អាស៊ានរួមដំណើរជាមួយគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម

Chia sẻ

(VOVWORLD) - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)  កំពុងពន្លឿនល្បឿននៃការអនុវត្តក្រុមសកម្មភាពដែលនៅសេសសល់   ក្នុងចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០២៥។ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) លើកទី ២៧ ក្រោមប្រធានបទ “អាស៊ានធ្វើសកម្មភាព- រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម” បានប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែមេសាកន្លងមក  ដោយសង្កត់ធ្ងន់លើស្មារតី “រួបរួមគ្នា” របស់សហគមន៍អាស៊ាន ក៏ដូចជាឆន្ទៈរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយនិងជំនះបញ្ហាប្រឈមដែលកំពុងកើតមានឡើង។

អាស៊ានរួមដំណើរជាមួយគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម - ảnh 1លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ២០២២ បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ ( រូបថត៖ baodansinh.vn)

កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) លើកទី២៧ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់និងជាកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន។ កិច្ចប្រជុំបានផ្តោតការពិភាក្សាអំពីអាទិភាពនិងឯកសារសម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខ ដើម្បីអនុម័ត ព្រមទាំងចែករំលែកទស្សនៈលើបញ្ហាដែលត្រូវការការយកចិត្តទុកដាក់និងទិសដៅអភិវឌ្ឍន៍របស់អាស៊ាននាពេលអនាគត ដើម្បីសម្រេចបានសហគមន៍អាស៊ានចក្ខុវិស័យ ២០២៥; តភ្ជាប់មនុស្សជាមួយមនុស្ស ដោយយកមនុស្សជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយមិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ។

អាស៊ានបង្កើនភាពធន់ ខ្លួនទីពឹងខ្លួន

សេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដោយមេដឹកនាំអាស៊ានអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ឆ្នាំ២០២០ បានអះអាងថា៖ ការអភិវឌ្ឍចក្ខុវិស័យក្រោយឆ្នាំ២០២៥ នឹងត្រូវបានអនុវត្តន៍ ប្រកបដោយបរិយាប័ន្ន  ពេញលេញ ជាក់ស្តែង មានតុល្យភាពនិងមានការសម្របសម្រួល។ ជាមួយគ្នានោះ ប្រើប្រាស់វិធីសាស្រ្តទូលំទូលាយក្នុងសហគមន៍ទាំងមូល ដើម្បីសម្របសម្រួលសសរស្តម្ភសហគមន៍អាស៊ាននិងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយភាពស្មុគស្មាញដែលកាន់តែកើនឡើងទាំងឱកាសនិងបញ្ហាប្រឈមដែលអាស៊ានកំពុងប្រឈមមុខ។

ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ កំណត់យ៉ាងច្បាស់ថា ជាមួយនឹងលក្ខណៈពិសេសនៃការអភិវឌ្ឍរបស់ខ្លួន អាស៊ានកំពុងជំរុញការតភ្ជាប់សេដ្ឋកិច្ច ធ្វើជាមូលដ្ឋានសម្រាប់វិធីសាស្ត្រតភ្ជាប់បន្តបន្ទាប់របស់សហគមន៍អាស៊ាន។ ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់និងអន្តរជាតិបន្តប្រែប្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញ អាស៊ាននៅតែបន្តបង្ហាញពីតួនាទីជាមជ្ឈមណ្ឌលរបស់ខ្លួន ជាកម្លាំងជំរុញបណ្ដាកិច្ចសន្ទនា និងដំណើរការកសាងទំនុកចិត្តសម្រាប់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ឆ្លើយតបយ៉ាងសកម្មថែមទៀតនិងប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាក៏ដូចជាការរួមចំណែកយ៉ាងសកម្ម ដល់កិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងធានាសន្តិភាពនិងការអភិវឌ្ឍរបស់សហគមន៍អន្តរជាតិ។ អាស៊ានក៏ធានាក្នុងការកសាងសហគមន៍អាស៊ានដែលផ្តោតលើប្រជាជនពិតប្រាកដ ដោយយកប្រជាជនជាមជ្ឈមណ្ឌលនៃដំណើរការអភិវឌ្ឍន៍។ ទន្ទឹមជាមួយគ្នានោះ អាស៊ានមានការអភិវឌ្ឍស្មើៗគ្នា និងប្រកបដោយនិរន្តរភាពនៅទូទាំងតំបន់ រវាងប្រទេសនិងផ្នែកផ្សេងៗនៃសង្គម ដោយធានាថា គ្មាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។  ជាពិសេសក្នុងបរិបទដែលបណ្តាប្រទេសអាស៊ានកំពុងស្តារឡើងវិញ ខណៈដែលជំងឺរាតត្បាតកូវីដ១៩ស្ថិតក្រោមការគ្រប់គ្រង។

