កសាងរដ្ឋាភិបាលប្រកបដោយភាពច្នៃប្រឌិត ធ្វើសកម្មភាព ដើម្បីប្រជាជន បម្រើប្រជាជន

Chia sẻ

(VOVWORLD) - កាលពីថ្ងៃ ១១ ខែសីហាកន្លងមក រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ បានបើកសម័យប្រជុំពេញអង្គលើកដំបូង។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងរដ្ឋាភិ បាលប្រកបដោយភាពច្នៃប្រឌិត ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធ ភាព ដើម្បីប្រជាជននិងបម្រើប្រជាជន។ មុននោះ បន្ទាប់ពីរដ្ឋាភិ បាលសម្រាប់អាណត្តិ ២០២១ - ២០២៦ ត្រូវបានពង្រឹង ការប្តេជ្ញាចិត្តនេះត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ -១៩ ស្រាយចំណងជាប់គាំងទាំងអស់ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច។

កសាងរដ្ឋាភិបាលប្រកបដោយភាពច្នៃប្រឌិត ធ្វើសកម្មភាព ដើម្បីប្រជាជន បម្រើប្រជាជន - ảnh 1នៅថ្ងៃទី ១១ ខែសីហា រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ បានបើកសម័យប្រជុំពេញអង្គលើកដំបូង (រូបថត៖ baochinhphu.vn)

រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ ទទួលភារកិច្ចក្នុងបរិបទដែលមានទាំងកាលានុវត្តភាព ភាពងាយស្រួល ការលំបាក និងបញ្ហាប្រឈមផង ជាពិសេស ស្ថានភាពឆ្លងរាលដាលជំងឺកូវីដ -១៩ ជាមួយនឹងវីរុសបំប្លែងខ្លួនមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដែលប៉ះពាល់យ៉ាងខ្លាំងដល់គ្រប់វិស័យសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។ នៅចំពោះមុខតថភាពជាក់ស្តែងនោះ រដ្ឋាភិ បាលបានកំណត់អាទិភាពយុទ្ធសាស្ត្រយ៉ាងឆាប់រហ័សនិងផ្តោតការខិតខំប្រឹងប្រែងទាំងអស់ លើ ការជំរុញអាទិភាពដែលបានដាក់ចេញ។

សកម្មភាពទាន់ពេលវេលា

ក្រោយតែ ២ ថ្ងៃ បន្ទាប់ពីប្រធានរដ្ឋបានប្រគល់សេចក្តីសម្រេចចិត្តតែងតាំងចំពោះសមាជិករដ្ឋាភិបាលសម្រាប់អាណត្តិទី ១៥ មក នៅថ្ងៃទី ៣០ ខែកក្កដា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានដឹកនាំសន្និសីទអនឡាញ រវាងរដ្ឋាភិបាលជាមួយតំបន់នានា ស្តីពីស្ថានភាពបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ បន្ទាប់ពីកិច្ចប្រជុំ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ៨៦/NQ-CP ដែលជាសេចក្តីសម្រេចចិត្តផ្តោតលើបញ្ហាជាច្រើន ពីការងារចាត់តាំង សកម្មភាពជំនាញ ការចំណាយរហូតទៅដល់យន្តការសកម្មភាពនិងបែងចែកការទទួលខុសត្រូវ។ ការចេញផ្សាយសេចក្តីសម្រេចនេះត្រូវបានចាត់ទុកថាមានលក្ខណៈទាន់ពេលវេលា ពេញលេញ ត្រឹមត្រូវនិងបានធ្វើបច្ចុប្បន្នភាពនូវដំណោះស្រាយជាក់ស្តែងនិងស៊ីជម្រៅសម្រាប់បញ្ហានីមួយៗ។

ចំពោះគោលនយោបាយវ៉ាក់សាំង សេចក្តីសម្រេចចិត្តបន្តអះអាងយ៉ាងត្រឹមត្រូវថា វ៉ាក់សាំងគឺជាគន្លឹះដើម្បីគ្រប់គ្រងជំងឺកូវីដ ១៩ នៅវៀតណាម។ នៅក្នុងសេចក្តីសម្រេចចិត្ត លោកនាយករដ្ឋមន្រ្តីក៏បានចង្អុលបង្ហាញពីវិធីជាច្រើនដើម្បីមានប្រភពវ៉ាក់សាំងបម្រើប្រជាជន ពីការជំរុញការទូតវ៉ាក់សាំង ពង្រីកគោលដៅសម្រាប់ស្វែងរកវ៉ាក់សាំង ការផលិតវ៉ាក់សាំងក្នុងស្រុក រហូតដល់ការផ្ទេរបច្ចេកវិទ្យាជាដើម។

កសាងរដ្ឋាភិបាលប្រកបដោយភាពច្នៃប្រឌិត ធ្វើសកម្មភាព ដើម្បីប្រជាជន បម្រើប្រជាជន - ảnh 2នៅថ្ងៃទី ៣០ ខែកក្កដា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានដឹកនាំសន្និសីទអនឡាញរវាងរដ្ឋាភិបាលជាមួយតំបន់នានា ស្តីពីស្ថានភាពនៃការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN)

