សហគមន៍អន្តរជាតិខិតខំជំរុញដំណើរការផ្សះផ្សារវាងប៉ាឡេស្ទីន-អ៊ីស្រាអែល

Chia sẻ

(VOVWORLD) - នៅចំពោះមុខហានិភ័យនៃការផ្ទុះឡើងនៃអំពើហិង្សាដ៏ធ្ងន់ធ្ងររវាងជន ប៉ាឡេស្ទីន និងអ៊ីស្រាអែលនៅតំបន់ West Bank ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក សហគមន៍អន្តរជាតិមានការខិតខំប្រឹងប្រែងជាច្រើនក្រោមរូបភាពផ្សេងៗគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍ ជំរុញការផ្សះផ្សារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែលក្ខណៈស្មុគស្មាញនៃបញ្ហា និងបរិបទអន្តរជាតិមិនអំណោយផល កិច្ចខិតខំប្រឹងប្រែងអន្តរជាតិទាំងនោះត្រូវបានគេចាត់ទុកថា ត្រូវតែជំរុញយ៉ាងខ្លាំងក្លាបន្ថែមទៀត ទើបអាចបង្កើតឡើងការទម្លុះទម្លាយ ដើម្បីបើកឱកាសពិតប្រាកដសម្រាប់ការផ្សះផ្សាជម្លោះដ៏រ៉ាំរ៉ៃក្នុងអំឡុងពេលច្រើនទសវត្សរិ៍កន្លងមកនៅមជ្ឈិមបូព៌ា។

សហគមន៍អន្តរជាតិខិតខំជំរុញដំណើរការផ្សះផ្សារវាងប៉ាឡេស្ទីន-អ៊ីស្រាអែល - ảnh 1ការប៉ះទង្គិចគ្នារវាងជនប៉ាឡេស្ទីននិងជនអ៊ីស្រាអែលនៅតំបន់ Sheikh Jarrah នៃក្រុងហ្សេរុយសាឡឹមខាងកើត កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ AFP/VNA)

អំពើហឹង្សាដ៏បង្ហូរឈាមត្រូវបានកត់ត្រាជាបន្តបន្ទាប់នៅតំបន់ West Bank បន្ទាប់ពីការបង្ក្រាបរបស់កងទ័ពអ៊ីស្រាអែលនៅក្នុងទីក្រុង Nablus (West Bank) កាលពីថ្ងៃទី ២២ ខែកុម្ភៈ ដែលបានបណ្តាលឱ្យជនប៉ាឡេស្ទីនជាង ១០០ នាក់បានស្លាប់និងរងរបួស។ កិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីគ្រប់គ្រងស្ថានការណ៍ត្រូវបានធ្វើឡើង ប៉ុន្តែមិនទាន់នាំមកនូវប្រសិទ្ធភាពនៅឡើយ។

អំពើហឹង្សាដ៏បង្ហូរឈាម

ការប៉ះទង្គិចថ្មីគួរឱ្យកត់សម្គាល់បំផុតគឺនៅទីក្រុង Jenin កាលពីថ្ងៃទី ១៦ ខែមីនា នៅពេលដែលកងទ័ពអ៊ីស្រាអែលបានធ្វើការបង្ក្រាបនៅជំរុំជនភៀសខ្លួនក្នុងទីក្រុងក្រោមលេសដេញចាប់ខ្លួនជនសង្ស័យ។ ទូរទស្សន៍ Aljazeera ជាភាសាអារ៉ាប់បានរាយការណ៍ថា ការប៉ះទង្គិចគ្នាយ៉ាងសាហាវ បានផ្ទុះឡើងរវាងទាហានអ៊ីស្រាអែល និងខ្មាន់កាំភ្លើងប៉ាឡេស្ទីននៅក្នុងជំរុំជនភៀសខ្លួន ដែលធ្វើឲ្យជនប៉ាឡេស្ទីន ៤នាក់ស្លាប់ និង ២៣ នាក់ផ្សេងទៀតរងរបួស។ ក្នុងចំណោមអ្នកស្លាប់មានក្មេងម្នាក់ និងខ្មាន់កាំភ្លើងពីរនាក់។ ១០ថ្ងៃមុននោះ គឺនៅថ្ងៃទី៧ ខែមីនា កងទ័ពអ៊ីស្រាអែលក៏បានធ្វើការវាយឆ្មក់ទៅលើក្រុង Jenin ដោយហេតុផលដូចគ្នា ដែលបានធ្វើឲ្យជនប៉ាឡេស្ទីន ៦ នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ បន្ទាប់ពីការវាយឆ្មក់នេះ ការប្រយុទ្ធគ្នាតូចៗ បានបន្តកើតមានស្ទើរតែជារៀងរាល់ថ្ងៃនៅក្នុងទីក្រុង Jenin ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើនចំពោះទាំងជនស៊ីវិលនិងខ្មាន់កាំភ្លើងប៉ាឡេស្ទីនផងដែរ។

