វិបត្តិ Nagorny-Karabakh ប្រឈមនឹងហានិភ័យធ្លាក់ចូលក្នុងភាពជាប់គាំងវែងអន្លាយ

Chia sẻ

(VOVWORLD) - វិបត្តិនៅ Nagorny-Karabakh ដែលជាតំបន់ស្ថិតក្រោមអធិបតេយ្យភាពរបស់ប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែជាកន្លែងជម្លោះជាមួយប្រទេសអាមេនីអស់រយៈពេលជាង ៣ ទស្សវត្សរ៍កន្លងមកនេះ កំពុងធ្លាក់ចូលក្នុងភាពជាប់គាំង។ កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយបានបរាជ័យ ខណៈដែលប្រជាជនស្ទើរតែទាំងអស់នៃតំបន់នេះកំពុងរត់ភៀសខ្លួនទៅកាន់ប្រទេសអាមេនី។

វិបត្តិ Nagorny-Karabakh ប្រឈមនឹងហានិភ័យធ្លាក់ចូលក្នុងភាពជាប់គាំងវែងអន្លាយ - ảnh 1ទាហានអាស៊ែបៃហ្សង់ដើរល្បាតនៅប៉ុស្តិ៍ត្រួតពិនិត្យមួយក្នុងទីប្រជុំជនស៊ូសា បន្ទាប់ពីជម្លោះជាមួយទាហានអាមេនីនៅក្នុងតំបន់ Nagorny-Karabakh។ (រូបថត៖ AFP/TTXVN)

ជាតំបន់ដែនដីដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់អាស៊ែបៃហ្សង់ប៉ុន្តែប្រជាជនភាគច្រើននៅទីនេះគឺមានដើមកំណើតអាមេនី ដូច្នេះហើយអស់រយៈពេលជាង ៣ ទសវត្សរ៍កន្លងមក Nagorny-Karabakh តែងតែជាចំណុចក្តៅគគុកនៅក្នុងតំបន់ Caucasus ខាងត្បូង ។ បន្ទាប់ពីជម្លោះដ៏ខ្លីកាលពីខែកញ្ញាកន្លងទៅ តំបន់នេះទំនងជាធ្លាក់ទៅក្នុងភាពចលាចលថ្មី។

ហានិភ័យនៃវិបត្តិមនុស្សធម៌

នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ នៃសតវត្សមុន បន្ទាប់ពីបម្រែបម្រួលខាងភូមិសាស្ត្រនយោបាយនៅអឺរ៉ុបនិយាយរួម និងតំបន់ Caucasus និយាយដោយឡែក កងកម្លាំងផ្ដាច់ខ្លួនដែលគាំទ្រអាមេនីនៅ Nagorny-Karabakh បានប្រកាសផ្ដាច់តំបន់នេះចេញពីប្រទេសអាស៊ែបៃហ្សង់។ សកម្មភាពនេះបានបណ្ដាលឲ្យកើតមានជម្លោះដ៏រ៉ាំរ៉ៃរវាងអាស៊ែបៃហ្សង់និងអាមេនី ជាមួយនឹងចំណុចកំពូលគឺការប្រយុទ្ធគ្នានៅឆ្នាំ ២០២០។ កាលពីខែកញ្ញាកន្លងទៅ កងទ័ពអាស៊ែបៃហ្សង់ បានបើកយុទ្ធនាការវាយលុកគួរឲ្យភ្ញាក់ផ្អើល ហើយដណ្ដើមយកការកាន់កាប់ តំបន់ Nagorny-Karabakh ឡើងវិញបន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ១ ថ្ងៃ (ថ្ងៃទី ១៩ ខែកញ្ញា)។

