អភិវឌ្ឍវប្បធម៌ និងមនុស្ស ដើម្បីបង្កើនកម្លាំងពលំផ្ទៃក្នុងរបស់ប្រទេសជាតិ

Chia sẻ
(VOVWORLD) - ជ្រួតជ្រាបសតិអារម្មណ៍ “វប្បធម៌បំភ្លឺផ្លូវសម្រាប់ជាតិ” ក្នុងដំណើរការដឹកនាំបដិវត្តន៍មក បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍវប្បធម៌ និងមនុស្ស។ 
អភិវឌ្ឍវប្បធម៌ និងមនុស្ស ដើម្បីបង្កើនកម្លាំងពលំផ្ទៃក្នុងរបស់ប្រទេសជាតិ - ảnh 1លោក Nguyen Toan Thang អតីតប្រធានវិទ្យាស្ថានវប្បធម៌ និងអភិវឌ្ឍន៍ នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ។ រូបថត៖ tapchixaydung.vn

ដោយអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ស្តីពីការកសាងនិ ងអភិវឌ្ឍន៍វប្បធម៌ និងមនុស្ស វៀតណាមកំពុងបន្តកសាងប្រព័ន្ធតម្លៃវប្បធម៌ និងមនុស្សក្នុងសម័យកាលថ្មី សំដៅបង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញប្រទេសជាតិអភិវឌ្ឍន៍សម្បូរធូធារ វិបុលភាព និងសុភមង្គល។ 

និយាយអំពីការអភិវឌ្ឍវប្បធម៌ ក៏ជាការនិយាយអំពីការអភិវឌ្ឍមនុស្សដែរ។ ជាក់ស្ដែង គឺការអភិវឌ្ឍប្រភពកម្លាំងមនុស្ស ដែលជាម្ចាស់កម្មវត្ថុបង្កើតវប្បធម៌ផងដែរ។ មតិរបស់អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ លោកបណ្ឌិត Ngo Vuong Anh បានបង្ហាញថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍមនុស្ស និងការអភិវឌ្ឍវប្បធម៌។ ក្នុងសុន្ទរកថារបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងសន្និសីទវប្បធម៌ទូទាំងប្រទេសនាខែវិច្ឆិកា ឆ្នាំ ២០២១ នោះ តត្តាដ៏សំខាន់ដែលត្រូវបានលើកឡើងគឺការកសាងប្រព័ន្ធតម្លៃវប្បធម៌ក្នុងសម័យកាលថ្មី។ បេសកកម្មរបស់វប្បធម៌គឺបំភ្លឺផ្លូវជាតិ។ វប្បធម៌គងវង្ស គឺប្រជាជាតិគងវង្ស។ លោក Nguyen Toan Thang អតីតប្រធានវិទ្យាស្ថានវប្បធម៌ និងអភិវឌ្ឍន៍ នៃបណ្ឌិតសភានយោបាយជាតិហូជីមិញបានមានប្រសាសន៍ថា៖ “យើងត្រូវចងចាំថា ដើម្បីមានវប្បធម៌គឺ យើងត្រូវអប់រំប្រពៃណីដល់យុវជនជំនាន់ក្រោយ យើងត្រូវយល់ដឹងអំពីប្រជាជាតិយើង ពោលគឺជាប្រជាជាតិមួយ ដែលមានប្រពៃណីវប្បធម៌ យើងមានស្មារតីមេត្តាករុណាវប្បធម៌ ។យើងបានបើកចិត្តយ៉ាងទូលាយជាមួយមិត្តភក្តិអន្តរជាតិ យើងបានផ្លាស់ប្តូរ និងធ្វើសមាហរណកម្មជាមួយពិភពលោក យើងបានសិក្សារៀនសូត្ររាល់ដួងព្រលឹងតម្លៃរបស់មនុស្សជាតិ ដើម្បីលើកកំពស់វប្បធម៌វៀតណាម។ យើងត្រូវតែមានខឿនអប់រំល្អ ត្រូវតែរួមបញ្ជូលគ្នារវាងការបង្រៀនអក្ស និងការបង្រៀនមនុស្ស ពោលគឺមិនត្រឹមតែបង្រៀនចំណេះដឹងវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវរៀនជាមនុស្សជាមុនសិន”។