ក្រៅពី Jenin ការប៉ះទង្គិចគ្នាក្នុងទ្រង់ទ្រាយខុសៗគ្នាក៏ត្រូវបានកត់ត្រាជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រវាងកងទ័ពអ៊ីស្រាអែល និងជនប៉ាឡេស្ទីននៅទីតាំងផ្សេងៗគ្នានៅ West Bank ជាពិសេសនៅទីក្រុង Nablus។ យោងតាមអាជ្ញាធរប៉ាឡេស្ទីន កងទ័ពអ៊ីស្រាអែលកំពុងតែជំរុញខ្លាំងសកម្មភាពយោធាប្រឆាំងនឹងជនប៉ាឡេស្ទីននៅតំបន់ West Bank ក្នុងបរិបទដែលសហគមន៍អន្តរជាតិមិនទាន់ផ្ដល់ការយកចិត្តទុកដាក់ដ៏សមហេតុផលចំពោះចំណុចក្តៅគគុកនេះនៅឡើយ។ ក្នុងពេលជាមួយគ្នានោះ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននានា ដូចជាចលនាហាម៉ាស់អ៊ីស្លាម និងក្រុម Jihad បានប្រកាសថា នឹងបើកការវាយប្រហារសងសឹកយ៉ាងខ្លាំងនឹង "ទង្វើអរិភាព" របស់អ៊ីស្រាអែល។

តាមអ្នកសង្កេតការណ៍ក្នុងតំបន់និងអន្តរជាតិ អំពើហិង្សានៅតំបន់ West Bank គឺពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់។ ការប៉ះទង្គិចគ្នាដ៏សាហាវរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅតែបន្តកើតមាន ដោយមិនអើពើដល់ការខិតខំប្រឹងប្រែងជាច្រើនពីសហគមន៍អន្តរជាតិដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់អំពើហិង្សាក៏ដោយ។

បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងស្ថានការណ៍ ជំរុញការផ្សះផ្សារវាងប៉ាឡេស្ទីន-អ៊ីស្រាអែល

កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់ពិសេសស្តីពីអំពើហឹង្សានៅតំបន់ West Bank និងបានចេញសេចក្តីអំពាវនាវឱ្យកាត់បន្ថយភាពតានតឹង បញ្ឈប់ភ្លាមមួយរំពិចនូវ "សកម្មភាពដោយឯកតោភាគី" ដែលបណ្ដាលឲ្យភាពចលាចលកើនឡើងនៅក្នុងតំបន់។ មុននោះ នាថ្ងៃទី ២៥ ខែកុម្ភៈ តំណាងប៉ាឡេស្ទីននិងអ៊ីស្រាអែលក៏មានជំនួបដ៏កម្រមួយនៅទីក្រុង Aqaba ប្រទេសហ្ស៊កដានី ក្នុងនោះពួកគេបានយល់ព្រមសហការគ្នាផ្នែកសន្តិសុខ និងកាត់បន្ថយភាពតានតឹង។

ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីបំផុត នៅថ្ងៃទី ១៦ ខែមីនា ការិយាល័យអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា៖ ការប៉ះទង្គិចគ្នាដែលបានសម្លាប់ជនប៉ាឡេស្ទីន៤នាក់នៅទីក្រុង Jenin ក្នុងថ្ងៃតែមួយ គឺជាហេតុផលមួយទៀត ដែលបង្ហាញឲ្យឃើញថា ត្រុវតែជំរុញខ្លាំងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបញ្ឈប់អំពើហិង្សា និងចាប់ផ្តើមការចរចាសន្តិភាពឡើងវិញភ្លាមមួយរំពិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។ នៅថ្ងៃដដែល ទូរទស្សន៍ Aljazeera បានដកស្រង់សេចក្តីថ្លែងការណ៍របស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដោយសង្កត់ធ្ងន់ថា ប៉ាឡេស្ទីននិងអ៊ីស្រាអែលគួរតែចាប់ផ្តើមការចរចាសន្តិភាពឡើងវិញភ្លាមៗ បន្តដំណោះស្រាយរដ្ឋពីរ ហើយជៀសវាងដាច់ខាតនូវសកម្មភាពឯកតោភាគីដែលបណ្ដាលឲ្យភាពតានតឹងនិងអំពើហិង្សាកើនឡើង។

អង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ (AL) និងប្រទេសជាច្រើននៅមជ្ឈិមបូព៌ា និងអឺរ៉ុបក៏បានដាស់តឿនជាបន្តបន្ទាប់ឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីន ស្វែងរកវិធីបន្ធូរបន្ថយភាពតានតឹងនៅតំបន់ West Bank ដោយជៀសវាងឥរិយាបទដែលអាចធ្វើឱ្យអំពើហិង្សាកើនឡើង ដើម្បីជួយ សម្រួលដល់ការបន្តឡើងវិញនៃការចរចាសន្តិភាព។ នាពេលខាងមុខ ភាគីទាំងពីរត្រូវស្វែងរកវិធីដើម្បីអនុវត្តន៍ការសន្យាអំពីការកាត់បន្ថយភាពតានតឹងដែលបានព្រមព្រៀងគ្នានៅប្រទេសហ្ស៊កដានីកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីស្តារសណ្តាប់ធ្នាប់និងស្ថិរភាពឡើងវិញ៕

ប្រតិកម្មទៅវិញ