មួយឆ្នាំនៃជម្លោះហ្គាហ្សា៖ ភាគីនានាធ្លាក់ចូលក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត

Chia sẻ

(VOVWORLD) - មួយឆ្នាំបន្ទាប់ពីការផ្ទុះឡើង ជម្លោះរវាងអ៊ីស្រាអែលនិងចលនាហាម៉ាសនៅតំបន់ហ្គាហ្សា បានបង្កឡើងផលវិបាកមហន្តរាយដល់ភាគីទាំងអស់ ព្រមទាំងបានចាប់ផ្តើមរីករាលដាលទៅសមរភូមិផ្សេងទៀត ធ្វើឱ្យពិភពលោកបែងចែកគ្នា និងគំរាមកំហែងរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលឲ្យធ្លាក់ចូលក្នុងភាព វឹកវរ។

មួយឆ្នាំនៃជម្លោះហ្គាហ្សា៖ ភាគីនានាធ្លាក់ចូលក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត - ảnh 1រូបថតឧទាហរណ៍៖ TTXVN

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ចលនាអ៊ីស្លាមហាម៉ាស បានបើកការវាយលុកគួរឲ្យភ្លាក់ផ្អើលលើគោលដៅជាច្រើននៅភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់ទាហាន និងជនស៊ីវិលអ៊ីស្រាអែលជាង ១១០០នាក់ និងចាប់ខ្លួនមនុស្សជាង ២៥០នាក់ជាចំណាប់ខ្មាំង។ ជាការសងសឹក អ៊ីស្រាអែលបានបើកការវាយប្រហារពេញលេញតម្រង់ទៅលើតំបន់ហ្គាហ្សា បណ្ដាលឲ្យអំពើហិង្សាកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា។

ផលវិបាកមហន្តរាយ

តាមតួរលេខដែលបានចេញផ្សាយកាលពីថ្ងៃទី ៦ ខែតុលា មួយថ្ងៃមុនពេលគម្រប់ខួប ១ ឆ្នាំនៃការផ្ទុះជម្លោះនៅតំបន់ហ្គាហ្សា អង្គការសហប្រជាជាតិ (UN) បាននិយាយថា ជម្លោះនេះបានបង្កឡើងផលវិបាកមហន្តរាយ។ ជាក់ស្តែង ជម្លោះបានឆក់យកជីវិតជនស៊ីវិលប៉ាឡេស្ទីនជិត ៤២.០០០ នាក់ នៅតំបន់ហ្គាហ្សា ភាគច្រើនជាស្ត្រី និងកុមារ និងជិត ១០ ម៉ឺននាក់ផ្សេងទៀតរងរបួស។ ប្រជាជនទាំង ២,៣ លាននាក់នៅហ្គាហ្សាស្ទើរតែទាំងអស់ត្រូវចេញពីផ្ទះដើម្បីភៀសខ្លួន ប្រហែល ៨០% នៃហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ហ្គាហ្សា ត្រូវបានបំផ្លាញ ប្រព័ន្ធសាលារៀន មន្ទីរពេទ្យ អនាម័យ ទឹកស្អាត...លែងដំណើរស្ទើរតែទាំងស្រុង។

នៅក្នុងសារដែលបានផ្ញើក្នុងឱកាសខួបរយៈ ១ ឆ្នាំ នៃជម្លោះនៅហ្គាហ្សា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា ស្ថានការណ៍នៅហ្គាហ្សាបានលើសពីការស៊ូទ្រាំរបស់ភាគីទាំងអស់ ហើយចាំបាច់ត្រូវបញ្ចប់ជាបន្ទាន់។

“សង្រ្គាមដែលបានផ្ទុះឡើង បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យតកស្លុតកាលពីមួយឆ្នាំមុន បន្ត
ឆក់យកជីវិត និងបង្កការឈឺចាប់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ហើយឥឡូវនេះគឺប្រជាជនលីបង់។ ឥឡូវនេះជាពេលវេលាដើម្បីដោះលែងចំណាប់ខ្មាំង និងស្ងៀមស្ងាត់សម្លេងកាំភ្លើង។ ឥឡូវនេះគឺជាពេលវេលាដើម្បីបញ្ឈប់ការឈឺចាប់ដែលកំពុងជាន់ពន្លិចតំបន់។ ឥឡូវនេះជាពេលវេលាសម្រាប់សន្តិភាព ច្បាប់ និងយុត្តិធម៌អន្តរជាតិ”។

វាមិនត្រឹមតែបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាប៉ុណ្ណោះទេ ជម្លោះក៏កំពុងរុញច្រានអ៊ីស្រាអែលឱ្យធ្លាក់ចូលក្នុងស្ថានភាពលំបាកផងដែរ។ ក្រៅពីអ្នកស្លាប់ចំនួនជាង ១២០០ នាក់ និងជិត ១ ម៉ឺន នាក់បានរងរបួសនៅក្នុងឆ្នាំមុននោះ សេដ្ឋកិច្ចរបស់អ៊ីស្រាអែលក៏បានទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរផងដែរ។ យោងតាមការប៉ាន់ប្រមាណរបស់ធនាគារកណ្តាលអ៊ីស្រាអែល ប្រសិនបើជម្លោះអូសបន្លាយរហូតដល់ចុងឆ្នាំក្រោយ ការចំណាយលើសង្គ្រាមរបស់អ៊ីស្រាអែលនឹងកើនឡើងដល់ ៦៦ ពាន់លានដុល្លារអាមេរិក ស្មើនឹង ១២% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ ហើយក៏អាចខ្ពស់ជាងនេះទៅទៀត ដែលបានប្រែក្លាយជម្លោះនេះទៅជាសង្រ្គាមថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។

