នៅពេលជួបសំណេះសំណាលជាមួយបណ្ដាកម្មាភិបាលដែលត្រូវបានគ្រោងជាសមាជិកគណៈ
កម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ អំពីយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នោះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអះអាងថា៖ “កម្មាភិបាលនិងការងារកម្មាភិបាលគឺជាបញ្ហា “សំខាន់បំផុត” ដែល “សម្រេចលើគ្រប់ការងារទាំងអស់” ហើយ “កម្មាភិបាលជាឫសគល់នៃការងារទាំងអស់” និងជាកត្តាដែលសម្រេចលើភាពជោគជ័យឬបរាជ័យនៃបដិវត្តន៍។ ការកសាងជួរកម្មាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យនៃការស្ទុះឈានទៅមុខកំពុងជាការងារចាំបាច់បន្ទាន់។
បង្រួមក្បាលម៉ាស៊ីនដឹកនាំត្រូវផ្សាភ្ជាប់នឹងការប្រើប្រាស់ជួរកម្មាភិបាលប្រកបដោយប្រសិទ្ធភាព
ការងារកម្មាភិបាលមិនឈប់នៅការរៀបចំ និងចាត់តាំងបុគ្គលិកនោះទេ ថែមទាំងត្រូវឆ្ពោះទៅរកគោលដៅកសាងជួរកម្មាភិបាលគំរូពិតប្រាកដ ដោយមានផ្នត់គំនិតប្រកបដោយភាពច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវដើម្បីផលប្រយោជន៍រួមទៀតផង។ ដើម្បីបំពេញតាមតម្រូវការនោះ គោលដៅមួយក្នុងចំណោមគោលដៅទូទៅដែលសេចក្ដីសម្រេចចិត្តមជ្ឈិមលេខ ១៨ បានដាក់ចេញនោះ គឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ជួរកម្មាភិបាល មន្ត្រីរដ្ឋការនិងនិយោជិក។
សេចក្តីសម្រេចចិត្តលេខ ១៨ ក៏បានលើកឡើងអំពីការកសាង សុក្រិត និងការអនុវត្តយន្តការប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំ តម្លាភាព និងប្រជាធិបតេយ្យ ក្នុងការតែងតាំង ឧទ្ទេសនាមកម្មាភិបាល និងការជ្រើសរើសមន្ត្រីរដ្ឋការ និងនិយោជិក ដើម្បីទាក់ទាញមនុស្សប្រកបដោយគុណធម៌ និងទេពកោសល្យពិតប្រាកដ ឱ្យមកធ្វើការនៅក្នុងអង្គការនៃប្រព័ន្ធនយោបាយ។
ថ្លែងក្នុងសន្និសីទទូទាំងប្រទេសដើម្បីជ្រួតជ្រាបនិងបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ១៨ (ខែធ្នូ ឆ្នាំ ២០២៤) អគ្គលេខាបក្ស លោក តូ ឡឹម បានមានប្រសាសន៍ថា ការបង្រួមក្បាលម៉ាស៊ីនដឹកនាំ គឺដើរទន្ទឹមនឹងការកាត់បន្ថយបុគ្គលិក រៀបចំរចនាសម្ព័ន្ធជួរកម្មាភិបាលឡើងវិញប្រកបដោយលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ស្មើនឹងភារកិច្ច។ ការកាត់បន្ថយបុគ្គលិកមានន័យថា ការលុបបំបាត់មុខតំណែងដែលមិនចាំបាច់ កាត់បន្ថយការងារដែលគ្មានប្រសិទ្ធភាព ពីនោះផ្តោតធនធានលើផ្នែកសំខាន់ៗ លើមនុស្សដែលពិតជាសក្តិសម និងសមស្រប។
អគ្គលេខាបក្សលោក តូ ឡឹម ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ១៨ (ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤)។ (រូបថត៖ VOV) |
មុននោះ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ១៨ (ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤) អគ្គលេខាបក្សលោក តូ ឡឹម ក៏បានសង្កត់ធ្ងន់ផងដែរថា៖
