អស្ថិរភាពនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​បាន​ដក់កងទ័ព

Chia sẻ
(VOVWORLD) - ដូចទៅនឹងការព្រួយបារម្ភរបស់មជ្ឈដ្ឋានអ្នកវិភាគថា កងកម្លាំង តាលីបង់កំពុង បង្កើនការវាយប្រហារ និងដណ្ដើមសិទ្ធិគ្រប់គ្របឡើងវិញនៅតំបន់ជាច្រើននៅអាហ្វហ្គានីស្ថាន។ ការក្រោកឈរឡើងរបស់ក្រុមតាលីបង់បានប្រព្រឹត្តិទៅក្នុងបរិបទ ដែលកងទ័ពចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានសម្រេចផែនការដកកងកម្លាំងទាំងអស់ចេញពីសមរភូមិនេះជាបណ្ដើរៗផងដែរ។
អស្ថិរភាពនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​បាន​ដក់កងទ័ព - ảnh 1កងជីវពលក្នុងតំបន់បានកាន់អាវុធគាំទ្រកម្លាំងអាហ្វហ្គានីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងពួកតាលីបង់ (រូបថតៈរ៉យទ័រ)

តាលីបង់ជំរុញខ្លាំងការវាយប្រហារ ពង្រីកការគ្រប់គ្រងទឹកដី

ក្នុងបរិបទ ដែលកងកម្លាំងសហរដ្ឋអាមេរិក បានសម្រេចការដកទ័ពប្រមាណ ៩០% ចេញពីអាហ្វហ្គានីស្ថាននោះ ក្រុម ខ្មាន់កាំភ្លើងតាលីបង់កំពុងបង្កើនយុទ្ធនាការវាយប្រហារ សំដៅដណ្ដើមសិទ្ធិគ្រប់គ្រងតំបន់ទឹកដី។ កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមខ្មាន់កាំភ្លើងតាលីបង់ប្រដាប់អាវុធធុនធ្ងន់បានបង្កើនការវាយប្រហារលើកងទ័ពរដ្ឋាភិបាល នៅខេត្ត Herat ភាគខាងលិច ដោយបានដណ្ដើមការគ្រប់គ្រងច្រកទ្វារព្រំដែនដ៏សំខាន់ៗចំនួន ២ រវាងអាហ្វហ្គានីស្ថាន ជាមួយអ៊ីរ៉ង់ និងតូមិននីស្ថាន។ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់ដែលមិនបានបញ្ចេញឈ្មោះបានទទួលស្គាល់ថា ខេត្ត Hera ភាគច្រើនបានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ពួកតាលីបង់ ដោយលើកលែងតែទីរួមខេត្ត Hera រួមជាមួយខ័ណ្ឌ  Gozara និងInjil តែប៉ុណ្ណោះ។

ក្រៅពីខេត្តយុទ្ធសាស្រ្ត Hera នោះ តាលីបង់ក៏កំពុងជំរុញខ្លាំងការវាយប្រហារ សំដៅដណ្ដើមសិទ្ធិគ្រប់គ្រងបណ្ដាតំបន់ជនបទ តំបន់ព្រៃភ្នំនៅទូទាំងទឹកដីអាហ្វហ្គានីស្ថាន។ សមាជិកជាន់ខ្ពស់ម្នាក់នៃក្រុមតាលីបង់ កាលពីថ្ងៃទី ៩ ខែកក្កដា បានប្រកាសថា កងកម្លាំងនេះបានគ្រប់គ្រងប្រមាណ  ៨៥% នៃទឹកដីអាហ្វហ្គានីស្ថាន។ មជ្ឈដ្ឋានមន្ត្រីអាហ្វហ្គានីស្ថានបានបដិសេធព័ត៌មាននេះ ប៉ុន្តែបានទទួលស្គាល់ថា តាលីបង់កំពុងវាយប្រហារ ដណ្ដើមបានតំបន់ទឹកដីជាច្រើន នៅជុំវិញទីក្រុង និង ទីរួមស្រុកធំៗ។ តាលីបង់មិនទាន់បានវាយប្រហារទៅលើទីក្រុងធំៗនៅឡើយដោយសារជួបប្រទះនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់កងទ័ពរដ្ឋាភិបាល។

ទោះជាយ៉ាងណាក៏ដោយ ប្រការគួរឲ្យព្រួយបារម្ភគឺជា សមត្ថភាពប្រយុទ្ធរបស់កងកម្លាំងអាហ្វហ្គានីស្ថាន ខណៈពេលដែលគ្មានការជួយឧបត្ថម្ភរបស់កងទ័ពចម្រុះ។ យោងតាមរបាយការណ៍នាពេលថ្មីៗនេះបានឲ្យដឹងថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដែលរងការវាយប្រហាររបស់តាលីបង់នោះ មានកងទ័ពអាហ្វហ្គានីស្ថានយ៉ាងហោចណាស់ ១ ពាន់នាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងតាហ្ស៊ីគីស្ថាន។  ចំនួនកងទ័ព ដែលត្រូវបានចាប់ជាឈ្លើយសឹក  រត់ភៀសខ្លួន ឬចុះចាញ់តាលីបង់មិនទាន់បានប្រកាសឡើយ ប៉ុន្តែត្រូវបានចាត់ទុកថា មានចំនួនរាប់រយ ឬច្រើនជាងនេះទៅទៀត។

