លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ថ្នាក់ដឹកនាំឆ្នើមរបស់បក្សកុម្មុយនិស្តវៀតណាម

Chia sẻ

(VOVWORLD) - អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong គឺជាមនោគម វិទូ និងអ្នកវប្បធម៌ តែងតែលើកកំពស់ទ្រឹស្ដីរបស់បក្ស លះបង់ពេញ មួយជីវិតដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ។ កេរ្តិ៍ឈ្មោះលោកត្រូវបាន ចារិតក្នុងប្រវត្តិសាស្ត្រវៀតណាមជាថ្នាក់ដឹកនាំឆ្នើមមួយរូប។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ថ្នាក់ដឹកនាំឆ្នើមរបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ (រូបថត៖ baochinhphu.vn)

សញ្ញាសម្គាល់ក្នុងការងារមនោគមវិជ្ជា និងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារមនោគមវិជ្ជារបស់បក្ស។ នៅក្នុងគ្រប់កាលៈទេសៈ លោកជានិច្ចកាល បង្ហាញពីឫទ្ធានុភាព បញ្ញារបស់ជនកុម្មុយនិស្ត ដែលមានចក្ខុវិស័យយុទ្ធសាស្ត្រ; ស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន; ប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញ គោលដៅ និងឧត្តមគតិបដិវត្តន៍របស់បក្ស ប្រជាជាតិ និងគោល ការណ៍របស់បក្ស; ថែរក្សា លើកកំពស់ និងរីកសាយភាយលក្ខណៈសម្បត្តិ សីលធម៌ បដិវត្តន៍ដ៏ភ្លឺថ្លា ជាអ្នកត្រួសត្រាយផ្លូវ ជាគំរូ ស្លូតបូត សាមញ្ញ និងជិតស្និទ្ធនឹងប្រជាជន។

ក្នុងតួនាទីរបស់ខ្លួន លោកអគ្គលេខាបក្សមានកម្រងសៀវភៅ និងអត្ថបទ សរសេរជាច្រើនដែលមានកម្រិតទ្រឹស្តី និងមានតម្លៃខ្ពស់។ នៅក្នុងស្នាដៃនីមួយៗរបស់ខ្លួន លោកអគ្គលេខាបក្សបានសង្ខេបតថភាពជាក់ស្ដែងយ៉ាងស៊ីជម្រៅ និងលើកកំពស់ ទៅកម្រិតទ្រឹស្តីនៃគោលមាគ៌ាផ្លាស់ប្ដូរថ្មី។ លេចធ្លោដូចជាស្នាដៃ៖ "បញ្ហាខាងទ្រឹស្តីនិង ការអនុវត្តជាក់ស្តែងមួយចំនួនស្ដីពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយម នៅវៀតណាម"; “កសាងបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ រួមចំណែកអនុវត្តន៍ ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣”; “កសាងនិងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿន សម្បូរដោយអត្តសញ្ញាណជាតិ”; “តស៊ូយ៉ាងប្ដូរផ្ដាច់និងខ្ជាប់ខ្ជួនប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមចំណែក កសាងបក្ស រដ្ឋរបស់យើងកាន់តែស្អាតស្អំ និងរឹងមាំ”;... អ្នកសារព័ត៌មាន Ha Dang បានចែករំលែកថា៖

“លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ ដឹកនាំបក្សដែលបានរួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់នូវទ្រឹស្តីនៃលទ្ធិម៉ាក្ស-លេនីន និង សង្គមនិយមវៀតណាមតាមសតិអារម្មណ៍ សីលធម៌ហូជីមិញ។ ក្នុងដំណើរការនោះ លោកអគ្គលេខាបក្ស បានផ្សាភ្ជាប់ទ្រឹស្តីយ៉ាងជិតស្និទ្ធជាមួយការអនុវត្តជាក់ស្ដែង ហើយតែងតែយកការអនុវត្តជាស្តង់ដារនៃការពិត”។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ថ្នាក់ដឹកនាំឆ្នើមរបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 2ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម លោក Phan Dinh Trac។ (រូបថត៖ TTXVN)