ជម្លោះនេះកំពុងបង្កើតឡើងបម្រែបម្រួលដ៏ធំក្នុងតំបន់។ នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះ (ថ្ងៃទី ២ ខែតុលា) អាជ្ញាធរអាមេនីបានឲ្យដឹងថា មនុស្សជាង ១០ ម៉ឺននាក់ដែលស្មើនឹង ៨០% នៃចំនួនប្រជាជននៃ Nagorny-Karabakh (១២ ម៉ឺននាក់) បានចាកចេញពីតំបន់ដែនដីនេះ ហើយរត់ភៀសខ្លួនទៅកាន់ប្រទេសអាមេនី បន្ទាប់ពីរដ្ឋាភិបាលផ្ដាច់ខ្លួននៅទីនេះបានចុះចាញ់កងទ័ពអាស៊ែបៃហ្សង់ (ថ្ងៃទី ២០ ខែកញ្ញា)។ ដោយមានការព្រួយបារម្ភចំពោះស្ថានការណ៍ចលាចលនៅ Nagorny-Karabakh អង្គការសហប្រជាជាតិកាលពីថ្ងៃទី៣ តុលា បានបញ្ជូនក្រុមបេសកកម្មមកទីនេះដើម្បីពិនិត្យ។ នេះជាលើកដំបូងក្នុងរយៈពេលជាង៣ទសវត្សរ៍ដែលអង្គការសហប្រជាជាតិមានវត្តមានក្នុងតំបន់ជម្លោះនេះ។ Marco Succi ថ្នាក់ដឹកនាំគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយថា សកម្មភាពទាំងអស់នៅ Nagorny-Karabakh គឺស្ទើរតែផ្អាក៖

“ចាប់តាំងពីថ្ងៃដែលយើងខ្ញុំមកដល់ទីនេះ ទីក្រុងនេះត្រូវគេបោះបង់ចោលទាំងស្រុង។ មន្ទីរពេទ្យមិនដំណើរការ បុគ្គលិករដ្ឋបាល និងសុខាភិបាលបានចាកចេញ ស្ថាប័នគ្រប់គ្រងរដ្ឋក៏ចាកចេញដែរ។ សូម្បីតែម្ចាស់ផ្ទះសពដែលយើងខ្ញុំធ្វើការជាមួយគេ ក៏បានចាកចេញហើយ។ និយាយដោយស្មោះត្រង់ថា ទិដ្ឋភាពនេះ ហាក់ដូចជាមិនពិតទេ”។

ភាពជាប់គាំងនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅ Nagorny-Karabakh កំពុងបណ្ដាលឲ្យហានិភ័យនៃវិបត្តិមនុស្សធម៌កើនឡើង។ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា បច្ចុប្បន្នប្រជាជន Nagorny-Karabakh ជាច្រើនដែលនៅសេសសល់ កំពុងប្រឈមមុខនឹងស្ថានភាពសុខភាពដ៏គ្រោះថ្នាក់ ដោយខ្វះខាតថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ឬជំងឺមហារីក។ លើសពីនេះ គុណភាពប្រភពទឹកដែលគ្មានការគ្រប់គ្រង ក៏អាចបណ្តាលឱ្យកើតមានជំងឺរាតត្បាតក្នុងពេលឆាប់ៗផងដែរ។

ស្ថានភាពតានតឹងកំពុងរីករាលដាលដល់ប្រទេសអាមេនី។ ដោយសារភាពជិតស្និទ្ធខាងជាតិសាសន៍ អាមេនីគឺជាគោលដៅតែមួយគត់សម្រាប់ជនភៀសខ្លួនមកពី Nagorny-Karabakh។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ចាត់ទុកថា ការដោះស្រាយលំហូរមនុស្សជាង ១០ម៉ឺននាក់នេះគឺជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់លើសលប់ ចំពោះរដ្ឋាភិបាលអាមេនី ជាប្រទេសដែលមានប្រជាជនមិនដល់ ២,៨ លាននាក់តែប៉ុណ្ណោះ។

វិបត្តិ Nagorny-Karabakh ប្រឈមនឹងហានិភ័យធ្លាក់ចូលក្នុងភាពជាប់គាំងវែងអន្លាយ - ảnh 2ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។ (រូបថត៖ azernews.az)

