លោក A Chong - ព្រឹទ្ធាចារ្យភូមិមួយរូបដែលមានកិត្យានុភាពនិងធ្វើសេដ្ឋកិច្ចពូកែ
|
មុនឆ្នាំ ១៩៩៥ ជីវភាពរស់នៅក្នុងគ្រួសាររបស់លោក A Chong ជួបការលំបាកខ្លាំងណាស់ ពោលគឺ គ្រាន់តែពឹងផ្អែកទៅលើការប្រមូលផលស្រូវនិងពោតនៅលើស្រែចំការតែប៉ុណ្ណោះ។ ដរាបណា រដូវអំណោយផលទើបគ្រប់គ្រាន់សម្រាប់បរិភោគ រីឯឆ្នាំរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិវិញ មានសត្វល្អិតចង្រៃបំផ្លាញ់ដំណាំស្រូវ គឺមិនគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ។ រាល់ការចំណាយរស់នៅក្នុងគ្រួសារ ថ្លៃបង់សាលាអោយកូនៗ រៀនសូត្រក៏ជួបការលំបាកយ៉ាងខ្លាំងដែរ។
យ៉ាងណាមិញ ដោយមិនព្រមអោយភាពក្រីក្រនិងភាពអត់ឃ្លានតាមជាប់ខ្លួនទៅមុខទៀតនោះ លោក A Chong បានសម្រេចចិត្តសិក្សាដោយខ្លួនឯងនូវបច្ចេកទេសក្នុងការធ្វើស្រែចំការនិងចិញ្ចឹមសត្វ បសុបក្សី។ ពោលគឺ លោកទៅកាន់ខេត្ត Dak Lak ដើម្បី ទិញពួជកាហ្វេ ៥០០ ដើមដើម្បីដាំ។ ដោយមើលឃើញការដាំកាហ្វេមានការលួតលាស់ល្អ ហេតុដូច្នេះ ២ ឆ្នាំក្រោយមក លោកបានបន្តបើកទូលាយផ្ទៃដីដាំដុះកាហ្វេ ឡើងទៅដល់ ៦០០ ដើមទៀត។ ពីរបីឆ្នាំក្រោយមក ចំការដាំកាហ្វេមានផ្ទៃដីចំនួនជាង ១ ហិកតារបស់លោកបានប្រមូលផលជាលើកដំបូង។ ប្រាក់ដែលបានមកពីការលក់កាហ្វេនិងផលិតផលកសិកម្មផ្សេងទៀត លោកយកទៅទិញគោចំនួន ៣០ ក្បាល ហើយបាន បើកកសិដ្ឋានមួយនៅជ្រលងដងទន្លេ Tea Rơve ដែលមានទីតាំងស្ថិតនៅក្នុងភូមិ Tu Kơteăng ឃុំ Dak Long ស្រុក Dak Ha ព្រមទាំងទទួលរាប់រង ការពារព្រៃស្រល់របស់រដ្ឋជាង ១២០ ហិកតាទៀតផង។
លោក A Chong បានអោយដឹងថា៖ “ឥឡូវនេះ ខ្ញុំមានផ្ទៃដីដាំកាហ្វេ ៣ ហិកតា និងដំឡូងមី ជាង ១ ហិកតា ហើយជីវភាពរស់នៅរបស់គ្រួសារខ្ញុំមានភាពប្រសើរជាងមុន។ ដោយសារតែខ្ញុំឃើញ ថា ខ្ញុំអាចរកប្រាក់បានពីដើមកាហ្វេហើយ គ្រួសារភាគច្រើននៅក្នុងភូមិដែលមានដីស្រែ តាមដងជ្រោះ សុទ្ធតែបានផ្លាស់ទៅដាំដើមកាហ្វេវិញ។ ដោយឡែកដើមម្រេចនៅទីនេះវិញមានអ្នកដាំតិចតួចណាស់ មានតែបងប្អូនជនជាតិ Kinh ដាំតែប៉ុណ្ណោះ។ ដោយសារតែ ដើមម្រេចត្រូវការការវិនិយោគច្រើន បច្ចេកទេសថែទាំពិបាក តាមនោះ ខ្ញុំបានចំណាយ១ហិកតា សម្រាប់ដាំដើមកៅស៊ូ”។
