វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន

Chia sẻ
(VOVWORLD) - វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) ដែលជាគំនិតផ្តួចផ្តើមរបស់វៀតណាមជាលើកដំបូងបានប្រព្រឹត្តិទៅនាថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ។ ដោយប្រធានបទ “កសាងសហគមន៍អាស៊ានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងយកប្រជាជនជាមជ្ឈភាព” វេទិកានេះមានគោលបំណងស្វែងរកដំណោះស្រាយសម្រាប់អនាគតរបស់អាស៊ានក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន។ វេទិកានេះបានបង្ហាញពីតួនាទីយ៉ាងសកម្មរបស់វៀតណាមក្នុងដំណើរកសាងសហគមន៍អាស៊ានដែលឆ្ពោះទៅប្រជាជន។
វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន - ảnh 1វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) (រូបថត៖ VOV)

បន្ទាប់ពីឆ្លងកាត់រយៈពេលជិត ៦ ទសវត្សរ៍នៃការបង្កើត និងអភិវឌ្ឍន៍ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងត្រៀមឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី  បន្ទាប់ពីសម្រេចរួចរាល់ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ក្នុងបរិបទ ដែលពិភពលោកនឹងតំបន់កំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ប្រទេសជាសមាជិកអាស៊ានខ្លួនឯងក៏កំពុងឈរនៅចំពោះមុខជម្រើស និងសំណួរផ្សេងៗគ្នាជាច្រើន៖ "តើធ្វើដូចម្តេចដើម្បីរក្សាមជ្ឈភាព និងសម្របខ្លួនទៅនឹងការប្រែប្រួលក្នុងតំបន់ និងពិភពលោក?" តើធ្វើយ៉ាងដូចម្តេចដើម្បីមានតុល្យភាព និងការចុះសម្រុងគ្នារាល់ការយកចិត្តទុកដាក់ និងផលប្រយោជន៍របស់ប្រទេសជាសមាជិកនានា? តើធ្វើដូចម្តេចដើម្បីមានតុល្យភាពរវាងការផ្លាស់ប្ដូរថ្មី និងការអភិរក្សរាល់តម្លៃស្នូលរបស់អាស៊ាន?”។

ក្នុងបរិបទនោះ គំនិតផ្តួចផ្តើមវេទិកាអនាគតអាស៊ាន (AFF) ដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់វៀតណាម សំដៅបង្កើតវេទិកាពិភាក្សា និងស្វែងរកចម្លើយចំពោះសំណួរដូចដែលបានពោលខាងលើ។

វេទិកាបើកចំហ ចែករំលែកទស្សនៈជាច្រើន រួមចំណែកបង្កើតរូបរាងសម្រាប់អនាគតអាស៊ាន

ដោយមានប្រធានបទ "ការកសាងសហគមន៍អាស៊ានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងយកប្រជាជនជាមជ្ឈភាព" វេទិកាអនាគតអាស៊ាន គឺជាកាណាល់ផ្ដល់គំនិតផ្ដួចផ្ដើម សម្រាប់ដំណើរការកសាងចក្ខុវិស័យអាស៊ានដល់ឆ្នាំ ២០៤៥ រួមវិភាគទានជាសម្លេងនៃតំបន់ទៅក្នុងការខិតខំប្រឹងប្រែងតម្រង់ទិសដៅអភិវឌ្ឍន៍អនាគតរបស់ពិភពលោក។ អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានសង្កត់ធ្ងន់លើអត្ថន័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ៖

“នេះគឺជាព្រឹត្តិការណ៍ពហុភាគីដ៏ធំបំផុតដែលវៀតណាមធ្វើជាម្ចាស់ផ្ទះហើយនេះក៏ជាគំនិតផ្តួចផ្តើមដែលនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ គំនិតផ្ដួចផ្ដើមបានបង្ហាញពីភាពម្ចាស់ការយ៉ាងសកម្មរបស់វៀតណាម និងគោលបំណងចង់រួមវិភាគទានយ៉ាងសកម្មជាងសម្រាប់កិច្ចសហប្រតិបត្តិការតំបន់ ព្រមទាំងគោលបំណងចង់ពង្រីកតួនាទីដឹកនាំ តួនាទីស្នូលក្នុងកិច្ចសហប្រតិបត្តិតំបន់ និង និងពិភពលោករបស់វៀតណាម”។

វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន - ảnh 2អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet (រូបថត៖ ក្រសួងការបរទេស)

គួរកត់សម្គាល់ថា វេទិកាអនាគតអាស៊ាន មានការចូលរួមរបស់គ្រប់មជ្ឈដ្ឋាន រួមមានថ្នាក់ដឹកនាំអាស៊ាន ដៃគូនានា តំណាងអង្គការអន្តរជាតិ អង្គការស៊ីវិល សង្គម អ្នកប្រាជ្ញជួរមុខក្នុងតំបន់ និងពិភពលោក ស្ត្រី និងយុវជន។ តាមនោះ ចែករំលែកបញ្ហា ទស្សនវិស័យជាច្រើន រួមចំណែកកំណត់ទីតាំងតំបន់អាស៊ាន ក្នុងបរិបទបច្ចុប្បន្ន។