បន្ទាប់មក លោកនាយករដ្ឋមន្រ្តីបានដឹកនាំសន្និសីទស្តីពីការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ជាមួយបណ្តាខេត្តក្រុងដែលកំពុងអនុវត្តការរក្សាគម្លាតសង្គម រួមទាំងបានបំផុសចលនាប្រឡងប្រណាំងពិសេស “ប្រទេសទាំងមូល សាមគ្គីគ្នា ស្រុះចិត្តគំនិតដើម្បីប្រឡងប្រណាំងបង្ការប្រយុទ្ធប្រឆាំងនិងយកឈ្នះជំងឺកូវីដ ១៩”។ ដើម្បីជួយឧបត្ថម្ភដល់ការលំបាកខ្លះ សម្រាប់ប្រជាជនក្នុងតំបន់ដែលកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គម លោកនាយករដ្ឋមន្ត្រីបានយល់ព្រម បញ្ចុះថ្លៃអគ្គិសនីសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្ម។ រដ្ឋាភិបាលក៏បានសម្រេចបំពេញបន្ថែមថវិកាចំនួន ៥.១០០ ពាន់លានដុង ពីទុនបម្រុងថវិកាមជ្ឈឹមសម្រាប់ឆ្នាំ ២០២១ ឲ្យក្រសួងសុខាភិ បាលទិញសម្ភារៈបរិក្ខា ផលិតផលជីវសាស្រ្ត សារធាតុគីមីនិងថ្នាំបម្រើការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ ការសម្រេចចិត្តនេះបញ្ជាក់ថា អាទិភាពកំពូលរបស់បក្សនិងរដ្ឋាភិបាលគឺធានាសុខភាពនិងអាយុជីវិតរបស់ប្រជាជនទាំងមូល។ អ្នកជំនាញសន្តិសុខសង្គម Mac Van Tien បានចែក រំលែកថា៖ “បន្ថែមប្រាក់ឧបត្ថម្ភចំនួន ៥១០០ ពាន់លានដុងទៀតគឺទាន់ពេលវេលា និងចាំបាច់ណាស់ ដើម្បីយើងមានកម្លាំងពលំដោះស្រាយបញ្ហា។ ទាំងនេះគឺជាបញ្ហាដែលកើតឡើងដោយមិននឹកស្មានដល់ ដែលហៅថាយន្តការពិសេស។ សាធារណជនរំពឹងទុកថា ប្រភពជំនួយនេះ នឹងទៅដល់អាស័យដ្ឋានត្រឹមត្រូវ ហើយទិញបានឧបករណ៍ល្អៗនិងបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាង”។

ជំនះពុះពាររាល់បញ្ហាប្រឈម

បញ្ហាប្រឈមត្រូវដាក់ចេញសម្រាប់រដ្ឋាភិបាលអាណត្តិ ២០២១-២០២៦ គឺធំធេងណាស់ ពោលគឺ ទាំងការពារសុខភាពប្រជាជនផងនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផង។ យ៉ាងណាមិញ ការកៀរគររាល់ប្រភពធនធានដើម្បីជំរុញរាល់អាទិភាពយុទ្ធសាស្ត្រដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជំរុញការកែទម្រង់យន្តការនិងការអភិវឌ្ឍប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ គឺសុទ្ធ តែជាបញ្ហាសាកល្បងដែលរដ្ឋាភិបាលនីតិកាលទី ១៥ ត្រូវប្រឈមមុខ។ អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំពេញអង្គលើកទី ១ របស់រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានបញ្ជាក់ថា ស្ថានភាពកាន់តែលំបាក យើងកាន់តែមានការប្តេជ្ញាចិត្តខ្ពស់៖ “រដ្ឋាភិបាលនឹងប្រតិបត្តិការជាក់ស្តែងតាមរយៈកម្មវិធីសកម្មភាព ដោយមានគំរោងការណ៍ ភារកិច្ចចំនួន ៤០៩ ដើម្បីដាក់ពង្រាយអនុវត្តន៍នូវសេចក្តីសម្រេចរបស់មហាសន្និបាតបក្សនិងសេចក្តីសម្រេចរបស់រដ្ឋសភានីតិកាលទី ១៥។ រដ្ឋាភិបាលនីតិកាលទី ១៥ ប្តេជ្ញាកសាងរដ្ឋាភិបាលប្រកបដោយភាពច្នៃប្រឌិត សុច្ចរិត ធ្វើសកម្មភាព មានប្រសិទ្ធភាព ដើម្បីប្រជាជននិងបម្រើប្រជាជន”។

ជាមួយនឹងការកំណត់អាទិភាពយុទ្ធសាស្ត្រនិងធ្វើសកម្មភាពទាន់ពេលវេលា ដើម្បីប្រជាជន បម្រើប្រជាជន សាធារណៈមតិមានមូលដ្ឋានជឿជាក់ថា រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ នឹងដឹកនាំប្រទេសជាតិជំនះពុះពាររាល់ឧបសគ្គដែលមិនធ្លាប់មានពីមុនមក ដើម្បីសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគោលមាគ៌ាអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