ជាមួយនឹងសមត្ថភាពនិងកិត្យានុភាពរបស់ខ្លួន ក្នុងឆ្នាំ ២០០៣ លោក A Chong ត្រូវបានអ្នកភូមិ បោះឆ្នោតធ្វើជាប្រធានសមាគមកសិករឃុំ Dak Hring។ ពេលបញ្ចប់អាណត្តិលោកបានចូលនិវត្តន៍មែន ប៉ុន្តែលោកមិនបានឈប់ពីការងារនោះទេ ព្រោះលោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាព្រឹទ្ធាចារ្យភូមិ Dak Klong និងចូលរួមក្នុងគណៈកម្មាធិការការងារនៃរណសិរ្សភូមិ និងជាប្រធានសាខាជនចាស់ជរាទៀត ផង។ ទោះបីមមាញឹកខ្លាំងនឹងការងារសង្គមក៏ដោយ ក៏ប៉ុន្តែ ព្រឹទ្ធចារ្យភូមិ A Chong នៅតែគ្រប់គ្រងយ៉ាងល្អនូវការងារគ្រួសារប្រកបដោយប្រសិទ្ធភាព។ ជារៀងរាល់ឆ្នាំ គ្រួសាររបស់លោករកចំណូលបានរាប់រយលានដុង និងបានសាងសង់ផ្ទះធំទូលាយផងដែរ។ លោកក៏បានវិនិយោគទិញម៉ាស៊ីនកសិកម្ម ដើម្បីបម្រើដល់គ្រួសារនិងប្រជាជននៅជុំវិញតំបន់។
លោកស្រី Y Nong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Dak Hring ស្រុក Dak Ha (Kon Tum) បានចែករំលែកថា៖ លោក A Chong ជាព្រឹទ្ធាចារ្យភូមិម្នាក់ដែលមានកិត្យា នុភាព និងមានការរួមចំណែកវិជ្ជមានជាច្រើនសម្រាប់មូលដ្ឋាន។ លោកមិនត្រឹមតែផលិតបានល្អប៉ុណ្ណោះទេ ថែមទាំងបានជួយដល់គ្រួសារក្រីក្រជាច្រើនអោយមានស្ថិរភាពជីវភាពរស់នៅនិងក្លាយជាអ្នកមាននៅស្រុកកំណើតផង។
“អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រឹទ្ធចារ្យភូមិ លោក A Chong គឺជាសមាជិកសកម្មបំផុតនៃក្រុមរណសិរ្ស។ លោកមានកិត្យានុភាពខ្លាំងណាស់នៅក្នុងសហគមន៍។ ជាពិសេស លោកតែងតែចូលរួមបញ្ចេញមតិជូនមន្ត្រីឃុំ - សង្កាត់ ដើម្បីផ្សព្វផ្សាយគោលនយោបាយនិងគោលការណ៍ណែនាំរបស់បក្ស ច្បាប់របស់រដ្ឋនិងត្រូវបានអ្នកភូមិប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។ លោកក៏ជាគំរូធ្វើសេដ្ឋកិច្ចដ៏ពូកែបំផុតរបស់ភូមិ Dak Klong ហើយជារៀងរាល់ឆ្នាំ លោកតែងតែទទួលបានរង្វាន់ពីខេត្តផងដែរ”។ នេះបើ យោងតាមប្រសាសន៍របស់លោកស្រី Y Nong។
ឆ្នាំនេះមានអាយុជិត ៧៥ ឆ្នាំហើយ ប៉ុន្តែព្រឹទ្ធាចារ្យភូមិ លោក A Chong នៅតែមានការទទួលខុសត្រូវសម្រាប់កិច្ចការភូមិស្រុក។ ពោលគឺ លោកតែងតែជួយនិងណែនាំដល់គ្រួសារដែលមានស្ថានភាពលំបាកដើម្បីជំនះពុះពារក្នុងជីវភាពប្រចាំថ្ងៃ។ មិនត្រឹមតែចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ព្រឹទ្ធចារ្យភូមិ លោក A Chong ថែមទាំងបានចលនាអោយប្រជាជនរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិទៀតផង៕