បញ្ហាប្រឈមសម្រាប់ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់

Chia sẻ
(VOVWORLD) - ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ Masoud Pezeshkian បានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី ៣០ ខែកក្កដា។ ក្នុងនាមជាអ្នកនយោបាយជឿនលឿនគួរសម ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់នាំមកនូវក្តីសង្ឃឹមក្នុងការអនុវត្តការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់អ៊ីរ៉ង់។ ថ្វីត្បិតដូច្នេះក៏ដោយ លោក Masoud Pezeshkhian នៅតែប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ទាំងជាតិនិងអន្តរជាតិផងដែរ។

លោក Masoud Pezeshkian អាយុ ៦៩ ឆ្នាំបានក្លាយជាប្រធានាធិបតីអ៊ីរ៉ង់បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ជុំទីពីរកាលពីថ្ងៃទី ៥ ខែកក្កដា។ នៅថ្ងៃទី ៣០ ខែកក្កដា លោកបានចូលកាន់តំណែងប្រធានាធិបតីអ៊ីរ៉ង់ជាផ្លូវការ ជំនួសលោក Ebrahim Raisi ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃទី ១៩ ឧសភា។

បញ្ហាប្រឈមសម្រាប់ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ - ảnh 1ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ Masoud Pezeshkian បានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី ៣០ ខែកក្កដា។  រូបថត៖ THX/TTXVN

បញ្ហាប្រឈមផ្ទៃក្នុង

សេដ្ឋកិច្ចគឺជាបញ្ហាប្រឈមធំទីមួយដែលប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ត្រូវដោះស្រាយ។ បន្ទាប់ពីរងការហ៊ុំព័ទ្ធនិងដាក់ទណ្ឌកម្មជាច្រើនពីបណ្តាប្រទេសលោកខាងលិច ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងមក សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ធ្លាក់ក្នុងស្ថានភាពលំបាកជាប្រចាំ។ ទោះបីជាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ីរ៉ង់កាលពីឆ្នាំមុនបានឈានដល់ ៥,៣% យោងតាមតួលេខរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងឈានដល់ប្រហែល ៥,៧% យោងតាមមជ្ឈមណ្ឌលស្ថិតិអ៊ីរ៉ង់ (SCI) (ធ្លាក់ចុះដល់ ៣,៥% ប្រសិនបើមិនត្រូវបានរាប់បញ្ចូលទាំងប្រេង)ក៏ដោយ ប៉ុន្តែសន្ទស្សន៍ផ្សេងទៀតនៃសេដ្ឋកិច្ចមិនមានភាពវិជ្ជមានប៉ុន្មានទេ។ អត្រាអតិផរណារបស់អ៊ីរ៉ង់ក្នុងខែកក្កដា ដែលត្រូវបាន SCI ប្រកាសនៅថ្ងៃទី ២៩ ខែកក្កដា កំពុងស្ថិតនៅកម្រិត ៣២,២% ដែលញ្ញាំងឲ្យកម្លាំងទិញរបស់ប្រជាជនបន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស។ អតិផរណាខ្ពស់បានបន្តកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់អស់រយៈពេលជាងពីរទស្សវត្សមកហើយ ដែលធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនជួបការលំបាក និងចាត់ទុកថាជាកត្តាអចិន្ត្រៃយ៍សម្រាប់ភាពចលាចលក្នុងសង្គម។ ដូច្នេះ បន្ទាប់ពីជាប់ឆ្នោតភ្លាម លោក Pezeshkian បានប្រកាសថា ការប្រយុទ្ធប្រឆាំងនឹងអតិផរណាគឺជាកិច្ចការបន្ទាន់បំផុតមួយ ហើយវិធានការដែលអាចធ្វើបានឆាប់បំផុត គឺការបង្កើនការឧបត្ថម្ភធនថាមពលសម្រាប់គ្រួសារក្រីក្រ ដែលជាមុខសញ្ញាដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារអតិផរណា។

ក្តីបារម្ភធំបន្ទាប់គឺថា ដោយសារការដាក់ទណ្ឌកម្ម អ៊ីរ៉ង់នឹងបាត់បង់ប្រភពចំណូលយ៉ាងច្រើនពីប្រេង រ៉ែ បើទោះបីជាប្រទេសនេះជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រេងផ្ទុកបំរុងច្រើនជាងគេលើពិភពលោកក៏ដោយ។ កង្វះប្រភពចំណូលដ៏ធំទាំងនេះ បង្កការបណ្តាលឲ្យអ៊ីរ៉ង់រឹតតែលំបាកក្នុងការវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កែលម្អសន្តិសុខសង្គម ទទួលបានធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងជំនាញគ្រប់គ្រងកម្រិតខ្ពស់ពីខាងក្រៅ។ ដោយល់ជ្រាបពីការលំបាកទាំងនេះ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក Masoud Pezeshkian បានចាត៉តុកថា រដ្ឋាភិបាលអ៊ីរ៉ង់ថ្មីចាំបាច់ត្រូវមានគោលនយោបាយសេដ្ឋកិច្ចជាក់ស្តែង ដែលឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន៖

