តាមការកំណត់របស់ UNCLOS ថា តំបន់សមុទ្រនិងតំបន់ខ្ពង់រាបបាតសមុទ្រដែលក្នុងនោះវៀតណាមទទួលបានសិទ្ធិនិងប្រយោជន៍របស់ខ្លួន គឺមានផ្ទៃប្រមាណ១លានគីឡូម៉ែត្រការ៉េ ធំជាង៣ដងបើធៀបនឹងផ្ទៃដីគោក។ វៀតណាមក៏មានអធិបតេយ្យភាពមិនអាចប្រកែកបានចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ដែលត្រូវបានកំណត់តាមបទបញ្ញត្តិនៃអនុសញ្ញានេះនិងគោលការណ៍ផ្សេងៗទៀតនៃច្បាប់អន្តរជាតិផងដែរ។
អនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចនៅក្នុងអនុសញ្ញា
ដើម្បីបង្ហាញការទទួលខុសត្រូវនិងសុឆន្ទៈរបស់ប្រទេសសមាជិកមួយរបស់ UNCLOS នាពេលកន្លងទៅ វៀតណាមជានិច្ចកាលគោរពនិងអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចនៅក្នុងអនុញ្ញានេះ សុក្រិតប្រព័ន្ធច្បាប់ជាតិជាបណ្ដើរៗ អនុវត្តបទបញ្ញត្តិនានានៃអនុសញ្ញាក្នុងការកំណត់តំបន់សមុទ្រនិងខ័ណ្ឌសីមាព្រំដែនសមុទ្រជាមួយប្រទេសជិតខាង ការគ្រប់គ្រងនិងប្រើប្រាស់សមុទ្រ ព្រមទាំងសហប្រតិបត្តិការជាមួយប្រទសផ្សេងៗលើវិស័យសមុទ្រឲ្យបានសមស្របនឹងអនុសញ្ញាផងដែរ។
វៀតណាមបានចេញផ្សាយច្បាប់សមុទ្រវៀតណាមឆ្នាំ២០១២សំដៅគ្រប់គ្រងការកំណត់ ប្រើប្រាស់ ស្រាវជ្រាវ ធ្វើអាជីវកម្មធនធានសមុទ្រ និងគ្រប់គ្រងតំបន់សមុទ្រ ខ្ពង់រាបបាតសមុទ្រ កោះសមុទ្ររបស់វៀតណាមក៏ដូចជាការដោះស្រាយជម្លោះនៅសមុទ្ររវាងវៀតណាមជាមួយប្រទេសជិតខាងផងដែរ។ នេះត្រូវបានចាត់ទុកថា ជាវឌ្ឍនភាពដ៏សំខាន់ក្នុងការដាក់បទបញ្ញត្តិនានារបស់ UNCLOS ចូលក្នុងប្រព័ន្ធច្បាប់ក្នុងប្រទេស ជួយសម្រួលដល់ការគ្រប់គ្រងសមុទ្រនិងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាម។ រួមជាមួយការចេញផ្សាយច្បាប់សមុទ្រ រដ្ឋសភាវៀតណាមក៏បានអនុម័តលើច្បាប់នាវាចរណ៍ឆ្នាំ២០១៥ និងឯកសារច្បាប់ជាច្រើនផ្សេងទៀតដែលពាក់ព័ន្ធដល់ការគ្រប់គ្រងនិងប្រើប្រាស់សមុទ្រនិងមហាសាគរទៀតផង។
កិច្ចខិតខំប្រឹងប្រែងអនុវត្ត UNCLOS ១៩៨២ ប្រកបដោយប្រសិទ្ធភាព
ដោយមានគោលជំហរដ៏ឥតងាករេស្ដីពីការដោះស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធីនោះ វៀតណាមបានខិតខំប្រឹងប្រែងអនុវត្ត UNCLOS ១៩៨២ ប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយជម្លោះជុំវិញការកំណត់ខ័ណ្ឌសីមាលើសមុទ្រជាមួយប្រទេសជិតខាង ក្នុងនោះជានិច្ចកាលគោរពគោលការណ៍សមភាពដើម្បីស្វែងរកដំណោះស្រាយសមហេតុផល។ តាមនោះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការកំណត់ព្រំ ដែនសមុទ្រជាមួយប្រទេសថៃកាលពីថ្ងៃទី៩ សីហា ឆ្នាំ១៩៩៧ ចុះហត្ថលេខាជាមួយប្រទេសចិនលើកិច្ចព្រមព្រៀងស្ដីពីការកំណត់ព្រំដែនលើឈូងសមុទ្រខាងជើង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរបរនេសាទនៅឈូងសមុទ្រខាងជើងកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០០០ ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការកំណត់តំបន់ខ្ពង់រាបបាតសមុទ្រជាមួយឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០០៣។