ជម្លោះកំពុងរីករាលដាល

ផលប៉ះពាល់នៃជម្លោះដែលបានផ្ទុះឡើងកាលពីមួយឆ្នាំមុន កំពុងហួសពីព្រំដែននៃតំបន់ហ្គាហ្សា និងឆ្ពោះទៅរកសេណារីយ៉ូដ៏អាក្រក់បំផុតដែលអ្នកសង្កេតការណ៍បានព្រមាននោះ គឺជម្លោះនៅតំបន់ហ្គាហ្សាអាចបង្កឲ្យមានសង្រ្គាមពេញលេញនៅមជ្ឈិមបូព៌ា។ បច្ចុប្បន្ននេះ ជម្លោះបានរីករាលដាលដល់ប្រទេសលីបង់ ដោយការដែលកងទ័ពអ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាស និងបើកយុទ្ធនាការវាយលុកនៅភាគខាងត្បូងប្រទេសលីបង់ សំដៅកម្ទេចកងកម្លាំង Hezbollah ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុមហាម៉ាស។ ធ្ងន់ធ្ងរជាងនេះទៅទៀត អ៊ីស្រាអែលនិងអ៊ីរ៉ង់ ក៏កាន់តែខិតទៅជិតជម្លោះទ្រង់ទ្រាយធំផងដែរ។

អ្នកជំនាញ Karima Laachir នាយិកាមជ្ឈមណ្ឌលស្រាវជ្រាវអារ៉ាប់ និងឥស្លាម នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី បាននិយាយថា ការកើនឡើងនៃអំពើហិង្សានៅមជ្ឈិមបូព៌ានាពេលបច្ចុប្បន្ននេះ បានបង្ហាញឲ្យឃើញពីអសមត្ថភាពរបស់សហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ក៏ដូចជាគោលនយោបាយដែលបរាជ័យរបស់គ្រប់ភាគីទាំងអស់ ជាពិសេសអ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិច។ ដោយហេតុនេះ បើតាមលោកស្រី Karima Laachir ស្ថានភាពបច្ចុប្បន្ន ទាមទារឱ្យភាគីទាំងអស់ត្រូវផ្លាស់ប្តូរភ្លាមមួយរំពិចនិងយ៉ាងខ្លាំងក្លា នូវការត្រិះរិះអំពីសន្តិសុខរយៈពេលវែងសម្រាប់តំបន់ទាំងមូល មុនពេលធ្លាក់ចូលទៅក្នុងស្ថានភាពដែលមិនអាចផ្លាស់ប្តូរបាន។

“ខ្ញុំគិតថា ប្រការដ៏សំខាន់គឺថ្នាក់ដឹកនាំនានាចាំបាច់ត្រូវយល់ថា មិនអាចប្រើគ្រាប់បែកដើម្បីបើកផ្លូវសម្រាប់សន្តិភាព និងសន្តិសុខបានឡើយ។ ព្រោះបើយើងបន្តវាយប្រហារលើប្រទេសជិតខាងទៀត ផលប៉ះពាល់រយៈពេលវែងនឹងមានគ្រោះថ្នាក់ខ្លាំងណាស់។ យើងមិនអាចពិភាក្សាអំពីសន្តិសុខសម្រាប់អ៊ីស្រាអែលដោយមិនអើពើដល់សន្តិសុខនៃប្រទេសជិតខាងដូចជា លីបង់ ហ្ស៊កដានី និងអេហ្ស៊ីប... ហើយពិសេស ប្រសិនបើគ្មានការរំដោះសម្រាប់ជនប៉ាឡេស្ទីន”។

ចែករំលែកមតិនេះ អ្នកការទូតអ៊ីស្រាអែល Elie Barnavi អតីតឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសបារាំង បាននិយាយថា មួយឆ្នាំបន្ទាប់ពីជម្លោះនៅតំបន់ហ្គាហ្សា យុទ្ធនាការយោធាមិនបានជួយសន្តិសុខរបស់អ៊ីស្រាអែលកាន់តែប្រសើរឡើងនោះទេ ប៉ុន្តែកាន់តែអាក្រក់ទៅៗ នៅពេលដែលប្រទេសនេះត្រូវប្រឈមមុខនឹងសមរភូមិទាំង ៧ ក្នុងពេលដំណាល់គ្នា រួមមាន៖ ក្រុមហាម៉ាសនៅហ្គាហ្សា; ហេសបូឡា នៅលីបង់; ចលនា Intifada នៅ West Bank; កងកម្លាំង Houthi នៅយេម៉ែន; កងជីវពលនៅអ៊ីរ៉ាក់; កងជីវពលនៅស៊ីរី និងអ៊ីរ៉ង់។ ដូច្នេះហើយ ដំណោះស្រាយការទូត ដោយចាប់ផ្តើមពីបទឈប់បាញ់មួយ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចៀសនូវសេណារីយ៉ូជម្លោះដ៏អាក្រក់បំផុតសម្រាប់ភាគីទាំងអស់៕

ប្រតិកម្មទៅវិញ