យថាទស្សន៍កែលម្អទំនាក់ទំនងរវាងអាមេរិក-ចិន

Chia sẻ

(VOVWORLD) -  កាលពីថ្ងៃទី២៣ ខែមិថុនា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសពីការអនុវត្តវិធានការរឹតត្បិតលើការនាំចេញនៃក្រុមហ៊ុនចំនួន៥របស់ចិន ដោយសារការចោទប្រកាន់ពីអំពើរំលោភបំពានលើពលករ។ បើធៀបនឹងវិធានការផ្សេងៗដែលអាមេរិកបានដំណើរការកាលពីមុននេះ គឺវិធានការរឹតត្បិតលើកនេះមានទ្រង់ទ្រាយតូចបង្គួរ។ ប៉ុន្តែ កាលៈទេសៈដែលវិធានការខាងលើត្រូវបានធ្វើឡើងទើបជាប្រការគួរឲ្យមានការយចិត្តទុកដាក់ ពីព្រោះថាវាឆ្លុះបញ្ចាំងនូវសភាពការណ៍ទំនាក់ទំនងដ៏ពោរពេញទៅដោយបញ្ហាប្រឈមនាបច្ចុប្បន្នរវាងប្រទេសទាំងពីរ។

យថាទស្សន៍កែលម្អទំនាក់ទំនងរវាងអាមេរិក-ចិន - ảnh 1ប្រធានាធិបតីអាមេរិកលោក  Joe Biden  (រូបថត៖ Reuters)

ក្រុមហ៊ុនទាំង៥របស់ចិន ដែលត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិកដាក់បញ្ចូលក្នុង “បញ្ជីឈ្មោះអង្គភាពរងការដាក់ទណ្ឌកម្ម” នោះ រួមមានក្រុមហ៊ុនធំៗដែលប្រតិបត្តិការក្នុងវិស័យផលិតវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងការផលិតបន្ទះសូឡា។ ប៉ុន្តែ ប្រការគួរឲ្យយកចិត្តទុកដាក់ជាងនេះទៅទៀត គឺទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះកំពុងកាន់តែអាក្រក់ទៅៗ ដោយផ្ទុយទៅនឹងការរំពឹងទុកកាលពីមុននេះ ដែលថា ទំនាក់ទំនងរវាងអាមេរិក-ចិន អាចត្រូវបានកែលម្អ នៅពេលលោក Joe Biden ក្លាយទៅជាប្រធានាធិបតីអាមេរិក (កាលពីខែមករាឆ្នាំ២០២១)។

ទស្សនៈតឹងតែងរបស់អាមេរិកចំពោះចិន

វិធានការរឹតត្បិតថ្មីខាងលើ ត្រូវបានប្រកាសមិនដល់៣សប្ដាហ៍ក្រោយពីប្រធានាធិបតីអាមេរិកលោក Joe Biden ចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិ ដែលបំពេញបន្ថែមក្រុមហ៊ុនចំនួន ២៨ ទៀតរបស់ចិនចូលក្នុង “បញ្ជីឈ្មោះខ្មៅ” ដោយសារការចោទប្រកាន់ពាក់ព័ន្ធដល់បច្ចេកវិទ្យា ចារកម្មនិងការពារជាតិ នាំឲ្យបរិមាណក្រុមហ៊ុនចិនដែលពលរដ្ឋអាមេរិកមិនត្រូវបានអនុញ្ញាតឲ្យវិនិយោគ ឡើងដល់ ៥៩ អង្គភាព។

គួរឲ្យនិយាយជាងនេះទៅទៀត ការដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើចិន ត្រូវបានដំណើរការក្នុងបរិបទដែលអាមេរិកក៏កំពុងសហការជាមួយសម្ព័ន្ធមិត្តផ្សេងៗទៀត ដើម្បីអនុវត្តន៍សកម្មភាពដ៏តឹងតែងជាច្រើនទៀត។ ក្នុងនោះ គួរឲ្យកត់សម្គាល់បំផុត គឺទស្សនៈនិងសកម្មភាពដែលត្រូវបានលោកប្រធានាធិបតី Joe Biden ជំរុញក្នុងដំណើរទស្សនកិច្ចការងារជាលើកដំបូងនៅអឺរ៉ុបក្នុងខែមិថុនានេះ។ ជាក់ស្ដែងគឺ ក្រោមការដឹកនាំរបស់អាមេរិក អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានចេញសេចក្ដីថ្លែងការណ៍រួមជាលើកដំបូងដែលបញ្ជាក់ថា ការបង្កើនកម្លាំងយោធារបស់ចិនកំពុងបង្កើតឡើង “បញ្ហាប្រឈមមានលក្ខណៈជាប្រព័ន្ធ” ហើយជាការគំរាមកំហែង។ ក្នុងពេលជាមួយគ្នានោះ កិច្ចប្រជុំកំពូលក្រុមប្រទេសជាមហាអំណាចសេដ្ឋកិច្ចទាំង៧ (G7) ដោយមានសមាជិកទាំងអស់ជាសម្ព័ន្ធមិត្តរបស់អាមេរិក ក៏បានចេញសេចក្ដីប្រកាស ក្នុងនោះសម្ដែងទស្សនៈអំពីបញ្ហាជាច្រើនដែលត្រូវបានចាត់ទុកជាបញ្ហារស៊ើប ហើយតែងតែជួបប្រទះនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់ចិន ដូចជាបញ្ហាហុងកុង តៃវ៉ាន់ ឬស៊ីនជាំង (Xinjiang) របស់ចិន។ ពិតប្រាកដណាស់ថា ចិនបានបង្ហាញប្រតិកម្មដ៏ខ្លាំងក្លាឆ្លើយតបនឹងកាយវិកាទាំងនេះ។

