រំដោះធនធានសម្រាប់អភិវឌ្ឍតំបន់ តី ង្វៀន

Chia sẻ

(VOVWORLD) - កាលពីចុងសប្តាហ៍មុន នៅខេត្ត ឡឹម ដុង នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមសន្និសីទធានាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីបម្រើការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្ដាខេត្តក្នុងតំបន់ តី ង្វៀន។ 

រំដោះធនធានសម្រាប់អភិវឌ្ឍតំបន់ តី ង្វៀន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញចូលរួមសន្និសីទធានាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីបម្រើការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្ដាខេត្តក្នុងតំបន់ តី ង្វៀន។
(រូបថត៖ chinhphu.vn)

ថ្លែងនៅទីនេះ ប្រមុខរដ្ឋាភិបាលបានសង្កត់ធ្ងន់លើការអនុវត្តភារកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះយកការអភិវឌ្ឍ ជាប្រភពធនធាន និងការបំផុសគំនិត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ តី ង្វៀន ព្រមទាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានរឹងមាំ ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម; ដោះស្រាយបញ្ហាដីលំនៅឋាន ដីផលិតកម្ម ប្ដេជ្ញាចិត្តលុបបំបាត់ផ្ទះបណ្តោះ អាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ដោះស្រាយបញ្ហាការធ្វើចំណាកស្រុកដោយសេរី បង្កើតមុខរបរចិញ្ចឹមជីវិត និងផ្លាស់ប្តូរការងារជូនបងប្អូនជនជាតិភាគតិច; ត្រូវតែមាន ដំណោះស្រាយជាក់លាក់ដើម្បីធានាថាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅឆ្នាំក្រោយគឺប្រសើរជាងឆ្នាំមុន។

តំបន់ តី ង្វៀន រួមមានខេត្តចំនួន៥៖ ដាកឡាក់ ដាកណុង ហ្យ៉ាឡៃ ខនទុំ និង ឡឹមដុង។ នេះគឺជាតំបន់យុទ្ធសាស្ត្រ មានសារៈសំខាន់ពិសេសខាងសេដ្ឋកិច្ច នយោបាយ សន្តិសុខ ការពារជាតិ និងបរិស្ថានអេកូឡូស៊ីរបស់ប្រទេសជាតិ; ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ តី ង្វៀន ដើរតួនាទីយ៉ាងសំខាន់ក្នុងការ កសាងនិងការពារមាតុភូមិ។

បង្រួបបង្រួមការយល់ដឹង និងស្នើដំណោះស្រាយសម្រាប់ការអភិវឌ្ឍតំបន់ តី ង្វៀន

អញ្ជើញថ្លែងនៅសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាត់ទុកថា ដើម្បីបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍតំបន់ តី ង្វៀន ឲ្យសក្តិសមនឹងសក្ដានុពល និងគុណសម្បត្តិ ពង្រឹងអត្តសញ្ញាណវប្បធម៍ លើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជននោះ បណ្ដាគណៈកម្មាធិការ ក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវតែកំណត់ថា ការធានាសន្តិសុខសណ្តាប់ធ្នាប់ គឺជាកិច្ចការសំខាន់ បន្ទាន់ ជាប្រចាំ និងយូរអង្វែង។ ប្រសិនបើចង់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានរឹងមាំ កត្តាជា មូលដ្ឋានបំផុតនោះ គឺប្រជាពលរដ្ឋត្រូវតែមានជីវភាពធូរធារ។ ជីវភាពទាំងខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជន ត្រូវបានកែលម្អដោយឥតឈប់ឈរ ដោយមិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ។

“របកគំហើញទីមួយនោះ គឺរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារ ណែនាំរបស់បក្ស និងរដ្ឋ ដោយស្មារតីសេដ្ឋកិច្ចជាភារកិច្ចស្នូល។ សកម្មភាពទាំងអស់ ត្រូវតែផ្តោតលើសេដ្ឋកិច្ច។ របកគំហើញទីពីរ គឺយើងត្រូវហ៊ានបង្កើតយន្តការពិសេស ដោយឡែក កៀរគរធនធានសង្គមទាំងអស់ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធ សាស្ត្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទប់ទល់នឹង ការប្រែប្រួលអាកាសធាតុ ហើយហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌និងកីឡា។ ទី៣ គឺត្រូវយកការអភិវឌ្ឍជាបុព្វបទ ជា មូលដ្ឋាន ជាកម្លាំងចលករ ជាធនធាន ដើម្បីរក្សារឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គមនៅតំបន់ តី ង្វៀន ហើយផ្ទុយមកវិញ ត្រូវធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមផងដែរ”។

លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការដោះស្រាយបញ្ហាដីលំនៅឋាន លុបបំបាត់ផ្ទះបញ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ហើយដោះស្រាយបញ្ហាការធ្វើ ចំណាកស្រុកដោយសេរីឲ្យមានរបៀបរៀបរយ ធានាស្ថិរភាព និងបង្កើតការងារ សម្រាប់ផលិតកម្មនិងអាជីវកម្ម។

បើតាមលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បណ្ដាផ្នែកនិងមូលដ្ឋានត្រូវធានាថា ជីវភាពខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជននៅឆ្នាំក្រោយត្រូវតែប្រសើរជាងឆ្នាំមុន ហើយប្រព័ន្ធនយោបាយថ្នាក់មូលដ្ឋានត្រូវតែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន។

បក្សនិងរដ្ឋយកចិត្តទុកដាក់ពិសេសជានិច្ចដល់តំបន់ តី ង្វៀន

តាំងពីមុនមក បណ្ដាខេត្តក្នុងតំបន់ តី ង្វៀន តែងតែជាតំបន់ដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋយកចិត្តទុកដាក់ពិសេស។ សេចក្ដីសម្រេចចិត្ត សេចក្ដីសន្និដ្ឋាន និងគម្រោងជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ តី ង្វៀន ត្រូវបានចេញផ្សាយ។ ថ្មីៗនេះ គឺសេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិ យាល័យនយោបាយ ស្តីពី "ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការធានាការពារ ជាតិ សន្តិសុខនៅតំបន់ តី ង្វៀន ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥" សេចក្តី សម្រេចលេខ ១០៤ ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដែលប្រកាសពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ផ្សាភ្ជាប់នឹងការការពារសន្តិសុខ និងការពារជាតិនៅតំបន់ តី ង្វៀន។

ថ្មីៗនេះ (ខែឧសភា ២០២៤) នាយករដ្ឋមន្ត្រីបានអនុម័តលើផែនការមេតំបន់ តី ង្វៀន ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយមានទស្សនៈ អភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព រួមបញ្ចូលគ្នាប្រកបដោយ ភាពសុខដុមរមនា នូវការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការការពារធនធានធម្មជាតិ និងបរិស្ថានដោយផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការការពារជាតិ សន្តិសុខ និងកិច្ចការ បរទេស គឺជាភារកិច្ចសំខាន់និងបន្តបន្ទាប់។

តាមនោះ គោលដៅទូទៅគឺនៅឆ្នាំ ២០៣០ តំបន់ តី ង្វៀន នឹងលើសពីកម្រិត ប្រាក់ចំណូលមធ្យមទាប។ អត្រាកំណើនជាមធ្យមនៃផលិតផលក្នុងតំបន់សរុប (GRDP) ក្នុងដំណាក់កាល ២០២១-២០៣០ សម្រេចបានចន្លោះ ៧ ទៅ ៧,៥%; នៅឆ្នាំ ២០៣០ GRDP ជាមធ្យមក្នុងមនុស្សម្នាក់នឹងកើនឡើងដល់ ១៣០ លានដុង ស្មើនឹង ៥០០០ ដុល្លារអាមេរិក។

ចក្ខុវិស័យដល់ឆ្នាំ ២០៥០ តំបន់ តី ង្វៀន នឹងក្លាយជាតំបន់អភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព ជាមួយនឹងសេដ្ឋកិច្ចបៃតង និងវិលជុំ; បង្កើតតំបន់ផលិតកម្មធំសម្រាប់ដំណាំ ឧស្សាហកម្ម ដើមឈើហូបផ្លែ បន្លែ និងផ្កា និងជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញ នៃប្រទេសទាំងមូល; បង្កើតតំបន់ទេសចរណ៍គុណភាពខ្ពស់ ជាគោលដៅទាក់ទាញ សម្រាប់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស។ លំហអេកូឡូស៊ី សម្បូរដោយអត្ត សញ្ញាណវប្បធម៌; ប្រព័ន្ធអេកូឡូស៊ីព្រៃឈើត្រូវបានអភិរក្ស និងអភិវឌ្ឍន៍។ តំបន់ តី ង្វៀន ជានិច្ចកាលមានសារៈសំខាន់ផ្នែកសេដ្ឋកិច្ច នយោបាយ សន្តិសុខ ការពារជាតិ និងបរិស្ថានអេកូឡូស៊ីរបស់វៀតណាម។

ការរំដោះធនធាននានា នឹង បង្កើតជំហានផ្លាស់ប្តូរកាន់តែខ្លាំងក្លា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ទាំងមូល នាពេលខាងមុខ ដែលរួមចំណែកដល់ស្ថិរភាពក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ទាំងមូល៕

ប្រតិកម្មទៅវិញ