ការងារតស៊ូប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន ក្រោមការដឹកនាំរបស់ បក្ស ដែលលោកអគ្គលេខាបក្សជាប្រមុខ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ពោរពេញទៅដោយលក្ខណៈមនុស្សធម៌ ក្នុងការដោះស្រាយ ចំពោះរឿងហេតុ និងចំពោះមនុស្ស ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជាតិ។ យុទ្ធនាការ ប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាមទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយគ្មានតំបន់ហាមឃាត់ ឬករណីលើកលែងឡើយ។ យោងតាមលោកអគ្គលេខាបក្ស ស្ថានភាពជាក់ស្ដែងនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទោះបីជាមានការ “ឈឺចាប់ខ្លាំង” ក៏ដោយ ប៉ុន្តែបានរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើការ ដឹកនាំរបស់បក្ស។ ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម លោក Phan Dinh Trac បានឲ្យដឹងថា៖

“លោកអគ្គលេខាបក្ស បានថ្លែងម្ដងហើយម្ដងទៀតថា ពិតជាឈឺចាប់ណាស់ ដោយត្រូវដាក់វិន័យចំពោះសមមិត្តរបស់ខ្លួន ប៉ុន្តែដើម្បីសារវិន័យដ៏តឹងរ៉ឹងរបស់បក្ស ការគោរពច្បាប់ជាគោលរបស់រដ្ឋ និងកិត្យានុភាពរបស់បក្ស រដ្ឋ និងបំណងប្រាថ្នារបស់ ប្រជាជន បានជាត្រូវតែធ្វើ និងធ្វើឲ្យបានប្ដូរផ្ដាច់បំផុត។ អាចនិយាយបានថា មិនធ្លាប់ មានពេលណាទេ ដែលការងារប្រឆាំងអំពើពុករលួយរបស់វៀតណាមមិនត្រូវបាន ដឹកនាំយ៉ាងដិតដល់ ប្ដូរផ្ដាច់ និងមានប្រសិទ្ធភាពដូចពេលកន្លងមក។ ភាពជាគំរូ ភាព ប្ដូរផ្ដាច់ ការប្ដេជ្ញាចិត្ត ពាក្យសំដីដើរទន្ទឹមនឹងសកម្មភាព របស់លោកអគ្គលេខាបក្ស ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំ គឺជាទីពឹងដ៏រឹងមាំ និងជាការធានាផ្នែក នយោបាយ បង្កើតកម្លាំងចលករដ៏ធំធេង។ ដូច្នេះហើយ នេះជាកត្តាចម្បង ដែល សម្រេចលើជោគជ័យក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាមនាពេលកន្លងមកនេះ”។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ថ្នាក់ដឹកនាំឆ្នើមរបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 3រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son។ (រូបថត៖ VOV)

សញ្ញាសម្គាល់ក្នុងការកសាង និងអភិវឌ្ឍផ្នែកការទូត ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល

ដោយអនុវត្តន៍និងអភិវឌ្ឍន៍ដោយភាពច្នៃប្រឌិតនូវវិធីសាស្ត្រសិល្បៈការទូតហូជីមិញក្នុងបរិបទថ្មីនៃប្រទេសជាតិនិងសម័យនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong រួមជាមួយបក្ស បានដឹកនាំកសាងនិងអភិវឌ្ឍន៍ផ្នែកការទូតវៀតណាមគ្រប់ជ្រុងជ្រោយ ទំនើប ពោរពេញដោយអត្តសញ្ញាណដើមឬស្សីវៀតណាម៖ នោះគឺជាភាព ទន់ភ្លន់ ប៉ិនប្រសប់ និងមនុស្សធម៌ ប៉ុន្តែមានភាពធន់ ប្ដូរផ្ដាច់ បត់បែន ច្នៃប្រឌិត និង សម្របខ្លួនទៅនឹងការលំបាក និងបញ្ហាប្រឈម។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា៖

