សហគមន៍អន្តរជាតិវាយតម្លៃសុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៤

Chia sẻ
(VOVWORLD) - ដោយផ្អែកលើសន្ទុះងើបឡើងវិញយ៉ាងច្បាស់លាស់នៃសេដ្ឋកិច្ចវៀតណាម រួមជាមួយនឹងសញ្ញាវិជ្ជមានចាប់ពីខែដំបូងនៃឆ្នាំ ២០២៤ អង្គការអន្តរជាតិ និងអ្នកជំនាញជាច្រើនបានវាយតម្លៃថា វៀតណាមនៅតែជាចំណុចភ្លឺនៃសេដ្ឋកិច្ចហើយឆ្នាំ ២០២៤ អាចក្លាយជាឆ្នាំនៃការលោតផ្លោះសម្រាប់សេដ្ឋកិច្ចវៀតណាម។

ក្នុងបរិបទដែលសេដ្ឋកិច្ចសកលប្រឈមមុខនឹងការលំបាកជាច្រើន បើទោះបីជាកំណើន GDP របស់វៀតណាមមិនសម្រេចបានគោលដៅក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏វានៅតែជាការកម្រិតកំណើនគួរឲ្យចាប់អារម្មណ៍ ហើយចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២៣ សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាមកាន់តែច្បាស់។

សុទិដ្ឋិនិយមចំពោះសន្ទស្សន៍កំណើន GDP របស់វៀតណាម

នាពេលថ្មីៗនេះ អង្គការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកលបានផ្តល់ការវាយតម្លៃសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៤។

ធនាគារ Standard Chartered បានព្យាករណ៍ថា កំណើន GDP របស់វៀតណាមអាចសម្រេចបាន ៦,៧% ក្នុងឆ្នាំនេះ។ យោងតាមរបាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ី ចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងខែមករា ឆ្នាំ ២០២៤ ADB បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៤ នឹងមានកម្រិត ៦%។ ធនាគារ UOB ក៏បានព្យាករផងដែរថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងមានកម្រិត ៦% ក្នុងឆ្នាំនេះ។ ការនាំចេញ និងទាក់ទាញ FDI នឹងក្លាយជាកម្លាំងចលករស្នូលសម្រាប់កំណើនរបស់វៀតណាម ព្រមទាំងបញ្ជាក់ថា វៀតណាមកំពុងមានឋានៈល្អដើម្បីបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារព័ត៌មាន Bloomberg (សហរដ្ឋអាមេរិក) បានធ្វើការស្ទង់មតិ ហើយផ្ដល់ការព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមអាចកើនឡើងក្នុងកម្រិត ៦% ក្នុងឆ្នាំ ២០២៤ និង៦,៤% ក្នុងឆ្នាំ ២០២៥។ មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា GDP របស់វៀតណាមក្នុងឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងកើនឡើង ៥,៨% ជាប់ចំណាត់ថ្នាក់ទីពីរក្នុងតំបន់។

សញ្ញាវិជ្ជមាន

យោងតាមតួរលេខដែលបានចេញផ្សាយនៅចុងខែមករាដោយអគ្គនាយកដ្ឋានស្ថិតិ វៀតណាមបានកត់ត្រាសញ្ញាវិជ្ជមាននៅក្នុងសូចនាករអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើនក្នុងខែដំបូងនៃឆ្នាំ ២០២៤ ជាពិសេសការទាក់ទាញទុនវិនិយោគបរទេស (FDI) សម្រេចបានជាង ២,៣៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៤០,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះដើមទុនចុះបញ្ជីថ្មីបានកើនឡើងយ៉ាងខ្លាំងជាមួយនឹងគម្រោងថ្មីចំនួន ១៩០ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីវិនិយោគ។ ការកើនឡើងនៃចំនួនគម្រោង ជាពិសេសគម្រោងខ្នាតធំ (ជាង ៦០០ លានដុល្លារ) គឺជាកត្តាចម្បងមួយដែលជំរុញការកើនឡើងយ៉ាងខ្លាំងនៃទុនវិនិយោគបរទេស។ ទន្ទឹមនឹងនេះ ដើមទុនដែលបានបញ្ចេញក៏មានសញ្ញាវិជ្ជមានផងដែរ ដោយសម្រេចបាន ១,៤៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៩,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សហគមន៍អន្តរជាតិវាយតម្លៃសុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៤ - ảnh 1លោក Budiarsa Sastrawinata ប្រធានសម្ព័ន្ធក្រុមហ៊ុន Ciputra។ (រូបថត៖ VNA)

វាយតម្លៃអំពីឱកាសវិនិយោគនៅវៀតណាម លោក Budiarsa Sastrawinata ប្រធានសម្ព័ន្ធក្រុមហ៊ុន Ciputra បានចាត់ទុកថា៖