កិច្ចចរចាជាប់គាំង

នៅក្នុងបរិបទនៃវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយដើម្បីរក្សាស្ថិរភាពស្ថានការណ៍នៅ Nagorny-Karabakh ក៏ធ្លាក់ទៅក្នុងភាពជាប់គាំងផងដែរ។ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev កាលពីថ្ងៃទី ៤ ខែតុលា ស្រាប់តែបានប្រកាសលុបចោលជំនួបចរចាជាមួយនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan នៅទីក្រុង Granada (អេស្ប៉ាញ) នៅខាងក្រៅកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប។ នេះជាកិច្ចប្រជុំបញ្ចភាគី ដែលរៀបចំដោយក្រុមប្រឹក្សាអឺរ៉ុប ប្រទេសអាល្លឺម៉ង់ និងបារាំងក្នុងនាមជាអ្នកសម្របសម្រួល សំដៅស្វែងរកដំណោះស្រាយសន្តិភាពដ៏យូរអង្វែងសម្រាប់ Nagorny-Karabakh។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ មូលហេតុមួយក្នុងចំណោមមូលហេតុដែលធ្វើឲ្យអាស៊ែបៃហ្សង់លុបចោលជំនួបនេះគឺដោយសារតែប្រទេសនេះបានស្នើឲ្យមានការចូលរួមពីប្រទេសទួរគី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាស៊ែបៃហ្សង់ ក្នុងកិច្ចចរចានៅ Granada ប៉ុន្តែសំណើរនេះត្រូវបដិសេធដោយភាគីអឺរ៉ុប។

ដើម្បីទម្លាយភាពជាប់គាំងនោះ នៅថ្ងៃទី៤ ខែតុលា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី អាស៊ែបៃហ្សង់លោក Ilham Aliyev។ យោងតាមប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ភាគីពាក់ព័ន្ធក្នុងវិបត្តិ Nagorny-Karabakh ចាំបាច់ត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបន្តកិច្ចសន្ទនារវាងអាស៊ែបៃហ្សង់និងអាមេនី ចាំបាច់ត្រូវទប់ស្កាត់ការប្រឈមមុខដាក់គ្នាដោយយោធា ព្រមទាំងជំរុញដំណើរការសន្តិភាពដ៏ចាំបាច់បំផុតរវាងប្រទេសពីរផងដែរ។

ក្រៅពីក្រុមប្រឹក្សាអឺរ៉ុប ប្រទេសអាល្លឺម៉ង់និងបារាំង ប្រទេសមួយចំនួនទៀតក៏បានឡើងសំឡេងចង់ជំរុញការស្វែងរកដំណោះស្រាយនយោបាយសម្រាប់ Nagorny-Karabakh។ រដ្ឋាភិបាលអ៊ីរ៉ង់បានស្នើយន្តការសន្ទនា ៣+៣ រួមមានប្រទេសចំនួន ៣ នៅ Caucasus ខាងត្បូងគឺ អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី រួមជាមួយប្រទេសជិតខាងចំនួន ៣ គឺទួរគី អ៊ីរ៉ង់ និងរុស្ស៊ី។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ យន្តការនេះធានាបាននូវតុល្យភាពផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ ប៉ុន្តែក៏ប្រឈមមុខនឹងបញ្ហាមួយចំនួនដោយគ្មានការចូលរួមពីមហាអំណាចខាងក្រៅដូចជាសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិក។ កត្តានេះអាចបណ្ដាលឲ្យវិបត្តិនៅ Nagorny-Karabakh កាន់តែអូសបន្លាយ ព្រោះតំបន់ Caucasus ខាងត្បូងកំពុងក្លាយជាតំបន់សំខាន់នៃការប្រកួតប្រជែងដណ្តើមឥទ្ធិពលរវាងប្រទេសមហាអំណាចនានា៕

ប្រតិកម្មទៅវិញ