ការដែលវៀតណាមនិងអាមេរិកប្រកាសធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ១៩៩៥ គឺជាមូលដ្ឋានដ៏សំខាន់និងជាកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក ដែលរក្សានិងអភិវឌ្ឍន៍បានយ៉ាងល្អក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ។
រូបភាព៖ qdnd.vn |
៣០ ឆ្នាំ - ដំណើរដ៏មានសញ្ញាសំគាល់ជាច្រើន
រយៈពេល ៣០ ឆ្នាំ (១៩៩៥-២០២៥) គឺជាដំណើរការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក។ ពីអតីតសត្រូវ ដល់ការធ្វើប្រក្រតីភាពទំនាក់ទំនង លើកកម្ពស់ទំនាក់ទំនងទៅភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ (២០១៣) ហើយបន្ទាប់មកជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (២០២៣)។ នេះគឺជាលទ្ធផលនៃដំណើរការផ្សះផ្សារ និងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរនាប៉ុន្មានឆ្នាំមកនេះ តាមនោះ បង្ហាញពីកម្រិតនៃការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung បានអះអាងថា៖ “៣០ ឆ្នាំនៃការធ្វើឱ្យប្រក្រតីភាពទំនាក់ទំនងវៀតណាម-អាមេរិក គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យបំផុត។ ប្រការនេះអាចនិយាយបានថា ជាដំណើរដ៏កម្រមួយក្នុងទំនាក់ទំនងអន្តរជាតិ។ សម្រាប់វៀតណាម នេះគឺជាលទ្ធផលនៃគោលនយោបាយការបរទេសយ៉ាងខ្ជាប់ខ្ជួន៖ ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម សមាហរណកម្មយ៉ាងស៊ីជម្រៅ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។ ទំនាក់ទំនងវៀតណាម-អាមេរិកមានការអភិវឌ្ឍន៍ដោយសារភាគីទាំងពីរបានកសាងទំនុកចិត្ត ចែករំលែកផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការជាក់ស្តែង"។
ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ វៀតណាម និងសហរដ្ឋអាមេរិកបានកសាងទំនាក់ទំនងពិសេសមិនត្រឹមតែដោយសារប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែវិធីដែលប្រទេសទាំងពីរបានជំនះលើប្រវត្តិសាស្ត្រដើម្បីឆ្ពោះទៅអនាគត។ នេះត្រូវបានបង្ហាញតាមរយៈលទ្ធផលសហប្រតិបត្តិការលេចធ្លោលើគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច កិច្ចខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកនៃសង្គ្រាម (ការបន្សាបជាតិពុល ការបោសសម្អាតគ្រានប់បែកមីន ការជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ការស្វែងរកអ្នកបាត់ខ្លួន) ការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន...។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានសង្កត់ធ្ងន់ថា៖ “តាមរយៈការសន្ទនា និងការពង្រឹងទំនាក់ទំនង យើងកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដោយរួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ក្រោយសង្គ្រាម បោះជំហានយ៉ាងរឹងមាំតាមរយៈការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាល និងពង្រីកកម្មវិធីផ្លាស់ប្តូរការអប់រំ ដើម្បីនាំប្រជាជននៃប្រទេសទាំងពីរកាន់តែខិតមកជិតជាមួយគ្នា។ យើងកំពុងរួមគ្នាសរសេរជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមជាសកល ដូចជា៖ ការប្រែប្រួលអាកាសធាតុ និងសន្តិសុខសុខាភិបាល។ យើងរួមគ្នាលើកកម្ពស់ការច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យានិងការអប់រំ”។
ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម និងអាមេរិកក៏បានពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវេទិកាតំបន់និងអន្តរជាតិចែករំលែកទស្សនៈស្តីពីបញ្ហាប្រឈមសកលនិងក្នុងតំបន់ ព្រមទាំងរួមចំណែកដល់សន្តិភាពនិងស្ថិរភាពរួម។
សម្លឹងឆ្ពោះទៅអនាគតជាមួយនឹងឱកាសថ្មីៗ
ក្នុងបរិបទដែលពិភពលោកនិងតំបន់មានការផ្លាស់ប្តូរឥតឈប់ឈរដូចសព្វថ្ងៃនេះ ទំនាក់ទំនងវៀតណាម-អាមេរិកបានរក្សាស្ថិរភាព និងសន្ទុះអភិវឌ្ឍន៍វិជ្ជមាន។ ជាពិសេស ការដែលប្រទេសទាំងពីរបានជម្នះលើបញ្ហាពន្ធគយ នាប៉ុន្មានខែកន្លងទៅ បានបង្ហាញឱ្យឃើញថា នេះគឺជាទំនាក់ទំនងដែលបំពេញបន្ថែមគ្នាទៅវិញទៅមក មានភាពធន់ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ។
ធ្វើអត្ថាធិប្បាយអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកក្នុងដំណាក់កាលបន្ទាប់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានឲ្យដឹងថា៖ “នាពេលខាងមុខ ប្រទេសទាំងពីរអាចផ្តល់អាទិភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យលេចធ្លោមួយចំនួន។ ដំបូងបង្អស់ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-ការវិនិយោគ ដោយផ្តោតលើបច្ចេកវិទ្យាខ្ពស់ ខ្សែសង្វាក់ផ្គត់ផ្គង់ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងការផ្លាស់ប្តូរឌីជីថល។ វៀតណាមមានបំណងចង់ក្លាយជាដៃគូដែលអាចទុកចិត្តបានរបស់សហរដ្ឋអាមេរិកក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ក៏ជាចំណុចលេចធ្លោថ្មីផងដែរ ជាពិសេសនៅក្នុងវិស័យដូចជា៖ Semiconductor បញ្ញាសិប្បនិម្មិត ថាមពលស្អាត និងសុខាភិបាល។ លើសពីនេះ ការអប់រំ-បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការពារជាតិ-សន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការជំនះលើផលវិបាកនៃសង្រ្គាម នឹងបន្តជាសសរស្តម្ភដ៏សំខាន់។ ទាំងនេះគឺជាវិស័យដែលត្រូវបានកំណត់យ៉ាងច្បាស់ តាមរយៈមេដឹកនាំនៃប្រទេសទាំងពីរនៅពេលលើកកម្ពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងខែកញ្ញាឆ្នាំ២០២៣”។
សម្លឹងឆ្ពោះទៅអនាគត ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការតភ្ជាប់រវាងរដ្ឋាភិបាលនៃប្រទេសទាំង២ ចាប់ពីការផ្លាស់ប្តូរទស្សនៈជាទៀងទាត់អំពីគោលនយោបាយហិរញ្ញវត្ថុ ដល់កិច្ចសន្ទនាស្តីពីការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ នឹងបន្តបង្កើតប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែរីកចម្រើន។
ការអភិវឌ្ឍន៍ដោយឥតឈប់ឈរ និងទូលំទូលាយនៃទំនាក់ទំនងវៀតណាម-អាមេរិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ បានបង្ហាញថា ប្រទេសទាំងពីរបានទុកអតីតកាលនៅមួយអន្លើ ជំនះលើភាពខុសគ្នា លើកកំពស់ភាពស្រដៀងគ្នា និងសម្លឹងឆ្ពោះទៅអនាគត។ នេះគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់វៀតណាម និងសហរដ្ឋអាមេរិក ក្រឡេកមើលទៅអតីតកាល ហើយសម្លឹងឆ្ពោះទៅអនាគត បន្តពូនជ្រុំទំនាក់ទំនងមិត្តភាពល្អប្រសើរ នាប៉ុន្មានឆ្នាំខាងមុខ៕