ដំណើរទស្សនកិច្ចការងាររបស់ប្រធានរដ្ឋវៀតណាមទទួលជោគជ័យលើទាំង កម្រិតទ្វេភាគីនិងពហុភាគី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២០ តុលា ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ដំណើរទស្សនកិច្ចដើម្បីចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” លើកទី៣ នៅទីក្រុងប៉េកាំង តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។ លទ្ធផលនៃដំណើរទស្សនកិច្ចបានបង្ហាញពីការចូលរួមយ៉ាងសកម្ម និងម្ចាស់ការរបស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងសកល។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប្រទេសដៃគូដទៃទៀត។
ដំណើរទស្សនកិច្ចការងាររបស់ប្រធានរដ្ឋវៀតណាមទទួលជោគជ័យលើទាំង កម្រិតទ្វេភាគីនិងពហុភាគី - ảnh 1ពិធីជូនដំណើរប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នៅអាកាសយានដ្ឋានក្រុងប៉េកាំង។ (រូបថត៖ VNA)

ម្ចាស់ការពង្រឹងកិច្ចសហប្រតិបត្តិការ ការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់និងសកល

ប្រធានរដ្ឋ លោក Vo Van Thuong រួមជាមួយថ្នាក់ដឹកនាំ និងតំណាងនៃប្រទេសនិងអង្គការអន្តរជាតិជាង ១៤០ បានពិភាក្សាអំពីខ្លឹមសារ និងប្រធានបទសំខាន់ៗដែលត្រូវបានចាត់ទុកថាជាកម្លាំងចលករថ្មីនៃដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញនៅប្រទេសនីមួយៗ ក៏ដូចជាសេដ្ឋកិច្ចសកល ដូចជាការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ឌីជីថល កសិកម្មទំនើប ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ការចាប់ផ្តើមអាជីវកម្ម ជាដើម។

គួរឲ្យកត់សម្គាល់ថា លោកប្រធានរដ្ឋបានថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ស្តីពី "សេដ្ឋកិច្ចឌីជីថល កម្លាំងចលករថ្មីនៃកំណើន"។ តាមរយៈសុន្ទរកថា លោកប្រធានរដ្ឋបានបញ្ជាក់យ៉ាងច្បាស់អំពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ហើយស្នើឲ្យបង្កើតកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថលដោយផ្អែកលើសសរស្តម្ភចំនួនបី៖ ទីមួយគឺស្ថាប័នឌីជីថលដើម្បីកសាងបទប្បញ្ញត្តិសមស្រប ធានាភាពរលូន សុវត្ថិភាព និងសន្តិសុខទិន្នន័យ; ធានាសុវត្ថិភាព សន្តិសុខ និងអធិបតេយ្យភាពជាតិ; ទីពីរគឺ៖ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីធានា និងលើកកម្ពស់សមត្ថភាពរបស់ប្រទេសនានាក្នុងការចូលរួមសេដ្ឋកិច្ចឌីជីថលសកល។ លោកប្រធានរដ្ឋបានអំពាវនាវឲ្យអង្គការហិរញ្ញវត្ថុអន្តរជាតិ និងសហគ្រាសនានា សហការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម និងបណ្តាប្រទេសក្នុងតំបន់; ទី៣ គឺកិច្ចសហប្រតិបត្តិការលើធនធានមនុស្សឌីជីថល ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

ដំណើរទស្សនកិច្ចការងាររបស់ប្រធានរដ្ឋវៀតណាមទទួលជោគជ័យលើទាំង កម្រិតទ្វេភាគីនិងពហុភាគី - ảnh 2ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ស្តីពី "សេដ្ឋកិច្ចឌីជីថល កម្លាំងចលករថ្មីនៃកំណើន"។ (រូបថត៖ VNA)

ការដែលប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដ៏សំខាន់ បានរួមចំណែកបញ្ចេញសំឡេងរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការចងសម្ព័ន្ធសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងតំបន់។ សកម្មភាពរបស់លោកប្រធានរដ្ឋក្នុងព្រឹត្តិការណ៍នេះ ក៏សំដៅផ្សព្វផ្សាយសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ចែករំលែកសារសំខាន់ៗអំពីគោលដៅ ទស្សន និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម។ ពីនោះ ទាក់ទាញធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល កំណើនបរិយាប័ន្ន និងយកប្រជាជនជាមជ្ឈភាព រួមចំណែកក្នុងការលើកកម្ពស់តួនាទី និងឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។

ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងចិន

លើកម្រិតទ្វេភាគី ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong បានរួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងចិន។ ក្នុងដំណើរទស្សនកិច្ច ជំនួបរវាងប្រធានរដ្ឋ លោក Vo Van Thuong និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន បានអះអាងយ៉ាងច្បាស់នូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរលើការបង្កើនការផ្លាស់ប្តូរ និងការជួបប្រាស្រ័យជាន់ខ្ពស់; បន្តជំរុញនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។

មិនត្រឹមតែពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយចិនប៉ុណ្ណោះទេ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” លើកទី៣ ប្រធានរដ្ឋ លោក Vo Van Thuong ក៏មានជំនួបទ្វេភាគីសំខាន់ៗជាច្រើន ជាមួយថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិនានា។ ក្នុងនោះមានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អគ្គលេខាបក្សនិងប្រធានរដ្ឋឡាវ លោក Thonglun Sisoulith នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ប្រធានាធិបតីអ៊ូសបេគីស្ថាន និងស្រីលង្កា។ ជំនួបទាំងនេះបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម ជាមួយបណ្ដាដៃគូ ក៏ដូចជាជំរុញការខិតខំប្រឹងប្រែងកសាងទំនាក់ទំនងល្អប្រសើរនាពេលខាងមុខផងដែរ។

អាចនិយាយបានថា ដំណើរទស្សនកិច្ចចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” លើកទី៣ របស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជោគជ័យល្អប្រសើរលើទាំងកម្រិតទ្វេភាគី និងពហុភាគី; បញ្ជាក់យ៉ាងច្បាស់អំពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម សកម្ម និងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ ទូលំទូលាយ ប្រកបដោយភាពបត់បែន និងប្រសិទ្ធភាពរបស់វៀតណាម៕

ប្រតិកម្មទៅវិញ