វៀតណាម - គោលដៅនៃវិនិយោគបរទេសក្នុងឆ្នាំ ២០២៤

Chia sẻ
(VOVWORLD) - យោងតាមទិន្នន័យរបស់នាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគវៀតណាមបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមករា ទុនវិនិយោគបរទេសសរុប ដែលបានចុះបញ្ជីថ្មី កែសម្រួល និងបណ្ដាក់ទុនទិញភាគហ៊ុន ទិញទុនវិភាគទានរបស់វិនិយោគិនបរទេស សម្រេចបានជាង ២,៣៦ ពាន់លានដុល្លារអាមេរិក កើនជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សញ្ញាវិជ្ជមានពីខែដើមដំបូងនៃឆ្នាំថ្មីបានសរឲ្យឃើញថា វៀតណាមនៅតែជាជម្រើសអាទិភាពមួយនៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងឆ្នាំ ២០២៤។
វៀតណាម - គោលដៅនៃវិនិយោគបរទេសក្នុងឆ្នាំ ២០២៤ - ảnh 1វៀតណាមត្រូវបានចាត់ទុកថាជាគោលដៅទាក់ទាញ និងសុវត្ថិភាពដោយអ្នកវិនិយោគអន្តរជាតិ។ រូបថត៖ TTXVN

វៀតណាម - គោលដៅជួរមុខរបស់វិនិយោគិន

តាមផែនការ ផលិតផលប្រដាប់ប្រដាក្មេងលេង LEGO "Made in Vietnam" ដែលមានគុណភាពខ្ពស់ នឹងត្រូវបានចេញពីរោងចក្រជាលើកដំបូងក្នុងឆមាសទីពីរនៃឆ្នាំនេះ។ នេះគឺជាលទ្ធផលនៃការវិនិយោគទឹកប្រាក់ចំនួន ១,៣ ពាន់លានដុល្លារអាមេរិកចាប់ពីឆ្នាំ ២០២២ របស់សម្ព័ន្ធក្រុមហ៊ុន LEGO (ដាណឺម៉ាក)។ គិតត្រឹមបច្ចុប្បន្ន នេះគឺជាកញ្ចប់វិនិយោគធំបំផុតមួយពីក្រុមហ៊ុនដាណឺម៉ាកនៅវៀតណាម។ ដោយលើកឡើងពីហេតុផលជ្រើសរើសវៀតណាមដើម្បីសាងសង់រោងចក្រទីពីររបស់ LEGO នៅអាស៊ី លោក Preben Elnef អនុប្រធានសម្ព័ន្ធក្រុមហ៊ុន LEGO និងជាអគ្គនាយកក្រុមហ៊ុនផលិតកម្ម LEGO នៅវៀតណាមបានមានប្រសាសន៍ថា៖

“យើងខ្ញុំបានស្រាវជ្រាវប្រទេសផ្សេងៗគ្នាជាច្រើននៅអាស៊ីអាគ្នេយ៍។ ក្នុងចំណោមប្រទេសទាំងនោះ យើងខ្ញុំបានជ្រើសរើសវៀតណាមដោយហេតុផលជាច្រើនដូចជា៖ នយោបាយស្ថិរភាព ប្រភពពលករសម្បូរ និងមានបទពិសោធន៍។ យើងខ្ញុំបានវិភាគតួរលេខផ្សេងៗគ្នាជាង ១០ ហើយបានសម្រេចចិត្តជ្រើសរើសវៀតណាម។ យើងខ្ញុំសប្បាយរីករាយណាស់ដែលបានជ្រើសរើសវៀតណាម ហើយរំភើបយ៉ាងខ្លាំងដែលឥឡូវនេះយើងខ្ញុំមានវត្តមាននៅវៀតណាមផងដែរ”។

គិតត្រឹមបច្ចុប្បន្ននេះ មានប្រទេស និងដែនដីសរុបចំនួន ១១១ បានបណ្តាក់ទុននៅវៀតណាម។ លក្ខណៈវិនិច្ឆ័យសម្រាប់វៀតណាមលេចចេញជាបេក្ខជនគួរឲ្យទុកចិត្តសម្រាប់សហគ្រាសបរទេសជ្រើសរើសវិនិយោគរួមមាន៖ ទីតាំង កម្លាំងពលកម្ម ប្រភពផ្គត់ផ្គង់សម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយច្បាប់ ពន្ធអនុគ្រោះ។ ស្រាវជ្រាវអំពីបរិយាកាសវិនិយោគ អាជីវកម្មរបស់វៀតណាម លោកស្រី Erin L.Murphy សមាជិកាជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ទទួលបន្ទុកកម្មវិធីអាស៊ី បានឲ្យដឹងថា៖