អភិវឌ្ឍវប្បធម៌ និងមនុស្ស ដើម្បីបង្កើនកម្លាំងពលំផ្ទៃក្នុងរបស់ប្រទេសជាតិ - ảnh 2សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Hien នាយករងវិទ្យាស្ថានវប្បធម៌ និងសិល្បៈ
ជាតិវៀតណាម

ចំណុចសំខាន់ៗនៃការអភិវឌ្ឍវប្បធម៌គឺការកសាងមនុស្សឱ្យមានវប្បធម៌ ចេះគោរពប្រវត្តិសាស្រ្ត យល់ដឹង និងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លា ហើយមានមោទនភាពជាតិ និងសេចក្តីប្រាថ្នាឈានឡើង។ លោកសាស្ត្រាចារ្យរងបណ្ឌិត Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងអប់រំ នៃរដ្ឋសភានីតិកាលទី ១៥ បានចាត់ទុកថា ការកសាងប្រព័ន្ធតម្លៃវប្បធម៌មិនត្រឹមតែផ្អែកលើមូលដ្ឋានគ្រឹះនៃតម្លៃប្រពៃណី វប្បធម៌ និងមនុស្សវៀតណាម ដែលបានហាត់ពត់លត់ដំអស់រយៈពេលរាប់ពាន់ឆ្នាំនៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងត្រូវផ្សារភ្ជាប់ជាមួយតម្រូវការអភិវឌ្ឍន៍ សមាហរណកម្ម ការពារមាតុភូមិនាបច្ចុប្បន្ននេះទៀតផង។ ជាពិសេស ប្រព័ន្ធតម្លៃវប្បធម៌ចាំបាច់ត្រូវលើកតម្កើងតម្លៃប្រជាធិបតេយ្យ និងតម្លៃច្នៃប្រឌិតរបស់ប្រជាជន៖ “ការអភិវឌ្ឍន៍វប្បធម៌ចាំបាច់ត្រូវផ្អែកលើសិទ្ធិវប្បធម៌របស់ប្រជាជន សិទ្ធិទទួលបានភាពច្នៃប្រឌិត និងការគោរពភាពសម្បូរបែបក្នុងការទទួលវប្បធម៌របស់ប្រជាជន។ ដូច្នេះហើយ គោលដៅរបស់យើងគឺអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ត្រូវដើរទន្ទឹមនឹងការសុក្រិតទីផ្សារវប្បធម៌។ ប្រការទាំងនេះបានបង្ហាញពីនិន្នាការរបស់យើងគឺ យកចិត្តទុកដាក់ដល់វប្បធម៌ច្រើនជាង និងរបៀបដែលយើងនឹងអភិវឌ្ឍន៍វប្បធម៌នារយៈពេលខាងមុខ។ ជាក់ស្ដែង យើងបានគោរព និងពង្រីកភាពសម្បូរបែប ដែលមានស្រាប់របស់វប្បធម៌វៀតណាម ហើយតាមរយៈភាពសម្បូរបែបដូច្នេះ យើងបានបង្កើតកម្លាំងពលំសម្រាប់ប្រទេសជាតិនារយៈពេលខាងមុខផងដែរ”។

ក្នុងសន្និសីទវប្បធម៌ទូទាំងប្រទេសកាលពីខែវិច្ឆិកាកន្លងទៅ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកឡើងអំពីកត្តាដ៏សំខាន់ទាំង ៤ រួមមាន៖ ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងសម័យកាលថ្មី។ ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់របស់វៀតណាមកំពុងលើកកម្ពស់ការយល់ដឹងរបស់បក្សទាំងមូល ប្រជាជនទាំងមូល ព្រមទាំងលើកឡើងដំណោះស្រាយជាច្រើនក្នុងការកសាងកត្តាទាំងនេះ។ តាមនោះជួយស្រាយបំភ្លឺថែមទៀតនូវទស្សនៈ “វប្បធម៌បំភ្លឺផ្លូវជាតិ” និង “វប្បធម៌គងវង្ស ជាតិគងវង្ស” ក៏ដូចជាពង្រីកតម្លៃវប្បធម៌ និងមនុស្សវៀតណាម បង្កើតកម្លាំងពលំផ្ទៃក្នុង ដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