ដំណើរទស្សនកិច្ចគូសសញ្ញានូវការវិលត្រឡប់របស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍

Chia sẻ

(VOVWORLD) - បន្ទាប់ពីដំណើរទស្សនកិច្ចនៅសឹង្ហបុរីមក នៅថ្ងៃនេះ ទី២៤ សីហា អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បន្តមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេល៣ថ្ងៃ។ នេះជាដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូងរបស់លោកស្រី Kamala Harris ក្នុងនាមជាអនុប្រធានាធិបតីនៃរដ្ឋអំណាចថ្មី ដែលបង្ហាញនូវការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់អាមេរិកចំពោះអាស៊ីអាគ្នេយ៍ ហើយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

ដំណើរទស្សនកិច្ចគូសសញ្ញានូវការវិលត្រឡប់របស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ - ảnh 1អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris។ (រូបថត៖ Reuters)

ដំណើរទស្សនកិច្ចនៅវៀតណាមនិងសឹង្ហបុរីលើកនេះរបស់លោកស្រីអនុប្រធានាធិបតី Kamala Harris ប្រព្រឹត្តទៅមិនយូរប៉ុន្មាន ក្រោយពីលោករដ្ឋមន្រ្តីការពារជាតិ Lloyd Austin មកបំពេញទស្សនកិច្ចនៅសឹង្ហបុរី វៀតណាមនិងហ្វីលីពីន កាលពីចុងខែកក្កដាកន្លងទៅ។ ការដែលវៀតណាមនិងសឹង្ហបុរីក្លាយទៅជាគោលដៅម្ដងទៀតក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក បានបង្ហាញយ៉ាងច្បាស់នូវគោលនយោបាយរបស់រដ្ឋអំណាចអាមេរិកអំពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាពនិងបើកចំហ ក្នុងនោះមានតំបន់អាស៊ីអាគ្នេយ៍ដោយមានវិបុលភាពនិងសន្តិសុខផងដែរ។

បញ្ជាក់សារជាថ្មីម្ដងទៀតនូវសារសំខាន់នៃតំបន់អាស៊ីអាគ្នេយ៍ក្នុងគោលនយោបាយមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក

ភ្លាមៗបន្ទាប់ពីឡើងកាន់អំណាច ប្រធានាធិបតីអាមេរិកលោក Joe Biden បានចាត់ទុកតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក គឺជាអាទិភាពចម្បង។ ឯកសារដោយមានឈ្មោះថា សេចក្ដីណែនាំយុទ្ធសាស្ត្រសន្តិសុខជាតិជាបណ្ដោះអាសន្ន ដែលត្រូវបានប្រកាសកាលពីខែមីនាឆ្នាំ២០២១បានលើកច្បាស់ថា អាមេរិកនឹងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូជាមួយឥណ្ឌា ហើយជួបធ្វើការជាមួយនូវែលហ្សេឡង់ សឹង្ហបុរី វៀតណាមនិងប្រទេសអាស៊ានដទៃទៀត ដើម្បីជំរុញគោលដៅរួម។ សឹង្ហបុរីត្រូវបានចាត់ទុកជាដៃគូជិតស្និទ្ធបំផុតរបស់អាមេរិកក្នុងតំបន់ ខណៈដែលវៀតណាមជាដៃគូសន្តិសុខគួរឲ្យយកចិត្តទុកដាក់ ក៏ដូចជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិកនៅអាស៊ីអាគ្នេយ៍។

ដំណើរទស្សនកិច្ចគូសសញ្ញានូវការវិលត្រឡប់របស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ - ảnh 2លោកស្រីអនុប្រធានាធិបតី K. Harris មកដល់សឹង្ហបុរីកាលពីថ្ងៃទី២២ សីហា។ (រូបថត៖ AP)

នៅសឹង្ហបុរី លោកស្រីអនុប្រធានាធិបតី K. Harris មានជំនួបពិភាក្សានិងសន្និសីទសារព័ត៌មានរួមជាមួយលោកនាយករដ្ឋមន្រ្តី Lee Hsien Loong ក្នុងនោះបញ្ជាក់សារជាថ្មីម្ដងទៀតនូវការប្ដេជ្ញារបស់អាមេរិកលើកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តនិងដៃគូនានាក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដើម្បីថែរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដោយឈរលើច្បាប់និងសេរីភាពនាវាចរណ៍ រួមទាំងនៅសមុទ្រខាងកើត។

