សុក្រិតរបៀបរបប គោលនយោបាយ និងធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌

Chia sẻ

(VOVWORLD) - បក្ស រដ្ឋ និងរដ្ឋាភិបាលតែងតែលើកតម្កើងតួនាទីនៃការអភិវឌ្ឍវប្បធម៌ ក្នុងការបម្រើការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ស្ថានភាពជាក់ស្តែងបានសរឲ្យឃើញថា សមិទ្ធិផលនៃការអភិវឌ្ឍវប្បធម៌បានរួមចំណែកយ៉ាងធំធេង និងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ ដែលបានក្លាយជាសសរស្តម្ភមួយនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ ការសុក្រិតរបៀបរបប គោលនយោបាយ និងប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌កាន់តែមានភាពចាំបាច់ ដែលទាមទារឱ្យមានការចូលរួមយ៉ាងខ្លាំងក្លា ពីស្ថាប័នគ្រប់គ្រងរដ្ឋ និងសង្គមទាំងមូល។

សុក្រិតរបៀបរបប គោលនយោបាយ និងធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌ - ảnh 1ការសម្តែងវប្បធម៌ និងសិល្បៈនៅទីក្រុងហាណូយ (រូបថត៖ Thanh Thao/Kinhtedothi.vn)

ថ្លែងមតិក្នុងសិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ “របៀបរបប គោលនយោបាយ និងប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌” នៅទីក្រុង Bac Ninh នាថ្ងៃទី ១៧ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាត់ទុកថា ក្នុងរយៈពេលកន្លងមក របៀបរបបអំពីវប្បធម៌តាមទស្សនៈរបស់បក្ស ត្រូវបានបង្កើតឡើងយ៉ាងខ្ជាប់ខ្ជួនក្នុងប្រព័ន្ធច្បាប់ ដោយបញ្ជាក់ថា បុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍វប្បធម៌ជារបស់ប្រជាជនទាំងមូល ដឹកនាំដោយបក្ស គ្រប់គ្រងដោយរដ្ឋ  ប្រជាជនជាម្ចាស់កម្មវត្ថុនៃការច្នៃប្រឌិតនិងជាអ្នកទទួលផល ហើយបញ្ញវន្ត និងសិល្បករមានតួនាទីសំខាន់។ គោលនយោបាយវប្បធម៌ជាច្រើនបានជះឥទ្ធិពលជាវិជ្ជមាន រួមចំណែកជំរុញការអភិវឌ្ឍវិស័យវប្បធម៌។ យ៉ាងណាមិញ ការបង្កើតរបៀបរបប និងគោលនយោបាយអភិវឌ្ឍន៍វប្បធម៌នៅមានកំហិត ហើយមិនទាន់ឆ្លើយតបតាមតម្រូវការ។

ភាពចាំបាច់នៃការសុក្រិតរបៀបរបរ និងគោលនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១៣ (ឆ្នាំ២០២១) បានកំណត់៖ ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ កសាងវប្បធម៌ជឿនលឿន បង្កប់នូវអត្តសញ្ញាណជាតិ ការអភិវឌ្ឍវប្បធម៌ពិតជាក្លាយទៅជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិនិងការការពារជាតិ។ ចំណុចលោតផ្លោះយុទ្ធសាស្ត្រមួយក្នុងដំណាក់កាលខាងមុខគឺត្រូវសុក្រិតរបៀបរបបគោលនយោបាយ បំផុសសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសប្រកបដោយវិបុលភាព និងសុភមង្គល ព្រមទាំងលើកកម្ពស់តម្លៃវប្បធម៌ និងកម្លាំងមនុស្សរបស់វៀតណាម។

ឈរលើស្មារតីនោះ ប្រធានរដ្ឋសភាបានអះអាងថា សុក្រិតរបៀបរបប  គោលនយោបាយ  ព្រមទាំងបើកទូលាយប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌ គឺជាដំណោះស្រាយដ៏សំខាន់មួយ រួមចំណែកដល់ការរស់ឡើងវិញ និងអភិវឌ្ឍន៍វប្បធម៌។  តាមនោះ អនុវត្តន៍ជាក់ស្តែង និងសម្រេចបាននូវគោលដៅនៃការពង្រឹងនិងអភិវឌ្ឍន៍វប្បធម៌ ស្របតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់នៅសន្និសីទទូទាំងប្រទេសលាតត្រដាងអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី ១៣។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “របៀបរបប និងគោលនយោបាយអំពីវប្បធម៌ត្រូវតែមានលក្ខណៈស្ថាបនាសម្រាប់ការពង្រឹងនិងការអភិវឌ្ឍន៍វប្បធម៌។ វប្បធម៌ត្រូវតែជាសសរស្តម្ភមួយនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ត្រូវដោះស្រាយឲ្យបាននូវទំនាក់ទំនងរវាងកត្តាជនជាតិ និងកត្តាអន្តរជាតិ បន្ទាប់មករវាងកត្តាប្រពៃណី និងទំនើប និងរវាងវប្បធម៌ប្រជាប្រិយ និងវប្បធម៌ប្រណិត”។

សុក្រិតរបៀបរបប គោលនយោបាយ និងធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌ - ảnh 2 ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិនៅ “សិក្ខាសាលាវប្បធម៌ ២០២២” (រូបថត៖ quochoi.vn)

