អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព

Chia sẻ
(VOVWORLD) - ពាណិជ្ជកម្មអេឡិចត្រូនិកកំពុងជាវិស័យមួយក្នុងចំណោមវិស័យអាទិភាពនៃខឿនសេដ្ឋកិច្ចឌីជីថលបង្កើតកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាម។ ក្នុងសន្និសីទស្ដីពីការជំរុញខ្លាំងការតភ្ជាប់ ចែករំលែកទិន្នន័យ បម្រើដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងពន្ធ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយនាថ្ងៃទី ១០ មិថុនា កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើរឲ្យក្រសួង ស្ថាប័ន និងតំបន់នានាបន្តជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក នាំមកនូវអត្ថប្រយោជន៍ជាក់ស្ដែង ដល់ប្រជាជន និងអាជីវកម្ម។
អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព - ảnh 1ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាផ្នែកមួយនៃវិស័យឈានមុខគេនៃសេដ្ឋកិច្ចឌីជីថល។ រូបថតឯកសារ៖ VNA

ក្នុងឆ្នាំ ២០២៣ ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមមានទំហំប្រមាណ ២០.៥ ពាន់លានដុល្លារអាមេរិក ហើយនឹងសម្រេចបាន ៣០.៥ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៥ ខាងមុខ។ វៀតណាមត្រូវបានកំណត់ថាជាប្រទេសដែលមានកំណើន ពាណិជ្ជកម្មអេឡិចត្រូនិកលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការផ្លាស់ប្តូរជាវិជ្ជមានក្នុងពាណិជ្ជកម្មអេឡិចត្រូនិក

ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមកំពុងឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយបានក្លាយទៅជាធាតុផ្សំដ៏សំខាន់នៃខឿនសេដ្ឋកិច្ចឌីជីថលនៅវៀតណាម។ប្រាក់ចំណូលពាណិជ្ជកម្មអេឡិចត្រូនិកលក់រាយមានកំណើនជាមធ្យមប្រហែល ២០% ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ នាំវៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានល្បឿនកំណើនពាណិជ្ជកម្មអេឡិចត្រូនិកលឿនបំផុតក្នុងតំបន់ និងនៅលើពិភពលោក។

ក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះ ប្រាក់ចំណូលសរុបនៅតាមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតទាំង ៥ នៅវៀតណាម រួមមាន៖ Shopee, Lazada, Tiki, Sendo, TikTok Shop សម្រេចបានប្រមាណ ៧១.២ ពាន់ពាន់លានដុង (ប្រហែល ២.៨ ពាន់លានដុល្លារអាមេរិក) កើន ៧៨.៦៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គេបានប៉ាន់ប្រមាណថាផលិតផលជិត ៧៧០ លានមុខត្រូវបានបញ្ចេញលក់។ ទន្ទឹមនឹងកំណើនអំពីប្រាក់ចំណូល និងបរិមាណលក់ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ក៏បានតត់សម្គាល់តួរលេខជាវិជ្ជមាន ជាមួយបរិមាណអ្នកលក់ដែលទទួលបានល្បឿនបញ្ជាទិញកើនឡើងវិជ្ជមាន។ យោងតាម Metric - មូលដ្ឋានគ្រឹះទិន្នន័យអំពីពាណិជ្ជកម្មអេឡិចត្រូនិក បានឲ្យដឹងថា នេះគឺជាកម្រិតកំណើន វិជ្ជមានដែលទទួលបានលើសពីការរំពឹងទុក។ មុននោះ យោងតាមការព្យាករណ៍ជាច្រើនចាប់ពីចុងឆ្នាំ ២០២៣ បានឲ្យដឹងថា កម្រិតកំណើនក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំមុនគឺត្រឹមតែ ៣៥% តែប៉ុណ្ណោះ។ បន្តសន្ទុះកំណើននៃត្រីមាសទី ១ គេព្យាករណ៍ថា ក្នុងត្រីមាសទី ២ ឆ្នាំនេះ ប្រាក់ចំណូលសរុបនៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកទាំង ៥ នឹងសម្រេចបាន ៨៤.៨៧ លានលានដុង  (ជាង ៣.៣ ពាន់លានដុល្លារអាមេរិក) កើនជាង ១៩% បើធៀបនឹងត្រីមាសមុន។

