វៀតណាមនិងទីម័រខាងកើតជំរុញផលប្រយោជន៍យុទ្ធសាស្ត្រទ្វេភាគី

Chia sẻ
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោក ហូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរបន្តពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការ និងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។

នេះជាដំណើរទស្សនកិច្ចលើកទី២នៅវៀតណាមរបស់លោកប្រធានាធិបតី ហូសេ រ៉ាម៉ូស ហ័រតា ចាប់តាំងពីឆ្នាំ ២០១០មក។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោកប្រធានាធិបតី ហូសេ រ៉ាម៉ូស ហ័រតា ធ្វើឡើងដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងវៀតណាម-ទីម័រខាងកើត រក្សាសន្ទុះអភិវឌ្ឍន៍ជាវិជ្ជមាន ចាប់តាំងពីបង្កើតទំនាក់ទំនងការទូត (២៨ កក្កដា ២០០២)។

វៀតណាមនិងទីម័រខាងកើតជំរុញផលប្រយោជន៍យុទ្ធសាស្ត្រទ្វេភាគី - ảnh 1ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោក ហូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta)។ រូបថត៖ Reuters

ជំហានអភិវឌ្ឍន៍ក្នុងទំនាក់ទំនងទ្វេភាគី

ប្រទេសទីម័រខាងកើតបានបើកស្ថានទូតរបស់ខ្លួនជាផ្លូវការនៅទីក្រុងហាណូយក្នុងខែមេសា ឆ្នាំ ២០១២។ នាពេលថ្មីៗនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ លេចធ្លោបំផុតគឺ សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងជំនួនប្រាស្រ័យក្នុងឱកាសចូលរួមសន្និសីទនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងរាល់ជំនួប ថ្នាក់ដឹកនាំទីម័រខាងកើតតែងតែសម្តែងការកោតសរសើរចំពោះបុព្វហេតុបដិវត្តន៍របស់ប្រជាជនវៀតណាម ក៏ដូចជាដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយចាត់ទុកវៀតណាមជាគំរូនៃការអភិវឌ្ឍ។

បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមិនទាន់សមស្របនឹងសក្តានុពលរបស់ខ្លួន។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៣ បានឈានដល់ ១៥,៩ លានដុល្លារ។ ពោលគឺក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ សម្រេចបានជាង ៦,១ លានដុល្លារអាមេរិក កើនឡើង ២៩,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស (ខែមេសា ឆ្នាំ២០១០) កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (ខែកញ្ញា ឆ្នាំ២០១៣) និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករ (ខែធ្នូ ឆ្នាំ ២០១៥)។ ក្នុងឆ្នាំ២០២៣ វៀតណាមបាននាំចេញអង្ករទៅទីម័រខាងកើតចំនួន ១៥.៣២០តោន ដែលមានតម្លៃជិត៨,៨លានដុល្លារអាមេរិក។ គិតត្រឹមខែមេសា ឆ្នាំ២០២៤ វៀតណាមបាននាំចេញអង្ករទៅកាន់ទីម័រខាងកើតចំនួន ៣,៨៦៦តោន ដែលមានតម្លៃជិត ២,៦លានដុល្លារអាមេរិក។

ទាក់ទិននឹងការវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍យោធាវៀតណាម (Viettel) បច្ចុប្បន្នមានគម្រោងវិនិយោគដើម្បីផ្តល់សេវាទូរគមនាគមន៍នៅទីម័រខាងកើត (ហៅកាត់ថា Telemor) ដែលជាសហគ្រាសវៀតណាមគំរូនៃច្ចសហប្រតិបត្តិការវិនិយោគធ្វើអាជីវកម្មនៅទីម័រខាងកើត និងជាសហគ្រាសដ៏ធំបំផុតដែលវិនិយោគ និងធ្វើអាជីវកម្មនៅទីនេះ ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ឧស្សាហកម្មទូរគមនាគមន៍របស់ទីម័រខាងកើត។

លើសពីនេះ ប្រទេសទាំងពីរមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ប្រេង ឧស្ម័ន ជលផល និងការកសាងហេដ្ឋារចនាសម្ព័ន្ធ;  ផលិតផលកសិកម្ម វាយនភ័ណ្ឌ ទំនិញប្រើប្រាស់ ម៉ាស៊ីនឧស្សាហកម្ម ឧបករណ៍អគ្គិសនី ការអប់រំ វប្បធម៌ ទេសចរណ៍ ...។ ធ្វើការវាយតម្លៃពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ទទួលបន្ទុកទីម័រខាងកើត តា វ៉ាន់ថុង បានអះអាងថា៖

“ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺមានស្រាប់ ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតតិចតួចបំផុត។ ទោះយ៉ាងណាក៏ដោយ វៀតណាមនៅមានក្រុមហ៊ុនធំៗ ធ្វើការវិនិយោគ និងធ្វើអាជីវកម្មនៅទីម័រខាងកើត ដូចជា Viettel ជាដើម។ វិស័យផ្សេងទៀតដែលយើងត្រូវផ្តល់អាទិភាពនាពេលខាងមុខគឺកសិកម្ម។ ប្រទេសទីម័រខាងកើតក៏ត្រូវការអ្នកជំនាញពីប្រទេសវៀតណាម ដើម្បីជួយដល់ការដាំដុះកសិកម្មដែលផ្តល់ទិន្នផលខ្ពស់។ លើសពីនេះ ប្រទេសទាំងពីរអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដូចជា ការនាំចូល-នាំចេញ ទេសចរណ៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ...”។

អំពីកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរសហការ និងសម្របសម្រួលតួនាទីរបស់ខ្លួននៅវេទិកាតំបន់ និងអន្តរជាតិ។ ទីម័រខាងកើតបានអះអាងការគាំទ្ររបស់ខ្លួនចំពោះវៀតណាមក្នុងការក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។

វៀតណាមនិងទីម័រខាងកើតជំរុញផលប្រយោជន៍យុទ្ធសាស្ត្រទ្វេភាគី - ảnh 2លោកឯកអគ្គរដ្ឋទូតវៀតនាមប្រចាំនៅទីម័រខាងកើត លោក តា វ៉ាន់ ថុង។ រូបថត៖ VOV

ជំរុញទំនាក់ទំនងវៀតណាម-ទីម័រខាងកើត

បច្ចុប្បន្ននេះ ប្រទេសទីម័រខាងកើតកំពុងស្ថិតក្នុងដំណើរការចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលជាដំណើរការដែលមានគោលបំណងពង្រីកបន្ថែមនូវឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាមួយសមាជិកនៃសហគមន៍តំបន់។ ដើម្បីទទួលបានជោគជ័យក្នុងការចូលជាសមាជិកអាស៊ាន ទីម័រខាងកើតត្រូវការជំនួយឧបត្ថម្ភ និងការគាំទ្រពីបណ្តាប្រទេសជាសមាជិក ដែលវៀតណាមដើរតួនាទីយ៉ាងសំខាន់។ លោកឯកអគ្គរដ្ឋទូត តា វ៉ាន់ ថុង បានសង្កត់ធ្ងន់ថា៖

“វៀតណាមបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៥ ហើយមានបទពិសោធន៍ក្នុងដំណើរការចូលរួម និងសមាហរណកម្មក្នុងអាស៊ាន។ នេះគឺជាប្រការដែលទីម័រខាងកើតត្រូវការយ៉ាងខ្លាំង។ ផ្តើមចេញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាមតែងតែគាំទ្រការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ហើយនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយដល់ទីម័រខាងកើត ជាពិសេសលើវិស័យដូចជាការកសាងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្ស និងបណ្តុះបណ្តាលបុគ្គលិក ព្រោះនេះគឺជាវិស័យចាំបាច់បំផុតក្នុងដំណើរការចូលរួមជាសមាជិកអាស៊ាន”។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើតមកកាន់ប្រទេសវៀតណាម គឺជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់ទីម័រខាងកើត ខណៈដែលប្រទេសនេះកំពុងស្ថិតក្នុងដំណើរការចូលរួមជាសមាជិកអាស៊ាន។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរបន្តពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការ ការចរចា និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសេដ្ឋកិច្ច អប់រំ កសិកម្ម និងនេសាទ។ តាមនោះ ធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