“វៀតណាមមានប្រជាជនចំនួន ៧០% មានអាយុក្រោម ៣៥ ឆ្នាំ។ ពួកគេមានចំណេះដឹងអប់រំខ្ពស់ និងជំនាញបច្ចេកទេសខ្ពស់។ ប្រការនេះជួយវៀតណាមមានកម្លាំងពលកម្ម ដែលមានជំនាញបច្ចេកទេស ផ្នែកបច្ចេកវិទ្យាខ្ពស់។ វៀតណាមក៏មានវប្បធម៌ចាប់ផ្តើមអាជីវកម្មយ៉ាងខ្លាំងក្លា។ ទីកន្លែងនេះក៏មានវិនិយោគិនអន្តរជាតិជាច្រើនមកបណ្ដាក់ទុន ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ទី ៩០ ដូចជាសម្ព័ន្ធក្រុមហ៊ុន IBM ផងដែរ។ លើសពីនេះ រដ្ឋាភិបាលវៀតណាមបានផ្តល់អនុគ្រោះពន្ធ ជួយសម្រួលដល់វិនិយោគិនចូលរួមទីផ្សារនេះយ៉ាងងាយស្រួលផងដែរ”។

រដ្ឋាភិបាលជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតដល់សហគ្រាសមកបណ្តាក់
ទុននៅវៀតណាម

រដ្ឋាភិបាលវៀតណាមជានិច្ចកាលកំណត់ការវិនិយោគបរទេសគឺជាប្រភពធនធានដ៏សំខាន់ដើម្បីរួមចំណែកជំរុញកំណើន ធានាការងារធ្វើ និងជីវភាពរស់នៅជូនប្រជាជន។ ដូច្នេះ វៀតណាមមានគោលការណ៍ទាក់ទាញ និងសហប្រតិបត្តិការវិនិយោគ ដែលមានការជ្រើសរើស ដោយយកគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យា និងការពារបរិស្ថានជាលក្ខណៈវិនិច្ឆ័យវាយតម្លៃចម្បង។

វៀតណាម - គោលដៅនៃវិនិយោគបរទេសក្នុងឆ្នាំ ២០២៤ - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ រូបថត៖ VGP/Nhat Bac

ជាមួយនឹងបាវចនាថា “ជោគជ័យរបស់វិនិយោគិនក៏ជាជោគជ័យរបស់វៀតណាម” វៀតណាមតែងតែស្វាគមន៍ និងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនឈ្នះ ឈ្នះ ហើយរួមជាមួយវៀតណាមអភិវឌ្ឍន៍។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីជាមួយសហគមន៍ធុរកិច្ច ដែលមានទុនវិនិយោគបរទេសនៅវៀតណាម (FDI) ក្រោមប្រធានបទ “អមដំណើរ និងអភិវឌ្ឍន៍” នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានលើកឡើងអំពីការសន្យាទាំង ៣ ចំពោះវិនិយោគិនគឺ៖

“វៀតណាមតែងតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់វិនិយោគិនក្នុងគ្រប់ករណីទាំងអស់។ ការសន្យាទី ២ គឺតែងតែរួមដំណើរជាមួយសហគ្រាសជំនះពុះពារលើការលំបាក និងបញ្ហាប្រឈម ទាញយកកាលានុវត្តភាព និងគុណសម្បត្តិ សម្រាប់វិនិយោគិនបរទេសធានាផលប្រយោជន៍ ស្ថិរភាពយ៉ាងយូរអង្វែង និងប្រកបដោយចីរភាពនៅវៀតណាមដោយផ្អែកលើគោលការណ៍៖  ផលប្រយោជន៍សុខដុមរមនា ចែករំលែកហានិភ័យ។ ការសន្យាទី ៣ គឺធ្វើចំណាត់ការលើមនុស្សដែលធ្វើខុសឆ្គង រំលោភបំពានលើច្បាប់ ដើម្បីការពារមនុស្ស ដែលធ្វើត្រឹមត្រូវ ហើយបង្កើតបរិយាកាសអាជីវកម្ម ប្រព័ន្ធអេកូឡូស៊ីផលិតកម្ម អាជីវកម្មសមភាព តម្លាភាព និងប្រកបដោយចីរភាព។ យើងខ្ញុំផ្ទៀងស្តាប់យ៉ាងយកចិត្តទុកដាក់ ទទួលយកមតិ សំណើរបស់សហគ្រាស វិនិយោគិន ក្នុងនោះមានវិនិយោគិនបរទេស ជាមួយស្មារតីចែករំលែក យោគយល់ និងរួមដំណើរផងដែរ”។

យោងតាមការព្យាករណ៍របស់ក្រុមអ្នកជំនាញ លំហូរទុន FDI ចូលវៀតណាមនឹងបន្តមានកំណើនល្អក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ ជាពិសេសក្នុងបរិបទ ដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៦ ជាមួយប្រទេសជាង ៦០ ហើយមានទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសជាច្រើនក្នុងក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីរបស់ពិភពលោក (G20) ផងដែរ៕

ប្រតិកម្មទៅវិញ