រួមជាមួយគ្នានោះ វៀតណាមជានិច្ចកាលតស៊ូយ៉ាងខ្លាំងក្លាសំដៅការពារច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ផងដែរ។ នៅពេលនិយាយដល់ជម្លោះនៅសមុទ្រខាងកើតនៅតាមវេទិកាអន្តរជាតិនានា វៀតណាមបានប្រកាន់ខ្ជាប់នូវគោលការណ៍ “គោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២” សំដៅដោះស្រាយជម្លោះទាក់ទិនដល់កោះសមុទ្រ។ វៀតណាមបានខិតខំប្រឹងប្រែងដាក់បញ្ចូលគោលការណ៍នេះទៅក្នុងឯកសារនានារបស់ស៊ាន រួមទាំង សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) សេចក្ដីថ្លែងការណ៍៦ខថ្ងៃទី២០ កក្កដា ឆ្នាំ ២០១២ របស់ អាស៊ានស្ដីពីសមុទ្រខាងកើត និងសេចក្ដីព្រាងនៃក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ខ្លឹមសារស្ដីពីការ “អនុលោមតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ដើម្បីស្វែងរកដំណោះស្រាយជាសារវ័ន្តដ៏ យូរអង្វែងសម្រាប់ជម្លោះនានានៅសមុទ្រខាងកើត” ក៏ត្រូវបានដាក់បញ្ចូលក្នុង “កិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តដឹកនាំការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាម-ចិន” ដែលបានចុះហត្ថលេខានាថ្ងៃទី១០ វិច្ឆិការឆ្នាំ ២០១១ ផងដែរ។
ការពិតជាក់ស្ដែងបានសរឲ្យឃើញនូវភស្តុតាងដ៏រស់រវើកអំពីសុឆន្ទៈ ការប្ដេជ្ញា ក៏ដូចជាការសន្យាពិតៗរបស់រដ្ឋាភិបាលវៀតណាមចំពោះការគោរពនិងអនុវត្តបទបញ្ញត្តិនានានៃ UNCLOS ១៩៨២ ក៏ដូចជាគោលជំហរដ៏ឥតងាករេរបស់វៀតណាមក្នុងកិច្ចសហប្រតិបតិ្តការដោះស្រាយជម្លោះ ការខ្វែងគំនិតនៅសមុទ្រដោយសន្តិវិធីឲ្យបានសមស្របទៅតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។ ការដែលប្រទេសចិនប្រកាសអធិបតេយយភាពដោយទទឹងទទែងចំពោះកោះមួយចំនួននៅសមុទ្រខាងកើត ពិតជាអំពើមើលស្រាលលើច្បាប់អន្តរជាតិ មិនគោរពប្រវត្តិសាស្ត្រនិងការពិតជាក់ស្ដែង ហើយប្រឈមនឹងសហគមន៍តំបន់និងពិភព លោក។ ក្នុងបរិបទនោះ ការគោរពនិងអនុវត្តយ៉ាងពេញលេញនូវ UNCLOS ១៩៨២ មានតួនាទីកាន់តែសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍នៅក្នុងតំបន់។ វៀតណាមមានគោលបំណងថា ប្រទេសពាក់ព័ន្ធនានានឹងគោរពគោលការណ៍យកច្បាប់ជាគ្រឹះនៅតំបន់សមុទ្រនិងមហាសាគរ រួមគ្នាអនុវត្ត UNCLOS ១៩៨២ ឲ្យបានល្អ រួមគ្នាកសាងសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រសន្តិភាព និងនាំមកនូវវិបុលភាពសម្រាប់ប្រទសទាំងអស់ក្នុងតំបន់៕