 “ជាច្រើនឆ្នាំ បន្ទាប់ពីបដិវត្តន៍ឥស្លាម យើងបានឈានទៅដល់វេទិការ ហើយដាក់ចេញរាល់ការសន្យាដែលបន្ទាប់មកមិនអនុវត្តន៍បានឡើយ។ នោះគឺជាបញ្ហាធំបំផុតរបស់យើង។ រូបខ្ញុំផ្ទាល់ ខ្ញុំមិនសន្យាឲ្យរួចតែពីមាត់ទេ។ ពោលគឺខ្ញុំមិននិយាយរឿងដែលខ្ញុំមិនអាចធ្វើនៅពេលក្រោយនោះទេ”។

បញ្ហាប្រឈមសម្រាប់ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ - ảnh 2មេដឹកនាំកមពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រគល់សេចក្តីសម្រេច តែងតាំងលោក Pezeshkian ជាប្រធានាធិបតីអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកក្កដា។ រូបថត៖ WANA/Reuters

បរិយាកាសនយោបាយការបរទេសកាន់តែស្មុគស្មាញ

ឧបសគ្គរារាំងរាល់កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រធានាធិបតី Masoud Pezeshkian គឺកាន់តែធំនៅពេលដែលអ៊ីរ៉ង់កំពុងប្រឈមមុខនឹងបញ្ហាកិច្ចការបរទេស និងសន្តិសុខដ៏ធំសម្បើម។ លទ្ធភាពតភ្ជាប់ឡើងវិញកិច្ចចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ (កិច្ចព្រមព្រៀង P៥+១) រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយហេតុនេះ ជួយអ៊ីរ៉ង់បន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច គឺបច្ចុប្បន្នទំនងជាមិនអាចទៅរួចនោះទេ។ កាលពីថ្ងៃទី ៩ ខែកក្កដា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា រដ្ឋបាលអាមេរិកបច្ចុប្បន្នមិនមានបំណងវិលត្រឡប់ទៅកាន់តុចរចាជាមួយអ៊ីរ៉ង់លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ ដោយលើកឡើងពីការគាំទ្ររបស់អ៊ីរ៉ង់ សម្រាប់កម្លាំងប្រឆាំងអាមេរិកនិងអ៊ីស្រាអែលនៅក្នុងតំបន់។

យោងតាមអ្នកជំនាញ Alex Vatanka នាយកកម្មវិធីអ៊ីរ៉ង់នៅវិទ្យាស្ថានមជ្ឈិមបូព៌ា (សហរដ្ឋអាមេរិក) ពិតជាពិបាកក្នុងការបង្កើតឡើងចំណុចលោតផ្លោះណាមួយក្នុងគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Masoud Pezeshkian ទៀតសោត។ មូលហេតុគឺដោយសារបរិយាកាសសន្តិសុខអន្តរជាតិបច្ចុប្បន្នកាន់តែស្មុគស្មាញ ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា។ លើសពីនេះ និងសំខាន់ជាងនេះទៅទៀត  អំណាចពិតប្រាកដក្នុងប្រទេសអ៊ីរ៉ង់ នៅក្នុងតំបន់សំខាន់ៗជាច្រើន ជាកម្មសិទ្ធិរបស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ មិនមែនសម្រាប់ប្រធានាធិបតីនោះទេ៖

“នៅក្នុងប្រធានបទធំៗដូចជា៖ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ្វីជាជំហរជាមួយអ៊ីស្រាអែល តើមានទស្សនៈយ៉ាងណាចំពោះកម្មវិធីនុយក្លេអ៊ែរ មីស៊ីលរបស់អ៊ីរ៉ង់ និងសកម្មភាពនៅក្នុងតំបន់... សុទ្ធតែត្រូបានលោក Masoud Pezeshkian  បង្ហាញយ៉ាងច្បាស់ថា ប្រធានបទទាំងអស់នេះ ទាមទារឱ្យមានការចូលរួមដោះស្រាយពីភាគីជាច្រើនដែរ”។

បើតាមអ្នកសង្កេតការណ៍ ក្នុងបទថ្លែងមតិដើមដំបូងបន្ទាប់ពីជាប់ឆ្នោត លោក Masoud Pezeshkian តែងតែបង្ហាញពីទស្សនៈគោលនយោបាយការបរទេសស្រដៀងគ្នាចំពោះអ្នកកាន់តំណែងមុនគឺលោក Ebrahim Raisi ជាពិសេសទាក់ទងនឹងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសនាពេលបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាហានិភ័យនៃជម្លោះទ្រង់ទ្រាយធំដែលផ្ទុះឡើងរវាងអ៊ីស្រាអែល និងកងកម្លាំង Hezbollah នៅលីបង់។ ចំពោះក្តីសង្ឃឹមធ្វើឲ្យរស់ឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ យោងតាមលោក Alex Vatanka ពេលវេលាមិននៅសល់ច្រើនសម្រាប់ភាពជាអ្នកដឹកនាំថ្មីរបស់អ៊ីរ៉ង់ ដោយសារតែកិច្ចព្រមព្រៀងនឹងផុតកំណត់នៅខែតុលាឆ្នាំក្រោយ ហើយអ៊ីរ៉ង់ស្ទើរតែមិនអាចរំពឹងថានឹងបំបែកភាពជាប់គាំងរហូតដល់សហរដ្ឋអាមេរិកបញ្ចប់ការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននាខែវិច្ឆិកាខាងមុខនេះឡើយ៕

ប្រតិកម្មទៅវិញ