ការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ៖ ឱកាសកាន់តែច្រើនប៉ុន្តែមិនទាន់អស់ឧបសគ្គនៅឡើយ

Chia sẻ
(VOVWORLD) - ក្រោយពីជិតមួយឆ្នាំកន្លះខិតខំប្រឹងប្រែងធ្វើការចរចា (ចាប់ពីខែមេសា ឆ្នាំ ២០២១) ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលត្រូវបានគេហៅថា ផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បានបង្រួញការខ្វែងគំនិតមូលដ្ឋានជាច្រើន ហើយពង្រឹងក្ដីសង្ឃឹមនៃការសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយស្តីពីការស្ដារឡើងវិញនៃ JCPOA។ ទោះជាយ៉ាងណាក៏ដោយ កំណាត់ផ្លូវដ៏ខ្លីដែលនៅសេសសល់ដើម្បីឈានដល់កិច្ចព្រមព្រៀង នៅតែត្រូវបានចាត់ទុកថា ពោរពេញទៅដោយការលំបាកឧបសគ្គ ដែលទាមទារឲ្យមានការខិតខំប្រឹងប្រែងនិងសុច្ឆន្ទៈជាច្រើនថែមទៀតរបស់ភាគីពាក់ព័ន្ធទាំងអស់ក៏ដោយ។

កាលពីថ្ងៃទី២៤ ខែសីហា រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថា គេទទួលបានការឆ្លើយតបពីសហរដ្ឋ
អាមេរិកទាក់ទងនឹងសំណើរស្ដីពីការស្ដារកិច្ចព្រមព្រៀង JCPOA ឡើងវិញ ដែលពង្រាងដោយសហភាពអឺរ៉ុប (EU)។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់កំពុងពិចារណាយ៉ាងហ្មត់ចត់លើការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចេញប្រតិកម្មដ៏សមស្រប។

យោងតាមអ្នកវិភាគជាច្រើន ប្រតិកម្មរបស់អ៊ីរ៉ង់ជាមួយនឹងការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះសេចក្តីព្រាងកិច្ចព្រមព្រៀងដែលបានពង្រាងដោយ EU នោះ នឹងមានលក្ខណៈសម្រេចចំពោះលទ្ធភាពថា តើ JCPOA អាចត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះដែរឬទេ។ ដោយសារតែមុននោះ ភាគីពាក់ព័ន្ធភាគច្រើននៅក្នុង JCPOA (ក្រុម P៥+១ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់) សុទ្ធតែបានបញ្ជាក់ថា មានវឌ្ឍនភាពសំខាន់ៗបន្ថែមទៀតនៅក្នុងដំណើរការចរចា ហើយការឆ្ពោះទៅរកការស្តារ JCPOA ឡើងវិញកំពុងនៅជិតណាស់។

ការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ៖ ឱកាសកាន់តែច្រើនប៉ុន្តែមិនទាន់អស់ឧបសគ្គនៅឡើយ - ảnh 1តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell។ (រូបថត៖ AFP/TTXVN)

វឌ្ឍនភាពសំខាន់

មួយថ្ងៃមុនការប្រកាសរបស់អ៊ីរ៉ង់ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃទី ២៣ ខែសីហាថា កិច្ចព្រមព្រៀងមួយទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់អាចសម្រេចបានយ៉ាងឆាប់បំផុតគឺក្នុងសប្តាហ៍នេះ។

អត្ថាធិប្បាយដោយសុទិដ្ឋិនិយមនេះត្រូវបានមន្ត្រីសហភាពអឺរ៉ុបធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បញ្ចេញប្រតិកម្មឆ្លើយតបទៅនឹងឯកសារចុងក្រោយនៃសេចក្តីព្រាងកិច្ចព្រមព្រៀងដើម្បីស្ដារកិច្ចព្រមព្រៀង JCPOA ឡើងវិញដែលសហភាពអឺរ៉ុបបានពង្រាងហើយផ្ញើរឲ្យប្រទេសអ៊ីរ៉ង់មុននោះ។ នៅក្នុងការឆ្លើយតបរបស់ខ្លួន អ៊ីរ៉ង់បានស្នើឲ្យមានការកែសម្រួលមួយចំនួន ហើយការកែសម្រួលទាំងនេះត្រូវបានលោក Josep Borrell ចាត់ទុកថា គឺសមហេតុផល។ បន្ទាប់នោះ សេចក្តីព្រាងកិច្ចព្រមព្រៀង និងការឆ្លើយតបរបស់អ៊ីរ៉ង់ត្រូវបាន EU ផ្ញើរទៅកាន់ភាគីពាក់ព័ន្ធរួមមាន អាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាល្លឺម៉ង់។ តំណាងសហភាពអឺរ៉ុបបានបញ្ជាក់ភ្លាមៗថា ភាគីភាគច្រើនបានយល់ព្រមចំពោះសំណើរបស់អ៊ីរ៉ង់។