“អនុវត្តន៍ដោយព្រមៗគ្នានូវការបង្រួមក្បាលម៉ាស៊ីនដឹកនាំ ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធជួរកម្មាភិបាលឡើងវិញ ឲ្យមានលក្ខណៈសម្បត្តិ សមត្ថភាពគ្រប់គ្រាន់ស្មើនឹងភារកិច្ច ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការងារជ្រើសរើស ការបណ្តុះបណ្តាល ការឧទ្ទេសនាម ការតែងតាំង ការចាត់តាំង និងការវាយតម្លៃកម្មាភិបាលតាមទិសដៅជាក់ស្តែង ពីព្រោះការស្វែងរកកម្មាភិបាលផ្អែកលើផលិតផលជាក់លាក់ដែលអាចវាស់វែងបាន ដោយមិនមានតំបន់ហាមឃាត់ មិនមានករណីលើកលែងក្នុងការវាយតម្លៃកម្មាភិបាលនោះទេ។ ទន្ទឹមនឹងនោះ មានយន្តការប្រកបដោយប្រសិទ្ធភាពដើម្បីរកឃើញ ដកអ្នកដែលមិនមានលក្ខណៈសម្បត្តិ សមត្ថភាព កិត្យានុភាពគ្រប់គ្រាន់ចេញពីតំណែងការងារ ហើយប្រើប្រាស់អ្នកដែលមានសមត្ថភាពលេចធ្លោ”។
បដិវត្តន៍ធនធានមនុស្ស
កាលនៅរស់ លោកប្រធានហូជីមិញ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការងារកម្មាភិបាលនិងកម្មាភិបាល។ លោកតែងតែបញ្ជាក់ថា៖ “កម្មាភិបាលគឺជាឫសគល់នៃការងារទាំងអស់” “ការងារទទួលបានជោគជ័យឬបរាជ័យសុទ្ធតែអាស្រ័យលើកម្មាភិបាលល្អ ឬអាក្រក់” ដូច្នេះ “ការងារកម្មាភិបាលត្រូវតែដើរតួនាទីជាគន្លឹះ ក្នុងការកសាងជួរកម្មាភិបាលប្រកបដោយសីលធម៌និងសមត្ថភាព”។
ការបង្រួមក្បាលម៉ាស៊ីនដឹកនាំ និងកាត់បន្ថយបុគ្គលិកដែលវៀតណាមកំពុងអនុវត្តន៍ បង្ហាញពីទស្សនៈដឹកនាំដ៏ខ្ជាប់ខ្ជួន ឯកភាពខ្ពស់ និងការប្តេជ្ញាចិត្តនយោបាយដ៏ធំធេងរបស់បក្ស និងរដ្ឋ។
បើនិយាយពីចរិតលក្ខណៈ បដិវត្តន៍នៃការបង្រួមក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោក តូ ឡឹម គឺជាបដិវត្តន៍ធនធានមនុស្ស សំដៅកែទម្រង់គ្រប់ជ្រុងជ្រោយនូវក្បាលម៉ាស៊ីនដឹកនាំ បង្កើតលក្ខខណ្ឌដើម្បីធ្វើអាជីវកម្ម និងពង្រីកធនធានមនុស្សជាអតិបរមា បង្កើត “កម្លាំងចលករ” ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យស្ទុះឈានទៅមុខ រួមឆ្ពោះទៅរកគោលដៅ៖ កសាងប្រទេសវៀតណាមសង្គមនិយមដែលប្រជាជនសម្បុរធូធារ ប្រទេសជាតិខ្លាំងមាំមួន យុត្តិធម៌ ប្រជាធិបតេយ្យ អារិយ្យធម៌ ឆាប់បានប្រកៀកស្មាជាមួយនឹងមហាអំណាចពិភពលោកតាមបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ។
ប្រទេសជាតិកំពុងឈានចូលសម័យកាលអភិវឌ្ឍន៍ថ្មី ដែលមានតម្រូវការខ្ពស់ណាស់ ព្រោះមានឱកាសដ៏ធំធេង ប៉ុន្តែក៏មានការលំបាក និងបញ្ហាប្រឈមខ្លាំងផងដែរ។ ដូច្នេះ ការកសាងជួរកម្មាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់នឹងក្លាយជាលក្ខខណ្ឌចម្បងមួយដើម្បីជួយវៀតណាមបំពេញគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងរយៈពេលខាងមុខ៕