វៀតណាមតែងតែដាក់ប្រជាជននៅចំកណ្តាលនៃរាល់សកម្មភាពអភិវឌ្ឍន៍

Chia sẻ

(VOVWORLD) - វៀតណាមតែងតែដាក់ប្រជាជននៅចំកណ្តាលនៃរាល់សកម្មភាពអភិវឌ្ឍន៍។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៨ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ  (ESCAP) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ ជាការពិត ការលើកកំពស់កត្តាមនុស្សក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ តែងតែជាទស្សនៈស្នូលក្នុងគោលមាគ៌ាដឹកនាំនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមនាសម័យកាលបច្ចុប្បន្ន។

វៀតណាមតែងតែដាក់ប្រជាជននៅចំកណ្តាលនៃរាល់សកម្មភាពអភិវឌ្ឍន៍ - ảnh 1កិច្ចពិភាក្សាជាន់ខ្ពស់នៃសម័យប្រជុំប្រចាំឆ្នាំលើកទី ៧៨ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិតំបន់អាស៊ី -ប៉ាស៊ីហ្វិក (ESCAP) (រូបថត៖ VOV)

ដោយសង្កត់ធ្ងន់លើទស្សនៈថា មនុស្សជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ឯកសារនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានអះអាងថា មនុស្សនិងវប្បធម៌វៀតណាមពិតជាបានក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ការពារមាតុភូមិក្នុងដំណាក់កាលបច្ចុប្បន្ន។  អាស្រ័យហេតុនេះ វៀតណាមជំរុញការកសាង និងបង្កើតបរិយាកាស ក៏ដូចជាលក្ខខណ្ឌសង្គមអំណោយផលបំផុត ដើម្បីជំរុញទឹកចិត្តស្នេហាជាតិ មោទនភាពជាតិ ជំនឿជឿជាក់ សេចក្តីប្រាថ្នាអភិវឌ្ឍន៍ ទេពកោសល្យ និងកិរិយាសម្បត្តិរបស់មនុស្សវៀតណាម ដោយចាត់ទុកនោះជាមជ្ឈមណ្ឌល ជាគោលដៅ និងជាកម្លាំងចលករអភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់ប្រទេសជាតិ។ ទន្ទឹមនឹងគោលមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចបន្ត បក្សកុម្មុយនិស្តវៀតណាមបានសង្កត់ធ្ងន់លើការលើកកម្ពស់តម្លៃវប្បធម៌ និងកម្លាំងរបស់មនុស្សវៀតណាម។

ម្យ៉ាងលើកកម្ពស់កត្តាមនុស្សក្នុងគ្រប់សកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ ហើយម្យ៉ាងវិញទៀត បក្សកុម្មុយនិស្តវៀតណាមក៏ចាត់ទុកថា  កំណើនសេដ្ឋកិច្ចត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងយុត្តិធម៌សង្គម ដោយមិនទន្ទឹមរងចាំសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្ពស់ទើបអនុវត្តន៍យុត្តិធម៌សង្គម ឬលះបង់យុត្តិធម៌សង្គមដើម្បីកំណើនសេដ្ឋកិច្ចទៀតសោត។  ជាមួយគ្នានោះ កំណើនសេដ្ឋកិច្ច និងយុត្តិធម៌សង្គមមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា កំណើនសេដ្ឋកិច្ចដើរតួជាសម្ភារៈសម្រាប់ធានាការអនុវត្តយ៉ាងល្អ គោលនយោបាយសង្គម។ ពោលគឺ យុត្តិធម៍សង្គម គឺជាកម្លាំងចលករផង និងជាគោលដៅនៃកំណើនសេដ្ឋកិច្ចផង។ ការអនុវត្តល្អនៃគោលនយោបាយសង្គម និងការថែទាំជនក្រីក្រ ជនងាយរងគ្រោះគឺបង្កើតបរិយាកាស និងកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច។ អនុវត្តន៍យុត្តិធម៍សង្គមក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចពហុវិស័យ ដើម្បីបង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច។

ដោយទទួលស្គាល់នូវតួនាទីសំខាន់នៃវប្បធម៌ បក្សកុម្មុយនិស្តវៀតណាមបានអះអាង៖ “រួមផ្សំការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសុខដុមរមនាជាមួយការអភិវឌ្ឍវប្បធម៌ សង្គម រវាងកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ... ដោយចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចជាមូលដ្ឋាន និងជាបុព្វបទសម្រាប់ការអនុវត្តគោលនយោបាយសង្គម”។  ទស្សនៈនេះ ទាមទារតម្លៃវប្បធម៌ជឿនលឿនដើម្បីជ្រាបចូលទៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម ដើម្បីបង្កើតតម្លៃប្រកបដោយនិរន្តរភាព។

វៀតណាមតែងតែដាក់ប្រជាជននៅចំកណ្តាលនៃរាល់សកម្មភាពអភិវឌ្ឍន៍ - ảnh 2ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានសង្កត់ធ្ងន់ថា វៀតណាមតែងតែដាក់ប្រជាជនជាកណ្តាលនៃរាល់សកម្មភាពអភិវឌ្ឍន៍ (រូបថត៖ VOV)

បក្សកុម្មុយនិស្តវៀតណាមក៏បានអះអាងថា រដ្ឋដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយនឹងយុត្តិធម៌សង្គម។ កំណើនសេដ្ឋកិច្ចមានគោលបំណងបង្កើតទ្រព្យសម្បត្តិសម្ភារៈ។ ហើយការចែកចាយដោយយុត្តិធម៌ គឺជាការបែងចែកផលិតផលសង្គមឲ្យសមស្រប។ វៀតណាមកសាងសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម ដែលមានន័យថា សេដ្ឋកិច្ចទីផ្សារបម្រើប្រជាជននិងដើម្បីប្រជាជន។ តួនាទីរបស់រដ្ឋមានសារៈសំខាន់ខ្លាំងណាស់ ដែលត្រូវបានឆ្លុះបញ្ចាំងដូចនៅត្រង់ថា៖ រដ្ឋបង្កើតបរិយាកាស និងបង្កើតឱកាសស្មើគ្នាក្នុងផលិតកម្ម និងអាជីវកម្ម។ រដ្ឋកំណត់ទិសដៅនៃដំណើរការអភិវឌ្ឍន៍ និងបែងចែកប្រភពធនធាន។ រដ្ឋគ្រប់គ្រងការអនុវត្តគោលនយោបាយសង្គម និងគោលនយោបាយសេដ្ឋកិច្ច; រដ្ឋគ្រប់គ្រងការបែងចែកប្រាក់ចំណូលក្នុងចំណោមវិស័យសេដ្ឋកិច្ច និងផ្នែកនៃប្រជាជន ហើយក្នុងពេលជាមួយគ្នានេះចែកចាយឡើងវិញតាមរយៈមូលនីធិសុខុមាលភាពសង្គម; រដ្ឋបង្កើតឱកាសសម្រាប់បុគ្គលគ្រប់រូប និងអង្គការទាំងអស់ ដើម្បីលើកកម្ពស់ភាពរឹងមាំរបស់បុគ្គល អង្គភាពអាជីវកម្ម និងសហគមន៍ក្នុងការចូលរួមសកម្មភាពសុខុមាលភាពសង្គម។

យ៉ាងណាមិញ កំណើនសេដ្ឋកិច្ច និងយុត្តិធម៌សង្គមបានយកចិត្តទុកដាក់ត្រឹមត្រូវដល់ផលប្រយោជន៍របស់កម្មករ និងប្រជាជន។ កំណើនសេដ្ឋកិច្ចត្រូវតែបម្រើគោលដៅសម្រាប់កម្មករ។ ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់កម្មករគឺជាកម្លាំងចលករដ៏ធំធេងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។  បក្សកុម្មុយនិស្តវៀតណាមមានគោលការណ៍៖ “លើកទឹកចិត្តប្រជាជនក្លាយជាអ្នកមានដោយស្របច្បាប់”។ ការឯកភាពរវាងកំណើនសេដ្ឋកិច្ច និងយុត្តិធម៌សង្គម គឺស្ថិតត្រង់ថា វៀតណាមកំណត់គោលដៅរួមមួយគឺ ដើម្បីមនុស្ស និងលើកកំពស់កត្តាមនុស្ស ពោលគឺ “កំណើនសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍវប្បធម៌ សុខាភិបាល អប់រំ… ហើយដោះស្រាយបញ្ហាសង្គមបានយ៉ាងល្អ ដើម្បីគោលដៅអភិវឌ្ឍន៍មនុស្ស”។

ដូច្នេះហើយ អាចនិយាយបានថា ទស្សនៈរបស់បក្សកុម្មុយនិស្តវៀតណាម ទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងបញ្ហាសង្គម សុទ្ធតែបានផ្សាភ្ជាប់ជាមួយមនុស្ស ដោយចាត់ទុកប្រជាជនជាចំណុចកណ្តាល។ ប្រការនេះបង្ហាញយ៉ាងច្បាស់ពីចរិតលក្ខណៈល្អនៃរបបនយោបាយដែលវៀតណាមកំពុងកសាង ដើម្បីគោលដៅប្រទេសជាតិមាំមួន ប្រជាជនជាអ្នកមាន  ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ ខិតខំដល់ឆ្នាំ ២០៤៥ វៀតណាមគឺជាប្រទេសអភិវឌ្ឍន៍មួយដែលមានប្រាក់ចំណូលខ្ពស់សម្រាប់មនុស្សម្នាក់ ហើយប្រជាជនកាន់តែទទួលបានសុភមង្គលពីសមិទ្ធផលសេដ្ឋកិច្ចនាំមក៕

ប្រតិកម្មទៅវិញ