“បច្ចុប្បន្ន វៀតណាមមានសក្តានុពលច្រើនសម្រាប់វិនិយោគិន។ វៀតណាមមានចំនួនប្រជាជនធំគួរសមក្នុងអាស៊ាន។ វៀតណាមក៏មានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ជាពិសេសនាពេលថ្មីៗនេះ បានក្លាយជាខឿនសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងអាស៊ាន។ ទាំងនេះគឺជាលក្ខខណ្ឌដែលវិនិយោគិនណាមួយក៏ចង់បាន។ បច្ចុប្បន្ន Ciputra ក៏បានពិចារណាលើគម្រោងសហប្រតិបត្តិការវិនិយោគថ្មីនៅវៀតណាមផងដែរ”។

សហគមន៍អន្តរជាតិវាយតម្លៃសុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៤ - ảnh 2អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។ (រូបថត៖ VNA)

ម៉ាក្រូសេដ្ឋកិច្ចនៅតែមានស្ថិរភាព គោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុមានប្រសិទ្ធភាព ហើយកសិកម្មនៅតែជា “ជើងទម្រ” នៃសេដ្ឋកិច្ច។ ផ្នែកសេវាកម្មកំពុងងើបឡើងវិញជាបណ្តើរៗ ជាមួយនឹងចំណុចភ្លឺគឺសកម្មភាពទេសចរណ៍។ លើសពីនេះទៀត សកម្មភាពឧស្សាហកម្មបានងើបឡើងវិញបន្តិចម្តងៗផងដែរ ដែលសន្ទស្សន៍ផលិតកម្មឧស្សាហកម្មមាននិន្នាការកើនឡើងម្តងទៀត។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែងជំរុញខ្លាំងការបញ្ចេញទុនវិនិយោគសាធារណៈ។ ទាំងនេះគឺជាកត្តាដែលអង្គការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកល ក៏ដូចជាវិនិយោគិនបរទេស វាយតម្លៃសុទិដ្ឋិនិយមអំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ និងរយៈពេលខាងមុខ។ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន មានប្រសាសន៍ថា៖

“វៀតណាមកំពុងឆ្លៀតយកប្រៀបខ្លាំងទាំងអស់នៃស្ថានភាពបច្ចុប្បន្ន ហើយអ្នកមានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ កត្តាស្ថិរភាពមានសារៈសំខាន់ណាស់សម្រាប់វិនិយោគិន ហើយនេះជាប្រៀបខ្លាំងមួយរបស់វៀតណាម។ វៀតណាមក៏មានក្បាលម៉ាស៊ីនដឹកនាំប្រកបដោយប្រសិទ្ធភាពផងដែរ។ ជាមួយនឹងលក្ខខណ្ឌទាំងនេះ ខ្ញុំឃើញថា វៀតណាមកំពុងឆ្លៀតយកប្រៀបខ្លាំងរបស់ខ្លួន ដើម្បីមិនត្រឹមតែទាក់ទាញការវិនិយោគបរទេសប៉ុណ្ណោះទេ ថែមទាំងជំរុញទីផ្សារនាំចេញទៀតផង។ វៀតណាមមានទីផ្សារនាំចេញដ៏មានសក្តានុពលជាច្រើនដូចជា អាមេរិក ចិន កូរ៉េខាងត្បូង អឺរ៉ុប... ហើយការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារខាងក្រៅក៏មានទំហំធំផងដែរ”។

ដោយជំនះលើការលំបាក និងបញ្ហាប្រឈមនៃសេដ្ឋកិច្ចអន្តរជាតិ និងក្នុងស្រុក សេដ្ឋកិច្ចវៀតណាមបានបង្ហាញយ៉ាងច្បាស់នូវសន្ទុះងើបឡើងវិញនៃកំណើន។ ធ្វើពិពិធកម្មទីផ្សារនាំចេញ ធ្វើអាជីវកម្មកាន់តែប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា និងភាពជាដៃគូយុទ្ធសាស្រ្តដែលបានបង្កើតនាពេលថ្មីៗនេះ ហើយជំរុញការបញ្ចេញទុនវិនិយោគសាធារណៈប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ធ្វើអាជីវកម្មកាន់តែប្រសើរឡើងនូវកម្លាំងចលករថ្មីសម្រាប់កំណើនដែលទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា កំណើនបៃតង និងការផ្លាស់ប្ដូរថាមពល; ការបង្កើនផលិតភាពការងារ ជំរុញការកែទម្រង់ស្ថាប័នសេដ្ឋកិច្ច និងបរិយាកាសវិនិយោគធុរកិច្ច... នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឲ្យសេដ្ឋកិច្ចវៀតណាមពន្លឿនការអភិវឌ្ឍក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្ទាប់ៗ៕

ប្រតិកម្មទៅវិញ