ចំណែកឯនៅវៀតណាមវិញ លោកស្រី Kamala Harris នឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh អំពីបញ្ហាស្នូលទាំង៣ដែលជាក្ដីកង្វល់រួមរបស់ប្រទេសទាំងពីរនាបច្ចុប្បន្ននោះ គឺកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខក្នុងតំបន់។ ក្រៅពីនោះ លោកស្រី Harris ក៏ជួបសន្ទនាជាមួយថ្នាក់ដឹកនាំផ្សេងៗទៀតរបស់វៀតណាមផងដែរ។

វៀតណាម-អាមេរិកចែករំលែកផលប្រយោជន៍រួមជាច្រើន

ចាប់តាំងពីឡើងកាន់អំណាចនាដើមឆ្នាំ២០២១មក លោកប្រធានាធិបតី Joe Biden បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ដល់តំបន់អាស៊ីអាគ្នេយ៍និយាយរួមនិងវៀតណាមនិយាយដោយ ឡែក។ មកដល់ពេលនេះ វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសចំនួន៧ដែលទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ច្រើនបំផុតពីអាមេរិក។ មុននោះ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោករដ្ឋមន្រ្តីការពារជាតិ Lloyd Austin អាមេរិកបានសន្យាជួយឧបត្ថម្ភវៀតណាមនូវម៉ាស៊ីនបង្កកជ្រៅចំនួន៧៧គ្រឿងសម្រាប់ថែរក្សាវ៉ាក់សាំងកូវីដ ១៩។ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ នោះ លោកស្រីអនុប្រធានាធិបតី K. Harris នឹងអញ្ជើញចូលរួមពិធីបើកសម្ពោធការិយាល័យ CDC អាមេរិកប្រចាំទីក្រុងហាណូយ។ នេះក៏ជាសញ្ញាសម្គាល់លេចធ្លោមួយក្នុងសមិទ្ធិផលសហប្រតិបត្តិការផ្នែកសុខាភិបាលសាធារណៈរវាងអាមេរិកនិងវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក ពេលដែលអាមេរិកទុកចិត្តជ្រើសរើស វៀតណាមជាមជ្ឈភាពនៃសកម្មភាពរបស់ការិយាល័យ CDC អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍។

ពាណិជ្ជកម្មក៏ជាប្រធានបទស្នូលមួយក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Harris ដែរ។ នាបច្ចុប្បន្ន វៀតណាមកំពុងក្លាយទៅជាដៃគូសំខាន់មួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ហើយជាដៃគូពាណិជ្ជកម្មធំទី១៣របស់អាមេរិក។ ដោយមិនអើពើដល់ជម្ងឺកូវីដ ១៩ ទំហំនាំចេញរបស់វៀតណាមទៅកាន់អាមេរិកនៅតែកើនឡើងយ៉ាងខ្លាំង។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានផលច្រើនបំផុត ពីនិន្នាការបំលាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល នៅពេលដែលវិនិយោគិនបរទេសហូរចូលមកវៀតណាមដើម្បីផលិតទំនិញសម្រាប់នាំចេញទៅកាន់អាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែជម្ងឺកូវីដ ១៩ បានបណ្ដាលឲ្យខ្សែសង្វាក់ផ្គត់ផ្គង់នោះរងការអាក់ខានមួយផ្នែក ជាពិសេសគឺវិស័យគ្រឿងម៉ាស៊ីន បច្ចេកវិទ្យា។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់លោកស្រី Harris ក៏ជាឱកាសដើម្បីភាគីទាំងពីរស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះដែរ។

ចំពោះដំណើរទស្សនកិច្ចនៅសឹង្ហបុរីនិងវៀតណាមលើកនេះ សេតវិមានកំពុងប្ដេជ្ញាអនុវត្តន៍ការសន្យាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀតជាមួយដៃគូសំខាន់ៗដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ ហើយដោះស្រាយបញ្ហាប្រឈមនាអនាគតដូចជាការប្រែប្រួលអាកាសធាតុ។ ប្រការនេះបង្ហាញឲ្យឃើញថា អាមេរិកគោរពតំបន់អាស៊ីអាគ្នេយ៍ក្នុងគោលនយោបាយមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហរបស់ខ្លួន។ សហរដ្ឋអាមេរិកបាននិងកំពុងវិលត្រឡប់មកតំបន់អាស៊ីអាគ្នេយ៍វិញ តាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់ រួមជាមួយអាទិភាពនិងសកម្មភាពជាក់ស្ដែងកាន់តែច្រើន៕

ប្រតិកម្មទៅវិញ