ដោយមានអ្នកចូលរួមចម្រុះ ហើយមានលក្ខណៈបើកចំហ វេទិការួមចំណែកជំរុញអន្តរកម្មពហុវិស័យ បង្កើតឱកាសសម្រាប់ប្រជាជនចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងដំណើរការរបស់អាស៊ាន មិត្តភក្តិ និងដៃគូឱ្យយល់ដឹងកាន់តែច្បាស់លាស់អំពីអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការ និងតភ្ជាប់កាន់តែទូលំទូលាយ និងជាក់ស្ដែងជាងជាមួយអាស៊ាន។ ដោយសង្កត់ធ្ងន់លើចំណុចថ្មីក្នុងវេទិកានេះ លោកស្រីបណ្ឌិត Pham Lan Dung នាយិកាស្តីទីវិទ្យាស្ថានការទូត (ក្រសួងការបរទេស) បានបញ្ជាក់ថា៖

“វេទិការគឺជាចំណុចប្រសព្វរវាងអ្នកនយោបាយជាមួយអ្នកប្រាជ្ញ ធុរជនគ្រប់ជាន់ថ្នាក់ និងយុវជនជំនាន់ក្រោយ។ យើងទាំងអស់គ្នាសុទ្ធតែបានដឹងថា តួនាទីរបស់អ្នកប្រាជ្ញចំពោះសកម្មភាពរបស់អាស៊ានត្រូវបានអនុវត្តន៍តាំងពីយូរណាស់មកហើយ។ នៅទីនេះ យើងខ្ញុំរំពឹងថា សំណើនិងគំនិតផ្តួចផ្តើមជាច្រើនដែលត្រូវបានលើកឡើងនឹងរួមចំណែកដល់ការបង្កើតគោលនយោបាយអាស៊ាននិយាយរួម។ ក្នុងឆ្នាំ២០២៥ អាស៊ានក៏នឹងកសាង ផែនទីបង្ហាញផ្លូវមួយ ផែនការសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ហើយខ្ញុំមានគោលបំណងថាវេទិកាឆ្នាំ ២០២៤នេះនឹងរួមវិភាគទានដល់ដំណើរការនេះផងដែរ”។

វៀតណាមសកម្មកំណត់អនាគតរបស់អស៊ាន

ចាប់តាំងពីពេលក្លាយទៅជាសមាជិកផ្លូវការរបស់អាស៊ាន វៀតណាមគឺជាសមាជិកដ៏សកម្ម ដោយបានរួមចំណែកសំខាន់ៗជាច្រើនដល់អាស៊ាន។ នាបច្ចុប្បន្ន វៀតណាមតែងតែជាប្រទេសជួរមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាស៊ានកំពុងប្រឈមមុខ។ វាយតម្លៃអំពីការចូលរួម និងរួមវិភាគទានរបស់វៀតណាមក្នុងអាស៊ាន អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានអះអាងថា៖

“ទោះបីស្ថិតតក្នុងមុខតំណែងជាប្រធានអាស៊ាន អនុវត្តន៍បេសកកម្មក្នុងលេខាធិការដ្ឋានអាស៊ាន ឬជាប្រទេសសម្របសម្រួលជាមួយដៃគូសន្ទនា វៀតណាមតែងតែជាសមាជិកសកម្ម។ នៅវេទិកាអន្តរជាតិ វៀតណាមក៏តែងតែលើកកំពស់ផលប្រយោជន៍របស់ប្រទេសជាសមាជិកអាស៊ានផងដែរ។ អាចនិយាយបានថា វៀតណាមតែងតែជាសមាជិកសកម្ម ម្ចាស់ការ រួមចំណែកយ៉ាងធំធេងដល់អាស៊ានផងដែរ”។

វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤ បានពិភាក្សាអំពីខ្លឹមសារសម្បូរបែបជាច្រើន ដោយមានការចូលរួមរបស់មជ្ឈដ្ឋានជាច្រើន ហើយបន្តតួនាទីដ៏សកម្មរបស់វៀតណាមក្នុងអាស៊ាន។ តាមរយៈវេទិកានេះ វៀតណាម និងបណ្តាប្រទេសជាសមាជិកបានខិតខំប្រឹងប្រែងកំណត់ទីតាំងឡើងវិញនូវមជ្ឈភាពរបស់អាស៊ាន ចាប់យកឱកាសអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល និងកសាងសហគមន៍អាស៊ានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចរីភាព ហើយប្រជាជនជាមជ្ឈភាព៕


ប្រតិកម្មទៅវិញ