៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី៖ ពីមិត្តភាពទៅជាមិត្តភក្តិ និងដៃគូយុទ្ធសាស្ត្រ

Chia sẻ
(VOVWORLD) - ឆ្លងកាត់ពាក់កណ្តាលសតវត្សនៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងវៀត ណាម និងអូស្ត្រាលីសម្រេចបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ក្នុងសិក្ខា សាលាអន្តរជាតិ “៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី៖ ក្រឡេកមើលឡើងវិញ និងឆ្ពោះទៅមុខ” ដែលរៀបចំដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ចំណុះបណ្ឌិត្យសភា វិទ្យាសាស្ត្រសង្គមវៀតណាម សហការជាមួយស្ថានទូតអូស្ត្រាលីកាលពីថ្ងៃទី ២៤ តុលា នៅទីក្រុងហាណូយ រាល់បទអន្តរាគមន៍បានអះអាងថា ប្រទេសទាំងពីរកំពុង បន្តរួមគ្នាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ បំពេញតម្រូវការនៃប្រទេស នីមួយៗ ក៏ដូចជាការសម្របខ្លួនទៅនឹងស្ថានភាពថ្មីនៅក្នុងតំបន់ និងពិភពលោកផង ដែរ។

ជាង ៥០ ឆ្នាំមុន នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៣ វៀតណាម និងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងឆ្នាំ ២០០៩ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ហើយត្រឹមតែរយៈពេល ៩ ឆ្នាំក្រោយប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៨ ទំនាក់ទំនងនេះត្រូវបានភាគីទាំងពីរឯកភាពលើកកំពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ ចាប់តាំងពីពេលនោះមក វៀតណាម និងអូស្ត្រាលី សុទ្ធតែទទួលស្គាល់នូវសារៈសំខាន់នៃប្រទេសនីមួយៗក្នុងគោលនយោបាយកិច្ចការបរទេស សន្តិសុខ និងសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក។

៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី៖ ពីមិត្តភាពទៅជាមិត្តភក្តិ និងដៃគូយុទ្ធសាស្ត្រ - ảnh 1ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski។ (រូបថត៖ baoquocte.vn)

ដំណើរ ៥០ ឆ្នាំគួរឲ្យចាប់អារម្មណ៍

រាល់បទអន្តរាគមន៍នៅសិក្ខាសាលាបានសង្កត់ធ្ងន់ថា ដំណើរជាងកន្លះសតវត្សនៃកិច្ចសហប្រតិ
បត្តិការរវាងវៀតណាមនិងអូស្ត្រាលីបានបញ្ជាក់ថា ទំនាក់ទំនងវៀតណាម - អូស្ត្រាលី គឺជាសក្ខីភាពនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងទំនាក់ទំនងអន្តរជាតិក្រោយសង្គ្រាមត្រជាក់ (១៩៤៧-១៩៩១) រហូតមកដល់បច្ចុប្បន្ន នៅពេលដែលប្រទេសនានាជុំវិញពិភពលោកបានផ្លាស់ប្តូរការផ្តោតសំខាន់ពីការប្រឈមមុខដាក់គ្នាទៅជាកិច្ចសន្ទនា ហើយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានអះអាងថា៖

“មិនធ្លាប់មានពេលវេលាណាមួយក្នុងប្រវត្តិសាស្ត្រ ដែលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានភាពរឹងមាំ និងរីកចម្រើនយ៉ាងល្អប្រសើរដូចសព្វថ្ងៃនេះ។ ទំនាក់ទំនងទ្វេភាគីត្រូវបានកសាងឡើងដោយឈរលើទំនុកចិត្តដ៏រឹងមាំ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពក្នុងវិស័យជាច្រើន។ នោះគឺជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការអប់រំ ពាណិជ្ជកម្ម ឬការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ នេះជាទំនាក់ទំនងដ៏សំខាន់រវាងប្រជាជននៃប្រទេសទាំងពីរ”។

ប្រទេសទាំងពីរមានតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រគោលនយោបាយកិច្ចការបរទេសរបស់គ្នាទៅវិញទៅមក។ ទាក់ទងនឹងភូមិសាស្ត្រនយោបាយ អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វៀតណាម ព្រោះវៀតណាមមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍ ជាកន្លែងប្រសព្វគ្នានៃឥទ្ធិពល ហើយកាន់តែទាក់ទាញការយកចិត្តទុកដាក់ពីប្រទេសធំៗលើពិភពលោក។  ទន្ទឹមនឹងនោះ វិស័យសេដ្ឋកិច្ចបានឃើញពីជំហានលោតផ្លោះទៅមុខជាមួយនឹងតួរលេខកំណើនពាណិជ្ជកម្មគួរឱ្យចាប់អារម្មណ៍។ លោកសាស្ត្រាចារ្យរង បណ្ឌិត Ta Minh Tuan អនុប្រធានបណ្ឌិត្យសភាវិទ្យា
សាស្ត្រសង្គមវៀតណាមបានសង្កត់ធ្ងន់ថា៖

“ក្នុងរយៈពេលត្រឹមតែជាង ២០ ឆ្នាំប៉ុណ្ណោះ ចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងពី ៦០ លានដុល្លារអាមេរិកដល់ជាង ១៥,៧ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំទី ១០ របស់អូស្ត្រាលី ហើយអូស្ត្រាលីជាដៃគូពាណិជ្ជកម្មធំទី ៧ របស់វៀតណាម។ អូស្ត្រាលីក៏ជាដៃគូផ្តល់ជំនួយអភិវឌ្ឍន៍
ឈានមុខគេ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅផងដែរ”។

លក្ខណៈពិសេសមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺអូស្ត្រាលីមានចំនួនប្រជាជនដើមកំណើតវៀតណាមច្រើនជាងគេលើពិភពលោក។ សហគមន៍ជនវៀតណាមនៅអូស្ត្រាលីមានប្រហែល ៣៥ម៉ឺននាក់ (ជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសហគមន៍ជនជាតិបរទេសនៅអូស្ត្រាលី)។ ក្រៅពីនោះ មាននិស្សិតនិងអ្នកស្រាវជ្រាវវៀតណាមប្រមាណ ៣១.០០០ នាក់កំពុងសិក្សានៅអូស្ត្រាលី។ នេះគឺជាស្ពានដ៏សំខាន់មួយ មិនត្រឹមតែផ្នែកវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងការចងសម្ព័ន្ធសេដ្ឋកិច្ចរវាងសហគ្រាសនៃប្រទេសទាំងពីរទៀតផង”។

៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី៖ ពីមិត្តភាពទៅជាមិត្តភក្តិ និងដៃគូយុទ្ធសាស្ត្រ - ảnh 2រូបថតឧទាហរណ៍៖ VNA

ពង្រីកភាពស៊ីជម្រៅនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

 ចាប់តាំងពីវៀតណាម និងអូស្ត្រាលីបានលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៨ មក អូស្ត្រាលីជានិច្ចកាលវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោក។ ក្នុងបរិបទដែលសកលភាវូបនីយកម្ម និងការតភ្ជាប់តំបន់ បន្តជានិន្នាការចម្បងនៃស្ថានភាពអន្តរជាតិនោះ គឺទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម - អូស្ត្រាលីកំពុងផ្លាស់ប្តូរជាបណ្តើរៗដើម្បីក្លាយជាទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការដើម្បីរួមគ្នាអភិវឌ្ឍន៍។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Huy Hoang នាយកបណ្ឌិត្យសភាសិក្សាអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា៖

“គំរូមួយក្នុងចំណោមគំរូនៃទំនាក់ទំនងអន្តរជាតិនាបច្ចុប្បន្នគឺទំនាក់ទំនងវៀតណាម - អូស្ត្រាលី ពីភាពជាដៃគូទៅជាដៃគូយុទ្ធសាស្ត្រ ហើយកំពុងមានសក្ដានុពលជាច្រើនដើម្បីលើកកំពស់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ វៀតណាមសង្ឃឹមថា ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនឹងក្លាយទៅជាមូលដ្ឋានគ្រឹះ មិនត្រឹមតែជំរុញសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ វៀតណាម និងអូស្ត្រាលី រួមចំណែកក្នុងការបង្កើតសណ្ដាប់ធ្នាប់តំបន់ថ្មីនាពេលខាងមុខ”។

ក្នុងរយៈពេលកន្លះសតវត្សកន្លងមក ទំនាក់ទំនងវៀតណាម-អូស្ត្រាលីសម្រេចបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ជាច្រើន។ នេះជាមូលដ្ឋានគ្រឹះដើម្បីប្រទេសទាំងពីរកសាងទំនាក់ទំនងទ្វេភាគីទៅជាគំរូនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឈ្នះ-ឈ្នះក្នុងដំណាក់កាលបន្ទាប់៕

ប្រតិកម្មទៅវិញ