 ក្នុងពេលនោះ អាជីវកម្មនានាក្នុងតំបន់ក៏មានការបោះជំហានយ៉ាងខ្លាំងក្លាផងដែរ។ ប្រាក់ចំណូលសរុប និងបរិមាណទំនិញលក់ របស់តំបន់នានាសុទ្ធតែមានកំណើនជាង ៥០%។ ប្រការនេះបានសរឲ្យឃើញថា ពាណិជ្ជកម្មអេឡិចត្រូនិកលែងជាទីលានលេងដាច់ដោយឡែកសម្រាប់អាជីវកម្មនៅតាមទិក្រុងធំៗទៀតហើយ ពោលគឺមាននិន្នាការពង្រីកឥទ្ធិពលទៅកាន់ខេត្ត ក្រុងនានាទៀតផង។ លោក Nguyen Van Thanh នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក នៃនាយកដ្ឋាន ពាណិជ្ជកម្មអេឡិចត្រូនិក និង សេដ្ឋកិច្ចឌីជីថល នៃក្រសួងឧស្សាហពាណិជ្ជកម្មបានមានប្រសាសន៍ថា៖

“ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមនិយាយរួម និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិយាយដោយឡែកគឺជាទីលានលេងដែលមានអត្ថប្រយោជន៍សមស្របនឹងនិន្នាការអភិវឌ្ឍន៍នៅលើពិភពលោក។ យើងចាំបាច់ត្រូវជំរុញខ្លាំងរាល់សកម្មភាព និងចូលរួមតាមរយៈវេទិកានានា  ដើម្បីបង្កើនផលិតផលនាំចូលពីវៀតណាម។ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនអាចជួយអ្នកផលិតដោយផ្ទាល់ និងអ្នកផលិតទ្រង់ទ្រាយតូចចូលរួមនាំចេញដោយផ្ទាល់ផងដែរ”។

អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ រូបថត៖ VOV

ជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក

រាល់លទ្ធផលដែលពាណិជ្ជកម្មអេឡិចត្រូនិកសម្រេចបានក្នុងរយៈពេលកន្លងទៅ គឺដោយសាររដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីបានចេញផ្សារយគោលនយោបាយ និងបទប្បញ្ញត្តិជាច្រើន ហើយដឹកនាំ សម្របសម្រួលយ៉ាងប្ដូរផ្ដាច់ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋចំពោះសកម្មភាពពាណិជ្ជកម្ម និងអាជីវកម្មលើមូលដ្ឋានគ្រឹះដីជីថល។ តាមនោះ ជំរុញការប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិកយ៉ាងទូលំទូលាយក្នុងអាជីវកម្ម និងសហគមន៍ កសាងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកតម្លាភាព មានលក្ខណៈប្រកួតប្រជែង និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនាពេលខាងមុខ។ ដើម្បីបន្តជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកនាពេលខាងមុខ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានលើកសំណើថា៖

“យើងត្រូវវិនិយោគ ដឹកនាំ រៀបចំអនុវត្តន៍សុក្រិតស្ថាប័ន បង្កើតចលនា បង្កើតនិន្នាការដើម្បីអនុវត្តន៍។ ទន្ទឹមនឹងនោះ ដឹកនាំ សម្របសម្រួល និងរៀបចំអនុវត្តន៍សមកាលកម្ម ប្រកបដោយភាពបត់បែន កំណត់យ៉ាងច្បាស់លាស់នូវអាទិភាព និងចំណុចសំខាន់ៗ។ ចាំបាច់ត្រូវជំរុញខ្លាំងការកសាង និងសុក្រិតច្រករបៀងផ្លូវច្បាប់ យន្តការ គោលនយោបាយ សាកពិសោធន៍គំរូថ្មីក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង និងនិន្នាការអភិវឌ្ឍន៍។ លើសពីនេះ ត្រូវយកប្រជាជន និងអាជីវកម្មជាម្ចាស់កម្មវត្ថុជាមជ្ឈមណ្ឌល សម្រាប់ប្រជាជននិងសហគ្រាសទទួលសមិទ្ធិផលពីពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ”។

ក្នុងបរិបទដែលវៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយខឿនសេដ្ឋកិច្ច ពិភព លោក រួមជាមួយនឹងឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី និន្នាការផ្លាស់ប្ដូរពីអាជីវកម្មបែបប្រពៃណីទៅជាពាណិជ្ជកម្មអេឡិចត្រូនិក ដែលត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ជួយអាជីវកម្មជ្រៀតចូល និងពង្រីកទីផ្សារនាំចេញ៕   

ប្រតិកម្មទៅវិញ