យោងតាមអ្នកវិភាគអន្តរជាតិ ប្រតិកម្មថ្មីបំផុតរបស់ភាគីនានាបានបង្ហាញថា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងស្ដារ JCPOA ឡើងវិញ ទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ទោះបីជាសំណើបំពេញបន្ថែមដែលអ៊ីរ៉ង់បានដាក់ចេញនៅមិនទាន់ត្រូវបានប្រកាសក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ភាគីពាក់ព័ន្ធនៅតែត្រូវខិតខំប្រឹងប្រែង ហើយជាពិសេសបង្ហាញពីសុឆន្ទៈយ៉ាងច្បាស់លាស់។ ស្ថានភាពការចរចាជាក់ស្ដែង នាពេលកន្លងមកបានបង្ហាញថា ការកសាងទំនុកចិត្តរវាងភាគីនានា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឆ្ពោះទៅរក និងគោរពកិច្ចព្រមព្រៀង នៅតែមានបញ្ហាប្រឈមជាច្រើន។

បន្តកសាងទំនុកចិត្ត

ពីរថ្ងៃមុនពេលទទួលបានការឆ្លើយតបរបស់អាមេរិកចំពោះសេចក្ដីព្រាងកិច្ចព្រមព្រៀងស្តីពីការស្ដារ JCPOA ឡើងវិញ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani កាលពីថ្ងៃទី ២២ ខែសីហាបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនពីការរំខានដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារ JCPOA ព្រមទាំងបានរិះគន់អឺរ៉ុបថា "មិនចាត់វិធានការចាំបាច់ចំពោះសហរដ្ឋអាមេរិកនោះទេ”។

ការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ៖ ឱកាសកាន់តែច្រើនប៉ុន្តែមិនទាន់អស់ឧបសគ្គនៅឡើយ - ảnh 2 អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price។ (រូបថត៖ AFP/TTXVN)

រីឯខ្លួនវិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅថ្ងៃទី២២ ខែសីហាក៏បានព្រមានថា "នៅតែមានការសង្ស័យជាច្រើនអំពីការកែតម្រូវដែលអ៊ីរ៉ង់បានស្នើឡើង ចំពោះសេចក្តីព្រាងកិច្ចព្រមព្រៀងរបស់ EU" ទោះបីជាចាត់ទុកថា ការសម្រេចបានកិច្ចព្រមព្រៀងមួយកាន់តែមានលទ្ធភាពក៏ដោយ។

យោងតាមអ្នកវិភាគ សេចក្តីថ្លែងការណ៍របស់ទាំងអាមេរិកនិងអ៊ីរ៉ង់ ជាភាគីទាំងពីរដែលមានសំឡេងសំខាន់បំផុតក្នុងការស្ដារកិច្ចព្រមព្រៀងឡើងវិញ បន្តបង្ហាញថា ការកសាងទំនុកចិត្តទៅវិញទៅមកនៅតែជាបញ្ហាប្រឈមដ៏ធំដែលត្រូវជំនះ ដើម្បីឆ្ពោះទៅរកការស្តារកិច្ចព្រមព្រៀងឡើងវិញ។ ជាពិសេសក្នុងបរិបទដែលស្ថានភាពអន្តរជាតិមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញជាច្រើន និងការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរកំពុងស្ថិតនៅកម្រិត "គ្រោះថ្នាក់ហួសហេតុ" ដូចការព្រមានរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី ២២ ខែសីហា ការកសាងទំនុកចិត្តរវាងបណ្ដាភាគីពាក់ព័ន្ធនៅក្នុង JCPOA គឺចាំបាច់ណាស់។ ប្រការនោះមិនត្រឹមតែបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសម្រេចបានកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះប៉ុណ្ណោះទេ ថែមទាំងធានាឲ្យកិច្ចព្រមព្រៀងនេះត្រូវបានគោរពនាពេលអនាគតទៀតផង ដោយជៀសវាងហានិភ័យនៃការដួលរលំដូចកាលពីឆ្នាំ ២០១៨ នៅពេលដែលសហរដ្ឋ

អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដោយឯកតោភាគី។ជាងនេះទៅទៀត ការសម្រេចបានកិច្ចព្រមព្រៀងដើម្បីស្ដារ JCPOA ឡើងវិញ ក៏អាចបង្កើតសន្ទុះ ហើយក្លាយជាគំរូសម្រាប់ដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខផ្សេងៗទៀត ជាពិសេសការគំរាមកំហែងដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរនៅលើទូទាំងពិភពលោកនាបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