របាយការណ៍ស្តីពីវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ត្រូវបានចេញផ្សាយក្នុងក្របខ័ណ្ឌនៃវេទិកានយោបាយជាន់ខ្ពស់ស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាព (HLPF) ដែលបានបើកនៅថ្ងៃទី ១៤ ខែកក្កដា នៅ ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ នេះក៏ជារបាយការណ៍ប្រចាំឆ្នាំទី ១០ របស់អង្គការសហប្រជាជាតិចាប់តាំងពី SDGs ទាំង ១៧ ត្រូវបានដាក់បញ្ចូលទៅក្នុងរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការនេះកាលពីឆ្នាំ ២០១៥។
ផ្ទាំងគំនូរនៃការផ្ទុយគ្នា
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះ អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ១០ ឆ្នាំបន្ទាប់ពី SDGs ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈឆ្នាំ ២០៣០ ប្រហែល ៣៥% នៃ SDGs ទាំង ១៧ នេះកំពុងត្រូវបានអនុវត្តន៍ក្នុងទិសដៅត្រឹមត្រូវ និងសម្រេចបាននូវ វឌ្ឍនភាពជាក់ស្ដែង។ គួរឲ្យកត់សម្គាល់ថា វឌ្ឍនភាពនេះត្រូវបានទទួលស្គាល់នៅក្នុង SDGs មួយចំនួនដែលដើរតួនាទីយ៉ាងសំខាន់បំផុតចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសនានា។ ជាក់ស្ដែងគឺ អត្រានៃភាពក្រីក្រខ្លាំងបានថយចុះ; អត្រាមរណភាព របស់ទារក និងស្ត្រីបានធ្លាក់ចុះយ៉ាងខ្លាំង; អត្រាកុមារីទទួលបានការអប់រំជាសកល ក៏ដូចជាអត្រាទទួលបានការអប់រំរបស់ប្រជាជននៃប្រទេសទាំងអស់ បានកើនឡើង គួរឲ្យកត់សម្គាល់។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីការសម្រេចបាននូវវឌ្ឍនភាពមួយចំនួន របាយការណ៍របស់អង្គការសហប្រជាជាតិក៏បានចង្អុលបង្ហាញពីបញ្ហាប្រឈមជាច្រើននៅក្នុងផែនទីបង្ហាញផ្លូវដើម្បីបញ្ចប់ SDGs ត្រឹមឆ្នាំ ២០៣០។ តាមនោះ ជិតពាក់ កណ្តាលនៃ SDGs មានវឌ្ឍនភាពយឺតយ៉ាវ ហើយ ១៨% នៃ SDGs បានកត់ត្រា ការដើរថយក្រោយ។ លោក Li Junhua អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួល បន្ទុកកិច្ចការសេដ្ឋកិច្ច និងសង្គម បាននិយាយថា បញ្ហាប្រឈមធំៗបានលេចឡើងនៅ គ្រប់វិស័យ ចាប់ពីជីវភាពរស់នៅរបស់ប្រជាជន រហូតដល់បរិស្ថាន និងសន្តិសុខសកល។
"មនុស្សជាង ៨០០ លាននាក់នៅតែជាប់គាំងក្នុងភាពក្រីក្រខ្លាំង។ កម្រិតកាបូន ឌីអុកស៊ីតគឺខ្ពស់បំផុតក្នុងរយៈពេលជាង ២ លានឆ្នាំកន្លងមក ជាពិសេសឆ្នាំ ២០២៤ គឺជាឆ្នាំក្តៅបំផុតដែលធ្លាប់បានកត់ត្រាតាំងពីមុនមក។ សន្តិភាព និងសន្តិសុខត្រូវសឹក រិចរិលយ៉ាងធ្ងន់ធ្ងរ ដោយមនុស្សជាង ១២០ លាននាក់ត្រូវបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះ ដែលកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ ២០១៥”។
យោងតាមមន្ត្រីអង្គការសហប្រជាជាតិ ហានិភ័យដែលបណ្ដាលឲ្យ SDGs ងាក ចេញពីទិសដៅ បានកើតឡើងក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត Covid-១៩ ហើយកាន់ តែធ្ងន់ធ្ងរឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃអស្ថិរភាពភូមិសាស្ត្រ នយោបាយដែលនាំឱ្យមានជម្លោះនានាលើពិភពលោក។ ស្ថានការណ៍នេះ បានប៉ះ ពាល់យ៉ាងខ្លាំងលើក្រុមមួយក្នុងចំណោមក្រុមងាយរងគ្រោះបំផុតក្នុងសង្គមនោះគឺកុមារ។ លើសពីនេះ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក៏កាន់តែធ្ងន់ធ្ងរឡើង លើស ពីការព្យាករណ៍ពីមុនរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងនោះគោលដៅរក្សា សីតុណ្ហភាពផែនដីមិនឱ្យឡើងលើសពី ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងសម័យ មុនឧស្សាហកម្មនៅចុងសតវត្សនេះ ត្រូវបានគេចាត់ទុកថា "អស់លទ្ធភាព" តាំងពី ដើមឆ្នាំ ២០២៤ ហើយ។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohammed បានសារភាពថា៖