យថាទស្សន៍កែលម្អទំនាក់ទំនងរវាងអាមេរិក-ចិន - ảnh 2តើភាពតានតឹងរវាងភាគីទាំងពីរអាចចាត់ទុកថាជាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដែរឬទេ? (រូបថត៖ AP)

ស្ថានភាពជាក់ស្ដែងនេះ បង្ហាញឲ្យឃើញថា យថាទស្សន៍កែលម្អទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរនេះ ជាពិសេសក្នុងរយៈពេលខ្លី កំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ។

បញ្ហាប្រឈមក្នុងការកែលម្អទំនាក់ទំនង

មុនពេលអាមេរិកប្រកាសបទដាក់ទណ្ឌកម្មថ្មីទៅលើក្រុមហ៊ុនចិន អ្នកសង្កេតករណ៍មួយចំនួន នៅតែមានការរំពឹងទុកនៅកម្រិតជាក់ស្ដែងមួយ អំពីលទ្ធភាពកែលម្អទំនាក់ទំនងអាមេរិក-ចិន ទោះជានៅកម្រិតទាបក៏ដោយ។ មូលដ្ឋាននៃការរំពឹងទុកនោះ គឺលទ្ធភាពរៀបចំកិច្ចប្រជុំកំពូលអាមេរិក-ចិនដោយផ្ទាល់ជាលើកដំបូង ស្របពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិនលោក Xi Jinping ទំនងជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រុម G20 (ក្រុមប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍនិងទើបលេចចេញ) នៅទីក្រុងរ៉ូម (អ៊ីតាលី) នៅខែតុលាឆ្នាំនេះ។ លទ្ធភាពនេះកាន់តែមានមូលដ្ឋានជាងទៀត បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ បាននិយាយថា វ៉ាស៊ីនតោណយកចិត្តទុកដាក់ដល់គំនិតរៀបចំកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Joe Biden ជាមួយលោកប្រធានរដ្ឋចិន Xi Jinping ដើម្បីកំណត់ឲ្យបានច្បាស់ថែមទៀតអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្រដៀងនឹងកិច្ចសន្ទនាដោយផ្ទាល់រវាងលោកប្រធានាធិបតី Biden និងសមភាគីរុស្ស៊ីលោក Vladimir Putin ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវអញ្ចឹង។

ប៉ុន្តែ តាមអ្នកវិភាគជាច្រើនចាត់ទុកថា រវាងអាមេរិកនិងចិនកំពុងមានទំនាស់និងការខ្វែងគំនិតជាច្រើនលើសលុប ចាប់ពីជម្លោះពាណិជ្ជកម្មរហូតដល់ការជជែកវែកញែកពាក់ព័ន្ធដល់សិទ្ធិមនុស្ស ស្ថានភាពសមុទ្រខាងកើតនិងបញ្ហាផ្សេងៗទៀត។ សភាពការណ៍ទំនាក់ទំនងអាមេរិក-ចិន ត្រូវបានចាត់ទុកថា កំពុងស្ថិតនៅកម្រិតទាបបំផុតក្នុងអំឡុងពេលច្រើនទសវត្សរិ៍កន្លង មក សូម្បីតែពេលខ្លះប្រៀបប្រដូចដូចនឹងសភាពការណ៍ “សង្គ្រាមត្រជាក់”។ ហេតុដូច្នេះការរៀបចំកិច្ចប្រជុំកំពូលនៅពេលវេលាបច្ចុប្បន្នឬក្នុងរយៈពេលខ្លីៗខាងមុខ ទំនងជាមិនអាចទៅរួចទេ។

ទោះជាយ៉ាងនេះក៏ដោយ ប៉ុន្តែតាមទស្សនៈរួមរបស់ជំនាញការជាច្រើនថា កិច្ចប្រជុំកំពូលអាមេរិក-ចិន គួរតែត្រូវបានរៀបចំឡើងនៅពេលវេលាដ៏សមស្រប ហើយច្បាស់លាស់ថា ត្រូវការត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត។ ពីព្រោះថា កិច្ចប្រជុំនេះនៅពេលប្រារព្ធធ្វើឡើង នឹងមានគុណប្រយោជន៍ “ទប់ហ្វាំង” ការធ្លាក់ដុនដាបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងជួយកំណត់ឲ្យបានច្បាស់ថែមទៀតអំពីទស្សនៈនិងជំហរនៃភាគីនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