សជំនឿធ្វើសក្ការៈបូជាស្ដេច Hung ក្លាយទៅជាគំរូ ក្នុងការងារគ្រប់គ្រង ពង្រីកតម្លៃបេតិកភ័ណ្ឌវប្បធម៌ប្រពៃណីនៅវៀតណាម៕