"យើងខ្ញុំកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ដោយសារការរំពឹងទុករបស់ ប្រជាជនមានកម្រិតខ្ពស់ណាស់។ ការជឿទុកចិត្តកំពុងត្រូវសឹករិចរិល ហើយខណៈ ពេលដែលយើងខ្ញុំកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ការសន្យាក្នុងរបៀបវារៈឆ្នាំ ២០៣០ នោះ វិបត្តិកាន់តែអាក្រក់ទៅៗនៅគ្រប់ទីកន្លែង"។
វិស័យអាទិភាពចំនួន ៦
ដើម្បីការពារហានិភ័យដែលបណ្ដាលឲ្យ SDGs ងាកចេញពីទិសដៅ ឬសូម្បីតែ ដើរថយក្រោយនោះ របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ អំពាវនាវឱ្យ ប្រទេសនិងអង្គការនានាចាត់វិធានការយ៉ាងប្ដូរផ្ដាច់ ដោយផ្តោតលើវិស័យអាទិភាព ចំនួន ៦ រួមមាន៖ ប្រព័ន្ធស្បៀងអាហារ; ការទទួលបានថាមពល; ការធ្វើបរិវត្តកម្ម ឌីជីថល; ការអប់រំ; ការងារនិងសន្តិសុខសង្គម; សកម្មភាពអាកាសធាតុ និងជីវចម្រុះ។ យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ពិភព លោកកំពុងស្ថិតក្នុងភាពអាសន្ននៃការអភិវឌ្ឍជាសកល ហើយវិស័យអាទិភាពទាំង ៦ ខាងលើអាចជះឥទ្ធិពលដើម្បីនាំឲ្យមានការផ្លាស់ប្ដូរលើវិស័យជាច្រើនទៀត។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនចាត់ទុកថា បញ្ហាប្រឈមមួយក្នុង ចំណោមបញ្ហាប្រឈមដ៏ធំបំផុតដែលអង្គការសហប្រជាជាតិ និងស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិត្រូវដោះស្រាយក្នុងរយៈពេលខ្លីនោះ គឺបញ្ហាហិរញ្ញប្បទាន រួមទាំងការផ្តល់មូល និធិដល់គម្រោង SDGs នៅតាមបណ្ដាប្រទេស និងការបន្ធូរបន្ថយបន្ទុកបំណុលសាធា រណៈសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ យោងតាមលោកស្រី Rebeca Grynspan អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បន្ទុកបំណុលសាធារណៈកំពុងបង្ហូរធនធាននៃប្រទេសកំពុងអភិវឌ្ឍន៍ជា ច្រើន ដែលបណ្ដាលឲ្យពួកគេមិនមានលទ្ធភាពបន្តអនុវត្តន៍ SDGs ជាច្រើន និង ប៉ះពាល់ដល់ប្រជាជនដោយផ្ទាល់។
“កាលពីឆ្នាំមុន ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវសងបំណុលចំនួន ៨៤៧ ពាន់លាន ដុល្លារអាមេរិក ហើយឆ្នាំនេះគឺ ៩២១ ពាន់លានដុល្លារ។ ហើយក្នុងឆ្នាំមុនដែរ គោល ដៅហិរញ្ញវត្ថុដើម្បីបញ្ចប់ SDGs គឺជិត ៤ ទ្រីលានដុល្លារ ប៉ុន្តែឆ្នាំនេះតួរលេខនឹង លើសពីកម្រិត ៤ ទ្រីលានដុល្លារនេះ។ មិនត្រឹមតែតួរលេខកាន់តែអាក្រក់ទៅៗប៉ុណ្ណោះទេ ប៉ុន្តែការអភិវឌ្ឍក៏កំពុងដើរថយក្រោយដែរ”។
ក្រៅពីបញ្ហាហិរញ្ញវត្ថុ អ្នកជំនាញក៏បានចង្អុលបង្ហាញពីតម្រូវការក្នុងការស្វែងរក មធ្យោបាយថ្មីៗដើម្បីអនុវត្តន៍ SDGs ដូចជាការជំរុញខ្លាំងភាពជាដៃគូសាធារណៈ និងឯកជន (PPP) ឬជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ក្នុង បរិបទបបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យ STI ដើរតួនាទីកាន់តែធំជាង អង្គការសហប្រជាជាតិក៏បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធានាឱ្យមានការទទួលបាន ដោយសមធម៌ និងបង្រួមគម្លាតបច្ចេកវិទ្យារវាងប្រទេសនានា តាមនោះទើបបង្កើតបាន នូវវឌ្ឍនភាពប្រកបដោយបរិយាប័ន្ន៕