អស្ថិរភាពនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​បាន​ដក់កងទ័ព - ảnh 2សហរដ្ឋអាមេរិកនឹងបញ្ចប់ដំណើរការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាននៅខែសីហាឆ្នាំ ២០២១  (រូបថតៈ ABC News)

អនាគត់គួរឲ្យព្រួយបារម្ម

ក្នុងការប្រកាសមួយនៅលើទូរទស្សន៍កាលពីថ្ងៃទី ១១ ខែកក្កដានោះ អ្នកនាំពាក្យក្រសួង ការពារជាតិអាមេរិកលោក John Kirbyបានទទួលស្គាល់ថា មន្ទីរបញ្ចកោណមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពនៅអាហ្វហ្គានីស្ថានដោយបាននិយាយថា “យើងខ្ញុំមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ នៅពេលដែលតាមដានស្ថានភាពសន្តិសុខ ដែលកាន់តែអាក្រក់យ៉ាងឆាប់រហ័ស ហើយអំពើហឹង្សាកើនឡើងខ្ពស់ ក៏ដូចជាសន្ទុះវាយប្រហាររបស់តាលីបង់នាបច្ចុប្បន្ននេះ”។ ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកនៅតែអះអាងថាកងទ័ពអាហ្វហ្គានីស្ថានមានសមត្ថភាពពេញលេញក្នុងកិច្ចការពារប្រទេសជាតិ៖ “គេមានកងទ័ពជើងការអាកាស ដែលមានសមត្ថភាពយ៉ាងពេញលេញ និងអង្គភាពពិសេសទំនើបៗ ដែលអាចទប់ទល់នឹងការបះបោររបស់តាលីបង់។ នេះគឺជាពេលវេលា សម្រាប់គេក្រោកឈរឡើងផងដែរ”។

ទោះយ៉ាងណាក៏ដោយ ដោយផ្អែកលើការវិវឌ្ឍនៅលើដីជាក់ស្ដែងនោះ ក្រុមអ្នកសង្កេតការណ៍បានចាត់ទុកថា កងទ័ពអាហ្វហ្គានីស្ថានពិបាកទប់ទល់នឹងកម្លាំងវាយប្រហារយ៉ាងខ្លាំងក្លារបស់តាលីបង់នាបច្ចុប្បន្ន បើគ្មានការជួយឧបត្ថម្ភរបស់អន្តរជាតិ។ ជាពិសេស ក្រុមអ្នកវិភាគបានសម្ដែងការយល់ស្របចំពោះការវាយតម្លៃរបស់ទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិកដែលបានដកស្រង់ដោយប្រភព័ត៌មានជាច្រើនថា៖ រដ្ឋអំណាចកណ្ដាលអាហ្វហ្គានីស្ថាន ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោនជួយឧបត្ថម្ភនៅទីក្រុង Kabul អាចដួលរលំ ក្នុងរយៈពេលត្រឹមតែ ៦ ខែ ប៉ុណ្ណោះចាប់តាំងពីពេលសហរដ្ឋអាមេរិកនិងកងទ័ពចម្រុះបានដកទ័ពចេញពីប្រទេសនេះ ។ យោងតាម ការប្រកាសនាពេលថ្មីៗបំផុតក្នុងសប្តាហ៍កន្លងទៅរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបញ្ចប់វត្តមានកងទ័ពរបស់ខ្លួននៅ អាហ្វហ្គានីស្ថាននៅថ្ងៃទី ៣១ ខែសីហា ឆ្នាំនេះ។

តាមបទបញ្ជារបស់ប្រធានាធិបតីអាមេរិកលោក George W. Bush នោះ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០០១ ពោលគឺមិនលើលពី ១ ខែ ក្រោយពីករណីភេរវកម្មនាថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ នោះ កងទ័ពអាមេរិកបានបំផុសការវាយប្រការតាមជើងអាកាសទៅលើអាហ្វហ្គានីស្ថាន ដែលត្រូវបានតាលីបង់គ្រប់គ្រង ក្នុងយុទ្ធនាការដែលមានឈ្មោះថា “សេរីភាពស្ថិតស្ថេរ” ដោយបើកការធ្វើសង្រ្គាមដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើបផងដែរ៕

ប្រតិកម្មទៅវិញ