“អាចបញ្ជាក់បានថា លោកអគ្គលេខាបក្ស Nguyen Phu Trong បានបង្កើត សញ្ញាសំខាន់ៗក្នុងការកសាង និងអនុវត្តគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋក្នុងសម័យផ្លាស់ប្ដូរថ្មី រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើត និងពង្រឹងទំនាក់ ទំនងកិច្ចការបរទេសយ៉ាងទូលំទូលាយ អំណោយផលសម្រាប់ការកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ ការពារមាតុភូមិ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀត ណាមលើឆាកអន្តរជាតិ”។

ក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល លោកអគ្គលេខាបក្ស Nguyen Phu Trong តែងតែក្រើនរំលឹកកម្មាភិបាល បក្ខជន និងប្រជាជនឱ្យចងចាំជានិច្ចនូវ សេចក្ដីផ្ដែផ្ដាំដ៏ជ្រាលជ្រៅរបស់លោកប្រធានហូជីមិញថា៖ “គ្មានអ្វីនៅលើមេឃមាន តម្លៃជាងប្រជាជនឡើយ; គ្មានអ្វីលើពិភពលោកខ្លាំងជាងកម្លាំងរួបរួមរបស់ប្រជាជនបានឡើយ”។

ក្នុងអត្ថបទសរសេរនិងសុន្ទរកថានានា លោកអគ្គលេខាបក្ស Nguyen Phu Trong ជានិច្ចកាលបង្ហាញនូវទស្សនៈមនោគមវិជ្ជាឥតងាករេ៖ ប្រជាជនគឺជាឫសគល់; ប្រជាជនគឺជាមជ្ឈភាព និងជាកម្មវត្ថុនៃបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុ ភូមិ។ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានឲ្យដឹងថា៖

“ខ្ញុំធ្លាប់បានអមដំណើរលោកអគ្គលេខាបក្ស ទៅកាន់បណ្ដាខេត្តនៃតំបន់ Tay Nguyen និងបណ្ដាខេត្តនៃតំបន់ ណាមបូខាងលិច។ មិនថាទៅទីណាទេ ក៏លោកតែងទៅសួរសុខទុក្ខប្រជាជន យកចិត្ត ទុកដាក់ ផ្ដល់មនោសញ្ចេតនាពិសេសចំពោះបងប្អូនជនជាតិភាគតិច និងតំបន់ដែល មានជនរួមជាតិកាន់សាសនាជាច្រើនរស់នៅ។ ដោយទទួលមរតកពីអាណត្តិមុនៗ និងអនុវត្តន៍គោលជំហររបស់បក្ស និងរដ្ឋលើការងារជនជាតិនោះ លោកអគ្គលេខាបក្ស បានដឹកនាំការបូកសរុបនៃសេចក្តីសម្រេចចិត្តលេខ ២៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស លើកទី ៩ ស្តីពីការងារជនជាតិ។ ហើយក្នុងស្មារតីនោះ ការិយាល័យនយោបាយបាន ដឹកនាំការកសាងកម្មវិធីគោលដៅជាតិដាច់ដោយឡែក ដើម្បីដោះស្រាយការលំបាក សម្រាប់ជនរួមជាតិជាជនជាតិភាគតិច និងនៅតំបន់ព្រៃភ្នំ”។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានលាចាកលោកទៅហើយ ប៉ុន្តែ ប្រជាជនវៀតណាមនឹងចងចាំលោកជានិច្ច ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានការ ត្រិះរិះយុទ្ធសាស្ត្រ ជានិច្ចកាលយកចិត្តទុកដាក់ គិតគូដល់ប្រជាជន និងប្រទេសជាតិ ប៉ុន្តែក៏មានភាពសាមញ្ញ ស្និទ្ធស្នាលនិងមានទឹកចិត្តសប្បុរស។ កេរ្តិ៍ឈ្មោះលោក ត្រូវបានចារិតក្នុងប្រវត្តិសាស្ត្រជាថ្នាក់ដឹកនាំឆ្នើមរបស់បក្សកុម្មុយនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