អាស៊ានរួបរួមសាមគ្គី សហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈម

យោងតាមស្ថិតិមិនពេញលេញ ជំងឺរាតត្បាតកូវីដ ១៩ បានបណ្តាលឱ្យបាត់បង់  GDP របស់អាស៊ានឡើងទៅដល់ ៣.៣%។ ពោលគឺ ជំងឺរាតត្បាតកូវីដ-១៩ បណ្តាលឱ្យប្រព័ន្ធសុខាភិបាលនៃប្រទេសជាច្រើនជួបប្រទះនឹងការលំបាក សេដ្ឋកិច្ចរបស់ប្រទេសនានា បានធ្លាក់ចូលទៅក្នុងវិបត្តិ  ប្រជាជនរាប់លាននាក់ធ្លាក់ក្នុងភាពអត់ការងារធ្វើ និងភាពក្រីក្រ។

អាស៊ានរួមដំណើរជាមួយគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម - ảnh 2លោករដ្ឋមន្ត្រី Dao Ngoc Dung៖ វៀតណាមសន្យាគាំទ្រយ៉ាងពេញទំហឹងចំពោះឆ្នាំប្រធានរបស់កម្ពុជា (រូបថត៖ VGP/Thu Cuc)

នៅចំពោះមុខនឹងស្ថានភាពនោះ ប្រទេសសមាជិកអាស៊ានបានរួបរួមសាមគ្គីគ្នានិងសហការដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត ដូចជាការបង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត; ការបង្កើតឃ្លាំងទុកបម្រុងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តសម្រាប់សង្គ្រោះបន្ទាន់ក្នុងតំបន់; បង្កើតក្របខណ្ឌស្តារឡើងវិញជារួមរបស់អាស៊ាននិងផែនការអនុវត្តន៍ស៊ីសង្វាក់គ្នាលើសសរស្តម្ភសហគមន៍ទាំងបី ដើម្បីជួយឧបត្ថម្ភប្រជាជននិងសហគ្រាសជម្នះផលវិបាកនៃជំងឺរាតត្បាតបានឆាប់ៗ ស្ថិរភាពជីវភាពរស់នៅ សិ្ថរភាពសេដ្ឋកិច្ច-សង្គមនៅប្រទេសនីមួយៗ ក៏ដូចជា បង្កើតច្រករបៀងធ្វើដំណើរដ៏ងាយស្រួលជាដើម។ កម្មវិធីទាំងនេះបានអនុវត្តន៍កាន់តែជាក់ស្តែង ដោយប្រកាន់ខ្ជាប់នូវអាទិភាពអន្តរជាតិ តំបន់ និងថ្នាក់ជាតិ តាមរយៈគំនិតផ្តួចផ្តើម។ អាចនិយាយបានថា គំនិតផ្តួចផ្តើមនៃផែនការមេអំពីវប្បធម៌បង្ការ; ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន ឬយុទ្ធសាស្ត្របង្រួបបង្រួមអំពីបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ជាដើម។ ជាមួយគ្នានោះ រដ្ឋាភិបាលក្នុងប្រទេសនីមួយៗក៏បានចេញនូវគោលនយោបាយដើម្បីជួយឧបត្ថម្ភដល់កម្មករនិយោជិត និងអាជីវកម្ម ដើម្បីជំនះការលំបាក ព្រមទាំងពង្រីកគោលនយោបាយសម្រាប់មុខសញ្ញាពិសេសផងដែរ។ យុទ្ធសាស្ត្រចាក់វ៉ាក់សាំងត្រូវបានដាក់ពង្រាយអនុវត្តន៍ក្នុងបណ្តាប្រទេសអាស៊ានជាច្រើន ដែលបានជួយប្រជាជនវិលត្រឡប់ទៅរកជីវភាពប្រក្រតីវិញបានយ៉ាងឆាប់រហ័ស ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ការបើកទ្វារទេសចរណ៍ និងការបើកសាលារៀនឡើងវិញ។

ម្លោះហើយ លទ្ធផលដែលទទួលបានគឺជាសក្ខីភាពនៃកិច្ចការពារកត្តាដែលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពារសិទ្ធិកម្មករ កសាងសង្គមរួសរាយរាក់ទាក់និងសម្របខ្លួន រួមទាំងលុបបំបាត់វិសមភាពដែលនៅតែមាននៅសង្គមក្នុងតំបន់។ គំនិតផ្តួចផ្តើមថ្មីៗនេះរបស់អាស៊ានក្នុងការពង្រឹងតួនាទីរបស់យុវជនអាស៊ានក៏នឹងរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដ៏ស្អិតរមួតនិងនិរន្តរភាពផងដែរ។ អាចនិយាយបានថា សកម្មភាពអនុវត្តន៍ចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ កំពុងត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លា ដោយនាំមកនូវសារគឺ៖ សាមគ្គីភាពគឺជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ជាគន្លឹះនៃភាពជោគជ័យរបស់អាស៊ាននិងជាវត្ថុធាតុដើមសំខាន់ដើម្បីកសាងដំបូលរួមអាស៊ាន ជួយប្រទេសជាសមាជិកជំនះពុះពាររាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