លាតត្រដាងអនុវត្តន៍របៀបរបបនិងគោលនយោបាយវប្បធម៌ព្រមៗគ្នា  ទាន់ពេលវេលា ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍

លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ចាំបាច់ត្រូវបង្កើតច្រករបៀងផ្លូវច្បាប់ រៀបចំ និងដំណើរការយ៉ាងរលូននូវរាល់សកម្មភាពវប្បធម៌ក្នុងក្របខ័ណ្ឌច្បាប់ ក្រោមការដឹកនាំរបស់បក្ស; បង្កើនសមត្ថភាពច្នៃប្រឌិតនៃភាពចម្រុះវប្បធម៌ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើសមាហរណកម្មទៅក្នុងទីផ្សារវប្បធម៌អន្តរជាតិ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់លើលក្ខណៈវិសសវិសាលនៃវប្បធម៌  ហើយត្រូវធានាការអភិវឌ្ឍត្រឹមត្រូវតាមទិសដៅនយោបាយ និងមនោគមវិជ្ជារបស់បក្ស; ជាមួយគ្នានោះ ដោះស្រាយដោយសុខដុមរមនាជាមួយនឹងទំនាក់ទំនងរវាងការអភិរក្សវប្បធម៌ និងការអភិវឌ្ឍន៍ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវវឌ្ឍនភាព និងយុត្តិធម៌សង្គម។ ជាពិសេស ការសុក្រិតរបៀបរបប និងគោលនយោបាយវប្បធម៌ ត្រូវតែអនុវត្តន៍ប្រកបដោយព្រមៗគ្នា និងទាន់ពេលវេលា បំពេញតាមតម្រូវការអភិវឌ្ឍន៍ក្នុងស្ថានភាពថ្មី។

ទាក់ទងនឹងតម្រូវការនេះ សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការគណៈលេខា លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖ ចាំបាច់ត្រូវជ្រួតជ្រាប និងការយល់ដឹងច្បាស់អំពីគោលនយោបាយ និងតួនាទីរបស់វប្បធម៌;  ត្រូវតែមានការយល់ដឹងត្រឹមត្រូវ ពេញលេញ និងទូលំទូលាយអំពីវប្បធម៌។ វប្បធម៍គឺជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ទាំងគោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ វប្បធម៌ត្រូវតែមានគោលជំហរស្មើគ្នាជាមួយសេដ្ឋកិច្ច នយោបាយ និងសង្គម។ របៀបរបប និងគោលនយោបាយវប្បធម៌ត្រូវតែបំពេញតាមតម្រូវការជាក់ស្តែង ភ្ជាប់សារៈសំខាន់ទៅនឹងកត្តាជាក់ស្តែង ទទួលមរតកតម្លៃស្នូលនៃវប្បធម៌ជាតិ ហើយក្នុងពេលជាមួយគ្នានេះ ត្រូវតែមានការជ្រួតជ្រាបដោយជ្រើសរើសនូវភាពសម្បូរបែបនៃវប្បធម៌ពិភពលោក៖ “របៀប និងគោលនយោបាយស្តីពីវប្បធម៌ត្រូវតែមានលក្ខណៈគ្រប់គ្រាន់ ទាន់ពេលវេលា ព្រមៗគ្នា តម្លាភាព     ស្ថិរភាព ពិតជាមានប្រសិទ្ធភាព   បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍវប្បធម៌។ វិមជ្ឈការ វិសហមជ្ឈការ កំណត់យ៉ាងច្បាស់នូវសិទ្ធិ និងកាតព្វកិច្ចនៃម្ចាស់កម្មវត្ថុ។ កំណត់យ៉ាងច្បាស់នូវទំនួលខុសត្រូវសម្រាប់អធិការកិច្ច ការត្រួតពិនិត្យ និងការគ្រប់គ្រងអំណាច។ ដំណើរការនៃការបង្កើត និងផ្សព្វផ្សាយច្បាប់ និងគោលនយោបាយត្រូវតែមានការប្រុងប្រយ័ត្ន និងជាក់ស្តែងដោយយកសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ដោយយកផលប្រយោជន៍ជាតិជាចម្បង”។

សុក្រិតរបៀបរបប គោលនយោបាយ និងធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌ - ảnh 3សិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ “របៀបរបប គោលនយោបាយ និងធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌” ត្រូវបានប្រារព្ធឡើងនៅខេត្ត Bac Ninh ថ្ងៃទី ១៧ ខែធ្នូ (រូបថត៖ quochoi.vn)

ក្នុងសន្និសីទវប្បធម៌ជាតិស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ (ខែវិច្ឆិកា ឆ្នាំ២០២១) អគ្គលេខាបក្សលោក Nguyen Phu Trong បានចាត់ទុកថា “វប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម” ដែលជាគោលដៅនិងកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ”។ ការដូច្នេះ សុក្រិតរបៀបរបប គោលនយោបាយ និងធនធាន សម្រាប់ការអភិវឌ្ឍវប្បធម៌ គឺជាការអនុវត្តផ្ទាល់ ជាក់ស្តែង  នៃតម្រូវការអភិវឌ្ឍន៍ក្នុងស្ថានភាពថ្មី បំពេញបាននូវគោលដៅអភិវឌ្ឍន៍ជាតិរបស់ប្រទេសទាំងមូលនាពេលបច្ចុប្បន្ន ប្រកបដោយតុល្យភាព និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